បទចម្រៀងសាឡូម៉ូន 4
4
សូមសរសើរកូនក្រមុំដ៏ស្រស់ស្អាត
1មាសសម្លាញ់អើយ អូនស្អាតណាស់
មើល៍ អូនជាស្រីស្រស់ស្អាតណាស់
ភ្នែកអូនដែលបាំងដោយស្បៃ
មើលទៅដូចជាភ្នែកព្រាប
សក់មានភាពដូចជាហ្វូងពពែ
ដែលដេកនៅចង្កេះភ្នំ នៅស្រុកកាឡាត។
2ធ្មេញដូចជាហ្វូងចៀមដែលទើបកាត់រោម
រួចឡើងមកពីការលាងជម្រះវិញ
ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ
ឥតមានណាមួយដែលបាត់កូនឡើយ
3បបូរមាត់ឯងដូចជាអំបោះក្រហម
មាត់ឯងក៏ល្អមើល
តើកឯងដែលបាំងដោយស្បៃ
មើលទៅដូចជាផ្លែទទឹមមួយចំហៀង។
4កឯងដូចជាប៉មរបស់ព្រះបាទដាវីឌ
ដែលសង់ឡើងសម្រាប់ជាទីទុកគ្រឿងអាវុធ
ជាកន្លែងដែលមានខែលមួយពាន់ព្យួរទុក
គឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ
5ដោះឯងទាំងពីរដូចជាកូនក្តាន់ពីរ
ដែលជាកូនភ្លោះរបស់មេមួយ
ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។
6៙ យើងនឹងចេញទៅឯភ្នំចន្ទន៍
ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់
ហើយស្រមោលបាត់ទៅសិន។
7៙ ឱមាសសម្លាញ់អើយ
ឯងស្រស់បស់ល្អសព្វសារពាង្គ
ឥតមានខ្ចោះនៅខ្លួននាងឡើយ
8ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូន
ជាមួយយើងចុះ
គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា
ពីកំពូលភ្នំសេនារ
និងកំពូលភ្នំហ៊ើរម៉ូនផង
គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
9ឱប្អូន ជាប្រពន្ធអើយ
ឯងបានចាប់យកដួងចិត្តយើងទៅហើយ
ឯងបានចាប់យកដួងចិត្តយើងដោយកែវភ្នែក
និងដោយសារខ្សែករបស់ឯងតែមួយប៉ុណ្ណោះ។
10ឱប្អូន ជាប្រពន្ធអើយ
សេចក្ដីស្រឡាញ់របស់នាងល្អវិសេសណាស់។
សេចក្ដីស្រឡាញ់របស់ឯង
ឆ្ងាញ់ជាងស្រាទំពាំងបាយជូរ
ហើយក្លិនប្រេងអប់របស់ឯង
ក៏ក្រអូបជាងគ្រឿងក្រអូបទាំងឡាយ
11ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ
មានទឹកឃ្មុំ និងទឹកដោះគោនៅក្រោមអណ្ដាតឯង
ហើយក្លិនសម្លៀកបំពាក់របស់ឯង
ដូចជាក្លិនក្រអូបនៃព្រៃល្បាណូន
12ប្អូនជាប្រពន្ធរបស់យើង
ប្រៀបដូចជាសួនច្បារដែលរាំងផ្លូវចូល
ជារន្ធទឹកដែលគេហួងហែង
ជាទឹកផុសដែលគេបិទខ្ទប់
13ត្រួយឯងជាចម្ការទទឹម មានផ្លែដ៏វិសេស
ក៏មានដើមក្រពេន និងដើមទេព្វិរូ
14គឺទេព្វិរូ និងរមៀត
ដើមកន្ធាយ ហើយសម្បុរល្វែង
នូវដើមឈើទាំងប៉ុន្មាន
ដែលសម្រាប់ធ្វើគ្រឿងក្រអូបដែរ
និងជ័រល្វីងទេស ក្រឹស្នា
ហើយគ្រឿងក្រអូបយ៉ាងសំខាន់ទាំងអស់
15ឯងជាក្បាលទឹកដែលស្រោចសួនច្បារ
ជាអណ្តូងមានទឹករស់
ជាទឹកជ្រោះហូរមកពីភ្នំល្បាណូន។
16៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង
ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ
ចូរបក់មកលើសួនច្បាររបស់ខ្ញុំ
ដើម្បីឲ្យក្លិនក្រអូបសាយចេញទៅ
សូមឲ្យស្ងួនសម្លាញ់របស់ខ្ញុំ
ចូលមកក្នុងសួនច្បាររបស់ទ្រង់
ហើយសោយផលដ៏មានឱជារស
របស់ទ្រង់ចុះ។
ទើបបានជ្រើសរើសហើយ៖
បទចម្រៀងសាឡូម៉ូន 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies