បទ​ចម្រៀង​សាឡូម៉ូន 5

5
1ឱ​ប្អូន ជា​ប្រពន្ធ​អើយ
យើង​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​យើង​ហើយ
យើង​បាន​បេះ​ជ័រ​ល្វីង‌ទេស
និង​គ្រឿង​ក្រអូប​របស់​យើង
យើង​បាន​បរិ‌ភោគ​សំណុំ និង​ទឹក​ឃ្មុំ​របស់​យើង
យើង​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ
និង​ទឹក​ដោះ​គោ​ហើយ
ឱ​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ
ឱ​មាស​សម្លាញ់​រាល់​គ្នា​អើយ
ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។
សុបិន​ផ្សេង​ទៀត
2៙ ខ្ញុំ​បាន​ដេក​លក់​ហើយ តែ​ចិត្ត​ខ្ញុំ​នៅ​ភ្ញាក់​ទេ
នោះ​ឮ​សំឡេង​របស់​ស្ងួន​សម្លាញ់​ខ្ញុំ
ទ្រង់​គោះ​ទ្វារ​ថា ឱ​ប្អូន ជា​មាស​សម្លាញ់
ឱ​ព្រាប​របស់​យើង
ជា​អ្នកបរិសុទ្ធ​របស់​យើង​អើយ
ចូរ​បើក​ទ្វារ​ឲ្យ​យើង​ផង
ដ្បិត​ក្បាល​យើង​ទទឹក​ជោក​ដោយសន្សើម
សរសៃ​សក់​យើង​ផង
ដោយ​ទឹក​ដែល​ធ្លាក់​នៅ​ពេល​យប់។
3យើង​បាន​ដោះ​អាវ​យើង​ចេញ​ហើយ
ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ពាក់​វិញ​បាន?
យើង​បាន​លាង​ជើង​ហើយ
ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ប្រឡាក់​ទៀត​បាន?
4ស្ងួន​សម្លាញ់​ខ្ញុំ​ក៏​បញ្ចូល
ព្រះ‌ហស្ត​តាម​ប្រហោង​ទ្វារ
ហើយ​ចិត្ត​ខ្ញុំ​មាន​សេចក្ដី​រំជួល​ដល់​ទ្រង់
5ខ្ញុំ​បាន​ក្រោក​ឡើង
ដើម្បី​ទៅ​បើក​ទ្វារ​ឲ្យ​ស្ងួន​សម្លាញ់​ខ្ញុំ
គ្រឿង​ក្រអូប​បាន​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ
ហើយ​ប្រេង​ក្រអូប​ក៏​ស្រក់​ពី​ម្រាម​ដៃ​ខ្ញុំ
ទៅ​លើ​គន្លឹះ​ទ្វារ។
6ខ្ញុំ​បាន​បើក​ឲ្យ​ស្ងួន​សម្លាញ់​ខ្ញុំ
តែ​ស្ងួន​សម្លាញ់​ខ្ញុំ ទ្រង់​បាន​ចេញ​ទៅ​បាត់​ហើយ
ក្នុង​កាល​ដែល​ទ្រង់​មាន​រាជ‌ឱអង្ការ​ហៅ
នោះ​ខ្ញុំ​មាន​ចិត្ត​រំជួល
ខ្ញុំ​ខំ​ស្វែង​រក តែ​រក​ទ្រង់​មិន​ឃើញ​សោះ
ខ្ញុំ​បាន​ស្រែក​ហៅ តែ​ទ្រង់​មិន​ឆ្លើយ​តប​ឡើយ។
7ពួក​យាម​ល្បាត​ដែល​ដើរ​ក្រវែល​ក្នុង​ទី​ក្រុង
ក៏​ប្រទះ​នឹង​ខ្ញុំ
គេ​វាយ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​របួស
ពួក​រក្សា​កំផែង គេ​កន្ត្រាក់​យក​ស្បៃ​ពី​ខ្ញុំ​ចេញ។
8ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ
ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា
បើ​ឃើញ​ស្ងួន​សម្លាញ់​ខ្ញុំ
នោះ​នាង​ទាំង‌ឡាយ​នឹង​ទូល​ដល់​ទ្រង់​ថា
ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់។
ការ​សន្ទនា​របស់​មិត្ត​សម្លាញ់ និង​កូន​ក្រមុំ
9៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ
តើ​ស្ងួន​សម្លាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សម្លាញ់
ណា​ទៀត​យ៉ាង​ណា
បាន​ជា​នាង​ចាប់​ឲ្យ​យើង​ស្បថ​ដូច្នេះ
តើ​ស្ងួន​សម្លាញ់​របស់​នាង​វិសេស​ជាង​ស្ងួន​សម្លាញ់
ណា​ទៀត​យ៉ាង​ណា​ទៅ។
10៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ​សម្បុរ​ស
មាន​ថ្ពាល់​ក្រហម
ទ្រង់​ជា​ឯក​អង្គ​ក្នុង​ពួក​មួយ​ម៉ឺន​នាក់
11ព្រះ‌សិរ​ទ្រង់​ល្អ ដូច​ជា​មាស​នព្វ‌គុណ
ព្រះ‌កេសា​ទ្រង់​អង្កាញ់ ហើយ​ខ្មៅ​ដូច​សារិកា
12ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ
ដូច​ជា​ព្រាប​នៅ​មាត់​ផ្លូវ​ទឹក
ដែល​លាង​ដោយ​ទឹក​ដោះ
ហើយ​ដាំ​ក្នុង​គ្រោងយ៉ាង​សម​ល្អ
13ព្រះ‌គណ្ឌៈ​ទ្រង់​ដូច​ជា​ទី​ដាំ​គ្រឿង​ក្រអូប
ដូច​ជា​ដំណាំ​ស្មៅ​មាន​ក្លិន​ផ្អែម
ព្រះ‌រឹម​ទ្រង់​ដូច​ជា​ផ្កា​កំភ្លឹង​ដែល​ស្រក់​ទឹក​ក្រអូប
14ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ដូច​ជា​ចិញ្ចៀន​មាស
ដាំ​ដោយ​ត្បូង​បេរីល
ព្រះ‌កាយ​ទ្រង់​ដូច​ជា​រចនា​ភ្លុក
លម្អ​ដោយ​ត្បូង​កណ្ដៀង
15ព្រះ‌បាទ​របស់​ព្រះ‌អង្គ​ដូច​ជា​សសរ​ថ្ម​កែវ
តម្កល់​នៅ​លើ​ជើង​មាស​នព្វ‌គុណ
ឯ​ភាព​ទ្រង់​មាន​លម្អ​ដូច​ជា​ភ្នំ​ល្បាណូន
វិសេស​ដូច​ជា​ដើម​តា‌ត្រៅ
16ព្រះ‌ឧស​ទ្រង់​ក៏​ផ្អែម​ក្រអូប
អើ ទ្រង់​គួរ​ស្រឡាញ់​ពេញ​ទី​ហើយ
ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ
នេះ​ហើយ​ជា​ស្ងួន​សម្លាញ់
ហើយ​ជា​ភឿន​ជីវិត​របស់​ខ្ញុំ។

ទើបបានជ្រើសរើសហើយ៖

បទ​ចម្រៀង​សាឡូម៉ូន 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល