បទ​ចម្រៀង​សាឡូម៉ូន 2

2
1ខ្ញុំ​ជា​ផ្កា​កុលាប​ដែល​ដុះ​នៅ​វាល​សារ៉ុន
ជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រក​ភ្នំ។
2៙ មាស​សម្លាញ់អើយ
ក្នុង​ចំណោម​ពួក​កូន​ស្រីៗ
នាង​ប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្ដាល​គុម្ព​បន្លា។
3៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ
នៅ​កណ្ដាល​ពួក​កូន​ប្រុសៗ
ប្រៀប​ដូច​ជា​ដើម​សារី នៅ​កណ្ដាល​ពួក​ឈើ​ព្រៃ
ខ្ញុំ​បាន​អង្គុយ​ក្រោម​ម្លប់​របស់​ទ្រង់
ដោយ​ចិត្ត​រីក‌រាយ​ជា​ខ្លាំង
ហើយ​ផ្លែ​របស់​ទ្រង់
ក៏​មាន​រស​ជាតិ​ផ្អែម​ដល់​អណ្ដាត​ខ្ញុំ
4ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ផ្ទះ​ស៊ី‌លៀង
ហើយ​ទង់​របស់​ទ្រង់​ដែល​នៅ​ពី​លើ​ខ្ញុំ
គឺ​ជា​សេចក្ដី​ស្រឡាញ់
5សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរ
ហើយ​ចម្រើន​កម្លាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង
ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់
6ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​ទ្រ​ក្បាល​ខ្ញុំ
ហើយ​ព្រះ‌ហស្ត​ស្តាំ​ក៏​ឱប​ខ្ញុំ
7ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ
ខ្ញុំ​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​មាន​ពួក​ប្រើស
និង​ពួក​ក្តាន់​នៅ​វាលធ្វើ​ជា​សាក្សី​ថា
នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន
ឬ​ដាស់​ស្ងួន​សម្លាញ់របស់​ខ្ញុំ​ឡើយ
ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។
ក្រោយ​រដូវ​ក្ដៅ
8ន៎ុះន៏ សំឡេង​របស់​ស្ងួន​សម្លាញ់​ខ្ញុំ
មើល៍ ទ្រង់​មក​ហើយ កំពុង​តែ​ផ្លោះ​នៅ​លើ​ភ្នំ
ហើយ​លោត​សម្ទុះ​ក្អែក​នៅ​លើ​ទួល
9ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស
ឬ​ក្តាន់​ស្ទាវ
ទ្រង់​ឈរ​នៅ​ខាង​ក្រៅ​កំផែង​ហើយ
ទ្រង់​អើត​មើល​តាម​បង្អួច
ហើយ​ក្រឡេក​មើល​តាម​ចន្លោះ​ប្រដឹស។
10ស្ងួន​សម្លាញ់​របស់​ខ្ញុំ
បាន​មាន​រាជ‌ឱអង្ការ​នឹង​ខ្ញុំ​ថា
មាស​សម្លាញ់​អើយ ក្រោក​ឡើង
ស្រស់​ប្រិម‌ប្រិយ​អើយ ចេញ​មក
11ដ្បិត​មើល៍ រដូវ​រងា​កន្លងផុត​ទៅ​ហើយ
ភ្លៀង​ក៏​រាំង​ស្រឡះ​ដែរ
12ផ្កា​ទាំង​ប៉ុន្មាន​កំពុង​តែ​លេច​ឡើង​នៅ​ផែនដី
ពេល​ដែល​សត្វ​ហើរ​យំ​កញ្ជ្រៀវ​បាន​មក​ដល់
ក៏​ឮ​សំឡេង​លលក​នៅ​ក្នុង​ស្រុក​យើង​ហើយ
13ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​ទុំ
ហើយ​ដើម​ទំពាំង‌បាយ‌ជូរ​កំពុង​ផ្កា
ក៏​សាយ​ក្លិន​ក្រអូប​ឈ្វេង
ដូច្នេះ ចូរ​ក្រោក​ឡើង មាស​សម្លាញ់​អើយ
ឱ​ស្រស់​ប្រិម‌ប្រិយ​អើយ ចេញ​មក
14ឱ​ព្រាប​អើយ ឯង​នៅ​តែ​ក្នុង​ក្រហែង​ថ្ម
ឯង​ពួន​ក្នុង​ទី​កំបាំង​ត្រង់​ភ្នំ​ចោត​ធ្វើ​អី
សូម​ឲ្យយើង​ឃើញ​មុខ​ឯង
ហើយ​ស្តាប់​សំឡេង​ឯង​ផង
ដ្បិត​សំឡេង​ឯង​ផ្អែម​ពីរោះ
មុខ​ឯង​ក៏​ស្រស់‌បស់​ល្អ​ដែរ។
15ចូរ​យើង​ទៅ​ចាប់​ចចក
គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មាន
ដែល​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ទៅ
ដ្បិត​ទំពាំង‌បាយ‌ជូរ​របស់​យើង​កំពុង​ផ្កា​ហើយ
16៙ ស្ងួន​សម្លាញ់​ជា​របស់​ខ្ញុំ
ខ្ញុំ​ក៏​ជា​របស់​ទ្រង់​ដែរ
ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​កន្លែង​មាន​ផ្កា​កំភ្លឹង
17ឱ​ស្ងួន​សម្លាញ់​អើយ សូម​វិល​ទៅ​វិញ
ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ច្រក​ភ្នំ
ចាំ​ដល់​ថ្ងៃ​ត្រជាក់
ហើយ​ស្រមោល​ទៅ​បាត់​សិន។

ទើបបានជ្រើសរើសហើយ៖

បទ​ចម្រៀង​សាឡូម៉ូន 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល