បទចម្រៀងសាឡូម៉ូន 5
5
1ឱប្អូន ជាប្រពន្ធអើយ
យើងបានចូលមកក្នុងសួនច្បារយើងហើយ
យើងបានបេះជ័រល្វីងទេស
និងគ្រឿងក្រអូបរបស់យើង
យើងបានបរិភោគសំណុំ និងទឹកឃ្មុំរបស់យើង
យើងបានផឹកស្រាទំពាំងបាយជូរ
និងទឹកដោះគោហើយ
ឱសម្លាញ់រាល់គ្នាអើយ ចូរពិសាចុះ
ឱមាសសម្លាញ់រាល់គ្នាអើយ
ចូរផឹកចុះ អើ ផឹកឲ្យបរិបូរទៅ។
សុបិនផ្សេងទៀត
2៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ
នោះឮសំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំ
ទ្រង់គោះទ្វារថា ឱប្អូន ជាមាសសម្លាញ់
ឱព្រាបរបស់យើង
ជាអ្នកបរិសុទ្ធរបស់យើងអើយ
ចូរបើកទ្វារឲ្យយើងផង
ដ្បិតក្បាលយើងទទឹកជោកដោយសន្សើម
សរសៃសក់យើងផង
ដោយទឹកដែលធ្លាក់នៅពេលយប់។
3យើងបានដោះអាវយើងចេញហើយ
ធ្វើដូចម្តេចឲ្យយើងពាក់វិញបាន?
យើងបានលាងជើងហើយ
ធ្វើដូចម្តេចឲ្យយើងប្រឡាក់ទៀតបាន?
4ស្ងួនសម្លាញ់ខ្ញុំក៏បញ្ចូល
ព្រះហស្តតាមប្រហោងទ្វារ
ហើយចិត្តខ្ញុំមានសេចក្ដីរំជួលដល់ទ្រង់
5ខ្ញុំបានក្រោកឡើង
ដើម្បីទៅបើកទ្វារឲ្យស្ងួនសម្លាញ់ខ្ញុំ
គ្រឿងក្រអូបបានស្រក់ពីម្រាមដៃខ្ញុំ
ហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំ
ទៅលើគន្លឹះទ្វារ។
6ខ្ញុំបានបើកឲ្យស្ងួនសម្លាញ់ខ្ញុំ
តែស្ងួនសម្លាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ
ក្នុងកាលដែលទ្រង់មានរាជឱអង្ការហៅ
នោះខ្ញុំមានចិត្តរំជួល
ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ
ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ។
7ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង
ក៏ប្រទះនឹងខ្ញុំ
គេវាយខ្ញុំ ហើយធ្វើឲ្យខ្ញុំរបួស
ពួករក្សាកំផែង គេកន្ត្រាក់យកស្បៃពីខ្ញុំចេញ។
8ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា
បើឃើញស្ងួនសម្លាញ់ខ្ញុំ
នោះនាងទាំងឡាយនឹងទូលដល់ទ្រង់ថា
ខ្ញុំឈឺដោយរោគស្រឡាញ់។
ការសន្ទនារបស់មិត្តសម្លាញ់ និងកូនក្រមុំ
9៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ
តើស្ងួនសម្លាញ់របស់នាងវិសេសជាងស្ងួនសម្លាញ់
ណាទៀតយ៉ាងណា
បានជានាងចាប់ឲ្យយើងស្បថដូច្នេះ
តើស្ងួនសម្លាញ់របស់នាងវិសេសជាងស្ងួនសម្លាញ់
ណាទៀតយ៉ាងណាទៅ។
10៙ ស្ងួនសម្លាញ់របស់ខ្ញុំសម្បុរស
មានថ្ពាល់ក្រហម
ទ្រង់ជាឯកអង្គក្នុងពួកមួយម៉ឺននាក់
11ព្រះសិរទ្រង់ល្អ ដូចជាមាសនព្វគុណ
ព្រះកេសាទ្រង់អង្កាញ់ ហើយខ្មៅដូចសារិកា
12ព្រះនេត្ររបស់ព្រះអង្គ
ដូចជាព្រាបនៅមាត់ផ្លូវទឹក
ដែលលាងដោយទឹកដោះ
ហើយដាំក្នុងគ្រោងយ៉ាងសមល្អ
13ព្រះគណ្ឌៈទ្រង់ដូចជាទីដាំគ្រឿងក្រអូប
ដូចជាដំណាំស្មៅមានក្លិនផ្អែម
ព្រះរឹមទ្រង់ដូចជាផ្កាកំភ្លឹងដែលស្រក់ទឹកក្រអូប
14ព្រះហស្តរបស់ព្រះអង្គដូចជាចិញ្ចៀនមាស
ដាំដោយត្បូងបេរីល
ព្រះកាយទ្រង់ដូចជារចនាភ្លុក
លម្អដោយត្បូងកណ្ដៀង
15ព្រះបាទរបស់ព្រះអង្គដូចជាសសរថ្មកែវ
តម្កល់នៅលើជើងមាសនព្វគុណ
ឯភាពទ្រង់មានលម្អដូចជាភ្នំល្បាណូន
វិសេសដូចជាដើមតាត្រៅ
16ព្រះឧសទ្រង់ក៏ផ្អែមក្រអូប
អើ ទ្រង់គួរស្រឡាញ់ពេញទីហើយ
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
នេះហើយជាស្ងួនសម្លាញ់
ហើយជាភឿនជីវិតរបស់ខ្ញុំ។
ទើបបានជ្រើសរើសហើយ៖
បទចម្រៀងសាឡូម៉ូន 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies