សាការី 2

2
និមិត្ត‌ទី​បី អំពី​ខ្សែ​រង្វាស់
1 ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ដែល​កាន់​ខ្សែ​រង្វាស់​នៅ​ដៃ 2ខ្ញុំ​បាន​សួរ​ថា៖ «តើ​លោក​អញ្ជើញ​ទៅ​ណា?» អ្នក​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា៖ «ទៅ​វាស់​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ដឹង​ទទឹង និង​បណ្ដោយ​មាន​ប៉ុន្មាន»។ 3ពេល​នោះ ឃើញ​ទេវតា​ដែល​ពោល​មក​ខ្ញុំ ចេញ​ទៅ ហើយ​ទេវតា​មួយ​ទៀត​បាន​មក​ជួប​គ្នា 4ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំលោះ​នោះ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស និង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ។ 5ដ្បិត​យើង​នឹង​ធ្វើ​ជា​កំផែង​ភ្លើង​ដល់​ទី​ក្រុង​នៅ​ព័ទ្ធ​ជុំ‌វិញ និង​ជា​សិរី‌ល្អ​នៅ​កណ្ដាល​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា»។
ព្រះ‌អម្ចាស់​ហៅ​អ្នក​ជាប់​ជា​ឈ្លើយ​ត្រឡប់​មក​វិញ
6ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​រត់​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដ្បិត​យើង​បាន​បែង‌ចែក​ឯង​រាល់​គ្នា​ទៅ​ដូច​ជា​ខ្យល់​ទាំង​បួន​នៅ​លើ​អាកាស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ 7ពួក​ស៊ីយ៉ូន​ដែល​នៅ​ជា‌មួយ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ ចូរ​រត់​ឲ្យ​រួច​ចុះ 8ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ (ក្រោយ​ពី​សិរី‌ល្អ​របស់ព្រះ‌អង្គ បាន​ចាត់​យើង) ទៅ​សាសន៍​ដទៃ ដែល​ប្លន់​ឯង​រាល់​គ្នា ព្រោះ​អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ពាល់​ដល់​ប្រស្រី​ព្រះ‌នេត្រ​របស់​យើង ហើយ។ 9មើល៍! យើង​នឹង​លាត​ដៃ​លើ​គេ ហើយ​គេ​នឹង​ក្លាយ​ជា​ឈ្លើយ​នៃ​ពួក​អ្នក​បម្រើ​របស់​គេ​វិញ» ពេល​នោះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ខ្ញុំ​មក​មែន។ 10ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង ហើយ​មាន​ចិត្ត​អរ​សប្បាយ​ឡើង ដ្បិត មើល៍! យើង​មក ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា 11«នៅ​គ្រា​នោះ សាសន៍​ជា​ច្រើន​នឹង​ចូល​ពួក​ខាង​ព្រះ‌យេហូវ៉ា គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា» នោះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​អ្នក។ 12ព្រះ‌យេហូវ៉ា​នឹង​បាន​ស្រុក​យូដា​ជា​មត៌ក នៅ​ក្នុង​ស្រុក​បរិសុទ្ធ ហើយ​ព្រះ‌អង្គ​នឹង​រើស​យក​ក្រុង​យេរូ‌សាឡិម​ទៀត។
13មនុស្ស​ទាំង‌ឡាយ​អើយ ចូរ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ព្រះ‌អង្គ​បាន​តើន‌ឡើង ចេញ​ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ហើយ។

ទើបបានជ្រើសរើសហើយ៖

សាការី 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល