ជន‌គណនា ពាក្យ​លំនាំ

ពាក្យ​លំនាំ
កណ្ឌ​គម្ពីរ​នេះ​មាន​ឈ្មោះ​ថា «ជន‌គណនា» ដូច្នេះ មក​ពី​នៅ​ផ្នែក​ដំបូង​មាន​កត់‌ត្រា​អំពី​ការ​រាប់​ចំនួន ឬ ជំរឿន​ប្រជាជន​ក្នុង​ពូជ​អំបូរ​នានា​នៃ​អ៊ីស្រា‌អែល។ ក្នុង​កណ្ឌ​គម្ពីរ​នេះ​ទាំង​មូល​ពុំ​មាន​រៀបរាប់​អំពី​ជំរឿន​ប្រជាជន​រហូត​ទេ គឺ​រៀបរាប់​អំពី​ដំណើរ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ក្នុង​ទី​រហោ‌ស្ថាន។ ក្រោយ​ពី​បាន​ទទួល​ក្រឹត្យ‌វិន័យ​ពី​ព្រះ តាម​រយៈ​លោក​ម៉ូសេ​នៅ​ភ្នំ​ស៊ី‌ណាយ​រួច​ហើយ។
• កូន​ចៅ​អ៊ីស្រា‌អែល​រៀបចំ​ខ្លួន​ចូល​ទៅ​ចាប់​យក​ទឹក​ដី ដែល​ព្រះ​សន្យា​ប្រទាន​ឲ្យ​ពួក‌គេ ទុក​ជា​កេរ‌មត៌ក (១.១-១០.១០)។
• កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ទៅ​កាដេស-បារនា ដែល​ជា​ច្រក​ចូល​ទៅ​កាន់​ទឹក​ដី​សន្យា តែ​ពួក‌គេ​ពុំ​ហ៊ាន​ចូល​ទៅ​ទេ។ ដូច្នេះ ពួក‌គេ​បក​ក្រោយ​វិញ ហើយ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​ពី​បាន​ត្រាច់‌ចរ​យ៉ាង​យូរ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នោះ ពួក‌គេ​ទៅ​ដល់​ស្រុក​ម៉ូអាប់ ដែល​នៅ​ខាង​កើត​សមុទ្រ​ស្លាប់ (១០.១១-២១.៣៥)។
• បន្ទាប់​មក មាន​រៀបរាប់​អំពី​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​ដែល​កើត​មាន​ដល់​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​ស្រុក​ម៉ូអាប់ មុន​ពេល​ពួក‌គេ​ចូល​ទៅ​កាន់‌កាប់​ទឹក​ដី​ស្រុក​កាណាន (២២.១-៣៦.១៣)។
កណ្ឌ​គម្ពីរ​នេះ​រៀបរាប់​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​បន្ត​ពី​គម្ពីរ «និក្ខមនំ» និង «លេវីវិន័យ» ព្រម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជា‌រាស្ត្រ​របស់​ព្រះ​គ្រាន់​តែ​ជា​មនុស្ស​លោក​សាមញ្ញ​ធម្មតា​ប៉ុណ្ណោះ។ ពួក‌គេ​ចេះ​ទុក​ចិត្ត​លើ​ព្រះ តែ​ពួក‌គេ​ក៏​ចេះ​សង្ស័យ​ដែរ ពេល​ខ្លះ​ពួក‌គេ​មាន​កម្លាំង​មាំ‌មួន ពេល​ខ្លះ​ទៀត​ទន់​ខ្សោយ ពេល​ខ្លះ​រុង‌រឿង ពេល​ខ្លះ​អាប់‌ឱន។ តាម​រយៈ​កណ្ឌ​គម្ពីរ​នេះ យើង​ឃើញ​ថា​ព្រះ​តែង‌តែ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ជានិច្ច ហើយ​តាម​រយៈ​ការ​តឹង‌រ៉ឹង ព្រះ‌អង្គ​សម្ដែង​ឲ្យ​ពួក‌គេ​ឃើញ​ថា ព្រះ‌អង្គ​ជា​ព្រះ​ដ៏​សុចរិត និង​យុត្តិ‌ធម៌។
ចំណែក​ឯ​លោក​ម៉ូសេ​វិញ លោក​មាន​បេសក‌កម្ម​មួយ​ដ៏​លំបាក គឺ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​ដ៏​បរិសុទ្ធ យក​ទៅ​ប្រាប់​បណ្ដា‌ជន​ដែល​ចេះ​តែ​បះ‌បោរ ហើយ​លោក​ក៏​តស៊ូ​ព្យាយាម​ការ‌ពារ​ប្រជាជន​ដែល​មាន​ចិត្ត​មិន​ស្មោះ‌ត្រង់​នេះ ដោយ​ទូល​អង្វរ​ព្រះ​ដ៏​សុចរិត សូម​ព្រះ‌អង្គ​មេត្តា​ប្រណី​សន្តោស​ដល់​ពួក‌គេ។

ទើបបានជ្រើសរើសហើយ៖

ជន‌គណនា ពាក្យ​លំនាំ: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល