លោកុប្បត្តិ 41
41
យ៉ូសែបកាត់ស្រាយសុបិនរបស់ផារ៉ោន
1ក្រោយពីពីរឆ្នាំពេញ ផារ៉ោនទ្រង់យល់សុបិន ហើយមើល៍! ទ្រង់ឈរនៅមាត់ទន្លេនីល។ 2នោះមើល៍! មានគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ ឡើងពីទន្លេនីលមកស៊ីនៅតាមគុម្ពត្រែង។ 3រួចមើល៍! មានគោញីប្រាំពីរក្បាលផ្សេងទៀតរាងអាក្រក់ ហើយស្គម ឡើងមកតាមក្រោយពីទន្លេនីល ហើយឈរនៅក្បែរគោញីទាំងនោះនៅមាត់ទន្លេនីល។ 4គោញីរាងអាក្រក់ ហើយស្គមទាំងនោះ ក៏ស៊ីគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ទាំងនោះអស់ទៅ។ រួចផារ៉ោនក៏តើនឡើង។ 5បន្ទាប់មក ទ្រង់ផ្ទំលក់ ហើយយល់សុបិនម្ដងទៀត ហើយមើល៍! មានកួរស្រូវប្រាំពីរថ្លោសៗល្អលូតចេញពីដើមតែមួយ។ 6នោះមើល៍! មានកួរស្រូវប្រាំពីរដែលស្កក ហើយស្លោកដោយខ្យល់ទិសខាងកើត ដុះឡើងតាមក្រោយ។ 7កួរស្រូវស្កកទាំងនោះក៏លេបកួរស្រូវប្រាំពីរថ្លោសៗ ហើយមានគ្រាប់ពេញនោះអស់ទៅ។ រួចផារ៉ោនក៏តើនឡើង ហើយមើល៍! វាជាសុបិន។
8លុះព្រឹកឡើង ទ្រង់មានអំពល់ក្នុងវិញ្ញាណរបស់ទ្រង់ ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅហៅអស់ទាំងគ្រូធ្មប់ និងអស់ទាំងហោរាចារ្យនៃអេហ្ស៊ីបមក។ រួចផារ៉ោនក៏រៀបរាប់សុបិនរបស់ទ្រង់ដល់ពួកគេ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយថ្វាយផារ៉ោនបានឡើយ។
9ពេលនោះ មេអ្នកថ្វាយពែងទូលផារ៉ោនថា៖ “ថ្ងៃនេះ ខ្ញុំព្រះបាទនឹកឃើញកំហុសរបស់ខ្ញុំព្រះបាទហើយ។ 10ផារ៉ោនធ្លាប់ខ្ញាល់នឹងពួករាជបម្រើរបស់ព្រះករុណា ហើយដាក់ខ្ញុំព្រះបាទ និងមេអ្នកដុតនំប៉័ងក្នុងទីឃុំឃាំងក្នុងផ្ទះរបស់មេបញ្ជាការកងរក្សាអង្គ។ 11យើងខ្ញុំទាំងពីរបានយល់សប្តិឃើញយល់សប្តិក្នុងយប់តែមួយ គឺទាំងខ្ញុំព្រះបាទ និងគាត់បានយល់សប្តិឃើញយល់សប្តិដែលមានអត្ថន័យរៀងៗខ្លួន។ 12នៅទីនោះ មានយុវជនជនជាតិហេព្រើរម្នាក់ជាទាសកររបស់មេបញ្ជាការកងរក្សាអង្គ នៅជាមួយយើងខ្ញុំ។ យើងខ្ញុំបានរៀបរាប់ប្រាប់គាត់ នោះគាត់ក៏កាត់ស្រាយយល់សប្តិនោះឲ្យយើងខ្ញុំ គឺបានកាត់ស្រាយឲ្យតាមយល់សប្តិរៀងៗខ្លួន។ 13ក្រោយមក ដូចដែលគាត់បានកាត់ស្រាយឲ្យយើងខ្ញុំយ៉ាងណា វាក៏កើតឡើងយ៉ាងនោះដែរ គឺខ្ញុំព្រះបាទត្រូវបានស្ដារតំណែងឡើងវិញ រីឯម្នាក់ទៀតត្រូវបានព្យួរ”។
14ដូច្នេះ ផារ៉ោនចាត់គេឲ្យទៅហៅយ៉ូសែបមក គេក៏ប្រញាប់ទៅនាំគាត់ចេញពីគុកងងឹត។ គាត់ក៏កោរពុកមាត់ ហើយប្ដូរសម្លៀកបំពាក់របស់ខ្លួន រួចចូលមកនៅចំពោះផារ៉ោន។
15ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “យើងបានយល់សប្តិឃើញយល់សប្តិមួយ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ។ យើងបានឮអំពីអ្នកថា អ្នកស្ដាប់យល់សប្តិ ហើយអាចកាត់ស្រាយវាបាន”។
16យ៉ូសែបទូលផារ៉ោនថា៖ “មិនមែនខ្ញុំព្រះបាទទេ គឺព្រះនឹងផ្ដល់ចម្លើយអំពីសេចក្ដីសុខសាន្តរបស់ផារ៉ោន”។
17ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “នៅក្នុងយល់សប្តិរបស់យើង មើល៍! យើងឈរនៅមាត់ទន្លេនីល។ 18នោះមើល៍! មានគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ ឡើងពីទន្លេនីលមកស៊ីនៅតាមគុម្ពត្រែង។ 19រួចមើល៍! មានគោញីប្រាំពីរក្បាលផ្សេងទៀតដែលខ្សោយ រាងអាក្រក់ខ្លាំង ហើយស្គម ឡើងមកតាមក្រោយពួកវា។ យើងមិនដែលឃើញសត្វអាក្រក់មើលបែបនេះ នៅដែនដីអេហ្ស៊ីបទាំងមូលឡើយ។ 20គោញីស្គម ហើយអាក្រក់មើលទាំងនោះ ក៏ស៊ីគោញីធាត់ទាំងប្រាំពីរក្បាលមុននោះអស់ទៅ។ 21នៅពេលពួកវាលេបគោធាត់ទាំងនោះបាត់ទៅ ក៏មើលទៅមិនដឹងថាបានលេបផង ពីព្រោះរាងពួកវានៅតែអាក្រក់មើលដូចពីមុនដដែល។ រួចយើងក៏ភ្ញាក់ឡើង។ 22នៅក្នុងយល់សប្តិរបស់យើង យើងបានឃើញទៀត ហើយមើល៍! មានកួរស្រូវប្រាំពីរមានគ្រាប់ពេញល្អ លូតចេញពីដើមតែមួយ។ 23នោះមើល៍! មានកួរស្រូវប្រាំពីរដែលក្រៀមស្វិត ស្កក និងស្លោកដោយខ្យល់ទិសខាងកើត ដុះឡើងតាមក្រោយ។ 24កួរស្រូវស្កកទាំងនោះក៏លេបកួរស្រូវល្អប្រាំពីរនោះអស់ទៅ។ យើងបានប្រាប់ពួកគ្រូធ្មប់ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយឲ្យយើងបានឡើយ”។
25យ៉ូសែបទូលផារ៉ោនថា៖ “សុបិនរបស់ផារ៉ោនគឺតែមួយទេ។ ព្រះបានប្រាប់ផារ៉ោនអំពីអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។ 26គោញីល្អប្រាំពីរ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អប្រាំពីរ គឺប្រាំពីរឆ្នាំដែរ វាជាសុបិនតែមួយទេ។ 27គោញីស្គម ហើយអាក្រក់មើលទាំងប្រាំពីរនោះដែលឡើងមកតាមក្រោយ គឺប្រាំពីរឆ្នាំ រីឯកួរស្រូវប្រាំពីរទទេ ដែលស្លោកដោយខ្យល់ទិសខាងកើត គឺប្រាំពីរឆ្នាំនៃទុរ្ភិក្ស។
28“គឺសេចក្ដីនេះឯងដែលខ្ញុំព្រះបាទបានទូលផារ៉ោនថា ព្រះបានឲ្យផារ៉ោនទតឃើញអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។ 29មើល៍! នឹងមានប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរយ៉ាងខ្លាំង នៅក្នុងដែនដីអេហ្ស៊ីបទាំងមូល។ 30ប៉ុន្តែក្រោយពីនោះមក នឹងមានប្រាំពីរឆ្នាំនៃទុរ្ភិក្សកើតឡើង ហើយអស់ទាំងភាពសម្បូរហូរហៀរនៅក្នុងដែនដីអេហ្ស៊ីបនឹងត្រូវបានភ្លេច ពីព្រោះទុរ្ភិក្សនឹងបំផ្លាញទឹកដីនេះ។ 31គេនឹងលែងស្គាល់ភាពសម្បូរហូរហៀរនៅក្នុងទឹកដីនេះទៀត ដោយសារតែទុរ្ភិក្សដែលមកតាមក្រោយនេះ ពីព្រោះវាធ្ងន់ធ្ងរណាស់។ 32រីឯការដែលផារ៉ោនយល់សុបិនដដែលៗពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះហើយ ហើយព្រះនឹងអនុវត្តការនោះយ៉ាងឆាប់រហ័ស។
33“ដូច្នេះ សូមឲ្យផារ៉ោនជ្រើសរើសមនុស្សដែលមានការយល់ច្បាស់ និងមានប្រាជ្ញា ហើយតាំងអ្នកនោះលើដែនដីអេហ្ស៊ីបចុះ។ 34សូមឲ្យផារ៉ោនធ្វើដូច្នេះ គឺតែងតាំងពួកអ្នកមើលខុសត្រូវឲ្យត្រួតលើទឹកដីនេះ ហើយហូតយកមួយភាគប្រាំនៃចម្រូតពីដែនដីអេហ្ស៊ីបក្នុងប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរចុះ។ 35សូមឲ្យពួកគេប្រមូលស្បៀងអាហារទាំងអស់ក្នុងឆ្នាំល្អទាំងនេះដែលនឹងមកដល់ រួចបង្គរស្រូវនៅក្រោមអំណាចរបស់ផារ៉ោន ទុកជាស្បៀងអាហារតាមទីក្រុងនានា ហើយឲ្យគេរក្សាទុកចុះ។ 36ស្បៀងអាហារនោះ នឹងត្រូវបម្រុងទុកដើម្បីទឹកដីនេះ សម្រាប់ប្រាំពីរឆ្នាំនៃទុរ្ភិក្សដែលនឹងមកដល់ដែនដីអេហ្ស៊ីប ដើម្បីកុំឲ្យទឹកដីនេះវិនាសដោយសារតែទុរ្ភិក្សឡើយ”។
យ៉ូសែបគ្រប់គ្រងលើអេហ្ស៊ីប
37ពាក្យនេះល្អក្នុងព្រះនេត្ររបស់ផារ៉ោន និងក្នុងភ្នែករបស់រាជបម្រើទាំងអស់របស់ទ្រង់។ 38ផារ៉ោនក៏មានរាជឱង្ការនឹងពួករាជបម្រើរបស់ទ្រង់ថា៖ “តើយើងអាចរកមនុស្សណាដូចម្នាក់នេះដែលមានព្រះវិញ្ញាណរបស់ព្រះនៅក្នុងខ្លួនបានឬ?”។ 39បន្ទាប់មក ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “ដោយព្រោះព្រះបានឲ្យអ្នកដឹងសេចក្ដីទាំងអស់នេះ ដូច្នេះគ្មានអ្នកណាដែលមានការយល់ច្បាស់ និងមានប្រាជ្ញាដូចអ្នកឡើយ។ 40អ្នកនឹងត្រួតលើដំណាក់របស់យើង ហើយប្រជារាស្ត្រទាំងអស់របស់យើងនឹងចុះចូលនឹងបង្គាប់របស់អ្នក។ មានតែរាជ្យបល្ល័ង្កប៉ុណ្ណោះ ដែលធ្វើឲ្យយើងធំជាងអ្នក”។ 41ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបទៀតថា៖ “មើល៍! យើងបានតាំងអ្នកលើដែនដីអេហ្ស៊ីបទាំងមូលហើយ”។ 42ពេលនោះ ផារ៉ោនដោះព្រះទម្រង់ចេញពីព្រះហស្តរបស់ទ្រង់ មកបំពាក់ដៃយ៉ូសែប ហើយស្លៀកពាក់សម្លៀកបំពាក់ក្រណាត់ផាឌិបដ៏ប្រណិតឲ្យគាត់ ព្រមទាំងបំពាក់ខ្សែកមាសនៅនឹងករបស់គាត់ផង 43រួចឲ្យគាត់ជិះរាជរថបន្ទាប់របស់ទ្រង់ ហើយមានគេស្រែកនៅខាងមុខគាត់ថា៖ “ចូរក្រាបចុះ!”។ គឺយ៉ាងនេះឯងដែលទ្រង់បានតាំងគាត់លើដែនដីអេហ្ស៊ីបទាំងមូល។ 44ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “យើងជាផារ៉ោន ប៉ុន្តែនៅក្នុងដែនដីអេហ្ស៊ីបទាំងមូល គ្មានអ្នកណាអាចលើកដៃ ឬជើងបាន ដោយគ្មានការយល់ព្រម#41:44 ការយល់ព្រម―ជាពាក្យជំនួយ។ពីអ្នកឡើយ”។ 45ផារ៉ោនដាក់ឈ្មោះយ៉ូសែបថា សាប់ណាត់-ផានា ហើយប្រទានអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូនឲ្យគាត់ ធ្វើជាប្រពន្ធ។ យ៉ូសែបក៏ចេញទៅត្រួតត្រាលើដែនដីអេហ្ស៊ីប។ 46នៅពេលយ៉ូសែបឈរនៅចំពោះផារ៉ោនស្ដេចនៃអេហ្ស៊ីប គាត់មានអាយុសាមសិបឆ្នាំ។ យ៉ូសែបក៏ចេញពីចំពោះផារ៉ោន ហើយដើរចុះឡើងទូទាំងដែនដីអេហ្ស៊ីប។
47ឯក្នុងប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរ ដីបានបង្កើតផលយ៉ាងច្រើនលើសលប់។ 48យ៉ូសែបក៏ប្រមូលស្បៀងអាហារទាំងអស់ក្នុងប្រាំពីរឆ្នាំដែលមកដល់ដែនដីអេហ្ស៊ីប ហើយទុកស្បៀងអាហារទាំងនោះនៅតាមទីក្រុងនានា។ ស្បៀងអាហារពីស្រែចម្ការដែលនៅជុំវិញទីក្រុងណា គាត់ទុកវានៅក្នុងទីក្រុងនោះ។ 49យ៉ូសែបបានបង្គរស្រូវយ៉ាងច្រើនក្រៃលែងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ រហូតដល់គាត់លែងរាប់ ដ្បិតមានច្រើនឥតគណនា។
50មុនឆ្នាំនៃទុរ្ភិក្សមកដល់ មានកូនប្រុសពីរនាក់កើតមកដល់យ៉ូសែប ដែលអាសណាត់កូនស្រីរបស់ប៉ូទី-ផេរ៉ាបូជាចារ្យនៃក្រុងអូន បានបង្កើតឲ្យគាត់។ 51យ៉ូសែបដាក់ឈ្មោះកូនច្បងថា ម៉ាណាសេ ដ្បិតគាត់និយាយថា#41:51 គាត់និយាយថា―ជាពាក្យជំនួយ។៖ “ព្រះបានធ្វើឲ្យខ្ញុំភ្លេចទុក្ខវេទនាទាំងអស់របស់ខ្ញុំ និងអ្នកផ្ទះទាំងអស់របស់ឪពុកខ្ញុំ”។ 52រីឯកូនទីពីរ គាត់ដាក់ឈ្មោះថាអេប្រាអិម ដ្បិតគាត់និយាយថា#41:52 គាត់និយាយថា―ជាពាក្យជំនួយ។៖ “ព្រះបានធ្វើឲ្យខ្ញុំចម្រើនឡើងនៅក្នុងស្រុកនៃការរងទុក្ខវេទនារបស់ខ្ញុំ”។
53ប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរដែលមកដល់ដែនដីអេហ្ស៊ីប ក៏ផុតទៅ 54នោះប្រាំពីរឆ្នាំនៃទុរ្ភិក្សក៏ចាប់ផ្ដើមមកដល់ ដូចដែលយ៉ូសែបបាននិយាយ។ មានទុរ្ភិក្សកើតឡើងនៅប្រទេសទាំងអស់ ប៉ុន្តែនៅក្នុងដែនដីអេហ្ស៊ីបទាំងមូលមានអាហារវិញ។ 55កាលមានការអត់ឃ្លានក្នុងដែនដីអេហ្ស៊ីបទាំងមូល ប្រជារាស្ត្រក៏ស្រែកឡើងទៅកាន់ផារ៉ោនដើម្បីអាហារ ដូច្នេះផារ៉ោនមានរាជឱង្ការទៅជនជាតិអេហ្ស៊ីបទាំងអស់ថា៖ “ចូរទៅឯយ៉ូសែប ហើយអ្វីក៏ដោយដែលគាត់ប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។ 56ពេលនោះ ទុរ្ភិក្សបានរាលដាលលើផ្ទៃផែនដីទាំងមូល។ យ៉ូសែបក៏បើកជង្រុកទាំងអស់នៅក្នុងទីក្រុងនានា ហើយលក់ស្រូវឲ្យជនជាតិអេហ្ស៊ីប ពីព្រោះទុរ្ភិក្សក្នុងដែនដីអេហ្ស៊ីបធ្ងន់ធ្ងរណាស់។ 57មនុស្សទូទាំងផែនដីមកដល់អេហ្ស៊ីប ដើម្បីទិញស្រូវពីយ៉ូសែប ពីព្រោះទុរ្ភិក្សនៅលើផែនដីទាំងមូលធ្ងន់ធ្ងរណាស់៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 41: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative