សុភា‌សិត 5

5
ត្រូវ​ប្រយ័ត្ន​នឹង​ស្ត្រី​ដែល​ក្បត់​ប្តី
1កូន​អើយ ចូរ​ផ្ចង់​ចិត្ត​ចំពោះ​ប្រាជ្ញា​របស់​យើង
ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​យោបល់​យើង​ដែរ
2ដើម្បី​ឲ្យ​ឯង​បាន​បម្រុង​ទុក​នូវ​គំនិត​វាង​វៃ
ហើយ​ឲ្យ​បបូរ​មាត់​ឯង​បាន​រក្សា​ទុក​នូវ​តម្រិះ។
3ដ្បិត​បបូរ​មាត់​របស់​ស្រី​អាវ៉ាសែ
រមែង​ស្រក់​ជា​ទឹក​ឃ្មុំ
ហើយ​មាត់​របស់​នាង​រអិល​ជាង​ប្រេង
4ប៉ុន្តែ ដល់​ចុង​បំផុត​បាន​ល្វីង​ដូច​ជា​ស្លែង
ហើយ​មុត​ដូច​ជា​ដាវ​មាន​មុខ​ពីរ​វិញ។
5ជើង​វា​ដើរ​ចុះ​ទៅ​ឯ​សេចក្ដី​ស្លាប់
ជំហាន​វា​ឈាន​ទៅ​ជាប់​នៅ
ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។
6អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​វា តែង​តែ​ប្រែ​ប្រួល
ដើម្បី​មិន​ឲ្យ​ឯង​អាច​ស្គាល់​បាន
ក្រែង​ឯង​ស្ទង់​មើល​ផ្លូវ​នៃ​ជីវិត​ឃើញ។
7ដូច្នេះ កូន​ទាំង‌ឡាយ​អើយ
ចូរ​ស្តាប់​យើង​ឥឡូវ​ចុះ
កុំ​ឲ្យ​ងាក​ចេញ​ពី​ពាក្យ
ដែល​មាត់​យើង​ពោល​ឡើយ។
8ចូរ​ឯង​ញែក​ផ្លូវ​ដើរ​របស់​ឯង​ឲ្យ​ឆ្ងាយ​ពី​វា​ចេញ
កុំ​ឲ្យ​ចូល​ទៅ​ជិត​ទ្វារ​ផ្ទះ​របស់​វា​ឲ្យ​សោះ
9ក្រែង​ឯង​ប្រគល់​កិត្តិ‌សព្ទ​ឯង​ដល់​អ្នក​ដទៃ
ហើយ​អាយុ​ឯង​ដល់​ពួក​សាហាវ។
10ក្រែង​មនុស្ស​ដទៃ​បាន​ឆ្អែត​ដោយ​កម្លាំង​ឯង
ហើយ​ការ​នឿយ​លំបាក​របស់​ឯង
ត្រូវ​ធ្វើ​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ក្រៅ​វិញ
11រួច​ដល់​ចុង​បំផុត ឯង​នឹង​ត្រូវ​ថ្ងូរ
ក្នុង​កាល​ដែល​សាច់​ឈាម
ហើយ​ខ្លួន​ប្រាណ​ឯង​រោយ​ចុះ​ទៅ
12ហើយ​ឯង​ថា «អុញ​ន៍ យើង​បាន​ស្អប់
សេចក្ដី​ប្រៀន‌ប្រដៅ​ណាស់​ហ្ន៎
ចិត្ត​យើង​ក៏​បាន​ខ្ពើម​សេចក្ដី​បន្ទោស
13ហើយ​យើង​មិន​បាន​ស្តាប់​តាម
សម្ដី​នៃ​គ្រូ​របស់​យើង
ឬ​ផ្ទៀង​ត្រចៀក​ចំពោះ​ពួក​អ្នក
ដែល​រំឭក​យើង​ផង​ដែរ។
14យើង​ស្ទើរ​តែ​នឹង​ចូល​ទៅ​ក្នុង
អស់​ទាំង​អំពើ​អា‌ក្រក់​ហើយ
គឺ​នៅ​កណ្ដាល​ចំណោម​មនុស្ស
និង​ក្រុម​ជំនុំ​ផង»។
15ចូរ​ផឹក​ទឹក​ពី​ពាង​របស់​ខ្លួន​ឯង
ព្រម​ទាំង​ទឹក​ដែល​ហូរ​ចេញ
ពី​អណ្តូង​របស់​ខ្លួន​ចុះ។
16តើ​គួរ​ឲ្យ​រន្ធ​ទឹក​ឯង​ហូរ​សាច​ចេញ​ទៅ​ក្រៅ
ហើយ​គន្លង​ទឹក​ឯង​ហូរ​ទៅ​ក្នុង​ផ្លូវ​ឬ?
17ត្រូវ​ទុក​សម្រាប់​ខ្លួន​ឯង​តែ​មួយ​ប៉ុណ្ណោះ
មិន​មែន​សម្រាប់​មនុស្ស​ដទៃ
ជា‌មួយ​ឯង​ផង​នោះ​ទេ។
18សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ
ចូរ​ឲ្យ​ឯង​បាន​រីក‌រាយ​ចំពោះ​ប្រពន្ធ
ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំលោះ​ចុះ
19ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់
និង​ប្រើស​ញី​សម‌សួន
ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប
ហើយ​អ្នក​ត្រូវ​ឈ្លក់​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់
របស់​នាង​ជា‌និច្ច​ផង។
20ដ្បិត​កូន​អើយ តើ​មាន​ទំនង​ឲ្យ​ឯង
ទៅ​ឈ្លក់​ចិត្ត​ចំពោះ​ស្ត្រី​ដទៃ
ហើយ​ឱប​ទ្រូង​នៃ​ស្ត្រី​ក្រៅ​ឬ?
21ព្រោះ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​សុទ្ធ​តែ​ច្បាស់
នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា
ព្រះ‌អង្គ​ក៏​ស្ទង់​មើល​អស់​ទាំង​ផ្លូវ​ច្រក​របស់​គេ​ដែរ។
22អស់​ទាំង​អំពើ​ទុច្ចរិត​របស់​មនុស្ស​អា‌ក្រក់
នឹង​ចាប់​យក​អ្នក​នោះ​ឯង
ហើយ​អ្នក​នោះ​នឹង​ត្រូវ​ចង​ជាប់
ដោយ​ចំណង​នៃ​អំពើ​បាប​របស់​ខ្លួន។
23អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ
ដោយ​ឥត​មាន​អ្នក​ណា​នឹង​ប្រៀន​ប្រដៅ
ក៏​នឹង​វង្វេង​ចេញ
ដោយ​វក់​នឹង​ការ​ចម្កួត​របស់​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

សុភា‌សិត 5: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល