សុភាសិត 4
4
ដំបូន្មានរបស់ឪពុក
1កូនទាំងឡាយអើយ
ចូរស្តាប់ដំបូន្មានរបស់ឪពុក ហើយផ្ចង់ចិត្ត
នោះឯងនឹងបានស្គាល់ការចេះដឹង
2ដ្បិតឪពុកឲ្យឱវាទដ៏ល្អដល់កូន
កុំបោះបង់ចោលសេចក្ដីបង្រៀន
របស់ឪពុកឡើយ។
3ដ្បិតពីដើមយើងជាកូនរបស់ឪពុកយើងដែរ
គឺជាកូនទន់ខ្ចី ជាទីស្រឡាញ់បណ្ដាច់
ដល់ម្តាយយើង
4ឪពុកបានបង្រៀនយើងដោយពាក្យថា
«ចូរឲ្យចិត្តកូនរក្សាទុក
អស់ទាំងពាក្យរបស់ឪពុកចុះ
ចូររក្សាអស់ទាំងបណ្ដាំរបស់យើង
ដើម្បីឲ្យកូនបានរស់នៅ
5ចូរខំឲ្យបានប្រាជ្ញា ចូរខំឲ្យបានយោបល់
កុំឲ្យភ្លេចឡើយ
ក៏កុំឲ្យបែរចេញពីពាក្យ
ដែលមាត់យើងពោលដែរ។
6កុំចោលប្រាជ្ញាឡើយ នោះនឹងការពារឯង
ចូរស្រឡាញ់ប្រាជ្ញាចុះ
នោះនឹងទំនុកបម្រុងឯង។
7ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ
អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ
នោះចូរខំឲ្យបានយោបល់ផង។
8ចូរតម្កើងប្រាជ្ញាឲ្យខ្ពស់ឡើងនោះ
និងឲ្យឯងខ្ពស់ឡើងដែរ
ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ
ដោយឯងឱបក្រសោបជាប់។
9ប្រាជ្ញានឹងបំពាក់គ្រឿងដ៏វិសេសលើក្បាលឯង
ហើយនឹងឲ្យឯងពាក់សិរីល្អទុកជាមកុដ»។
ពាក្យក្រើនរំឭកឲ្យប្រតិបត្តិតាមផ្លូវត្រឹមត្រូវ
10ចូរស្តាប់ កូនអើយ
ហើយទទួលពាក្យរបស់យើងចុះ
នោះឯងនឹងបានអាយុយឺនយូរ។
11យើងបានបង្រៀនឯងក្នុងផ្លូវនៃប្រាជ្ញា
យើងបាននាំឯងទៅក្នុងអស់ទាំងផ្លូវច្រក
នៃសេចក្ដីទៀងត្រង់
12កាលណាឯងដើរទៅ
នោះជំហានឯងនឹងមិនទើសទាល់
ហើយកាលណាឯងរត់
នោះឯងនឹងមិនចំពប់ឡើយ។
13ចូរតោងជាប់តាមដំបូន្មាន
កុំលែងឲ្យសោះ
ត្រូវឲ្យរក្សាទុក ដ្បិតសេចក្ដីនោះ
ជាជីវិតរបស់ឯង។
14កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ
ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស
ដែលប្រព្រឹត្តអាក្រក់ដែរ។
15ចូរចៀសចេញ កុំឲ្យដើរជិតផ្លូវនោះឲ្យសោះ
ត្រូវឲ្យងាកចេញ ហើយបង្ហួសទៅឲ្យផុត។
16ដ្បិតពួកនោះ គេមិនដេកឡើយ
ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន
ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល
នោះគេក៏ដេកមិនលក់ដែរ។
17ព្រោះគេបរិភោគអាហារ ជាផលនៃការអាក្រក់
ហើយផឹកស្រាទំពាំងបាយជូរ
ជាផលនៃការច្រឡោត។
18តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ
ដែលកំពុងតែរះឡើង
ដែលភ្លឺកាន់តែខ្លាំងឡើង
ដរាបដល់ពេញកម្លាំង។
19ឯផ្លូវរបស់មនុស្សអាក្រក់
នោះធៀបដូចជាសេចក្ដីងងឹតវិញ
គេមិនដឹងថាចំពប់នឹងអ្វីទេ។
20កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង
ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី
ដែលយើងពោលទាំងអម្បាលម៉ាន។
21កុំឲ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ
ត្រូវឲ្យរក្សាទុកនៅកណ្ដាលដួងចិត្តឯងវិញ។
22ដ្បិតសេចក្ដីទាំងនោះ
ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន
ក៏ជាសេចក្ដីសុខស្រួល
ដល់ខ្លួនប្រាណទាំងមូលផង។
23ចូររក្សាចិត្ត ដោយអស់ពីព្យាយាម
ដ្បិតអស់ទាំងផលនៃជីវិត
សុទ្ធតែចេញពីក្នុងចិត្តមក។
24ចូរបោះបង់ចោលមាត់
ដែលពោលពាក្យវៀចចេញពីឯងទៅ
ព្រមទាំងបបូរមាត់ខូចឲ្យនៅឆ្ងាយពីឯងផង
25ចូរឲ្យភ្នែកឯងមើលចំទៅមុខ
ហើយត្របកភ្នែកឯងទៅត្រង់ទៅមុខដែរ។
26ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ
ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯង
បានត្រឹមត្រូវចុះ ។
27កុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ
ត្រូវឲ្យជើងឯងចៀសចេញពីសេចក្ដីអាក្រក់វិញ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies