សាការី 1
1
ព្រះអម្ចាស់ត្រាស់ហៅជនជាតិអ៊ីស្រាអែលឲ្យវិលមករកព្រះអង្គវិញ
1នៅខែទីប្រាំបី ក្នុងឆ្នាំទីពីរនៃរាជ្យដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាសាការី កូនបេរេគា ដែលជាកូនអ៊ីដោថា៖ 2«ព្រះយេហូវ៉ាថ្នាំងថ្នាក់ជាខ្លាំងនឹងបុព្វបុរសរបស់ឯងរាល់គ្នា។ 3ហេតុនោះ ចូរអ្នកប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះ ចូរវិលមកឯយើងវិញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះយើងនឹងវិលមកឯឯងរាល់គ្នាដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 4កុំប្រព្រឹត្តដូចជាបុព្វបុរសរបស់ឯងរាល់គ្នា ដែលពួកហោរាពីដើមបានស្រែកប្រាប់ថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ ចូរវិលត្រឡប់ពីផ្លូវអាក្រក់ និងពីការប្រព្រឹត្ដអាក្រក់របស់ឯងរាល់គ្នាមកវិញឥឡូវ តែគេមិនបានឮ ឬស្តាប់តាមយើងទេ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 5ឯបុព្វបុរសរបស់ឯងរាល់គ្នា តើឥឡូវគេនៅឯណា ហើយតើពួកហោរានៅជាដរាបឬ? 6ប៉ុន្តែ ពាក្យ និងបញ្ញត្តិច្បាប់ដែលយើងបានបង្គាប់ដល់ពួកហោរា ជាអ្នកបម្រើយើង តើគេមិនបានវិលមកធ្វើតាមបុព្វបុរសឯងរាល់គ្នាទេឬ? ដូច្នេះ គេបែរជាពោលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត និងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះព្រះអង្គក៏បានធ្វើដល់យើងយ៉ាងនោះឯង»។
និមិត្តទីមួយ អំពីសេះ
7នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ គឺខែមាឃ ក្នុងឆ្នាំទីពីរនៃរាជ្យស្ដេចដារីយុស ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាសាការី ជាកូនបេរេគា ដែលជាកូនអ៊ីដោ ថា៖ 8«នៅវេលាយប់ យើងបានមើលឃើញមានមនុស្សជិះសេះសម្បុរក្រហម ឈរនៅកណ្ដាលដើមយីថោ ដែលដុះនៅទីទំនាប នៅពីក្រោយអ្នកនោះ មានសេះជាច្រើន សម្បុរក្រហមពញ្លក់ និងស។ 9ពេលនោះ ខ្ញុំទូលសួរថា ឱព្រះអម្ចាស់នៃទូលបង្គំអើយ ទាំងអស់នេះជាអ្វី? ទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ថា យើងនឹងបង្ហាញឲ្យអ្នកដឹងថាទាំងអស់នេះជាអ្វី»។ 10ដូច្នេះ មនុស្សដែលឈរនៅកណ្ដាលដើមយីថោ ក៏ឆ្លើយឡើងថា៖ «ទាំងអស់នេះជាពួកដែលព្រះយេហូវ៉ាបានចាត់ឲ្យដើរចុះឡើងនៅផែនដី»។ 11ពួកនោះក៏តបទៅទេវតារបស់ព្រះយេហូវ៉ា ដែលឈរកណ្ដាលដើមយីថោថា៖ «យើងខ្ញុំរាល់គ្នាបានដើរចុះឡើងនៅផែនដី ហើយក៏ឃើញថា ផែនដីទាំងមូលនៅស្ងប់ស្ងាត់ ហើយស្រាកស្រាន្ត»។ 12ពេលនោះ ទេវតានៃព្រះយេហូវ៉ាក៏ពោលឡើងថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ តើដល់កាលណាបានព្រះអង្គអាណិតមេត្តាដល់ក្រុងយេរូសាឡិម និងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ដែលព្រះអង្គបានគ្នាន់ក្នាញ់នឹងគេអស់ចិតសិបឆ្នាំហើយនេះ?» 13ព្រះយេហូវ៉ាឆ្លើយដោយពាក្យល្អ គឺជាពាក្យកម្សាន្ត ដល់ទេវតាដែលពោលមកខ្ញុំនោះ។ 14ដូច្នេះ ទេវតាដែលពោលមកខ្ញុំ ក៏ប្រាប់ខ្ញុំថា៖ «ចូរប្រកាសថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ យើងមានសេចក្ដីប្រចណ្ឌជាខ្លាំង ចំពោះក្រុងយេរូសាឡិម និងភ្នំស៊ីយ៉ូន 15ហើយមានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់ស្ងាត់ដែរ ដ្បិតពីដើម យើងបានអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះច្រើនឡើងៗ»។ 16ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានវិលមកក្រុងយេរូសាឡិម ទាំងមានសេចក្ដីអាណិតមេត្តា វិហាររបស់យើងនឹងបានសង់ឡើងវិញនៅទីនេះ ហើយនឹងមានខ្សែវាស់សន្ធឹងនៅលើក្រុងយេរូសាឡិម នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ 17ចូរបន្លឺឡើងម្ដងទៀតថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់យើងនឹងមានសេចក្ដីចម្រើនហូរហៀរឡើងទៀត ហើយព្រះយេហូវ៉ានឹងកម្សាន្តទុកភ្នំស៊ីយ៉ូន ព្រមទាំងរើសតាំងក្រុងយេរូសាឡិមជាថ្មីផង»។
និមិត្តទីពីរ អំពីស្នែងបួន និងជាងដែកបួននាក់
18 ខ្ញុំបានក្រឡេកមើលទៅឃើញស្នែងបួន 19ខ្ញុំបានសួរទេវតាដែលពោលមកខ្ញុំថា៖ «តើនេះជាអ្វី?» ទេវតាប្រាប់ខ្ញុំថា៖ «នេះជាស្នែងទាំងប៉ុន្មានដែលបានកម្ចាត់កម្ចាយពួកយូដា ពួកអ៊ីស្រាអែល និងពួកក្រុងយេរូសាឡិម»។ 20ពេលនោះ ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញជាងដែកបួននាក់។ 21ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?» ទេវតាប្រាប់ថា៖ «គឺស្នែងទាំងនេះដែលកម្ចាត់កម្ចាយពួកយូដា ដែលគ្មានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមកបំភ័យគេ ហើយវាយទម្លាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីកម្ចាត់កម្ចាយគេ»។
ទើបបានជ្រើសរើសហើយ៖
សាការី 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies