លេវី‌វិន័យ 26

26
រង្វាន់​នៃ​ការ​ស្តាប់​បង្គាប់
1«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ បញ្ឈរ​រូប​ឆ្លាក់ ឬ​បង្គោល​ថ្ម សម្រាប់​គោរព​ឡើយ ក៏​មិន​ត្រូវ​មាន​ថ្ម​ឆ្លាក់​ជា​រូប​អ្វី​នៅ​ក្នុង​ស្រុក​អ្នក ដើម្បី​ឱន​ក្រាប​គោរព​ចំពោះ​រូប​នោះ​ដែរ ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ។ 2អ្នក​រាល់​គ្នា​ត្រូវ​រក្សា​អស់​ទាំង​ពេល​សប្ប័ទ​របស់​យើង ហើយ​កោត​ខ្លាច​ដល់​ទី​បរិសុទ្ធ​របស់​យើង ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា។
3បើ​អ្នក​រាល់​គ្នា​ដើរ​តាម​អស់​ទាំង​ច្បាប់ ហើយ​រក្សា​អស់​ទាំង​បញ្ញត្តិ​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម 4នោះ​យើង​នឹង​បង្អុរ​ភ្លៀង​មក​តាម​រដូវ​កាល ដី​នឹង​ចម្រើន​ផល ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ចម្ការ នឹង​បង្កើត​ផ្លែ​ដែរ។ 5ការ​បញ្ជាន់​ស្រូវ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត អ្នក​រាល់​គ្នា​នឹង​បាន​អាហារ​បរិ‌ភោគ​ជា​បរិបូរ ហើយ​នៅ​ក្នុង​ស្រុក​របស់​អ្នក​ដោយ​សុខ‌សាន្ត។ 6យើង​នឹង​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​នោះ អ្នក​រាល់​គ្នា​នឹង​ដេក​ដោយ​ឥត​មាន​អ្នក​ណា​មក​បំភ័យ​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​សត្វ​សាហាវ​បាត់​ពី​ស្រុក​ចេញ​អស់ ហើយ​ដាវ​ក៏​មិន​ដែល​មក​ក្នុង​ស្រុក​អ្នក​ដែរ។ 7អ្នក​រាល់​គ្នា​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​របស់​អ្នក។ 8ពួក​អ្នក​តែ​ប្រាំ​នាក់​នឹង​ដេញ​គេ​ដល់​ទៅ​មួយរយ​នាក់ ហើយ​ពួក​អ្នក​មួយរយ​នាក់​នឹង​ដេញ​គេ​ដល់​ទៅ​មួយ​ម៉ឺន​នាក់​ក៏​បាន អស់​ទាំង​ខ្មាំង​សត្រូវ​អ្នក​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​អ្នក។ 9យើង​នឹង​ជួយ​ទំនុក‌បម្រុង​អ្នក​រាល់​គ្នា ឲ្យ​បាន​បង្កើត​កូន​ចម្រើន​ជា​ច្រើន​ឡើង ហើយ​យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា​ដែរ 10អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ផល​ចាស់​រហូត​ដល់​ផល​ថ្មី​ចូល​មក នោះ​នឹង​ត្រូវ​យក​ផល​ចាស់​ចេញ ឲ្យ​បាន​កន្លែង​ដាក់​ផល​ថ្មី​វិញ។ 11យើង​នឹង​តាំង​ទី​លំ‌នៅ​របស់​យើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ឥត​ដែល​មាន​ស្អប់​ខ្ពើម​ដល់​អ្នក​រាល់​គ្នា​ឡើយ។ 12យើង​នឹង​ដើរ​នៅ​កណ្ដាល​ពួក​អ្នក ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​យើង។ 13យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​របស់​គេ​ទៀត យើង​បាន​បំបាក់​កាំ​នឹម​របស់​អ្នក​រាល់​គ្នា​ចេញ ហើយ​បាន​នាំ​ឲ្យ​ដើរ​ដោយ​ត្រង់​ខ្លួន​ឡើង​វិញ។
ទោស​នៃ​ការ​មិន​ស្តាប់​បង្គាប់
14ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្តិ​របស់​យើង​ទាំង​នេះ 15ដោយ​មើល​ងាយ​ដល់​អស់​ទាំង​ច្បាប់​របស់​យើង ហើយ​ខ្ពើម​ក្រឹត្យ‌ក្រម​របស់​យើង មិន​ព្រម​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​នេះ គឺ​អ្នក​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង​ចេញ។ 16នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​យ៉ាង​ដូច្នេះ គឺ​នឹង​តម្រូវ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​អ្នក​រាល់​គ្នា ជា​ជំងឺ​រីង‌រៃ និង​គ្រុន​ក្តៅ ដែល​ធ្វើ​ឲ្យ​ភ្នែក​កាន់​តែ​ស្រវាំង​ទៅ ហើយ​នាំ​ឲ្យ​មាន​ចិត្ត​វេទនា អ្នក​រាល់​គ្នា​នឹង​សាប‌ព្រោះ​ជា​ការ​ឥត​ប្រ‌យោជន៍ ដ្បិត​ខ្មាំង​សត្រូវ​នឹង​ស៊ី​ទាំង​អស់​ទៅ។ 17យើង​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​រាល់​គ្នា នោះ​អ្នក​នឹង​ចាញ់​ពួក​ខ្មាំង​សត្រូវ អស់​អ្នក​ដែល​ស្អប់​អ្នក គេ​នឹង​ត្រួត‌ត្រា​លើ​អ្នក ហើយ​អ្នក​នឹង​រត់​ទៅ​ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ផង។ 18បើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​ស្តាប់​តាម​យើង​ទៀត នោះ​យើង​នឹង​វាយ‌ផ្ចាល​ប្រាំពីរ​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​អ្នក។ 19យើង​នឹង​បំបាត់​សេចក្ដី​អំនួត​ដែល​អ្នក​អួត​ពី​អំណាច​ខ្លួន ក៏​នឹង​ឲ្យ​មេឃ​ដែល​នៅ​ពី​លើ​អ្នក​ប្រែ​ទៅ​ដូច​ជា​ដែក ហើយ​ដី​របស់​អ្នក​ដូច​ជា​លង្ហិន។ 20អ្នក​រាល់​គ្នា​នឹង​អស់​កម្លាំង​ជា​ការ​ឥត​ប្រយោជន៍ ដ្បិត​ដី​របស់​អ្នក​មិន​បង្កើត​ផល​ទេ ហើយ​ដើម​ឈើ​ដែល​នៅ​ស្រុក​ក៏​មិន​បាន​ផ្លែ​ផង។
21បើ​អ្នក​រាល់​គ្នា​នៅ​តែ​ដើរ​ទទឹង​នឹង​យើង ហើយ​មិន​ព្រម​ស្តាប់​តាម នោះ​យើង​នឹង​នាំ​ឲ្យ​អ្នក​មាន​សេចក្ដី​វេទនា​ប្រាំពីរ​ដង​លើស​ទៅ​ទៀត តាម​អំពើ​បាប​របស់​អ្នក។ 22យើង​នឹង​ឲ្យ​សត្វ​ព្រៃ​មក​កណ្ដាល​ពួក​អ្នក សត្វ​ទាំង​នោះ​នឹង​ឆក់​នាំ​យក​កូន​ចៅ​អ្នក​ទៅ ព្រម​ទាំង​បង្ហិន​ហ្វូង​សត្វ​របស់​អ្នក​ផង និង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​មាន​គ្នា​តិច ហើយ​ឲ្យ​អស់​ទាំង​ផ្លូវ​ថ្នល់​របស់​អ្នក​ទៅ​ជា​សូន្យ​ស្ងាត់។
23ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​ទាន់​រាង​ដោយ​ព្រោះ​សេចក្ដី​ទាំង​នោះ​ទេ ដោយ​នៅ​តែ​ដើរ​ទទឹង​នឹង​យើង 24នោះ​យើង​នឹង​ដើរ​ទាស់​អ្នក​រាល់​គ្នា​ដែរ និង​វាយ‌ផ្ចាល​ប្រាំពីរ​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​អ្នក។ 25យើង​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​ការ​សង‌សឹក​នៃ​សេចក្ដី​សញ្ញា​មក​លើ​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​មូល​គ្នា នៅ​ក្នុង​ក្រុង​របស់​អ្នក​ទាំង​ប៉ុន្មាន ហើយ​យើង​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ទៀត រួច​អ្នក​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ។ 26កាល​ណា​យើង​បាន​ផ្តាច់​ស្បៀង​អាហារ​ពី​អ្នក​រាល់​គ្នា​ចេញ នោះ​ស្ត្រី​ដប់​នាក់​នឹង​ដុត​នំបុ័ង​ឲ្យ​អ្នក​នៅ​ក្នុង​ឡ​តែ​មួយ ហើយ​គេ​នឹង​ថ្លឹង​នំបុ័ង​ឲ្យ​អ្នក​បរិ‌ភោគ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ តែ​មិន​ចេះ​ឆ្អែត​ឡើយ ។
27បើ​ដូច្នេះ​ហើយ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ព្រម​ស្តាប់​តាម​យើង គឺ​នៅ​តែ​ដើរ​ទាស់​ទទឹង​នឹង​យើង​ត​ទៅ​ទៀត 28នោះ​យើង​នឹង​ដើរ​ទាស់​ទទឹង​នឹង​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ក្រោធ ហើយ​វាយ‌ផ្ចាល​ប្រាំពីរ​ដង​លើស​ទៅ​ទៀត ដោយ​ព្រោះ​អំពើ​បាប​របស់​អ្នក។ 29អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក​ផង។ 30យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក និង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​អ្នក ព្រម​ទាំង​បោះ​ខ្មោច​អ្នក​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​អ្នក​ទាំង​នោះ​ដែរ ហើយ​ចិត្ត​យើង​នឹង​ខ្ពើម​អ្នក​រាល់​គ្នា។ 31យើង​នឹង​រំលាង​អស់​ទាំង​ទីក្រុង​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ‌ស្ងាត់ យើង​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​អ្នក​ទៀត​ឡើយ។ 32យើង​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្ដី​ងឿង‌ឆ្ងល់។ 33យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​អ្នក​ទៀត នោះ​ស្រុក​អ្នក​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទីក្រុង​របស់​អ្នក​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។
34ស្រុកទេស​នឹង​បាន​រីក​រាយ​ក្នុង​ឆ្នាំ​សប្ប័ទ ក្នុង​កាល​ដែល​ស្រុក​នោះ​នៅ​ស្ងាត់‌ឈឹង ហើយ​អ្នក​រាល់​គ្នា​នៅ​ឯ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ ពេល​នោះ ស្រុក​ទេស​នឹង​បាន​សម្រាក ហើយ​រីក​រាយ​នឹង​ឆ្នាំ​សប្ប័ទ។ 35ក្នុង​ឆ្នាំ​ទាំង​ប៉ុន្មាន​ដែល​ស្រុក​នៅ​ស្ងាត់​ឈឹង នោះ​ស្រុក​ទេស​នឹង​បាន​សម្រាក ជួស​ឲ្យ​ឆ្នាំ​សប្ប័ទ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​កាន់​តាម ក្នុង​គ្រា​ដែល​អ្នក​រាល់​គ្នា​នៅ​ស្រុក​នោះ​នៅ​ឡើយ 36ឯ​ពួក​អ្នក​ដែល​សល់​នៅ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្រយុត​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ខ្លួន បើ​គ្រាន់​តែ​ឮ​សូរ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់​ប៉ុណ្ណោះ នោះ​នឹង​ធ្វើ​ឲ្យ​រត់​ទៅ គេ​នឹង​រត់​ទៅ ដូច​ជា​រត់​ឲ្យ​រួច​ពី​មុខ​ដាវ ក៏​នឹង​ដួល ដោយ​គ្មាន​អ្នក​ណា​ដេញ​តាម។ 37គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា ដូច​ជា​រត់​គេច​ពី​មុខ​ដាវ ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម ហើយ​អ្នក​រាល់​គ្នា​នឹង​គ្មាន​កម្លាំង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​អ្នក​សោះ។ 38អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ នៅ​អស់​ទាំង​នគរ ហើយ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​អ្នក​ទៅ។ 39ឯ​ពួក​អ្នក​រាល់​គ្នា​ដែល​សល់​នៅ នោះ​នឹង​ស្រងេះ‌ស្រងោច​នៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន នៅ​ស្រុក​នៃ​ពួក​ខ្មាំង​សត្រូវ និង​ស្រងេះ‌ស្រងោច​ទៅ ដោយ​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​ដែរ។
40ប៉ុន្តែ ប្រសិន​បើ​គេ​លន់‌តួ​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​គេ គឺ​ជា​ការ​រំលង​ដែល​គេ​បាន​ប្រព្រឹត្ត​នឹង​យើង ដោយ​ព្រោះ​ការ​ដែល​គេ​បាន​ដើរ​ទាស់​ទទឹង​នឹង​យើង 41គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​ដើរ​ទាស់​ទទឹង​នឹង​គេ ហើយ​បាន​នាំ​គេ​ទៅ​នៅ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ ដូច្នេះ បើ​ចិត្ត​ដែល​មិន​ទាន់​កាត់​ស្បែក​របស់​គេ បាន​ទទួល​ចាល‌ចាញ់ ហើយ​គេ​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​គេ 42នោះ​យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​យ៉ាកុប និង​សេចក្ដី​សញ្ញា​ដែល​បាន​តាំង​នឹង​អ៊ីសាក និង​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​អ័ប្រា‌ហាំ យើង​ក៏​នឹក​ចាំ​ពី​ស្រុក​នោះ​ដែរ។ 43ស្រុក​នោះ​នឹង​ត្រូវ​គេ​ចោល​ទទេ ហើយ​នឹង​បាន​អរ​ចំពោះ​ឆ្នាំ​សប្ប័ទ កំពុង​ដែល​នៅ​ស្ងាត់ ឥត​មាន​គេ​នៅ​ឡើយ ហើយ​គេ​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន គឺ​ព្រោះ​គេ​បាន​មើល‌ងាយ​ដល់​សេចក្ដី​បញ្ញត្តិ​របស់​យើង ហើយ​ចិត្ត​គេ​បាន​ខ្ពើម​ដល់​អស់​ទាំង​ច្បាប់​យើង​ដែរ។ 44ប៉ុន្តែ ទោះ​បើ​ការ​នោះ​យ៉ាង​ដូច្នោះ​ក៏​ដោយ គង់​តែ​យើង​មិន​បោះ​បង់​ចោល​គេ ក្នុង​កាល​ដែល​គេ​នៅ​ស្រុក​របស់​ខ្មាំង​សត្រូវ​នោះ​ឡើយ ក៏​មិន​ខ្ពើម​គេ​ដល់​ទៅ​បំផ្លាញ​ចេញ​អស់​រលីង ឬ​ផ្តាច់​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​គេ​នោះ​ដែរ ដ្បិត​យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​គេ។ 45ប៉ុន្តែ ដោយ​យល់​ដល់​គេ នោះ​យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​បុព្វ‌បុរស ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នៅ​ចំពោះ​ភ្នែក​នៃ​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​គេ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា»។
46នេះ​ហើយ​ជា​ច្បាប់ ក្រឹត្យ‌ក្រម និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ត្រង់​ភ្នំ​ស៊ី‌ណាយ តាម​យៈ​លោក​ម៉ូសេ។

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 26: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ