លេវី‌វិន័យ 27

27
តង្វាយ​បំណន់
1ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ 2ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «កាល​ណា​មនុស្ស​ណា​បន់​បំណន់ បើ​របស់​ដែល​សន្យា​ថ្វាយ​ជា​មនុស្ស នោះ​ត្រូវ​ជា​របស់​ព្រះ‌យេហូវ៉ា​តាម​ដែល​អ្នក​គិត​ថ្លៃ។ 3មនុស្ស​ប្រុស​ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​រហូត​ដល់​ហុកសិប​ឆ្នាំ នោះ​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​ហាសិប​សេកែល តាម​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ 4បើ​ជា​ស្រី​វិញ ត្រូវ​គិត​ថ្លៃ​សាមសិប​សេកែល 5បើ​មនុស្ស​នោះ​មាន​អាយុ​ចាប់​តាំង​ពី​ប្រាំ​ឆ្នាំ​រហូត​ដល់​ម្ភៃ​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ម្ភៃ​សេកែល ស្រី​ដប់​សេកែល 6បើ​មាន​អាយុ​ចាប់​តាំង​ពី​មួយ​ខែ​រហូត​ដល់​ប្រាំ​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​ប្រាំ​សេកែល ស្រី​បី​សេកែល 7បើ​មាន​អាយុ​ហុកសិប​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ដប់ប្រាំ​សេកែល ស្រី​ដប់​សេកែល 8តែ​បើ​អ្នក​នោះ​ក្រ​ពេក គ្មាន​ល្មម​នឹង​សង​តាម​តម្លៃ​ដែល​អ្នក​គិត នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​សង្ឃ​ត្រូវ​គិត​ថ្លៃ តាម​កម្លាំង​របស់​អ្នក​ដែល​ជាប់​បំណន់​នោះ​វិញ។
9ប្រសិន​បើ​សត្វ​វិញ គឺ​ជា​សត្វ​ដែល​គេ​តែង​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​គ្រប់​ទាំង​តង្វាយ​យ៉ាង​នោះ​ដែល​អ្នក​ណា​ថ្វាយ ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា 10និង​ផ្លាស់​ប្តូរ​សត្វ​ល្អ​នឹង​សត្វ​អាក្រក់ ឬ​អាក្រក់​នឹង​ល្អ​មិន​បាន​ឡើយ ឬ​ប្រសិន‌បើ​គេ​ចង់​ប្តូរ​សត្វ​នឹង​សត្វ​យ៉ាង​ណា នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ក៏​ត្រូវ​បាន​ញែក​ទុក​ជា​បរិសុទ្ធ​ទាំង​ពីរ​រូប 11បើ​ជា​សត្វ​ណា​មិន​ស្អាត ដែល​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ 12សង្ឃ​ត្រូវ​វាយ​តម្លៃ​សត្វ​នោះ ទោះ​ជា​ល្អ ឬ​អាក្រក់ បើ​សង្ឃ​វាយ​តម្លៃ​យ៉ាង​ណា សត្វ​នោះ​នឹង​មាន​តម្លៃ​យ៉ាង​នោះ។ 13ប៉ុន្តែ បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ លើ​តម្លៃ​ដែល​អ្នក​បាន​គិត​នោះ​ទៀត។
14ប្រសិន​បើ​មនុស្ស​ណា​ចង់​ញែក​ផ្ទះ​ខ្លួន ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​សង្ឃ​ត្រូវ​គិត​តាម​តម្លៃ​ផ្ទះ​នោះ​ដែល​ល្អ ឬ​អាក្រក់ ហើយ​តម្លៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​សង្ឃ​គិត​ឲ្យ​ពិត 15តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ផ្ទះ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​ជា​ប្រាក់​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ពី​ថ្លៃ​ដែល​បាន​គិត​ហើយ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​អ្នក​នោះ​វិញ។
16ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ចង់​ញែក​ស្រែ ជា​កេរ​របស់​ខ្លួន​មួយ​ចំណែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​អ្នក​ត្រូវ​គិត​តាម​តម្លៃ​ដែល​សាប‌ព្រោះ​បាន បើ​ព្រោះ​ស្រូវ​ឱក​ដប់​ថាំង នោះ​ត្រូវ​គិត​ជា​ប្រាក់​ហាសិប​សេកែល 17បើ​គេ​ថ្វាយ​ស្រែ​របស់​គេ​ចាប់​តាំង​ពី​ឆ្នាំ​សោមនស្ស​មក នោះ​ត្រូវ​តែ​មាន​តម្លៃ​ដូច​ជា​អ្នក​គិត​នោះ​ជា​រហូត​ទៅ 18តែ​បើ​គេ​ថ្វាយ​ស្រែ​គេ​រំលង​ប៉ុន្មាន​ក្រោយ​ពី​ឆ្នាំ​សោមនស្ស​មក នោះ​សង្ឃ​ត្រូវ​បន្ថយ​តម្លៃ​ដែល​បាន​គិត​ហើយ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ​សោមនស្ស​មួយ​ទៀត 19តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ស្រែ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ពី​តម្លៃ​ដែល​អ្នក​បាន​គិត​នោះ រួច​ស្រែ​នោះ​នឹង​បាន​ជា​របស់​អ្នក​នោះ​វិញ 20បើ​អ្នក​នោះ​មិន​លោះ​ទេ ហើយ​គេ​លក់​ទៅ​ឲ្យ​ម្នាក់​ទៀត នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ 21គឺ​កាល​ណា​ដល់​ឆ្នាំ​សោមនស្ស ដែល​ស្រែ​នោះ​ត្រូវ​រួច​ចេញ នោះ​នឹង​បាន​ដាច់​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា ដូច​ជា​ស្រែ​ណា​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ​ដែរ ពួក​សង្ឃ​ត្រូវ​បាន​ស្រែ​នោះ​ទុក​ជា​កេរ‌អាករ​វិញ 22បើ​គេ​ញែក​ស្រែ​ណា​ដែល​គេ​បាន​ទិញ ដែល​មិន​មែន​ជា​កេរ‌អាករ​ខ្លួន ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា 23នោះ​សង្ឃ​ត្រូវ​គិត​ថ្លែ​ឲ្យ​អ្នក​នោះ តាម​តម្លៃ​ដែល​បាន​គិត រហូត​ដល់​ឆ្នាំ​សោមនស្ស រួច​នៅ​ថ្ងៃ​នោះ គេ​ត្រូវ​ចេញ​ថ្លៃ​ដែល​បាន​គិត​នោះ ទុក​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា 24លុះ​ដល់​ឆ្នាំ​សោមនស្ស ស្រែ​នោះ​នឹង​ត្រឡប់​បាន​ទៅ​ម្ចាស់​ដើម​វិញ គឺ​បាន​ទៅ​អ្នក​ដែល​មាន​ស្រែ​នោះ​ជា​កេរ‌អាករ​ពី​ដើម 25ឯ​តម្លៃ​ទាំង​ប៉ុន្មាន​ដែល​បាន​គិត​សម្រេច នោះ​ត្រូវ​គិត​តាម​ប្រាក់​សេកែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​មួយ​សេកែល​ត្រូវ​ជា​ដប់​កេរ៉ា។
26ឯ​កូន​ច្បង​ដែល​កើត​ក្នុង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន គឺ​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា​ស្រាប់ ហើយ​គ្មាន​អ្នក​ណា​នឹង​ញែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា​បាន​ឡើយ ទោះ​បើ​ជា​គោ ឬ​ចៀម​ក្តី ដ្បិត​សត្វ​នោះ​ជា​របស់​ព្រះ‌យេហូវ៉ា​ហើយ 27បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​គេ​ត្រូវ​លោះ​តាម​តម្លៃ​ដែល​អ្នក​គិត​សម្រេច ហើយ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​លក់​ទៅ​តាម​តម្លៃ​ដែល​អ្នក​គិត​នោះ។
28របស់​អ្វី​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ គឺ​អ្នក​ណា​ដែល​ថ្វាយ​របស់​ទ្រព្យ​ខ្លួន​ទាំង​ប៉ុន្មាន ដាច់​ដល់​ព្រះ‌យេហូវ៉ា ទោះ​ជា​មនុស្ស ឬសត្វ ឬ​ស្រែ​ចម្ការ​ដែល​ជា​កេរ‌អាករ​ខ្លួន​ក្តី នោះ​មិន​អាច​លក់ ឬ​លោះ​វិញ​បាន​ឡើយ គ្រប់​ទាំង​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ហើយ ត្រូវ​ទុក​ជា​បរិសុទ្ធ​បំផុត​សម្រាប់​ព្រះ‌យេហូវ៉ា 29ឯ​អ្នក​ណា​ក្នុង​ពួក​មនុស្ស​ដែល​បាន​ថ្វាយ​ដាច់​ហើយ នោះ​នឹង​លោះ​ចេញ​វិញ​មិន​បាន​ឡើយ គឺ​ត្រូវ​នៅ​រហូត​ដល់​ស្លាប់។
30ផល​ពី​ដី​មួយ​ភាគ​ក្នុង​ដប់ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើ នោះ​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌អង្គ 31បើ​អ្នក​ណា​ចង់​លោះ​អ្វី​ពី​មួយ​ភាគ​ក្នុង​ដប់​ដែល​ខ្លួន​ថ្វាយ នោះ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ទៅ​ទៀត។ 32ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​មួយ​ភាគ​ក្នុង​ដប់ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា។ 33មិន​ត្រូវ​ពិនិត្យ​មើល​សត្វ​នោះ​ថា​ល្អ ឬ​អាក្រក់​ឡើយ ក៏​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដែរ តែ​បើ​ចង់​ប្តូរ​វិញ នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ត្រូវ​បាន​បរិសុទ្ធ​ដូច​គ្នា សត្វ​ទាំង​នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ»។
34នេះ​ហើយ​ជា​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ នៅ​ភ្នំ​ស៊ី‌ណាយ សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។:៚

ទើបបានជ្រើសរើសហើយ៖

លេវី‌វិន័យ 27: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល