បទចម្រៀងសាឡូម៉ូន 3
3
សុបិនស្នេហ៍
1ពេលយប់ នៅលើគ្រែ
ខ្ញុំស្វែងរកម្ចាស់ចិត្តខ្ញុំ
ខ្ញុំខំស្វែងរក ប៉ុន្តែ រកគាត់មិនឃើញសោះ
ខ្ញុំស្រែកហៅគាត់ តែគាត់មិនឆ្លើយ ។
2ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង
ខ្ញុំស្វែងរកម្ចាស់ដួងចិត្ត ខ្ញុំស្រឡាញ់
នៅតាមផ្លូវទាំងប៉ុន្មាន នៅតាមទីធ្លា
ខ្ញុំខំស្វែងរក ប៉ុន្តែ មិនឃើញគាត់សោះ
3ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង
គេប្រទះនឹងខ្ញុំ ហើយខ្ញុំសួរគេថា
«តើអ្នករាល់គ្នាបានឃើញម្ចាស់ដួងចិត្ត
ដែលខ្ញុំស្រឡាញ់ឬទេ?»
4ខ្ញុំបានដើរហួសពីគេបន្តិច
ស្រាប់តែខ្ញុំជួបម្ចាស់ចិត្តរបស់ខ្ញុំ
ខ្ញុំបានឱបគាត់ជាប់
មិនព្រមឲ្យគាត់ឃ្លាតទៅឡើយ
ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ
គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។
5ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស
និងពួកក្តាន់ជាសាក្សីថា
នាងទាំងឡាយនឹងមិនអង្រួន
ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ
ចាំទាល់តែម្ចាស់ចិត្តខ្ញុំយល់ស្រប។
កូនកំលោះ និងពិធីមង្គលការជិតចូលមកដល់
6តើអ្នកណាឡើងពីរហោស្ថានមក
ហុយដូចជាផ្សែង មានក្លិនក្រអូបដោយខ្លឹមចន្ទន៍
និងកំញាន
ព្រមទាំងមានម្សៅក្រអូបគ្រប់យ៉ាង
របស់ពួកជំនួញដូច្នេះ?
7ន៎ុះន៏ គឺជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន
មានមនុស្សស្ទាត់ជំនួញ
ក្នុងពួកខ្លាំងពូកែនៃសាសន៍
អ៊ីស្រាអែលហុកសិបនាក់ហែហម
8គ្រប់គ្នាមានដាវ ហើយក៏ថ្នឹកខាងចម្បាំង
គ្រប់គ្នានែបដាវនៅត្រគាក
ក្រែងមានហេតុភ័យនៅពេលយប់។
9ស្តេចសាឡូម៉ូនបានធ្វើគ្រែស្នែងមួយ
សម្រាប់អង្គទ្រង់ ដោយឈើពីព្រៃល្បាណូន
10ទ្រង់ធ្វើសសរដោយប្រាក់
ក្រាលកម្រាលដោយមាស
ទីគង់បានធ្វើពីសំពត់ពណ៌ស្វាយ
ហើយខាងក្នុងមានសំពត់ដែលប៉ាក់
ដោយសេចក្ដីស្រឡាញ់។
ពួកកូនស្រីក្រុងយេរូសាឡិមអើយ
11ចូរចេញមក មើលព្រះបាទសាឡូម៉ូនចុះ
ឱពួកកូនស្រីក្រុងស៊ីយ៉ូនអើយ
ទ្រង់ពាក់មកុដដែលមាតាបានបំពាក់ថ្វាយ
ក្នុងថ្ងៃវិវាហមង្គលរបស់ទ្រង់
គឺនៅថ្ងៃដែលទ្រង់មានព្រះហឫទ័យ
រីករាយសប្បាយ។
ទើបបានជ្រើសរើសហើយ៖
បទចម្រៀងសាឡូម៉ូន 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies