លេវី‌វិន័យ 25

25
ឆ្នាំ​សប្ប័ទ
1ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ 2ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​ឲ្យ​ដល់​អ្នក នោះ​ដី​នៅ​ស្រុក​នោះ​ត្រូវ​មាន​ពេល​ឈប់​សម្រាក​ថ្វាយ​ព្រះ‌យេហូវ៉ា 3គឺ​អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ​នៅ​ស្រែ​អ្នក ហើយ​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​អស់​ប្រាំមួយ​ឆ្នាំ ព្រម​ទាំង​ប្រមូល​ផល​ផ្លែ​ផង។ 4ប៉ុន្តែ ដល់​ឆ្នាំ​ទី​ប្រាំពីរ នោះ​ជា​ឆ្នាំ​សប្ប័ទ ឲ្យ​ដី​បាន​សម្រាក​វិញ គឺ​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ធ្វើ​ស្រែ ឬ​លួស​កាត់​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ឡើយ។ 5ឯ​មួរ​ស្រូវ​ដែល​ដុះ​ពី​ចម្រូត​មុន នោះ​អ្នក​មិន​ត្រូវ​ច្រូត​ទេ ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ដែរ នោះ​គឺ​ជា​ឆ្នាំ​ឈប់​សម្រាក​សម្រាប់​ស្រុក​អ្នក។ 6ឆ្នាំ​សប្ប័ទ​នៅ​ស្រុក​អ្នក​នឹង​ចម្រើន​ជា​អាហារ​ដល់​អ្នក ដល់​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក ជើង​ឈ្នួល និង​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក 7ព្រម​ទាំង​ហ្វូង​សត្វ និង​អស់​ទាំង​សត្វ​ដែល​នៅ​ក្នុង​ស្រុក​អ្នក​ផង ផល​ចម្រើន​នោះ​នឹង​បាន​សម្រាប់​ជា​អាហារ»។
ឆ្នាំ​ប្រោស​លោះ
8«អ្នក​រាល់​គ្នា​ត្រូវ​រាប់​ឆ្នាំ​សប្ប័ទ​ប្រាំពីរ​ដង គឺ​ប្រាំពីរ​ឆ្នាំ​ប្រាំពីរ​ដង ដើម្បី​ឲ្យ​បាន​គ្រប់​សែសិប​ប្រាំបួន​ឆ្នាំ។ 9ពេល​នោះ ត្រូវ​ផ្លុំ​ត្រែ​ឲ្យ​ឮ​រំពង នៅ​ថ្ងៃទី​ដប់ ក្នុ​ង​ខែ​ទី​ប្រាំពីរ ដែល​ត្រូវ​នឹង​ថ្ងៃ​បុណ្យ​រំដោះ​បាប ត្រូវ​ផ្លុំ​ត្រែ​ឲ្យ​ឮ​ពាស​ពេញ​ក្នុង​ស្រុក​របស់​អ្នក​ទាំង​មូល។ 10អ្នក​រាល់​គ្នា​ត្រូវ​ញែក​ឆ្នាំ​ទី​ហាសិប​នោះ​ទុក​ជា​បរិសុទ្ធ ហើយ​ប្រកាស​សេរីភាព​ដល់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ស្រុក ឆ្នាំ​នោះ​ជា​ឆ្នាំ​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​នៅ​លើ​ដី​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន ហើយ​ត្រឡប់​ទៅ​ជួប​ជុំ​ញាតិ‌សន្តាន​របស់​ខ្លួន​វិញ។ 11ឆ្នាំ​ទី​ហាសិប​នោះ​នឹង​បាន​ជា​ឆ្នាំ​ប្រោស​លោះ​ដល់​អ្នក​រាល់​គ្នា ក្នុង​ឆ្នាំ​នោះ អ្នក​មិន​ត្រូវ​សាប‌ព្រោះ ឬ​ច្រូត​កាត់​មួរ​ស្រូវ​ដែល​ដុះ ឬ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ឡើយ។ 12ដ្បិត​នោះ​ជា​ឆ្នាំ​ប្រោស​លោះ ត្រូវ​រាប់​ជា​ឆ្នាំ​បរិសុទ្ធ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​នឹង​បរិ‌ភោគ​ផល​ពី​ស្រែ​ចម្ការ។
13នៅ​ឆ្នាំ​ប្រោស​លោះ អ្នក​រាល់​គ្នា​ត្រូវ​ត្រឡប់​ទៅ​នៅ​ដី​របស់​អ្នក​រៀង​ខ្លួន។ 14បើ​កាល​ណា​អ្នក​លក់​របស់​អ្វី​ឲ្យ​អ្នក​ជិត​ខាង​អ្នក ឬ​ទិញ​អ្វី​ពី​អ្នក​ជិត​ខាង​អ្នក​មក នោះ​មិន​ត្រូវ​បំបាត់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ។ 15ត្រូវ​ឲ្យ​ទិញ​ពី​អ្នក​ជិត​ខាង​អ្នក រាប់​តាម​ចំនួន​ឆ្នាំ ក្រោយ​ឆ្នាំ​សោមនស្ស​នោះ ហើយ​គេ​នឹង​លក់​ឲ្យ​អ្នក ដោយ​រាប់​តាម​ចំនួន​រដូវ​ចម្រូត​ដែរ។ 16បើ​នៅ​មាន​ច្រើន​ឆ្នាំ​ទៅ​ទៀត នោះ​អ្នក​ត្រូវ​បង្កើន​ថ្លៃ​ឡើង តែ​បើ​នៅ​សល់​តិច​ឆ្នាំ​វិញ នោះ​ត្រូវ​បន្ថយ​ថ្លៃ​ចុះ​តាម​ចំនួន​ឆ្នាំ​តិច​ច្រើន​ទាំង​នោះ គឺ​ជា​ចំនួន​ចម្រូត​ទេ​ដែល​គេ​លក់​ឲ្យ​អ្នក 17អ្នក​រាល់​គ្នា​មិន​ត្រូវ​បំបាត់​គ្នា​ឡើយ ត្រូវ​តែ​កោត​ខ្លាច​ដល់​ព្រះ​របស់​អ្នក​វិញ ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
18ដូច្នេះ ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​ច្បាប់​យើង ហើយ​រក្សា​សេចក្ដី​បញ្ញត្តិ​របស់​យើង​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក​ដោយ​សុខ‌សាន្ត 19ហើយ​ស្រុក​នឹង​បង្កើត​ផល​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ដោយ​សុខ‌សាន្ត។ 20បើ​អ្នក​រាល់​គ្នា​សួរ​ថា មើល៍ ក្នុង​ឆ្នាំ​ទី​ប្រាំពីរ​នេះ យើង​មិន​សាប‌ព្រោះ ឬ​ប្រមូល​ផល​អ្វី​របស់​យើង​សោះ ដូច្នេះ តើ​យើង​រាល់​គ្នា​នឹង​បាន​អ្វី​បរិ‌ភោគ? 21នោះ​គឺ​យើង​នឹង​ផ្តល់​ពរ​របស់​យើង​ដល់​អ្នក​រាល់​គ្នា​នៅ​ឆ្នាំ​ទី​ប្រាំមួយ នៅ​ឆ្នាំ​នោះ​នឹង​បង្កើត​ផល​ឲ្យ​ល្មម​គ្រប់​បី​ឆ្នាំ​វិញ 22រួច​ដល់​ឆ្នាំ​ទី​ប្រាំបី អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ​ទៅ​ចុះ តែ​នឹង​បរិ‌ភោគ​ផល​ចាស់​ដរាប​ដល់​ឆ្នាំ​ទី​៩ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​ផល​ចាស់​នោះ​រហូត​ដល់​បាន​ច្រូត​ផល​ថ្មី​ហើយ។ 23មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​អញ អ្នក​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ​ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​អញ​ប៉ុណ្ណោះ​ទេ 24ហើយ​នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​អ្នក​រាល់​គ្នា​ទាំង​ប៉ុន្មាន​នោះ ត្រូវ​បើក​ច្បាប់​ឲ្យ​លោះ​ដី​មក​វិញ​បាន។
25ប្រសិន‌បើ​បង ឬ​ប្អូន​អ្នក​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រីក្រ ហើយ​លក់​ដី​ខ្លះ នោះ​សាច់​សន្តាន​ដែល​ជិត​បំផុត ត្រូវ​មក​លោះ​យក​ដី​ដែល​បាន​លក់​ឲ្យ​គេ​ហើយ​នោះ​វិញ 26បើ​គ្មាន​អ្នក​ណា​នឹង​មក​លោះ​ទេ តែ​អ្នក​នោះ​ទៅ​ជា​មាន​ឡើង​វិញ ហើយ​មាន​ល្មម​នឹង​លោះ​យក​បាន 27នោះ​ត្រូវ​រាប់​ចាប់​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​ដែល​លក់​ដី​នោះ​មក ហើយ​ត្រូវ​បង្វិល​ប្រាក់​ដែល​សល់​នៅ​ប្រគល់​ដល់​អ្នក​ដែល​ទិញ រួច​ម្ចាស់​ដី​នឹង​ទៅ​នៅ​ឯ​ដី​របស់​ខ្លួន​វិញ 28បើ​អ្នក​នោះ​គ្មាន​អ្វី​ល្មម​នឹង​លោះ​យក​បាន​ទេ នោះ​ដី​ដែល​បាន​លក់​ទៅ នឹង​នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​អ្នក​ដែល​បាន​ទិញ ដរាប​ដល់​ឆ្នាំ​សោមនស្ស លុះ​ដល់​ឆ្នាំ​សោមនស្ស​ហើយ ដី​នោះ​ត្រូវ​ត្រឡប់​ទៅ​ម្ចាស់​ដើម​វិញ រួច​គាត់​នឹង​ទៅ​នៅ​ឯ​ដី​របស់​ខ្លួន​បាន។
29បើ​មនុស្ស​ណា​លក់​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​ដែល​មាន​កំផែង នោះ​មាន​ច្បាប់​លោះ​មក​វិញ​ក្នុង​រវាង​មួយ​ឆ្នាំ រាប់​តាំង​ពី​ថ្ងៃ​ដែល​បាន​លក់​មក គឺ​នៅ​វេលា​ពេញ​មួយ​ឆ្នាំ គេ​មាន​ច្បាប់​លោះ​មក​វិញ​បាន 30បើ​មិន​បាន​លោះ​វិញ​ក្នុង​រវាង​មួយ​ឆ្នាំ​នោះ​ទេ ផ្ទះ​ដែល​នៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​នោះ នឹង​បាន​ដាច់​ជា​របស់​អ្នក​ដែល​ទិញ ជា​ដរាប​អស់​ទាំង​តំណ​ត​រៀង​ទៅ លុះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​នោះ​មិន​បាន​មក​វិញ​ទេ 31ឯ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​អស់​ទាំង​ស្រុក​ឥត​មាន​កំផែង​ព័ទ្ធ នោះ​ត្រូវ​រាប់​ទុក​ដូច​ជា​ស្រែ​ចម្ការ​វិញ មាន​ច្បាប់​លោះ​បាន ហើយ​ដល់​ឆ្នាំ​សោមនស្ស​ក៏​ត្រូវ​បាន​មក​វិញ​ដែរ 32ប៉ុន្តែ ឯ​ត្រង់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី នោះ​គេ​មាន​ច្បាប់​នឹង​លោះ​ផ្ទះ នៅ​ក្នុង​ទី​ក្រុង​របស់​គេ​ចេះ​តែ​បាន​ជា​ដរាប 33ប្រសិន‌បើ​អ្នក​ណា​ទិញ​ផ្ទះ​របស់​ពួក​លេវី​ណា​មួយ នោះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​ដែល​បាន​ទិញ​នោះ និង​ទី​ក្រុង​របស់​គេ​នឹង​បាន​ទៅ​គេ​វិញ ដ្បិត​អស់​ទាំង​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​របស់​ពួក​លេវី នោះ​ជា​កេរ‌អាករ​របស់​គេ​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល 34ឯ​ស្រែ​ចម្ការ​ទាំង​ប៉ុន្មាន​នៅ​ជុំ​វិញ​ទី​ក្រុង​របស់​គេ នោះ​លក់​មិន​បាន​ទេ ដ្បិត​ជា​កេរ‌អាករ​របស់​គេ​នៅ​អស់‌កល្ប​ជា‌និច្ច។
35បើ​បង ឬ​ប្អូន​ដែល​នៅ​ជិត​អ្នក ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ ហើយ​បែរ​ជា​ស្ថិត​នៅ​ក្រោម​បន្ទុក​របស់​អ្នក នោះ​ត្រូវ​ជួយ​គាត់​ផង ដើម្បី​ឲ្យ​គាត់​បាន​រស់​នៅ​ជា​មួយ​អ្នក ដូច​ជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្នាក់​អាស្រ័យ​ដែរ។ 36មិន​ត្រូវ​យក​ការ​ប្រាក់ ឬ​គិត​កម្រៃ​ពី​គេ​ឡើយ គឺ​ត្រូវ​កោត​ខ្លាច​ដល់​ព្រះ​នៃ​អ្នក​វិញ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​នៅ​ជា​មួយ​អ្នក​ផង 37មិន​ត្រូវ​ឲ្យ​គេ​ខ្ចី​ប្រាក់ ដើម្បី​នឹង​យក​ការ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​អាហារ​ដល់​គេ ដោយ​ចង់​បាន​កម្រៃ​ដែរ 38យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ឲ្យ​ស្រុក​កាណាន​ដល់​អ្នក​រាល់​គ្នា ហើយឲ្យ​បាន​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
39បើ​បង ឬ​ប្អូន​ដែល​នៅ​ជិត​អ្នក​ធ្លាក់​ខ្លួន​ក្រ ហើយ​លក់​ខ្លួន​ដល់​អ្នក នោះ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រើ​គេ​ទុក​ដូច​ជា​អ្នក​បម្រើ​ឡើយ។ 40គេ​ត្រូវ​នៅ​ជា​មួយ​អ្នក ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ហើយ​ដូច​ជា​អ្នក​ស្នាក់​នៅ​វិញ ត្រូវ​ឲ្យ​គេ​នៅ​បម្រើ​អ្នក​រហូត​ដល់​ឆ្នាំ​សោមនស្ស 41រួច​គេ​នឹង​ចេញ​ពី​អ្នក​ទៅ ព្រម​ទាំង​កូន​គេ​ផង ដើម្បី​នឹង​ត្រឡប់​ទៅ​ឯ​គ្រួសារ​នៅ​ក្នុង​កេរ‌អាករ​របស់​បុព្វ‌បុរស​គេ​វិញ 42ដ្បិត​អ្នក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក មិន​ត្រូវ​ឲ្យ​លក់​គេ​ដូច​ជា​លក់​ខ្ញុំ​កំដរ​ទេ 43ក៏​មិន​ត្រូវ​ត្រួត‌ត្រា​លើ​គេ​ដោយ​តឹង‌រ៉ឹង​ពេក​ឡើយ ត្រូវ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​នៃ​អ្នក​វិញ 44តែ​ឯ​ត្រង់​អ្នក​បម្រើ​ប្រុស ឬ​ស្រី​ដែល​អ្នក​នឹង​បាន​ទាំង​ប៉ុន្មាន នោះ​ត្រូវ​ទិញ​អ្នក​បម្រើ​ប្រុស​ស្រី​នោះ អំពី​អស់​ទាំង​សាសន៍​ដទៃ​ដែល​នៅ​ជុំ​វិញ​អ្នក​រាល់​គ្នា​វិញ 45អ្នក​ក៏​មាន​ច្បាប់​នឹង​ទិញ​ពួក​កូន​ចៅ​របស់​អ្នក​ប្រទេស​ក្រៅ ដែល​ស្នាក់​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​បាន​ដែរ អ្នក​នឹង​ទិញ​ពួក​នោះ​បាន ព្រម​ទាំង​គ្រួ​គេ​ដែល​នៅ​ជា​មួយ​អ្នក​ដែល​គេ​បាន​បង្កើត​នៅ​ក្នុង​ស្រុក​អ្នក​រាល់​គ្នា​ផង អស់​អ្នក​ទាំង​នោះ​នឹង​បាន​ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា 46ហើយ​អ្នក​នឹង​ទុក​អ្នក​ទាំង​នោះ ជា​មត៌ក​ឲ្យ​កូន​ចៅ​អ្នក​ត​ទៅ ដើម្បី​ឲ្យ​បាន​ជា​កេរ‌អាករ​ដែរ គឺ​ពី​អស់​អ្នក​ទាំង​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​យក​ទុក​ជា​អ្នក​បម្រើ​ដល់​អ្នក តែ​ត្រង់​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជា​បង‌ប្អូន​អ្នក នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ត្រួត‌ត្រា​ដោយ​តឹង‌រ៉ឹង​ឡើយ។
47បើ​មាន​អ្នក​ប្រទេស​ក្រៅ ឬ​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​បាន​ទៅ​ជា​អ្នក​មាន ហើយ​បង‌ប្អូន​អ្នក​ម្នាក់​ទៀត ដែល​នៅ​ជិត​បាន​ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ លក់​ខ្លួន​ទៅ​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក ឬ​ទៅ​អ្នក​ណា​ក្នុង​ពូជ​របស់​អ្នក​ប្រទេស​ក្រៅ​នោះ 48យ៉ាង​នោះ​មាន​ច្បាប់​នឹង​លោះ​គេ​មក​វិញ​បាន ក្រោយ​ដែល​លក់​ខ្លួន​ហើយ​ដូច្នោះ គឺ​បង‌ប្អូន​ណា​មួយ​នឹង​លោះ​គេ​ចេញ​បាន 49ទោះ​ជា​ឪពុក​ធំ ឬ​មា ឬ​ក្មួយ​គេ​ក្តី ឬ​អ្នក​ណា​ក៏​ដោយ​ដែល​ជា​សាច់‌ញាតិ​ជិត‌ដិត​ក្នុង​គ្រួសារ​គេ នោះ​នឹង​លោះ​បាន ឬ​បើ​ខ្លួន​គេ​ទៅ​ជា​មាន​វិញ ក៏​នឹង​លោះ​ដោយ​ខ្លួន​ឯង​បាន​ដែរ 50ត្រូវ​គិត​ជា​មួយ​អ្នក​ដែល​ទិញ​ខ្លួន រាប់​តាំង​ពី​ឆ្នាំ​ដែល​បាន​លក់​ខ្លួន​ទៅ​រហូត​ដល់​ឆ្នាំ​សោមនស្ស ហើយ​ថ្លៃ​ដែល​បាន​លក់​ខ្លួន នោះ​ត្រូវ​សម្រេច​តាម​ចំនួន​ឆ្នាំ​ដែល​បាន​បម្រើ​នោះ ត្រូវ​តែ​គិត​ឈ្នួល​ដូច​ជា​អ្នក​បម្រើ​វិញ 51ប្រសិន‌បើ​សល់​នៅ​ច្រើន​ឆ្នាំ​ទៅ​ទៀត នោះ​ត្រូវ​សង​ថ្លៃ​លោះ​ខ្លួន ពី​តម្លៃ​ប្រាក់​ដែល​បាន​លក់​ខ្លួន​ទៅ តាម​ចំនួន​ឆ្នាំ​នោះ 52តែ​បើ​សល់​នៅ​តិច​ឆ្នាំ និង​ដល់​ឆ្នាំ​សោមនស្ស​ហើយ នោះ​ត្រូវ​គិត​នឹង​ចៅ‌ហ្វាយ ហើយ​សង​តម្លៃ​លោះ​ខ្លួន​តាម​ចំនួន​ឆ្នាំ​នោះ​វិញ 53ត្រូវ​នៅ​ជា​មួយ​ចៅ‌ហ្វាយ​នោះ ទុក​ដូច​ជា​ជើង​ឈ្នួល​តាម​កំណត់​ឆ្នាំ មិន​ត្រូវ​ឲ្យ​ចៅ‌ហ្វាយ​ត្រួត‌ត្រា​លើ​គេ​ដោយ​តឹង‌រ៉ឹង​នៅ​មុខ​អ្នក​រាល់​គ្នា​ឡើយ 54បើ​មិន​បាន​លោះ​តាម​បែប​ណា​មួយ​នេះ នោះ​គេ​ក៏​ត្រូវ​រួច​ចេញ​ក្នុង​ឆ្នាំ​សោមនស្ស​ដែរ ព្រម​ទាំង​កូន​គេ​ផង 55ព្រោះ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ទេ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 25: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល