លោកុប្បត្តិ 41

41
យ៉ូសែបកាត់ស្រាយសុបិនរបស់ផារ៉ោន
1ក្រោយពី​ពីរ​ឆ្នាំ​ពេញ ផារ៉ោន​ទ្រង់​យល់សុបិន ហើយ​មើល៍! ទ្រង់​ឈរ​នៅមាត់​ទន្លេនីល​។ 2នោះ​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់ ឡើង​ពី​ទន្លេនីល​មក​ស៊ី​នៅតាម​គុម្ពត្រែង​។ 3រួច​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​ផ្សេងទៀត​រាង​អាក្រក់ ហើយ​ស្គម ឡើងមក​តាមក្រោយ​ពី​ទន្លេនីល ហើយ​ឈរ​នៅក្បែរ​គោញី​ទាំងនោះ​នៅ​មាត់​ទន្លេនីល​។ 4គោញី​រាង​អាក្រក់ ហើយ​ស្គម​ទាំងនោះ ក៏​ស៊ី​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់​ទាំងនោះ​អស់ទៅ​។ រួច​ផារ៉ោន​ក៏​តើនឡើង​។ 5បន្ទាប់មក ទ្រង់​ផ្ទំលក់ ហើយ​យល់សុបិន​ម្ដងទៀត ហើយ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ថ្លោស​ៗ​ល្អ​លូតចេញ​ពី​ដើម​តែមួយ​។ 6នោះ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ដែល​ស្កក ហើយ​ស្លោក​ដោយ​ខ្យល់ទិសខាងកើត ដុះឡើង​តាមក្រោយ​។ 7កួរស្រូវ​ស្កក​ទាំងនោះ​ក៏​លេប​កួរស្រូវ​ប្រាំពីរ​ថ្លោស​ៗ ហើយ​មាន​គ្រាប់​ពេញ​នោះ​អស់ទៅ​។ រួច​ផារ៉ោន​ក៏​តើនឡើង ហើយ​មើល៍! វាជា​សុបិន​។
8លុះ​ព្រឹកឡើង ទ្រង់​មានអំពល់​ក្នុង​វិញ្ញាណ​របស់ទ្រង់ ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​អស់ទាំង​គ្រូធ្មប់ និង​អស់ទាំង​ហោរាចារ្យ​នៃ​អេហ្ស៊ីប​មក​។ រួច​ផារ៉ោន​ក៏​រៀបរាប់​សុបិន​របស់ទ្រង់​ដល់​ពួកគេ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​ថ្វាយ​ផារ៉ោន​បាន​ឡើយ​។
9ពេលនោះ មេអ្នកថ្វាយពែង​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃនេះ ខ្ញុំព្រះបាទ​នឹកឃើញ​កំហុស​របស់ខ្ញុំព្រះបាទ​ហើយ​។ 10ផារ៉ោន​ធ្លាប់​ខ្ញាល់​នឹង​ពួក​រាជបម្រើ​របស់ព្រះករុណា ហើយ​ដាក់​ខ្ញុំព្រះបាទ និង​មេអ្នកដុតនំប៉័ង​ក្នុង​ទីឃុំឃាំង​ក្នុង​ផ្ទះ​របស់​មេបញ្ជាការ​កងរក្សាអង្គ​។ 11យើងខ្ញុំទាំងពីរ​បាន​យល់សប្តិឃើញ​យល់សប្តិ​ក្នុង​យប់​តែមួយ គឺ​ទាំង​ខ្ញុំព្រះបាទ និង​គាត់​បាន​យល់សប្តិឃើញ​យល់សប្តិ​ដែលមាន​អត្ថន័យ​រៀងៗខ្លួន​។ 12នៅ​ទីនោះ មាន​យុវជន​ជនជាតិហេព្រើរ​ម្នាក់​ជា​ទាសករ​របស់​មេបញ្ជាការ​កងរក្សាអង្គ នៅជាមួយ​យើងខ្ញុំ​។ យើងខ្ញុំ​បាន​រៀបរាប់ប្រាប់​គាត់ នោះ​គាត់​ក៏​កាត់ស្រាយ​យល់សប្តិ​នោះ​ឲ្យ​យើងខ្ញុំ គឺ​បាន​កាត់ស្រាយ​ឲ្យ​តាម​យល់សប្តិ​រៀងៗខ្លួន​។ 13ក្រោយមក ដូចដែល​គាត់​បាន​កាត់ស្រាយ​ឲ្យ​យើងខ្ញុំ​យ៉ាងណា វា​ក៏​កើតឡើង​យ៉ាងនោះដែរ គឺ​ខ្ញុំព្រះបាទ​ត្រូវបាន​ស្ដារ​តំណែង​ឡើងវិញ រីឯ​ម្នាក់ទៀត​ត្រូវបាន​ព្យួរ”។
14ដូច្នេះ ផារ៉ោន​ចាត់​គេ​ឲ្យទៅ​ហៅ​យ៉ូសែប​មក គេ​ក៏​ប្រញាប់ទៅនាំ​គាត់​ចេញ​ពី​គុកងងឹត​។ គាត់​ក៏​កោរពុកមាត់ ហើយ​ប្ដូរ​សម្លៀកបំពាក់​របស់ខ្លួន រួច​ចូលមក​នៅចំពោះ​ផារ៉ោន​។
15ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “យើង​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​វា​បាន​ឡើយ​។ យើង​បាន​ឮ​អំពី​អ្នក​ថា អ្នក​ស្ដាប់​យល់សប្តិ ហើយអាច​កាត់ស្រាយ​វា​បាន”។
16យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “មិនមែន​ខ្ញុំព្រះបាទ​ទេ គឺ​ព្រះ​នឹង​ផ្ដល់ចម្លើយ​អំពី​សេចក្ដីសុខសាន្ត​របស់​ផារ៉ោន”។
17ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “នៅក្នុង​យល់សប្តិ​របស់យើង មើល៍! យើង​ឈរ​នៅ​មាត់​ទន្លេនីល​។ 18នោះ​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់ ឡើង​ពី​ទន្លេនីល​មក​ស៊ី​នៅតាម​គុម្ពត្រែង​។ 19រួច​មើល៍! មាន​គោញី​ប្រាំពីរ​ក្បាល​ផ្សេងទៀត​ដែល​ខ្សោយ រាង​អាក្រក់​ខ្លាំង ហើយ​ស្គម ឡើងមក​តាមក្រោយ​ពួកវា​។ យើង​មិនដែល​ឃើញ​សត្វ​អាក្រក់មើល​បែប​នេះ នៅ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ឡើយ​។ 20គោញី​ស្គម ហើយ​អាក្រក់មើល​ទាំងនោះ ក៏​ស៊ី​គោញី​ធាត់​ទាំង​ប្រាំពីរ​ក្បាល​មុន​នោះ​អស់ទៅ​។ 21នៅពេល​ពួកវា​លេប​គោធាត់ទាំងនោះ​បាត់ទៅ ក៏​មើលទៅ​មិន​ដឹង​ថា​បាន​លេប​ផង ពីព្រោះ​រាង​ពួកវា​នៅតែ​អាក្រក់មើល​ដូច​ពីមុន​ដដែល​។ រួច​យើង​ក៏​ភ្ញាក់ឡើង​។ 22នៅក្នុង​យល់សប្តិ​របស់យើង យើង​បាន​ឃើញ​ទៀត ហើយ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​មាន​គ្រាប់​ពេញ​ល្អ លូតចេញ​ពី​ដើម​តែមួយ​។ 23នោះ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ដែល​ក្រៀមស្វិត ស្កក និង​ស្លោក​ដោយ​ខ្យល់ទិសខាងកើត ដុះឡើង​តាមក្រោយ​។ 24កួរស្រូវ​ស្កក​ទាំងនោះ​ក៏​លេប​កួរស្រូវ​ល្អ​ប្រាំពីរ​នោះ​អស់ទៅ​។ យើង​បាន​ប្រាប់​ពួក​គ្រូធ្មប់ ប៉ុន្តែ​គ្មានអ្នកណា​អាច​កាត់ស្រាយ​ឲ្យ​យើង​បាន​ឡើយ”។
25យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “សុបិន​របស់​ផារ៉ោន​គឺ​តែមួយ​ទេ​។ ព្រះ​បាន​ប្រាប់​ផារ៉ោន​អំពី​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​ហើយ​។ 26គោញី​ល្អ​ប្រាំពីរ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរស្រូវ​ល្អ​ប្រាំពីរ គឺ​ប្រាំពីរ​ឆ្នាំ​ដែរ វា​ជា​សុបិន​តែមួយ​ទេ​។ 27គោញី​ស្គម ហើយ​អាក្រក់មើល​ទាំង​ប្រាំពីរ​នោះ​ដែល​ឡើងមក​តាមក្រោយ គឺ​ប្រាំពីរ​ឆ្នាំ រីឯ​កួរស្រូវ​ប្រាំពីរ​ទទេ ដែល​ស្លោក​ដោយ​ខ្យល់ទិសខាងកើត គឺ​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​។
28“គឺ​សេចក្ដី​នេះ​ឯង​ដែល​ខ្ញុំព្រះបាទ​បាន​ទូល​ផារ៉ោន​ថា ព្រះ​បាន​ឲ្យ​ផារ៉ោន​ទត​ឃើញ​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​ហើយ​។ 29មើល៍! នឹង​មាន​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ​យ៉ាងខ្លាំង នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល​។ 30ប៉ុន្តែ​ក្រោយពី​នោះ​មក នឹង​មាន​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​កើតឡើង ហើយ​អស់ទាំង​ភាពសម្បូរហូរហៀរ​នៅក្នុង​ដែនដី​អេហ្ស៊ីប​នឹង​ត្រូវបាន​ភ្លេច ពីព្រោះ​ទុរ្ភិក្ស​នឹង​បំផ្លាញ​ទឹកដី​នេះ​។ 31គេ​នឹង​លែង​ស្គាល់​ភាពសម្បូរហូរហៀរ​នៅក្នុង​ទឹកដី​នេះ​ទៀត ដោយសារតែ​ទុរ្ភិក្ស​ដែល​មកតាមក្រោយ​នេះ ពីព្រោះ​វា​ធ្ងន់ធ្ងរ​ណាស់​។ 32រីឯ​ការដែល​ផារ៉ោន​យល់សុបិន​ដដែល​ៗ​ពីរដង​ដូច្នេះ គឺ​ដោយព្រោះ​ព្រះ​បាន​សម្រេច​ការ​នោះ​ហើយ ហើយ​ព្រះ​នឹង​អនុវត្ត​ការនោះ​យ៉ាងឆាប់រហ័ស​។
33“ដូច្នេះ សូមឲ្យ​ផារ៉ោន​ជ្រើសរើស​មនុស្ស​ដែល​មានការយល់ច្បាស់ និង​មានប្រាជ្ញា ហើយ​តាំង​អ្នកនោះ​លើ​ដែនដី​អេហ្ស៊ីប​ចុះ​។ 34សូមឲ្យ​ផារ៉ោន​ធ្វើ​ដូច្នេះ គឺ​តែងតាំង​ពួក​អ្នកមើលខុសត្រូវ​ឲ្យត្រួត​លើ​ទឹកដី​នេះ ហើយ​ហូតយកមួយភាគប្រាំ​នៃចម្រូត​ពី​ដែនដី​អេហ្ស៊ីប​ក្នុង​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ​ចុះ​។ 35សូមឲ្យ​ពួកគេ​ប្រមូល​ស្បៀងអាហារ​ទាំងអស់​ក្នុង​ឆ្នាំ​ល្អ​ទាំងនេះ​ដែល​នឹង​មកដល់ រួច​បង្គរ​ស្រូវ​នៅក្រោម​អំណាច​របស់​ផារ៉ោន ទុកជា​ស្បៀងអាហារ​តាម​ទីក្រុង​នានា ហើយ​ឲ្យ​គេ​រក្សាទុក​ចុះ​។ 36ស្បៀងអាហារ​នោះ នឹង​ត្រូវ​បម្រុងទុក​ដើម្បី​ទឹកដី​នេះ សម្រាប់​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​ដែល​នឹង​មក​ដល់​ដែនដី​អេហ្ស៊ីប ដើម្បីកុំឲ្យ​ទឹកដី​នេះ​វិនាស​ដោយសារតែ​ទុរ្ភិក្ស​ឡើយ”។
យ៉ូសែបគ្រប់គ្រងលើអេហ្ស៊ីប
37ពាក្យ​នេះ​ល្អ​ក្នុង​ព្រះនេត្រ​របស់​ផារ៉ោន និង​ក្នុង​ភ្នែក​របស់​រាជបម្រើ​ទាំងអស់​របស់ទ្រង់​។ 38ផារ៉ោន​ក៏​មានរាជឱង្ការ​នឹង​ពួក​រាជបម្រើ​របស់ទ្រង់​ថា​៖ “តើ​យើង​អាច​រក​មនុស្ស​ណា​ដូច​ម្នាក់នេះ​ដែល​មាន​ព្រះវិញ្ញាណ​របស់​ព្រះ​នៅក្នុង​ខ្លួន​បាន​ឬ​?”។ 39បន្ទាប់មក ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “ដោយព្រោះ​ព្រះ​បាន​ឲ្យ​អ្នក​ដឹង​សេចក្ដី​ទាំងអស់​នេះ ដូច្នេះ​គ្មានអ្នកណា​ដែល​មានការយល់ច្បាស់ និង​មានប្រាជ្ញា​ដូច​អ្នក​ឡើយ​។ 40អ្នក​នឹង​ត្រួត​លើ​ដំណាក់​របស់យើង ហើយ​ប្រជារាស្ត្រ​ទាំងអស់​របស់យើង​នឹង​ចុះចូល​នឹង​បង្គាប់​របស់អ្នក​។ មានតែ​រាជ្យបល្ល័ង្ក​ប៉ុណ្ណោះ ដែលធ្វើឲ្យ​យើង​ធំ​ជាង​អ្នក”។ 41ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ទៀត​ថា​៖ “មើល៍! យើង​បាន​តាំង​អ្នក​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​ហើយ”។ 42ពេលនោះ ផារ៉ោន​ដោះ​ព្រះទម្រង់​ចេញ​ពី​ព្រះហស្ត​របស់ទ្រង់ មក​បំពាក់​ដៃ​យ៉ូសែប ហើយ​ស្លៀកពាក់​សម្លៀកបំពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​ឲ្យ​គាត់ ព្រមទាំង​បំពាក់​ខ្សែក​មាស​នៅនឹង​ក​របស់គាត់​ផង 43រួច​ឲ្យ​គាត់​ជិះ​រាជរថ​បន្ទាប់​របស់​ទ្រង់ ហើយ​មាន​គេ​ស្រែក​នៅខាងមុខ​គាត់​ថា​៖ “ចូរ​ក្រាបចុះ​!”។ គឺយ៉ាងនេះឯង​ដែល​ទ្រង់​បាន​តាំង​គាត់​លើ​ដែនដី​អេហ្ស៊ីប​ទាំងមូល​។ 44ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “យើង​ជា​ផារ៉ោន ប៉ុន្តែ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល គ្មាន​អ្នកណា​អាច​លើក​ដៃ ឬ​ជើង​បាន ដោយ​គ្មាន​ការយល់ព្រម#41:44 ការយល់ព្រម―ជាពាក្យជំនួយ។​ពី​អ្នក​ឡើយ”។ 45ផារ៉ោន​ដាក់ឈ្មោះ​យ៉ូសែប​ថា សាប់ណាត់-ផានា ហើយ​ប្រទាន​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន​ឲ្យ​គាត់ ធ្វើជា​ប្រពន្ធ​។ យ៉ូសែប​ក៏​ចេញទៅ​ត្រួតត្រាលើ​ដែនដី​អេហ្ស៊ីប​។ 46នៅពេល​យ៉ូសែប​ឈរ​នៅចំពោះ​ផារ៉ោន​ស្ដេច​នៃ​អេហ្ស៊ីប គាត់​មាន​អាយុ​សាមសិប​ឆ្នាំ​។ យ៉ូសែប​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន ហើយ​ដើរចុះឡើង​ទូទាំង​ដែនដី​អេហ្ស៊ីប​។
47ឯ​ក្នុង​ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ ដី​បាន​បង្កើតផល​យ៉ាង​ច្រើនលើសលប់​។ 48យ៉ូសែប​ក៏​ប្រមូល​ស្បៀងអាហារ​ទាំងអស់​ក្នុង​ប្រាំពីរ​ឆ្នាំ​ដែល​មក​ដល់​ដែនដី​អេហ្ស៊ីប ហើយ​ទុក​ស្បៀងអាហារ​ទាំងនោះ​នៅតាម​ទីក្រុង​នានា​។ ស្បៀងអាហារ​ពី​ស្រែចម្ការ​ដែល​នៅ​ជុំវិញ​ទីក្រុង​ណា គាត់​ទុក​វា​នៅក្នុង​ទីក្រុងនោះ​។ 49យ៉ូសែប​បាន​បង្គរ​ស្រូវ​យ៉ាងច្រើន​ក្រៃលែង​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ រហូតដល់​គាត់​លែង​រាប់ ដ្បិត​មាន​ច្រើនឥតគណនា​។
50មុន​ឆ្នាំ​នៃ​ទុរ្ភិក្ស​មកដល់ មាន​កូនប្រុស​ពីរ​នាក់​កើតមក​ដល់​យ៉ូសែប ដែល​អាសណាត់​កូនស្រី​របស់​ប៉ូទី-ផេរ៉ា​បូជាចារ្យ​នៃ​ក្រុង​អូន បាន​បង្កើត​ឲ្យ​គាត់​។ 51យ៉ូសែប​ដាក់ឈ្មោះ​កូនច្បង​ថា ម៉ាណាសេ ដ្បិត​គាត់និយាយថា#41:51 គាត់និយាយថា―ជាពាក្យជំនួយ។​៖ “ព្រះ​បាន​ធ្វើឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខវេទនា​ទាំងអស់​របស់ខ្ញុំ និង​អ្នកផ្ទះ​ទាំងអស់​របស់​ឪពុក​ខ្ញុំ”។ 52រីឯ​កូន​ទីពីរ គាត់​ដាក់ឈ្មោះ​ថា​អេប្រាអិម ដ្បិត​គាត់និយាយថា#41:52 គាត់និយាយថា―ជាពាក្យជំនួយ។​៖ “ព្រះ​បាន​ធ្វើឲ្យ​ខ្ញុំ​ចម្រើនឡើង​នៅក្នុង​ស្រុក​នៃ​ការរងទុក្ខវេទនា​របស់ខ្ញុំ”។
53ប្រាំពីរ​ឆ្នាំ​នៃ​ភាពសម្បូរហូរហៀរ​ដែល​មក​ដល់​ដែនដី​អេហ្ស៊ីប ក៏​ផុត​ទៅ 54នោះ​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​ក៏​ចាប់ផ្ដើម​មកដល់ ដូចដែល​យ៉ូសែប​បាន​និយាយ​។ មាន​ទុរ្ភិក្ស​កើតឡើង​នៅ​ប្រទេស​ទាំងអស់ ប៉ុន្តែ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល​មាន​អាហារ​វិញ​។ 55កាល​មានការអត់ឃ្លាន​ក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល ប្រជារាស្ត្រ​ក៏​ស្រែកឡើង​ទៅកាន់​ផារ៉ោន​ដើម្បី​អាហារ ដូច្នេះ​ផារ៉ោន​មានរាជឱង្ការ​ទៅ​ជនជាតិអេហ្ស៊ីប​ទាំងអស់​ថា​៖ “ចូរ​ទៅ​ឯ​យ៉ូសែប ហើយ​អ្វីក៏ដោយដែល​គាត់​ប្រាប់​អ្នករាល់គ្នា ចូរ​ធ្វើ​ចុះ”។ 56ពេលនោះ ទុរ្ភិក្ស​បាន​រាលដាល​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ យ៉ូសែប​ក៏​បើក​ជង្រុក​ទាំងអស់​នៅក្នុង​ទីក្រុងនានា ហើយ​លក់ស្រូវ​ឲ្យ​ជនជាតិអេហ្ស៊ីប ពីព្រោះ​ទុរ្ភិក្ស​ក្នុង​ដែនដី​អេហ្ស៊ីប​ធ្ងន់ធ្ងរ​ណាស់​។ 57មនុស្ស​ទូទាំង​ផែនដី​មកដល់​អេហ្ស៊ីប ដើម្បី​ទិញស្រូវ​ពី​យ៉ូសែប ពីព្រោះ​ទុរ្ភិក្ស​នៅលើ​ផែនដី​ទាំងមូល​ធ្ងន់ធ្ងរ​ណាស់​៕

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 41: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល