យ៉ូហាន 12

12
ការលាបប្រេងនៅបេថានី
1ប្រាំមួយ​ថ្ងៃ​មុន​បុណ្យរំលង ព្រះយេស៊ូវ​យាង​មក​ដល់​បេថានី ជា​កន្លែងដែល​ឡាសារ​នៅ​។ គាត់​ជា#12:1 ឯកសារបុរាណខ្លះបន្ថែម “អ្នកដែលស្លាប់ ហើយជា”។​អ្នក​ដែល​ព្រះអង្គ​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​។ 2នៅ​ទីនោះ គេ​បាន​រៀបចំ​ជប់លៀងពេលល្ងាច​ថ្វាយ​ព្រះអង្គ​។ ម៉ាថា​កំពុង​បម្រើ​ភ្ញៀវ រីឯ​ឡាសារ​ជា​ម្នាក់​ក្នុង​ពួក​អ្នក​ដែល​កំពុង​រួមតុអាហារ​ជាមួយ​ព្រះអង្គ​។ 3ពេលនោះ ម៉ារា​យក​ប្រេងក្រអូប​ណារ៍ដូ​សុទ្ធ​ដ៏មានតម្លៃ​ចំណុះ​បីរយមិល្លីលីត្រ#12:3 បីរយមិល្លីលីត្រ―ន័យត្រង់គឺ “មួយ​លីត្រា”។ 1លីត្រា=0.34លីត្រ។ លាប​ព្រះបាទា​របស់​ព្រះយេស៊ូវ ហើយ​ជូត​ព្រះបាទា​ព្រះអង្គ​ដោយ​សក់​របស់​នាង​។ ផ្ទះ​នោះ​ក៏​ពេញ​ទៅ​ដោយ​ក្លិន​ប្រេងក្រអូប​។
4ប៉ុន្តែ​យូដាស​អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​ពួក​សិស្ស​របស់​ព្រះអង្គ ដែល​រៀបនឹង​ក្បត់​ព្រះអង្គ និយាយថា​៖ 5“ម្ដេចក៏​មិន​លក់​ប្រេងក្រអូប​នេះ​បីរយ​ឌេណារី#12:5 ឌេណារី―លុយកាក់ធ្វើពីប្រាក់របស់រ៉ូម៉ាំង។ 1ឌេណារី=ថ្លៃឈ្នួល1ថ្ងៃ។ ហើយ​ចែក​ឲ្យ​អ្នកក្រ​វិញ​?”។ 6គាត់​និយាយ​ដូច្នេះ មិនមែន​ដោយសារ​គាត់​យកចិត្តទុកដាក់​ចំពោះ​អ្នកក្រ​ទេ គឺ​ដោយសារ​គាត់​ជា​ចោរ​។ គាត់​កាន់​ថង់ប្រាក់ ហើយ​តែងតែ​លួចយក​អ្វី​ដែល​គេ​ដាក់​ក្នុងថង់នោះ​។
7ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​បណ្ដោយ​នាង​ចុះ​! នាង​បាន​ទុក​ប្រេងក្រអូបនេះ​សម្រាប់​ថ្ងៃ​នៃ​ការបញ្ចុះសព​ខ្ញុំ​។ 8ជាការពិត អ្នករាល់គ្នា​មាន​អ្នកក្រ​នៅ​ជាមួយ​ខ្លួន​ជានិច្ច ប៉ុន្តែ​អ្នករាល់គ្នា​មិន​មាន​ខ្ញុំ​ជានិច្ច​ទេ”។
គម្រោងសម្លាប់ឡាសារ
9ហ្វូងមនុស្ស​មួយក្រុម​ធំ​ក្នុង​ជនជាតិយូដា​ដឹង​ថា ព្រះអង្គ​គង់នៅ​ទីនោះ​។ ពួកគេ​ក៏​មក មិនមែន​ដោយសារតែ​ព្រះយេស៊ូវ​ប៉ុណ្ណោះទេ គឺ​ដើម្បី​មើល​ឡាសារ​ដែល​ព្រះអង្គ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ផង​។ 10រីឯ​ពួក​នាយកបូជាចារ្យ​ក៏​ពិគ្រោះគ្នា​ដើម្បី​សម្លាប់​ឡាសារ​ដែរ 11ពីព្រោះ​ដោយសារតែ​ឡាសារ មាន​ច្រើន​នាក់​ក្នុង​ពួកយូដា​ចាកចេញ​ពី​ពួកគេ ហើយ​ជឿលើ​ព្រះយេស៊ូវ​។
ព្រះយេស៊ូវយាងចូលយេរូសាឡិម
12នៅ​ថ្ងៃបន្ទាប់ ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​មកចូលរួមក្នុង​ពិធីបុណ្យ​បាន​ឮ​ថា ព្រះយេស៊ូវ​កំពុង​យាង​មក​យេរូសាឡិម 13ពួកគេ​ក៏​យក​ធាង​លម៉ើ ចេញទៅ​ទទួល​ព្រះអង្គ ហើយ​ស្រែកថា​៖
“ហូសាណា​!
សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ
ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់
គឺ​ព្រះមហាក្សត្រ​នៃ​អ៊ីស្រាអែល​!”#12:13 《ទំនុកតម្កើង》 118:25-26។​។
14ព្រះយេស៊ូវ​ទត​ឃើញ​កូនលា​មួយ ក៏​គង់​លើ​កូនលានោះ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: 15“កុំ​ខ្លាច​ឡើយ កូនស្រី​ស៊ីយ៉ូន​អើយ មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មក ដោយ​គង់​លើ​កូនលា”។#12:15 《សាការី》 9:9។
16មុនដំបូង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​យល់​សេចក្ដីទាំងនេះ​ទេ ប៉ុន្តែ​នៅពេល​ព្រះយេស៊ូវ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ហើយ នោះ​ពួកគេ​នឹកឃើញ​ថា សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ​អំពី​ព្រះអង្គ ហើយ​ថា គេ​បាន​ធ្វើ​ការទាំងនេះ​ដល់​ព្រះអង្គ​។ 17ហ្វូងមនុស្ស​ដែល​នៅ​ជាមួយ​ព្រះអង្គ​ពេល​ព្រះអង្គ​ហៅ​ឡាសារ​ចេញពី​រូងផ្នូរ និង​លើក​គាត់​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ក៏​បន្ត​ធ្វើបន្ទាល់​។ 18នេះជាហេតុដែល​ហ្វូងមនុស្ស​ទៅទទួល​ព្រះអង្គ គឺ​ពីព្រោះ​ពួកគេ​ឮ​ថា ព្រះអង្គ​បាន​ធ្វើ​ទីសម្គាល់​នេះ​។
19ដូច្នេះ ពួកផារិស៊ី​ក៏​និយាយ​គ្នា​ថា​៖ “ឃើញ​ទេ​? ពួកអ្នក​មិន​បានប្រយោជន៍​អ្វី​សោះ​! មើល៍! ពិភពលោក​នាំគ្នា​ទៅ​តាម​អ្នកនោះ​អស់​ហើយ​!”។
ប្រាប់ជាមុនអំពីការសុគត
20ក្នុងចំណោម​ហ្វូងមនុស្ស​ដែល​ឡើងទៅ​ថ្វាយបង្គំ​នៅក្នុង​ពិធីបុណ្យ​នោះ មាន​ជនជាតិក្រិក​ខ្លះ​។ 21ជនជាតិក្រិក​ទាំងនេះ​ចូលមកជិត​ភីលីព​អ្នកបេតសៃដា​ក្នុង​កាលីឡេ ហើយ​សួរ​គាត់​ថា​៖ “លោកម្ចាស់ យើងខ្ញុំ​ចង់​ជួប​យេស៊ូវ”។
22ភីលីព​ទៅ​ប្រាប់​អនទ្រេ ហើយ​អនទ្រេ និង​ភីលីព​ក៏​ទៅ​ទូល​ព្រះយេស៊ូវ​។ 23ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ពេលវេលា​មក​ដល់​ហើយ ដើម្បីឲ្យ​កូនមនុស្ស​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។ 24ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា លុះត្រាតែ​គ្រាប់​ស្រូវ​ធ្លាក់​ទៅ​ដី​ហើយ​ងាប់ ពុំនោះទេ វា​នៅ​តែមួយ​ដដែល ប៉ុន្តែ​ប្រសិនបើ​ងាប់​វិញ វា​បង្កើត​ផល​ជាច្រើន​។ 25អ្នក​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នក​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ពិភពលោកនេះ អ្នកនោះ​នឹង​រក្សា​ជីវិត​រហូតដល់​ជីវិតអស់កល្បជានិច្ច​។ 26ប្រសិនបើ​អ្នកណា​បម្រើ​ខ្ញុំ អ្នកនោះ​ត្រូវតែ​មកតាម​ខ្ញុំ ហើយ​កន្លែងដែល​ខ្ញុំ​នៅ អ្នកបម្រើ​របស់ខ្ញុំ​ក៏​នឹង​នៅ​ទីនោះ​ដែរ​។ ប្រសិនបើ​អ្នកណា​បម្រើ​ខ្ញុំ ព្រះ​បិតា​នឹង​លើកកិត្តិយស​អ្នកនោះ​។
27 “ឥឡូវនេះ ព្រលឹង​របស់ខ្ញុំ​មានអំពល់ តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​? តើ​ឲ្យ​ថា​: ‘ព្រះ​បិតា​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ពី​វេលា​នេះ​ផង’ ឬ​? ប៉ុន្តែ​ដោយសារតែការនេះ បានជា​ខ្ញុំ​មកដល់​វេលា​នេះ​។ 28ព្រះ​បិតា​អើយ សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម#12:28 ព្រះនាម―ឯកសារបុរាណខ្លះថា “ព្រះបុត្រា”។របស់ព្រះអង្គ​!”។
ពេលនោះ មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “យើង​បាន​លើកតម្កើងសិរីរុងរឿង​ហើយ យើង​នឹង​លើកតម្កើងសិរីរុងរឿង​ទៀត”។
29ហ្វូងមនុស្ស​ដែល​ឈរ​នៅទីនោះ​បាន​ឮ ក៏​និយាយថា​៖ “មាន​ផ្គរលាន់”។ អ្នកខ្លះទៀត​ថា​៖ “មាន​ទូតសួគ៌​របស់ព្រះ​និយាយ​នឹង​គាត់”។
30ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“សំឡេង​នេះ​មក​មិនមែន​សម្រាប់​ខ្ញុំ​ទេ គឺ​សម្រាប់​អ្នករាល់គ្នា​វិញ​។ 31ឥឡូវនេះ ជា​ការជំនុំជម្រះ​ពិភពលោកនេះ​; ឥឡូវនេះ មេគ្រប់គ្រង​របស់​ពិភពលោកនេះ​នឹង​ត្រូវបាន​បណ្ដេញ​ចេញ​។ 32រីឯខ្ញុំវិញ កាលណា​ខ្ញុំ​ត្រូវបាន​លើកឡើង​ពី​ផែនដី នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំងអស់​មក​ឯ​ខ្ញុំ”។ 33ព្រះអង្គ​មានបន្ទូល​ដូច្នេះ ដើម្បី​ឲ្យដឹង​ថា​ព្រះអង្គ​រៀបនឹង​សុគត​ដោយ​ការសុគត​បែបណា​។
34ហ្វូងមនុស្ស​តប​នឹង​ព្រះអង្គ​ថា​៖ “យើង​បាន​ឮ​ពី​ក្រឹត្យវិន័យ​ថា ព្រះ​គ្រីស្ទ​គង់នៅ​ជារៀងរហូត ចុះ​ម្ដេចក៏​អ្នក​និយាយ​ថា​: ‘កូនមនុស្ស​ត្រូវតែ​បាន​លើកឡើង’? តើ‘កូនមនុស្ស’ នេះ​ជា​នរណា​?”។
35ព្រះយេស៊ូវ​មានបន្ទូលថា​៖“ពន្លឺ​នេះ​នៅ​ក្នុងចំណោម​អ្នករាល់គ្នា​តែបន្តិចទៀតទេ ចូរ​ដើរ​ក្នុងពេលដែល​អ្នករាល់គ្នា​មាន​ពន្លឺ​នេះ​ចុះ ដើម្បីកុំឲ្យ​សេចក្ដីងងឹត​ចាប់​អ្នករាល់គ្នា​ឡើយ​។ អ្នក​ដែល​ដើរ​ក្នុង​សេចក្ដីងងឹត​មិន​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ឯណា​ទេ​។ 36ក្នុងពេលដែល​អ្នករាល់គ្នា​មាន​ពន្លឺ​នេះ ចូរ​ជឿលើ​ពន្លឺ​នេះ​ចុះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ក្លាយជា​កូន​នៃ​ពន្លឺ”។ នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ ហើយ​ត្រូវបាន​បំបាំង​ពី​ពួកគេ​។
ពាក្យព្យាកររបស់អេសាយបានសម្រេច
37ទោះបីជា​ព្រះអង្គ​បាន​ធ្វើ​ទីសម្គាល់​ជាច្រើន​នៅមុខ​ពួកគេ​ក៏ដោយ ក៏​ពួកគេ​នៅតែ​មិន​ជឿលើ​ព្រះអង្គ 38ដើម្បីឲ្យ​ពាក្យ​របស់​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:
“ព្រះអម្ចាស់​អើយ តើ​នរណា​បាន​ជឿ​ដំណឹង​របស់យើងខ្ញុំ​?
តើ​ព្រះហស្ត # 12:38 ព្រះហស្ត―ឬ “ឫទ្ធិ​បារមី”។ របស់​ព្រះអម្ចាស់​ត្រូវបាន​សម្ដែង​ដល់​នរណា​?”។ # 12:38 《អេសាយ》 53:1។
39នេះជាហេតុដែល​ពួកគេ​មិនអាច​ជឿ​បានឡើយ គឺ​ពីព្រោះ​អេសាយ​បាន​ថ្លែង​ទៀត​ថា​:
40 “ព្រះអង្គ​ធ្វើឲ្យ​ភ្នែក​របស់​ពួកគេ​ខ្វាក់
ធ្វើឲ្យ​ចិត្ត​របស់​ពួកគេ​រឹង
ក្រែងលោ​ពួកគេ​ឃើញ​នឹង​ភ្នែក
យល់​ដោយ​ចិត្ត
បែរមកវិញ
ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា”។ # 12:40 《អេសាយ》 6:10។
41អេសាយ​មានប្រសាសន៍​សេចក្ដីទាំងនេះ ពីព្រោះ#12:41 ពីព្រោះ―ឯកសារបុរាណខ្លះថា “នៅពេល”។​លោក​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ហើយក៏​ថ្លែង​អំពី​ព្រះអង្គ​។
42ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​ច្រើន​នាក់​ក្នុង​ពួក​មេគ្រប់គ្រង​ជឿលើ​ព្រះអង្គ​។ ប៉ុន្តែ​ដោយសារតែ​ពួកផារិស៊ី ពួកគេ​មិន​សារភាព​ទេ ក្រែងលោ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។ 43ដ្បិត​ពួកគេ​ស្រឡាញ់​សិរីរុងរឿង​ពី​មនុស្ស ជាង​សិរីរុងរឿង​ពី​ព្រះ​។
សេចក្ដីសង្ខេបអំពីបេសកកម្មរបស់ព្រះយេស៊ូវ
44ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ថា​៖“អ្នក​ដែល​ជឿលើ​ខ្ញុំ មិនមែន​ជឿលើ​ខ្ញុំ​ទេ គឺ​ជឿ​លើ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ 45ហើយ​អ្នក​ដែល​ឃើញ​ខ្ញុំ ក៏​ឃើញ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ដែរ​។ 46ខ្ញុំ​មក​ជា​ពន្លឺ​ក្នុង​ពិភពលោក ដើម្បីកុំឲ្យ​អស់អ្នក​ដែល​ជឿលើ​ខ្ញុំ ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត​ឡើយ​។ 47ប្រសិនបើ​អ្នកណា​ឮ​ពាក្យ​របស់ខ្ញុំ ហើយ​មិន​ប្រតិបត្តិតាម#12:47 ប្រតិបត្តិតាម―ឯកសារបុរាណខ្លះថា “ជឿ”។ខ្ញុំ​មិន​កាត់ទោស​អ្នកនោះ​ទេ ពីព្រោះ​ខ្ញុំ​មក​មិនមែន​ដើម្បី​កាត់ទោស​មនុស្សលោក​ឡើយ គឺ​ដើម្បី​សង្គ្រោះ​មនុស្សលោក​វិញ​។ 48អ្នក​ដែល​បដិសេធ​ខ្ញុំ ហើយ​មិន​ទទួលយក​ពាក្យ​របស់ខ្ញុំ មាន​ម្នាក់​ដែល​កាត់ទោស​អ្នកនោះ គឺ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នោះ​ហើយ នឹង​កាត់ទោស​គេ​នៅ​ថ្ងៃចុងបញ្ចប់​។ 49ដ្បិត​ខ្ញុំ​និយាយ​មិនមែន​ចេញពី​ខ្លួនខ្ញុំ​ទេ គឺ​ព្រះ​បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យមក ព្រះអង្គផ្ទាល់​បាន​ប្រទាន​សេចក្ដីបង្គាប់​ដល់​ខ្ញុំ​ឲ្យ​ខ្ញុំ​ត្រូវ​ប្រាប់​អ្វី និង​និយាយ​អ្វី​។ 50ខ្ញុំ​ដឹង​ថា សេចក្ដីបង្គាប់​របស់​ព្រះអង្គ​ជា​ជីវិតអស់កល្បជានិច្ច​។ ដូច្នេះ អ្វីៗដែល​ខ្ញុំ​និយាយ គឺ​ខ្ញុំ​និយាយ​យ៉ាងនោះ​ដូចដែល​ព្រះ​បិតា​បាន​ប្រាប់​ខ្ញុំ”៕

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 12: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល