លោកុប្បត្តិ 42
42
ចុះទៅអេហ្ស៊ីបលើកទីមួយ
1នៅពេលយ៉ាកុបឃើញថាមានស្រូវនៅអេហ្ស៊ីប គាត់ក៏និយាយនឹងពួកកូនប្រុសរបស់ខ្លួនថា៖ “ហេតុអ្វីបានជាពួកឯងមើលគ្នាទៅវិញទៅមកដូច្នេះ?”។ 2គាត់និយាយទៀតថា៖ “មើល៍! យើងបានឮថាមានស្រូវនៅអេហ្ស៊ីប។ ចូរចុះទៅទីនោះ ហើយទិញស្រូវពីទីនោះមកសម្រាប់ពួកយើងទៅ ដើម្បីឲ្យពួកយើងមានជីវិតរស់ គឺកុំឲ្យស្លាប់ឡើយ”។ 3ដូច្នេះ ពួកបងប្រុសដប់នាក់របស់យ៉ូសែបក៏ចុះទៅទិញស្រូវពីអេហ្ស៊ីប។ 4ប៉ុន្តែយ៉ាកុបមិនបានចាត់បេនយ៉ាមីនប្អូនប្រុសរបស់យ៉ូសែបឲ្យទៅជាមួយពួកបងប្រុសរបស់គាត់ឡើយ ដ្បិតយ៉ាកុបនិយាយថា៖ “ក្រែងលោវាជួបគ្រោះថ្នាក់”។
5គឺយ៉ាងនេះឯងដែលពួកកូនប្រុសរបស់អ៊ីស្រាអែលបានមកទិញស្រូវ ក្នុងចំណោមពួកអ្នកដទៃទៀតដែលមក ដ្បិតមានទុរ្ភិក្សនៅក្នុងដែនដីកាណានដែរ។ 6នៅគ្រានោះ យ៉ូសែបជាមេគ្រប់គ្រងលើស្រុកនោះ គាត់ជាអ្នកដែលលក់ស្រូវឲ្យប្រជារាស្ត្រទាំងអស់នៅដែនដីនោះ ដូច្នេះពួកបងប្រុសរបស់យ៉ូសែបក៏មកដល់ ហើយក្រាបមុខដល់ដីនៅចំពោះគាត់។ 7នៅពេលយ៉ូសែបឃើញពួកបងប្រុសរបស់ខ្លួន គាត់ក៏ស្គាល់ពួកគេ ប៉ុន្តែគាត់ធ្វើដូចជាអ្នកដទៃដាក់ពួកគេ ហើយនិយាយកាចនឹងពួកគេ ដោយសួរថា៖ “ពួកឯងមកពីណា?”។
ពួកគេឆ្លើយថា៖ “យើងខ្ញុំមកពីដែនដីកាណាន ដើម្បីទិញស្បៀងអាហារ”។
8យ៉ូសែបស្គាល់ពួកបងប្រុសរបស់គាត់ ប៉ុន្តែពួកគេមិនស្គាល់គាត់ទេ។ 9ពេលនោះ យ៉ូសែបនឹកឃើញយល់សប្តិដែលគាត់បានយល់សប្តិឃើញអំពីពួកគេ នោះគាត់និយាយនឹងពួកគេថា៖ “ពួកឯងជាអ្នកស៊ើបការណ៍។ ពួកឯងបានមក ដើម្បីសង្កេតមើលចំណុចខ្សោយរបស់ស្រុកនេះ”។
10ពួកគេតបនឹងយ៉ូសែបថា៖ “ទេ! លោកម្ចាស់នៃខ្ញុំអើយ! បាវបម្រើរបស់លោកបានមក ដើម្បីទិញស្បៀងអាហារទេ។ 11យើងខ្ញុំទាំងអស់គ្នាជាកូនប្រុសរបស់បុរសម្នាក់ យើងខ្ញុំជាមនុស្សទៀងត្រង់ យើងខ្ញុំជាបាវបម្រើរបស់លោក មិនមែនជាអ្នកស៊ើបការណ៍ទេ”។
12ប៉ុន្តែយ៉ូសែបនិយាយនឹងពួកគេថា៖ “ទេ! ពួកឯងបានមក ដើម្បីសង្កេតមើលចំណុចខ្សោយរបស់ស្រុកនេះ”។
13ពួកគេតបថា៖ “យើងខ្ញុំជាបាវបម្រើរបស់លោក មានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់បុរសម្នាក់នៅដែនដីកាណាន។ មើល៍! សព្វថ្ងៃកូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ រីឯម្នាក់ទៀត មិនមានគាត់ទៀតទេ”។
14យ៉ូសែបនិយាយនឹងពួកគេថា៖ “ពួកឯងជាអ្នកស៊ើបការណ៍ ដូចដែលយើងបានប្រាប់ពួកឯងហើយ។ 15ពួកឯងនឹងត្រូវបានពិសោធដោយការនេះ គឺដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងនឹងចេញពីទីនេះមិនបានឡើយ លុះត្រាតែប្អូនប្រុសពៅរបស់ពួកឯងមកដល់ទីនេះសិន។ 16ចូរចាត់ម្នាក់ពីចំណោមពួកឯងឲ្យទៅ ហើយយកប្អូនប្រុសរបស់ពួកឯងមកវិញ រីឯអ្នកផ្សេងទៀតត្រូវជាប់ឃុំឃាំងសិន ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានពិសោធ ថាតើមានសេចក្ដីពិតក្នុងពួកឯងឬយ៉ាងណា។ បើមិនដូច្នោះទេ ដោយនូវព្រះជន្មរបស់ផារ៉ោន ពួកឯងពិតជាអ្នកស៊ើបការណ៍មែន”។ 17ដូច្នេះ យ៉ូសែបក៏ដាក់ពួកគេនៅក្នុងទីឃុំឃាំងជាមួយគ្នាបីថ្ងៃ។
18លុះដល់ថ្ងៃទីបី យ៉ូសែបនិយាយនឹងពួកគេថា៖ “ចូរធ្វើដូច្នេះ ហើយមានជីវិតរស់ចុះ ដ្បិតយើងកោតខ្លាចព្រះ។ 19ប្រសិនបើពួកឯងជាមនុស្សទៀងត្រង់មែន ចូរឲ្យបងប្អូនម្នាក់របស់ពួកឯងនៅជាប់ឃុំឃាំងក្នុងគុក ហើយឲ្យអ្នកឯទៀតយកស្រូវទៅវិញ សម្រាប់អ្នកផ្ទះរបស់ពួកឯងដែលកំពុងអត់ឃ្លាននោះចុះ! 20រួចពួកឯងត្រូវនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង ដើម្បីឲ្យពាក្យសម្ដីរបស់ពួកឯងត្រូវបានបញ្ជាក់ថាពិត នោះពួកឯងមិនស្លាប់ឡើយ”។ ពួកគេក៏ធ្វើដូច្នោះ។
21ពួកគេនិយាយគ្នាទៅវិញទៅមកថា៖ “ពួកយើងប្រាកដជាមានទោសដោយសារតែប្អូនប្រុសរបស់ពួកយើង ដែលពួកយើងបានឃើញទុក្ខវេទនាក្នុងចិត្តរបស់វា ពេលវាអង្វរពួកយើង ប៉ុន្តែពួកយើងមិនបានស្ដាប់ឡើយ ហេតុនេះហើយបានជាទុក្ខវេទនានេះធ្លាក់មកលើពួកយើង”។
22រូបេនក៏តបនឹងពួកគេថា៖ “តើខ្ញុំមិនបានប្រាប់ពួកឯងថា: ‘កុំប្រព្រឹត្តបាបទាស់នឹងក្មេងនោះឡើយ’ ទេឬ? ប៉ុន្តែពួកឯងមិនបានស្ដាប់ទេ។ មើល៍! ឥឡូវនេះ ឈាមរបស់វាត្រូវបានទាមទារពីពួកយើងវិញហើយ!”។
23ពួកគេមិនដឹងថាយ៉ូសែបស្ដាប់បាននោះទេ ពីព្រោះមានអ្នកបកប្រែរវាងពួកគេ។ 24យ៉ូសែបក៏បែរចេញពីពួកគេទៅយំ រួចត្រឡប់មកនិយាយជាមួយពួកគេវិញ ក៏យកស៊ីម្មានពីពួកគេ ហើយចងគាត់នៅចំពោះភ្នែកពួកគេ។ 25យ៉ូសែបបញ្ជាឲ្យគេច្រកស្រូវឲ្យពេញបាវរបស់ពួកគេ ហើយឲ្យដាក់ប្រាក់របស់ពួកគេម្នាក់ៗទៅក្នុងបាវរបស់ពួកគេវិញ ព្រមទាំងឲ្យស្បៀងអាហារដល់ពួកគេសម្រាប់ការធ្វើដំណើរផង នោះគេធ្វើដូច្នោះដល់ពួកគេ។ 26ពួកគេក៏លើកស្រូវដាក់លើលារបស់ពួកគេ ហើយចេញដំណើរពីទីនោះ។
ត្រឡប់ទៅដែនដីកាណានវិញ
27កាលនៅកន្លែងសំណាក់ ម្នាក់ក្នុងពួកគេបានបើកបាវរបស់ខ្លួនដើម្បីដាក់ចំណីឲ្យលារបស់ខ្លួន នោះគាត់ឃើញប្រាក់របស់ខ្លួន ហើយមើល៍! វានៅមាត់បាវរបស់ខ្លួន។ 28គាត់ក៏និយាយនឹងបងប្អូនរបស់ខ្លួនថា៖ “ប្រាក់របស់ខ្ញុំបានត្រឡប់មកវិញហើយ មើល៍! វានៅក្នុងបាវរបស់ខ្ញុំ”។ នោះបេះដូងរបស់ពួកគេស្ទើរតែលោតចេញមកខាងក្រៅ ហើយពួកគេក៏ញ័ររន្ធត់ ទាំងនិយាយគ្នាទៅវិញទៅមកថា៖ “តើការដែលព្រះបានធ្វើដល់ពួកយើងនេះជាអ្វី?”។
29លុះមកដល់យ៉ាកុបឪពុករបស់ពួកគេនៅដែនដីកាណាន ពួកគេក៏ប្រាប់គាត់អំពីការទាំងអស់ដែលកើតឡើងដល់ពួកគេថា៖ 30“បុរសម្នាក់ជាចៅហ្វាយនៅស្រុកនោះ បាននិយាយកាចនឹងពួកយើង ហើយចាត់ទុកពួកយើងជាអ្នកដែលស៊ើបការណ៍ស្រុកនោះ។ 31ពួកយើងបាននិយាយនឹងលោកថា: ‘យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាអ្នកស៊ើបការណ៍ទេ។ 32យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនប្រុសរបស់ឪពុកយើងខ្ញុំ ហើយកូនម្នាក់ មិនមានគាត់ទៀតទេ រីឯកូនពៅវិញ សព្វថ្ងៃនៅដែនដីកាណានជាមួយឪពុករបស់យើងខ្ញុំ’។ 33បុរសដែលជាចៅហ្វាយនៅស្រុកនោះ ក៏និយាយនឹងពួកយើងថា: ‘ដោយការនេះ យើងនឹងដឹងថាពួកឯងជាមនុស្សទៀងត្រង់ គឺចូរទុកបងប្អូនម្នាក់របស់ពួកឯងឲ្យនៅជាមួយយើង ហើយឲ្យអ្នកឯទៀតយកស្រូវទៅវិញ សម្រាប់អ្នកផ្ទះរបស់ពួកឯងដែលកំពុងអត់ឃ្លាននោះចុះ! 34រួចចូរនាំប្អូនប្រុសពៅរបស់ពួកឯងមកជួបយើង នោះយើងនឹងដឹងថាពួកឯងមិនមែនជាអ្នកស៊ើបការណ៍ទេ គឺពួកឯងជាមនុស្សទៀងត្រង់វិញ។ យើងនឹងប្រគល់បងប្អូនរបស់ពួកឯងឲ្យពួកឯងវិញ ហើយពួកឯងក៏អាចធ្វើជំនួញនៅក្នុងស្រុកនេះបានដែរ’”។
35បន្ទាប់មក ពួកគេបានចាក់ស្រូវចេញពីបាវរបស់ពួកគេ មើល៍! ថង់ប្រាក់របស់ពួកគេម្នាក់ៗនៅក្នុងបាវរបស់ខ្លួន! នៅពេលពួកគេ និងឪពុកឃើញថង់ប្រាក់របស់ខ្លួន ពួកគេទាំងអស់គ្នាក៏ភ័យខ្លាច។
36យ៉ាកុបឪពុករបស់ពួកគេនិយាយនឹងពួកគេថា៖ “ពួកឯងបានធ្វើឲ្យយើងបាត់បង់កូន——មិនមានយ៉ូសែបទៀតទេ ហើយក៏មិនមានស៊ីម្មានទៀតដែរ ហើយឥឡូវនេះ ពួកឯងចង់យកបេនយ៉ាមីនទៀត។ ការទាំងអស់នេះបានកើតឡើងទាស់នឹងយើងហើយ!”។
37រូបេនតបនឹងឪពុកថា៖ “បើសិនខ្ញុំមិននាំបេនយ៉ាមីនមកជូនលោកឪពុកវិញទេ សូមសម្លាប់កូនប្រុសទាំងពីររបស់ខ្ញុំចុះ។ សូមឲ្យបេនយ៉ាមីនមកក្នុងដៃរបស់ខ្ញុំចុះ ហើយខ្ញុំនឹងនាំវាត្រឡប់មកជូនលោកឪពុកវិញ”។
38ប៉ុន្តែយ៉ាកុបនិយាយថា៖ “កូនប្រុសរបស់យើងចុះទៅជាមួយពួកឯងមិនបានឡើយ ដ្បិតបងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាប៉ុណ្ណោះ។ បើសិនវាជួបគ្រោះថ្នាក់តាមផ្លូវដែលពួកឯងទៅ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ”៕
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 42: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative