យ៉ូហាន 20

20
រូងផ្នូរទទេ
1នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍#20:1, 19 ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​―គឺ “ថ្ងៃអាទិត្យ”។ ម៉ារា​អ្នកម៉ាក់ដាឡា​មក​រូងផ្នូរ​ពី​ព្រលឹម ទាំង​ងងឹត​នៅឡើយ ក៏​ឃើញថា​ថ្ម​ត្រូវបាន​យកចេញ​ពី​មាត់​រូង​ហើយ​។ 2នាង​ក៏​រត់​ទៅរក​ស៊ីម៉ូន​ពេត្រុស និង​សិស្ស​ម្នាក់ទៀត​ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់ ហើយ​ប្រាប់​ពួកគេ​ថា​៖ “គេ​យក​ព្រះអម្ចាស់​ចេញ​ពី​រូងផ្នូរ​ហើយ យើង​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ​!”។
3ដូច្នេះ​ពេត្រុស និង​សិស្ស​ម្នាក់ទៀត​នោះ​ក៏​ចេញមក ហើយ​ទៅ​រូងផ្នូរ​។ 4អ្នក​ទាំង​ពីរ​រត់​ទៅ​ជាមួយគ្នា ប៉ុន្តែ​សិស្ស​ម្នាក់ទៀត​នោះ​រត់​លឿនជាង​ពេត្រុស ហើយ​ទៅដល់​រូងផ្នូរ​មុន 5ក៏​ឱនមើល ឃើញ​ក្រណាត់ផាឌិប​ដាក់​នៅទីនោះ ប៉ុន្តែ​គាត់​មិន​បាន​ចូល​ទេ​។ 6ស៊ីម៉ូន​ពេត្រុស​ក៏​មក​តាមក្រោយ​គាត់​ដែរ ហើយ​ចូលទៅ​ក្នុង​រូងផ្នូរ ឃើញ​ក្រណាត់ផាឌិប​ដាក់​នៅទីនោះ 7ហើយ​ឃើញ​កន្សែង​ដែល​បាន​រុំ​ព្រះសិរ​របស់​ព្រះអង្គ មិន​នៅ​ជាមួយ​ក្រណាត់ផាឌិប​ទេ គឺ​បាន​មូរ​ទុក​នៅ​កន្លែង​មួយ​ដោយឡែក​។ 8ពេលនោះ សិស្ស​ម្នាក់ទៀត​ដែល​មកដល់​រូងផ្នូរ​មុន ក៏​ចូលទៅ​ដែរ​។ គាត់​ឃើញ​ហើយ ក៏​ជឿ​។ 9ពេលនោះ ពួកគេ​មិនទាន់​យល់​បទគម្ពីរ​ដែល​ថា ព្រះអង្គ​ត្រូវតែ​មានព្រះ​ជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ 10បន្ទាប់មក សិស្ស​ទាំងពីរនាក់​ក៏​ត្រឡប់ទៅ​កន្លែង​របស់ខ្លួន​វិញ​។
លេចមកដល់ម៉ារាអ្នកម៉ាក់ដាឡា
11រីឯ​ម៉ារា​បាន​ឈរ​យំ​នៅ​ខាងក្រៅ​រូងផ្នូរ​។ នៅពេល​នាង​កំពុង​យំ នាង​ក៏​ឱនមើល​ទៅក្នុង​រូងផ្នូរ 12ហើយ​ឃើញ​ទូតសួគ៌​របស់ព្រះ​ពីរ​រូប​ស្លៀកពាក់​ស អង្គុយ​នៅ​កន្លែងដែល​គេ​ដាក់​ព្រះសព​ព្រះយេស៊ូវ គឺ​មួយ​រូប​នៅ​ខាង​ព្រះសិរ មួយ​រូប​នៅ​ខាង​ព្រះបាទា​។
13ទូត​ទាំងនោះ​សួរ​នាង​ថា​៖ “ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​?”។
នាង​ឆ្លើយថា​៖ “ពីព្រោះ​គេ​យក​ព្រះអម្ចាស់​របស់ខ្ញុំ​ទៅ​ហើយ ខ្ញុំ​មិន​ដឹង​ថា​គេ​ដាក់​ព្រះអង្គ​នៅ​ឯណា​ទេ”។ 14នាង​និយាយ​ដូច្នេះ​ហើយ ក៏​ងាក​មក​ក្រោយ ហើយ​ឃើញ​ព្រះយេស៊ូវ​កំពុង​ឈរ ប៉ុន្តែ​នាង​មិន​ដឹង​ថា​ជា​ព្រះយេស៊ូវ​ទេ​។
15ព្រះយេស៊ូវ​មានបន្ទូលថា​៖“ស្ត្រី​អើយ ហេតុអ្វីបានជា​នាង​យំ​? តើ​នាង​រក​នរណា​?”។
នាង​ស្មាន​ថា​ជា​អ្នកថែសួន ក៏​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ប្រសិនបើ​លោក​បាន​យក​ម្នាក់នោះ​ទៅ សូម​ប្រាប់​ខ្ញុំ​ថា​លោក​ដាក់​គាត់​នៅ​ឯណា​ផង ខ្ញុំ​នឹង​យក​គាត់​មកវិញ”។
16ព្រះយេស៊ូវ​មានបន្ទូល​នឹង​នាង​ថា​៖“ម៉ារា​!”។
នាង​ក៏​ងាកមក ទូល​ព្រះអង្គ​ជា​ភាសាហេព្រើរ#20:16 ភាសាហេព្រើរ​―ឬ “ភាសាអើរ៉ាម”។​ថា​៖ “រ៉ាបូនី#20:16 សូមមើល 《ម៉ាកុស》 10:51។​!” (​រ៉ាបូនី មានអត្ថន័យប្រែថា លោកគ្រូ​)​។
17ព្រះយេស៊ូវ​មានបន្ទូលថា​៖“កុំ​ពាល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិនទាន់​ឡើងទៅ​ឯ​ព្រះ​បិតា​នៅឡើយទេ​។ ចូរ​នាង​ទៅរក​បងប្អូន​របស់ខ្ញុំ ហើយ​ប្រាប់​ពួកគេ​ថា ខ្ញុំ​នឹង​ឡើងទៅ​ឯ​ព្រះ​បិតា​របស់ខ្ញុំ ដែលជា​ព្រះ​បិតា​របស់អ្នករាល់គ្នា គឺ​ទៅ​ឯ​ព្រះ​របស់ខ្ញុំ ដែលជា​ព្រះ​របស់អ្នករាល់គ្នា​ដែរ”។
18ម៉ារា​អ្នកម៉ាក់ដាឡា​ក៏​ទៅ​ប្រាប់​ពួក​សិស្ស​ថា​៖ “ខ្ញុំ​បាន​ឃើញ​ព្រះអម្ចាស់​ហើយ​!” ហើយ​ប្រាប់​សេចក្ដីទាំងនោះ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​នាង​។
លេចមកដល់ពួកសិស្ស
19នៅ​ពេលល្ងាច​ថ្ងៃ​នោះ ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ទ្វារ​បាន​បិទ​ហើយ​នៅ​កន្លែងដែល​ពួក​សិស្ស​នៅ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ព្រះយេស៊ូវ​បាន​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។
20នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ទ្រង់​បង្ហាញ​ព្រះហស្ត និង​ចំហៀងព្រះកាយ​ដល់​ពួកគេ​។ ពួក​សិស្ស​ក៏​អរសប្បាយ ដោយ​បាន​ឃើញ​ព្រះអម្ចាស់​។
21ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ម្ដងទៀត​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​! ដូចដែល​ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក ខ្ញុំក៏​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដែរ”។ 22នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ រួច​មានបន្ទូលថា​៖“ចូរ​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​! 23អ្នករាល់គ្នា​លើកលែងទោស​បាប​របស់​អ្នកណាក៏ដោយ បាបទាំងនោះ​ក៏​ត្រូវបាន​លើកលែងទោស​ដល់​ពួកគេ​រួចហើយ​; អ្នករាល់គ្នា​ប្រកាន់ទោស​បាប​របស់​អ្នកណាក៏ដោយ បាបទាំងនោះ​ក៏​ត្រូវបាន​ប្រកាន់ទោស​ដល់​ពួកគេ​រួចហើយ”។
លេចមកដល់ថូម៉ាស
24ថូម៉ាស​ដែល​គេ​ហៅថា​ឌីឌីម#20:24 ឌីឌីម―ឬ “កូនភ្លោះ”។ ជា​ម្នាក់​ក្នុង​សាវ័ក#20:24 សាវ័ក―ជាពាក្យជំនួយ។​ទាំង​ដប់ពីរ​នាក់ មិន​នៅ​ជាមួយ​ពួកគេ​ទេ នៅពេល​ព្រះយេស៊ូវ​យាង​មក​។ 25ដូច្នេះ សិស្ស​ឯទៀត​ប្រាប់​គាត់​ថា​៖ “យើង​បាន​ឃើញ​ព្រះអម្ចាស់​ហើយ​!”។
ប៉ុន្តែ​គាត់​ថា​៖ “លុះត្រាតែ​ខ្ញុំ​បាន​ឃើញ​ស្នាម​ដែកគោល​លើ​ព្រះហស្ត​របស់​ព្រះអង្គ ហើយ​បាន​ដាក់​ម្រាមដៃ​របស់ខ្ញុំ​ទៅក្នុង​ស្នាម​ដែកគោល​នោះ ព្រមទាំង​បាន​ដាក់​ដៃ​របស់ខ្ញុំ​ទៅក្នុង​ចំហៀងព្រះកាយ​របស់​ព្រះអង្គ ពុំនោះទេ ខ្ញុំ​មិន​ជឿ​ជាដាច់ខាត”។
26ប្រាំបី​ថ្ងៃ​ក្រោយមក ពួក​សិស្ស​របស់​ព្រះអង្គ​នៅ​ក្នុង​ផ្ទះ​ម្ដងទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​។ ទោះបីជា​ទ្វារ​បាន​បិទ​ហើយ​ក៏ដោយ ក៏​ព្រះយេស៊ូវ​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម រួច​មានបន្ទូលថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។
27បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ថូម៉ាស​ថា​៖“ចូរ​យក​ម្រាមដៃ​របស់អ្នក​មក​ទីនេះ ហើយ​មើល​ដៃ​របស់ខ្ញុំ​ចុះ​; ចូរ​យក​ដៃ​របស់អ្នក​មក​ដាក់​ក្នុង​ចំហៀងខ្លួន​របស់ខ្ញុំ​ចុះ​។ កុំ​ឥតជំនឿ​ឡើយ ប៉ុន្តែ​ចូរ​ជឿ​វិញ”។
28ថូម៉ាស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​!”។
29ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“តើ​អ្នក​ជឿ​ដោយសារ​ឃើញ​ខ្ញុំ​ឬ​? មានពរ​ហើយ អ្នក​ដែល​ជឿ​ដោយ​មិន​ឃើញ”។
គោលបំណងនៃកណ្ឌគម្ពីរនេះ
30ជាការពិត ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ទីសម្គាល់​ផ្សេងៗ​ជាច្រើន​ទៀត នៅមុខ​ពួក​សិស្ស​របស់​ព្រះអង្គ ដែល​មិន​មាន​សរសេរ​ក្នុង​សៀវភៅ​នេះ​។ 31ប៉ុន្តែ​សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយសារ​អ្នករាល់គ្នា​ជឿ​៕

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 20: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល