សាការី 1

1
ព្រះ‌អម្ចាស់​ត្រាស់​ហៅ​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​វិល​មក​រក​ព្រះ‌អង្គ​វិញ
1នៅ​ខែ​ទី​ប្រាំបី ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រាជ្យ​ដារីយុស ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកកាន់​ហោរា​សាការី កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ​ថា៖ 2«ព្រះ‌យេហូវ៉ា​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង​នឹង​បុព្វ‌បុរស​របស់​ឯង​រាល់​គ្នា។ 3ហេតុ​នោះ ចូរ​អ្នក​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​មក​ឯយើង​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​យើង​នឹង​វិល​មក​ឯ​ឯង​រាល់​គ្នា​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ 4កុំ​ប្រព្រឹត្ត​ដូច​ជា​បុព្វ‌បុរស​របស់​ឯង​រាល់​គ្នា ដែល​ពួក​ហោរា​ពី​ដើម​បាន​ស្រែក​ប្រាប់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ និង​ពី​ការប្រព្រឹត្ដ​អាក្រក់​របស់​ឯង​រាល់​គ្នា​មក​វិញ​ឥឡូវ តែ​គេ​មិន​បាន​ឮ ឬ​ស្តាប់​តាម​យើង​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ 5ឯ​បុព្វ‌បុរស​របស់​ឯង​រាល់​គ្នា តើ​ឥឡូវ​គេ​នៅ​ឯ​ណា ហើយតើ​ពួក​ហោរា​នៅ​ជា​ដរាប​ឬ? 6ប៉ុន្តែ ពាក្យ និង​បញ្ញត្តិ​ច្បាប់​ដែលយើង​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បម្រើ​យើង តើ​គេ​មិន​បានវិល​មកធ្វើ​តាម​បុព្វ‌បុរស​ឯង​រាល់​គ្នា​ទេ​ឬ? ដូច្នេះ គេ​បែរ​ជា​ពោល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត និង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង»។
និមិត្ត‌ទី​មួយ អំពី​សេះ
7នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ដប់​មួយ គឺ​ខែ​មាឃ ក្នុង​ឆ្នាំ​ទីពីរ​នៃ​រាជ្យ​ស្ដេច​ដារីយុស ព្រះ‌យេហូវ៉ា​មានព្រះ‌បន្ទូល​មក​កាន់​ហោរា​សាការី ជា​កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ ថា៖ 8«នៅ​វេលា​យប់ យើង​បាន​មើល​ឃើញ​មាន​មនុស្ស​ជិះ​សេះ​សម្បុរ​ក្រហម ឈរ​នៅ​កណ្ដាល​ដើម​យីថោ ដែល​ដុះ​នៅ​ទី​ទំនាប នៅ​ពី​ក្រោយ​អ្នក​នោះ មាន​សេះ​ជា​ច្រើន សម្បុរ​ក្រហម​ពញ្លក់ និង​ស។ 9ពេល​នោះ ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី? ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី»។ 10ដូច្នេះ មនុស្ស​ដែល​ឈរ​នៅ​កណ្ដាល​ដើម​យីថោ ក៏​ឆ្លើយ​ឡើង​ថា៖ «ទាំង​អស់​នេះ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ដើរ​ចុះ​ឡើង​នៅ​ផែនដី»។ 11ពួក​នោះ​ក៏​តបទៅ​ទេវតារបស់​ព្រះ‌យេហូវ៉ា ដែល​ឈរ​កណ្ដាល​ដើម​យីថោ​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា​បាន​ដើរ​ចុះ​ឡើង​នៅ​ផែនដី ហើយ​ក៏​ឃើញ​ថា ផែនដី​ទាំង​មូល​នៅ​ស្ងប់‌ស្ងាត់ ហើយ​ស្រាក‌ស្រាន្ត»។ 12ពេល​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ពោល​ឡើង​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ដល់​កាល​ណា​បាន​ព្រះ‌អង្គ​អាណិត​មេត្តា​ដល់​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​គ្នាន់‌ក្នាញ់​នឹង​គេ​អស់​ចិត​សិប​ឆ្នាំ​ហើយ​នេះ?» 13ព្រះ‌យេហូវ៉ា​ឆ្លើយ​ដោយ​ពាក្យ​ល្អ គឺ​ជា​ពាក្យ​កម្សាន្ត ដល់​ទេវតា​ដែល​ពោល​មក​ខ្ញុំ​នោះ។ 14ដូច្នេះ ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង ចំពោះ​ក្រុង​យេរូ‌សាឡិម និង​ភ្នំ​ស៊ីយ៉ូន 15ហើយ​មាន​សេចក្ដី​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង ចំពោះ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ដោយ​ស្ងប់ស្ងាត់​ដែរ ដ្បិត​ពី​ដើម យើង​បាន​អាក់‌អន់​តែ​បន្តិច​ទេ តែ​គេ​បាន​បង្កើន​ការ​អាក្រក់​នោះ​ច្រើន​ឡើងៗ»។ 16ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​វិល​មក​ក្រុង​យេរូ‌សាឡិម ទាំង​មាន​សេចក្ដី​អាណិត​មេត្តា វិហារ​របស់​យើង​នឹង​បាន​សង់​ឡើង​វិញ​នៅ​ទី​នេះ ហើយ​នឹង​មាន​ខ្សែ​វាស់​សន្ធឹង​នៅ​លើក្រុង​យេរូ‌សាឡិម នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ 17ចូរ​បន្លឺ​ឡើង​ម្ដង​ទៀត​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​យើង​នឹង​មាន​សេចក្ដី​ចម្រើន​ហូរ‌ហៀរ​ឡើង​ទៀត ហើយ​ព្រះ‌យេហូវ៉ា​នឹង​កម្សាន្ត​ទុក​ភ្នំ​ស៊ីយ៉ូន ព្រម​ទាំង​រើស​តាំង​ក្រុង​យេរូ‌សាឡិម​ជា​ថ្មី​ផង»។
និមិត្ត‌ទីពីរ អំពី​ស្នែង​បួន និង​ជាង​ដែក​បួន​នាក់
18 ខ្ញុំបានក្រឡេក​មើល​ទៅ​ឃើញ​ស្នែង​បួន 19ខ្ញុំ​បាន​សួរ​ទេវតា​ដែល​ពោលមក​ខ្ញុំ​ថា៖ «តើ​នេះ​ជា​អ្វី?» ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «នេះ​ជា​ស្នែង​ទាំង​ប៉ុន្មាន​ដែល​បាន​កម្ចាត់‌កម្ចាយ​ពួក​យូដា ពួក​អ៊ីស្រា‌អែល និង​ពួក​ក្រុង​យេរូ‌សាឡិម»។ 20ពេល​នោះ ព្រះ‌យេហូវ៉ា​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ជាង​ដែក​បួន​នាក់។ 21ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?» ទេវតា​ប្រាប់​ថា៖ «គឺ​ស្នែង​ទាំង​នេះ​ដែល​កម្ចាត់‌កម្ចាយ​ពួក​យូដា ដែល​គ្មាន​អ្នក​ណា​ងើប​ក្បាល​ឡើង​ទៀត តែ​ពួក​នេះ​បាន​មក​បំភ័យ​គេ ហើយ​វាយ​ទម្លាក់​ស្នែង​របស់​សាសន៍​ដទៃ ដែល​បាន​លើក​ស្នែង​នេះ​ទាស់​នឹង​ស្រុក​យូដា ដើម្បី​កម្ចាត់‌កម្ចាយ​គេ»។

ទើបបានជ្រើសរើសហើយ៖

សាការី 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល