យ៉ូហាន 10

10
ពាក្យប្រៀបប្រដូចអំពីអ្នកគង្វាល
1 “ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​មិន​ចូល​ក្នុង​ក្រោលចៀម​តាម​ទ្វារ ប៉ុន្តែ​ឡើង​តាមកន្លែងផ្សេង​វិញ អ្នកនោះ​ជា​ចោរលួច និង​ជា​ចោរប្លន់​។ 2រីឯ​អ្នក​ដែល​ចូល​តាម​ទ្វារ ជា​អ្នកគង្វាល​របស់​ចៀម​។ 3អ្នកយាមទ្វារ​ក៏​បើក​ឲ្យ​អ្នកនោះ ហើយ​ចៀម​ស្ដាប់​សំឡេង​របស់​គាត់​។ គាត់​ហៅ​ចៀម​របស់គាត់​តាម​ឈ្មោះ រួច​នាំ​វា​ចេញទៅខាងក្រៅ​។ 4នៅពេល​គាត់​បញ្ចេញ​ចៀម#10:4 ឯកសារបុរាណខ្លះគ្មាន “ចៀម”។ទាំងអស់#10:4 ឯកសារបុរាណខ្លះគ្មាន “ទាំងអស់”។របស់គាត់​ហើយ គាត់​ទៅ​ខាងមុខ​វា ហើយ​ចៀម​ក៏​ទៅតាម​គាត់ ពីព្រោះ​វា​ស្គាល់​សំឡេង​របស់​គាត់​។ 5ចៀម​មិន​ទៅតាម​អ្នកដទៃ​សោះឡើយ ផ្ទុយទៅវិញ វា​នឹង​រត់គេច​ពី​គេ ពីព្រោះ​វា​មិន​ស្គាល់​សំឡេង​របស់​អ្នកដទៃ”។
6ព្រះយេស៊ូវ​មានបន្ទូល​ជា​ពាក្យប្រៀបប្រដូច​នេះ​នឹង​ពួកគេ ប៉ុន្តែ​អ្នកទាំងនោះ​មិន​យល់​នូវ​អ្វីៗដែល​ព្រះអង្គ​កំពុង​មានបន្ទូល​នឹង​ពួកគេ ថា​ជា​អ្វី​ឡើយ​។
អ្នកគង្វាលដ៏ល្អ
7ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូល​ទៀត​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គឺ​ខ្ញុំ​ជា​ទ្វារ​របស់​ចៀម​។ 8អស់អ្នក​ដែល​មក​មុន​ខ្ញុំ ជា​ចោរលួច និង​ជា​ចោរប្លន់ ហើយ​ចៀម​មិន​បាន​ស្ដាប់​អ្នកទាំងនោះ​ឡើយ​។ 9គឺ​ខ្ញុំ​ជា​ទ្វារ​។ ប្រសិនបើ​អ្នកណា​ចូល​តាម​ខ្ញុំ អ្នកនោះ​នឹង​បាន​សង្គ្រោះ ព្រមទាំង​ចេញចូល ហើយ​រកឃើញ​វាលស្មៅ​ទៀតផង​។ 10ចោរ​មិន​មក​ឡើយ លើកលែងតែ​ដើម្បី​បាន​លួច សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ដើម្បីឲ្យ​ពួកគេ​មាន​ជីវិត គឺ​ឲ្យ​ពួកគេ​មាន​ជីវិត​ពេញបរិបូរ​។
11 “គឺ​ខ្ញុំ​ជា​អ្នកគង្វាល​ដ៏ល្អ​។ អ្នកគង្វាល​ដ៏ល្អ​លះបង់​ជីវិត​របស់​ខ្លួន​សម្រាប់​ចៀម 12រីឯ​ឈ្នួល​ដែល​មិនមែន​ជា​អ្នកគង្វាល ហើយ​ចៀម​ក៏​មិនមែន​ជា​របស់ខ្លួនឯង​ផង នៅពេល​ឃើញ​ចចក​មក គេ​ទុក​ចៀម​ចោល រួច​រត់គេច​បាត់ទៅ​។ ចចក​ក៏​ឆក់យក​ចៀម ហើយ​ដេញ​ចៀមទាំងនោះ​ឲ្យខ្ចាត់ខ្ចាយ​។ 13#10:13 ឯកសារបុរាណខ្លះបន្ថែម “ឈ្នួល​រត់គេច”។នេះគឺ​ដោយសារ​គេ​ជា​ឈ្នួល ហើយ​គេ​មិន​យកចិត្តទុកដាក់​ចំពោះ​ចៀម​ឡើយ​។
14 “គឺ​ខ្ញុំ​ជា​អ្នកគង្វាល​ដ៏ល្អ​។ ខ្ញុំ​ស្គាល់​ចៀម​របស់ខ្ញុំ ហើយ​ចៀម​របស់ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ 15ដូចដែល​ព្រះ​បិតា​ស្គាល់​ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ព្រះ​បិតា​ដែរ​។ ខ្ញុំ​លះបង់​ជីវិត​របស់ខ្ញុំ​សម្រាប់​ចៀម​។ 16ខ្ញុំ​មាន​ចៀម​ដទៃទៀត​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​។ ខ្ញុំ​ត្រូវតែ​នាំ​ចៀមទាំងនោះ​មក​ដែរ ពួកវា​នឹង​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយ​ពួកវា​នឹង​បានជា​ហ្វូង​មួយ មាន​អ្នកគង្វាល​ម្នាក់​។ 17នេះជាហេតុដែល​ព្រះ​បិតា​ស្រឡាញ់​ខ្ញុំ គឺ​ដោយសារ​ខ្ញុំ​លះបង់​ជីវិត​របស់ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​យក​ជីវិតខ្ញុំនោះ​មកវិញ​។ 18គ្មានអ្នកណា​ដកយក​ជីវិតរបស់ខ្ញុំ​ពី​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​លះបង់​ជីវិតខ្ញុំ​ដោយ​ខ្លួនខ្ញុំ​។ ខ្ញុំ​មាន​សិទ្ធិអំណាច​លះបង់​ជីវិតខ្ញុំ ហើយ​មាន​សិទ្ធិអំណាច​យក​ជីវិតខ្ញុំ​មកវិញ​។ ខ្ញុំ​បាន​ទទួល​សេចក្ដីបង្គាប់​នេះ​ពី​ព្រះ​បិតា​របស់ខ្ញុំ”។
19មាន​ការបាក់បែកគ្នា​កើតឡើង​ម្ដងទៀត​ក្នុងចំណោម​ពួកយូដា ដោយសារតែ​ព្រះបន្ទូល​ទាំងនេះ​។ 20មនុស្ស​ជាច្រើន​ក្នុង​ពួកគេ​និយាយថា​៖ “អ្នកនេះ​មានអារក្សចូល ហើយ​ឆ្កួត​ទៀត​! ស្ដាប់​គាត់​ធ្វើអី​?”។ 21អ្នកខ្លះទៀត​និយាយថា​៖ “នេះ​មិនមែន​ជា​ពាក្យ​របស់​មនុស្ស​អារក្សចូល​ទេ​។ អារក្ស​មិន​អាច​បើក​ភ្នែក​របស់​មនុស្ស​ខ្វាក់ភ្នែក​បាន​ទេ មែនទេ​?”។
ព្រះយេស៊ូវនៅក្នុងបុណ្យរំលឹកពិធីឆ្លងព្រះវិហារ
22ពេលនោះ​ជា​រដូវរងា ហើយ​មាន​បុណ្យរំលឹកពិធីឆ្លងព្រះវិហារ​នៅ​យេរូសាឡិម​។ 23ព្រះយេស៊ូវ​កំពុង​យាង​ក្នុង​ព្រះវិហារ តាម​របៀង​សាឡូម៉ូន​។ 24ពួកយូដា​ក៏​ចោមរោម​ព្រះអង្គ ហើយ​និយាយថា​៖ “តើ​អ្នក​ទុកឲ្យ​ពួកយើង​ភ័យអរ​ដល់ពេលណា​ទៀត​? បើសិន​អ្នក​ជា​ព្រះ​គ្រីស្ទ​មែន ចូរ​ប្រាប់​ពួកយើង​ឲ្យ​ច្បាស់​មក”។
25ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ជឿ​ទេ​។ កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា​ខ្ញុំ គឺ​ការទាំងនោះ​ហើយ ធ្វើបន្ទាល់​អំពី​ខ្ញុំ​។ 26ប៉ុន្តែ​អ្នករាល់គ្នា​មិន​ជឿ​ទេ ពីព្រោះ​អ្នករាល់គ្នា​មិនមែន​ជា​ចៀម​របស់ខ្ញុំ​។ 27ចៀម​របស់ខ្ញុំ​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ពួកវា​ដែរ​។ ពួកវា​មកតាម​ខ្ញុំ 28ហើយខ្ញុំ​ផ្ដល់​ជីវិតអស់កល្បជានិច្ច​ដល់​ពួកវា ដូច្នេះ​ពួកវា​មិន​វិនាស​សោះឡើយ គឺ​ជារៀងរហូត​។ គ្មាន​អ្នកណា​អាច​កញ្ឆក់​ពួកវា​ពី​ដៃ​របស់ខ្ញុំ​បាន​ឡើយ​។ 29ព្រះ​បិតា​របស់ខ្ញុំ​ដែល​ប្រទាន​ពួកវា#10:29 ពួកវា―ជាពាក្យជំនួយ។មក​ខ្ញុំ ព្រះអង្គ​ធំជាង​អ្វីៗ​ទាំងអស់ ហើយ​គ្មានអ្នកណា​អាច​កញ្ឆក់​ពួកវា​ពី​ព្រះហស្ត​របស់​ព្រះ​បិតា#10:29 ព្រះ​បិតា―ឯកសារបុរាណខ្លះថា “ព្រះ​បិតាខ្ញុំ”។បាន​ឡើយ​។ 30ខ្ញុំ និង​ព្រះ​បិតា គឺ​អង្គ​មួយ”។
គេចង់គប់ដុំថ្មសម្លាប់ព្រះយេស៊ូវ
31ពួកយូដា​ក៏​រើស​ដុំថ្ម​ម្ដងទៀត ដើម្បី​គប់សម្លាប់​ព្រះអង្គ​។ 32ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“ខ្ញុំ​បាន​បង្ហាញ​អ្នករាល់គ្នា​នូវ​ការល្អ​ជាច្រើន​ពី​ព្រះ​បិតា តើ​អ្នករាល់គ្នា​គប់ដុំថ្មសម្លាប់​ខ្ញុំ​ដោយសារតែ​ការ​មួយណា​?”។
33ពួកគេ​ឆ្លើយ​នឹង​ព្រះអង្គ​ថា​៖ “យើង​គប់ដុំថ្មសម្លាប់​អ្នក​មិនមែន​ដោយសារតែ​ការល្អ​ទេ គឺ​ដោយសារតែ​ការនិយាយប្រមាថព្រះ ពីព្រោះ​អ្នក​ជា​មនុស្ស ប៉ុន្តែ​តាំងខ្លួន​ជា​ព្រះ”។
34ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“នៅក្នុង​ក្រឹត្យវិន័យ​របស់អ្នករាល់គ្នា#10:34 ឯកសារបុរាណខ្លះគ្មាន “របស់អ្នករាល់គ្នា”។តើ​មិន​មាន​សរសេរ​ទុកមក​ថា​:‘យើង​និយាយថា អ្នករាល់គ្នា​ជា​ព្រះ’#10:34 《ទំនុកតម្កើង》82:6។ទេ​ឬ​? 35ប្រសិនបើ​ព្រះអង្គ​បាន​ហៅ​អ្នកទាំងនោះ​ថា ‘ព្រះ’ គឺ​អ្នកដែល​ព្រះបន្ទូល​របស់​ព្រះ​បាន​មក​ដល់ (​ហើយ​បទគម្ពីរ#10:35 បទគម្ពីរ―ឬ “ព្រះបន្ទូល”។មិនអាច​បោះបង់ចោល​បានឡើយ​) 36តើ​អ្នករាល់គ្នា​និយាយ​នឹង​អ្នកដែល​ព្រះ​បិតា​បាន​ញែកជាវិសុទ្ធ ហើយ​ចាត់ឲ្យមក​ក្នុង​ពិភពលោក​ថា​: ‘អ្នក​និយាយប្រមាថព្រះ’ ដោយសារ​ខ្ញុំ​ថា​: ‘ខ្ញុំ​ជា​ព្រះបុត្រារបស់ព្រះ’ ឬ​? 37ប្រសិនបើ​ខ្ញុំ​មិន​ធ្វើ​កិច្ចការ​របស់​ព្រះ​បិតា​ខ្ញុំ​ទេ កុំ​ជឿ​ខ្ញុំ​ឡើយ​។ 38ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ធ្វើ ទោះបីជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​ក៏ដោយ ក៏​ចូរ​ជឿ​កិច្ចការ​ទាំងនោះ​ចុះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដឹង ហើយ​យល់#10:38 យល់―ឯកសារបុរាណខ្លះថា “ជឿ”។ថា ព្រះ​បិតា​នៅក្នុង​ខ្ញុំ ហើយខ្ញុំក៏​នៅក្នុង​ព្រះ​បិតា#10:38 ព្រះបិតា―ឯកសារបុរាណខ្លះថា “ព្រះអង្គ”។ដែរ”។ 39ដូច្នេះ ពួកគេ​ក៏​ចង់​ចាប់​ព្រះអង្គ​ម្ដងទៀត ប៉ុន្តែ​ព្រះអង្គ​ទ្រង់​គេចរួច​ពី​កណ្ដាប់ដៃ​របស់​ពួកគេ​។
មនុស្សជាច្រើនជឿលើព្រះយេស៊ូវ
40ព្រះយេស៊ូវ​យាង​ទៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​ម្ដងទៀត ត្រង់​កន្លែង​ដែល​យ៉ូហាន​បាន​ធ្វើពិធីជ្រមុជទឹក​កាលពីមុន ហើយ​ព្រះអង្គ​ក៏​ស្នាក់នៅ​ទីនោះ​។ 41មាន​មនុស្ស​ជាច្រើន​មករក​ព្រះអង្គ ហើយ​និយាយ​ថា​៖ “ថ្វីត្បិតតែ​យ៉ូហាន​មិន​បាន​ធ្វើ​ទីសម្គាល់​អ្វី​ក៏ដោយ ប៉ុន្តែ​អ្វីៗដែល​យ៉ូហាន​និយាយ​អំពី​លោក​នេះ គឺ​ពិត​ទាំងអស់”។ 42ដូច្នេះ មាន​មនុស្ស​ជាច្រើន​បាន​ជឿលើ​ព្រះអង្គ​នៅ​ទីនោះ​៕

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 10: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល