បទចម្រៀងសាឡូម៉ូន 1
1
1នេះជាចម្រៀងមួយក្នុងចំណោមចម្រៀងទំនុករបស់ស្តេចសាឡូម៉ូន។
ការសន្ទនារវាងកូនក្រមុំនឹងមិត្តសម្លាញ់
2សូមឲ្យប្តីថើបខ្ញុំដោយស្និតស្នាល
ដ្បិតសេចក្ដីស្រឡាញ់របស់បងវិសេសជាងស្រា
ទំពាំងបាយជូរទៅទៀត
3ប្រេងអប់របស់បងក្រអូបណាស់
ហើយឈ្មោះរបស់បង
ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញ
ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់បង
4ខ្ញុំសូមដើរតាមបង ហើយយើងនឹងរត់។
ស្ដេចបាននាំខ្ញុំចូលទៅក្នុងបន្ទប់របស់ទ្រង់
យើងនឹងមានអំណរ ហើយរីករាយជាមួយទ្រង់
យើងនឹងចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់
ជាជាងស្រាទំពាំងបាយជូរ
គេស្រឡាញ់ទ្រង់ នោះត្រឹមត្រូវណាស់។
5៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ
ខ្ញុំមានសម្បុរខ្មៅមែន តែគួរឲ្យស្រឡាញ់
ឧបមាដូចជាត្រសាលរបស់ពួកកេដារ
ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន
6សូមកុំមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំ
ដ្បិតខ្ញុំបានហាលថ្ងៃហើយ
ពួកបងប្អូនប្រុសរបស់ខ្ញុំ ខឹងនឹងខ្ញុំ
គេបានឲ្យខ្ញុំថែរក្សាចម្ការទំពាំងបាយជូរ
ឯចម្ការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។
7ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយ
សូមប្រាប់ខ្ញុំម្ចាស់ថា
ទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផង
តើនៅកន្លែងណាដែលឲ្យសម្រាកពេលថ្ងៃត្រង់?
តើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រី
ដែលត្រូវបាំងមុខ នៅជាមួយហ្វូងសត្វ
របស់ពួកមិត្តភក្ដិ របស់ព្រះអង្គដូច្នេះ។
8៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ
បើមិនដឹងទេ មានតែចេញទៅតាមដានជើង
របស់ហ្វូងសត្វទៅ
ហើយឃ្វាលកូនពពែរបស់ឯង
ក្បែរត្រសាលរបស់ពួកគង្វាលចុះ។
ពាក្យផ្ដោះផ្ដងរបស់កូនកំលោះ មិត្តសម្លាញ់ និងកូនក្រមុំ
9ឱមាសសម្លាញ់អើយ
យើងបានប្រៀបឯងដូចជាសេះ
ទឹមរាជរថរបស់ផារ៉ោន
10ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែង
ហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ
11យើងនឹងធ្វើខ្សែកមាសដាំដោយប្រាក់ឲ្យឯង។
12៙ កំពុងដែលស្ដេចគង់នៅតុ
នោះប្រេងទេព្វិរូរបស់ខ្ញុំបានសាយក្លិនក្រអូបទៅ
13ស្ងួនសម្លាញ់របស់ខ្ញុំជាកញ្ចប់កំញាន
នៅដើមទ្រូងរបស់ខ្ញុំ
14ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជា
កញ្ចុំផ្កាក្រពេនដល់ខ្ញុំ
ដែលដុះនៅក្នុងចម្ការទំពាំងបាយជូរ
ស្រុកអេន-កេឌី។
15៙ មើល៍ ឯងស្រស់បស់ល្អ
មាសសម្លាញ់អើយ
មើល៍ ឯងស្រស់បស់ល្អណាស់
ភ្នែកឯងដូចជាភ្នែកព្រាប។
16មើល៍ ទ្រង់ក៏ល្អ ស្ងួនសម្លាញ់អើយ
អើ ទ្រង់គួរស្រឡាញ់ណាស់
17ដំណេករបស់យើងខៀវខ្ចី
រតផ្ទះរបស់យើងជាដើមតាត្រៅ
ហើយធ្នឹមរបស់យើងជាដើមកកោះ
ទើបបានជ្រើសរើសហើយ៖
បទចម្រៀងសាឡូម៉ូន 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies