យ៉ូហាន 11
11
មរណភាពរបស់ឡាសារ
1មានបុរសម្នាក់មានជំងឺ គាត់ឈ្មោះឡាសារ នៅបេថានីជាភូមិរបស់ម៉ារា និងម៉ាថាបងស្រី#11:1 បងស្រី―ន័យត្រង់គឺ “បងប្អូនស្រី”។របស់នាង។ 2ម៉ារានេះហើយ ជាម្នាក់ដែលលាបប្រេងក្រអូបលើព្រះអម្ចាស់ ហើយជូតព្រះបាទាព្រះអង្គដោយសក់របស់នាង គឺឡាសារប្អូនប្រុសរបស់នាងដែលកំពុងឈឺ។ 3ដូច្នេះ បងប្អូនស្រីទាំងពីរនាក់ក៏បញ្ជូនដំណឹង#11:3 ដំណឹង―ជាពាក្យជំនួយ។ទៅព្រះអង្គថា៖ “ព្រះអម្ចាស់អើយ មើល៍! អ្នកដែលព្រះអង្គទ្រង់ស្រឡាញ់កំពុងឈឺ”។
4ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលថា៖“ជំងឺនេះមិនដល់សេចក្ដីស្លាប់ទេ គឺសម្រាប់សិរីរុងរឿងរបស់ព្រះវិញ ដើម្បីឲ្យព្រះបុត្រារបស់ព្រះបានទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈការនេះ”។ 5ព្រះយេស៊ូវទ្រង់ស្រឡាញ់ម៉ាថា និងប្អូនស្រីរបស់នាង ព្រមទាំងឡាសារ។ 6ដូច្នេះ នៅពេលព្រះអង្គទ្រង់ឮថាឡាសារកំពុងឈឺ ព្រះអង្គក៏នៅតែគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត។ 7បន្ទាប់ពីការនេះ ព្រះអង្គមានបន្ទូលនឹងពួកសិស្សថា៖“យើងនាំគ្នាទៅយូឌាម្ដងទៀត”។
8ពួកសិស្សទូលថា៖ “រ៉ាប៊ី ពួកយូដាទើបតែចង់គប់ដុំថ្មសម្លាប់លោក តើលោកទៅទីនោះម្ដងទៀតឬ?”។
9ព្រះយេស៊ូវទ្រង់តបថា៖“តើក្នុងមួយថ្ងៃមិនមានដប់ពីរម៉ោងទេឬ? ប្រសិនបើអ្នកណាដើរនៅពេលថ្ងៃ អ្នកនោះមិនជំពប់ឡើយ ពីព្រោះគេឃើញពន្លឺរបស់ពិភពលោកនេះ។ 10ប៉ុន្តែប្រសិនបើអ្នកណាដើរនៅពេលយប់ អ្នកនោះជំពប់វិញ ពីព្រោះពន្លឺមិននៅក្នុងអ្នកនោះទេ”។ 11បន្ទាប់ពីមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“ឡាសារមិត្តសម្លាញ់របស់យើងបានដេកលក់ហើយ ខ្ញុំនឹងទៅដាស់គាត់”។
12ពួកសិស្សទូលព្រះអង្គថា៖ “ព្រះអម្ចាស់ ប្រសិនបើគាត់បានដេកលក់ហើយ គាត់មុខជាជាសះស្បើយមិនខាន”។
13តាមពិត ព្រះយេស៊ូវមានបន្ទូលអំពីការស្លាប់របស់ឡាសារទេ ប៉ុន្តែពួកគេគិតថា ព្រះអង្គមានបន្ទូលអំពីការដេកសម្រាក។ 14ដូច្នេះ ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេយ៉ាងច្បាស់ថា៖“ឡាសារស្លាប់ហើយ។ 15ខ្ញុំអរសប្បាយជំនួសអ្នករាល់គ្នា ដែលខ្ញុំមិនបាននៅទីនោះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ។ មក៍! យើងនាំគ្នាទៅរកគាត់”។
16ថូម៉ាសដែលគេហៅថាឌីឌីម#11:16 ឌីឌីម―ឬ “កូនភ្លោះ”។ និយាយនឹងសិស្សគ្នាឯងថា៖ “មក៍! យើងនាំគ្នាទៅដែរ ដើម្បីស្លាប់ជាមួយព្រះអង្គ”។
សេចក្ដីរស់ឡើងវិញ និងជីវិត
17នៅពេលយាងមកដល់ ព្រះយេស៊ូវទ្រង់ជ្រាបថា ឡាសារនៅក្នុងរូងផ្នូរបួនថ្ងៃហើយ។ 18បេថានីនៅជិតយេរូសាឡិម ចម្ងាយប្រមាណបីគីឡូម៉ែត្រ#11:18 បីគីឡូម៉ែត្រ―ន័យត្រង់គឺ “15ស្តាឌៀន”។ 1ស្តាឌៀន=185ម៉ែត្រ។។ 19មានជនជាតិយូដាជាច្រើនមករកម៉ាថា និងម៉ារា ដើម្បីសម្រាលទុក្ខពួកនាងអំពីប្អូនប្រុស។ 20នៅពេលម៉ាថាឮថាព្រះយេស៊ូវយាងមក នាងក៏ទៅជួបព្រះអង្គ រីឯម៉ារានៅតែអង្គុយក្នុងផ្ទះ។
21ម៉ាថាទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ។ 22ប៉ុន្តែទោះបីជាឥឡូវនេះក៏ដោយ ខ្ញុំម្ចាស់ដឹងថា អ្វីៗក៏ដោយដែលព្រះអង្គសុំពីព្រះ ព្រះនឹងប្រទានឲ្យព្រះអង្គ”។
23ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញ”។
24ម៉ាថាទូលថា៖ “ខ្ញុំម្ចាស់ដឹងហើយថា ឡាសារនឹងរស់ឡើងវិញ ក្នុងការរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់”។
25ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“គឺខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត។ អ្នកដែលជឿលើខ្ញុំនឹងរស់ ទោះបីជាអ្នកនោះស្លាប់ហើយក៏ដោយ 26រីឯអស់អ្នកដែលនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ គឺជារៀងរហូត។ តើនាងជឿសេចក្ដីនេះឬទេ?”។
27ម៉ាថាទូលថា៖ “ច៎ា ព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយថាព្រះអង្គជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ ជាព្រះអង្គដែលយាងមកក្នុងពិភពលោក”។
ព្រះយេស៊ូវទ្រង់បង្ហូរទឹកព្រះនេត្រ
28នៅពេលម៉ាថាទូលដូច្នេះហើយ នាងក៏ចេញទៅហៅម៉ារាប្អូនស្រីរបស់នាង ដោយស្ងាត់ៗថា៖ “លោកគ្រូមកដល់ហើយ លោកហៅប្អូនឯង”។
29ពេលម៉ារាឮដូច្នេះ ក៏ក្រោកឡើងភ្លាមទៅរកព្រះអង្គ។ 30រីឯព្រះយេស៊ូវមិនទាន់យាងមកក្នុងភូមិនៅឡើយទេ គឺព្រះអង្គនៅតែគង់នៅកន្លែងដែលម៉ាថាបានជួបព្រះអង្គ។ 31ពួកជនជាតិយូដាដែលកំពុងនៅជាមួយម៉ារាក្នុងផ្ទះដើម្បីសម្រាលទុក្ខនាង ឃើញថានាងក្រោកឡើងភ្លាមហើយចេញទៅ ក៏ទៅតាមនាងដោយស្មាន#11:31 ស្មាន―ឯកសារបុរាណខ្លះថា “និយាយ”។ថា នាងទៅយំនៅរូងផ្នូរ។
32លុះម៉ារាមកដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ ទូលថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ”។
33នៅពេលព្រះយេស៊ូវទតឃើញម៉ារាយំ និងពួកជនជាតិយូដាដែលមកជាមួយនាងយំ ព្រះអង្គក៏រំជួលក្នុងវិញ្ញាណ ហើយមានអំពល់ក្នុងអង្គទ្រង់ 34រួចមានបន្ទូលថា៖“តើអ្នករាល់គ្នាដាក់ឡាសារនៅឯណា?”។
ពួកគេទូលថា៖ “ព្រះអម្ចាស់អើយ សូមអញ្ជើញមកមើលចុះ”។
35ព្រះយេស៊ូវទ្រង់បង្ហូរទឹកព្រះនេត្រ។
36ដូច្នេះ ពួកជនជាតិយូដាក៏និយាយថា៖ “មើល៍! លោកស្រឡាញ់គាត់យ៉ាងណា!”។ 37ប៉ុន្តែអ្នកខ្លះក្នុងពួកគេនិយាយថា៖ “តើអ្នកនេះដែលបើកភ្នែករបស់មនុស្សខ្វាក់ភ្នែក មិនអាចធ្វើឲ្យឡាសារមិនស្លាប់បានដែរឬ?”។
ការលើកឡាសារឲ្យរស់ឡើងវិញ
38ព្រះយេស៊ូវទ្រង់រំជួលក្នុងអង្គទ្រង់ម្ដងទៀត ហើយក៏យាងទៅដល់រូងផ្នូរ។ រូងផ្នូរនោះជារអាងភ្នំ មានថ្មមួយបិទនៅមាត់រូង។ 39ព្រះយេស៊ូវមានបន្ទូលថា៖“ចូរយកថ្មចេញ”។
ម៉ាថាបងស្រីរបស់អ្នកដែលស្លាប់ ទូលព្រះអង្គថា៖ “ព្រះអម្ចាស់ សពនេះធុំក្លិនហើយ ពីព្រោះជាថ្ងៃទីបួនហើយ”។
40ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះទេឬ?”។
41ដូច្នេះ ពួកគេក៏យកថ្មចេញ#11:41 ឯកសារបុរាណខ្លះបន្ថែម “ពីកន្លែងដែលគេដាក់អ្នកស្លាប់”។។ ព្រះយេស៊ូវទ្រង់ងើបព្រះនេត្រទៅលើ ហើយមានបន្ទូលថា៖“ព្រះបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គដែលព្រះអង្គទ្រង់សណ្ដាប់ទូលបង្គំ។ 42ទូលបង្គំដឹងរួចហើយថា ព្រះអង្គទ្រង់សណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែដោយសារតែហ្វូងមនុស្សដែលឈរនៅជុំវិញ បានជាទូលបង្គំទូលដូច្នេះ ដើម្បីឲ្យពួកគេជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក”។ 43នៅពេលមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គទ្រង់ស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖“ឡាសារអើយ ចេញមក!”។ 44អ្នកដែលស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំដៃ និងជើង ហើយមុខគាត់ក៏មានកន្សែងរុំដែរ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ”។
ផែនការធ្វើគុតព្រះយេស៊ូវ
45មនុស្សជាច្រើនក្នុងពួកជនជាតិយូដាដែលមករកម៉ារា ហើយឃើញអ្វីៗដែលព្រះអង្គបានធ្វើ ក៏ជឿលើព្រះអង្គ។ 46ប៉ុន្តែមានអ្នកខ្លះក្នុងពួកគេទៅរកពួកផារិស៊ី ហើយប្រាប់អំពីអ្វីៗដែលព្រះយេស៊ូវបានធ្វើ។
47ដូច្នេះ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីក៏កោះប្រជុំក្រុមប្រឹក្សា ហើយនិយាយថា៖ “តើយើងកំពុងធ្វើអ្វី? ពីព្រោះមនុស្សនេះកំពុងធ្វើទីសម្គាល់ជាច្រើន។ 48ប្រសិនបើយើងបណ្ដោយគាត់ដូច្នេះទៀត មនុស្សទាំងអស់នឹងជឿលើគាត់ ហើយពួកជនជាតិរ៉ូម៉ាំងនឹងមកយកទាំងទឹកដីវិសុទ្ធ ទាំងប្រជាជាតិរបស់យើង”។
49ប៉ុន្តែម្នាក់ក្នុងពួកគេ ឈ្មោះកៃផាស ជាមហាបូជាចារ្យនៅឆ្នាំនោះ មានប្រសាសន៍នឹងពួកគេថា៖ “អស់លោកមិនយល់អ្វីសោះ 50ក៏មិនពិចារណាដែរថា ដែលមានមនុស្សម្នាក់ស្លាប់ជំនួសប្រជាជន ហើយប្រជាជាតិទាំងមូលមិនវិនាស ជាប្រយោជន៍ដល់អស់លោក#11:50 អស់លោក―ឯកសារបុរាណខ្លះថា “យើង”។”។ 51លោកមានប្រសាសន៍ដូច្នេះ មិនមែនចេញពីខ្លួនលោកទេ ប៉ុន្តែលោកជាមហាបូជាចារ្យនៅឆ្នាំនោះ បានជាលោកព្យាករថា ព្រះយេស៊ូវរៀបនឹងសុគតជំនួសប្រជាជាតិនេះ 52ហើយមិនគ្រាន់តែជំនួសប្រជាជាតិនេះប៉ុណ្ណោះទេ គឺដើម្បីប្រមូលកូនរបស់ព្រះដែលត្រូវបានកម្ចាត់កម្ចាយ ឲ្យរួមគ្នាតែមួយផង។ 53តាំងពីថ្ងៃនោះមក ពួកគេបានពិគ្រោះគ្នាដើម្បីធ្វើគុតព្រះអង្គ។ 54ដូច្នេះ ព្រះយេស៊ូវលែងយាងដោយបើកចំហនៅក្នុងចំណោមជនជាតិយូដាទៀតឡើយ ប៉ុន្តែយាងចាកចេញពីទីនោះទៅជនបទជិតទីរហោស្ថាន ដល់ទីក្រុងមួយដែលគេហៅថាអេប្រាអិម ហើយស្នាក់នៅទីនោះជាមួយពួកសិស្ស។
55បុណ្យរំលងរបស់ជនជាតិយូដាជិតមកដល់ហើយ។ មានមនុស្សជាច្រើនឡើងពីជនបទទៅយេរូសាឡិមមុនថ្ងៃបុណ្យ ដើម្បីជម្រះកាយឲ្យបរិសុទ្ធ។ 56ពួកគេរកព្រះយេស៊ូវ ហើយពេលឈរនៅក្នុងព្រះវិហារ ពួកគេក៏និយាយគ្នាទៅវិញទៅមកថា៖ “អ្នករាល់គ្នាគិតដូចម្ដេច? លោកពិតជាមិនមកពិធីបុណ្យនេះទេដឹង?”។ 57រីឯពួកនាយកបូជាចារ្យ និងពួកផារិស៊ីចេញសេចក្ដីបង្គាប់រួចហើយថា ប្រសិនបើអ្នកណាដឹងថាព្រះអង្គគង់នៅឯណា អ្នកនោះត្រូវរាយការណ៍ ដើម្បីឲ្យពួកគេចាប់ព្រះអង្គ៕
ទើបបានជ្រើសរើសហើយ៖
យ៉ូហាន 11: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative