យ៉ូណាស ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរយ៉ូណាសរៀបរាប់អំពីហោរាមួយរូប ដែលខំប្រឹងរត់គេចពីព្រះ ព្រោះមិនចង់ធ្វើតាមបញ្ជារបស់ព្រះអង្គ។
គោលគំនិតដ៏សំខាន់នៃកណ្ឌគម្ពីរនេះចង់លើកយកមកបង្រៀនយើង គឺព្រះមិនកម្រិតព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គចំពោះជនជាតិអ៊ីស្រាអែលតែប៉ុណ្ណោះទេ ព្រះអង្គសព្វព្រះហឫទ័យសម្ដែងព្រះហឫទ័យស្រឡាញ់នេះចំពោះសាសន៍ដទៃដែរ។ ពេលណាព្រះអង្គសម្រេចដាក់ទោសមនុស្សលោក ហើយប្រសិនបើគេងាកចេញពីអំពើអាក្រក់ ដោយសុទ្ធចិត្ត នោះព្រះអង្គនឹងប្រែព្រះហឫទ័យលែងធ្វើទោសគេ។ ព្រះអង្គជាម្ចាស់លើអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក ហើយព្រះអង្គក៏ជាម្ចាស់លើជីវិត និងសេចក្ដីស្លាប់ដែរ។ ព្រះអង្គសម្រេចដកជីវិត ឬប្រទានជីវិតដល់នរណាក៏បាន ដូច្នេះ ហោរាមិនត្រូវមួម៉ៅ ពេលឃើញព្រះអង្គលើកលែងទោសឲ្យមនុស្សបាបឡើយ។
កណ្ឌគម្ពីរយ៉ូណាសលាតត្រដាងឲ្យយើងឃើញថា សូម្បីតែហោរាមួយរូបក៏តែងតែជួបប្រទះនឹងបញ្ហាលំបាក ចិត្តមួហ្មង ការល្បួង ឬចិត្តសង្ស័យដូចមនុស្សឯទៀតៗដែលព្រះចាត់ឲ្យទៅបំពេញមុខងារអ្វីមួយដែរ។ ប៉ុន្តែ ព្រះមិនបោះបង់ចោលអ្នកបម្រើរបស់ព្រះអង្គឲ្យនៅឯកោ ឬខកចិត្តឡើយ។ ព្រះអង្គក៏មិនបណ្ដោយឲ្យអ្នកបម្រើព្រះអង្គគេចចេញឆ្ងាយពីព្រះអង្គដែរ ផ្ទុយទៅវិញ ព្រះអង្គសព្វព្រះហឫទ័យពន្យល់ហើយ ពន្យល់ទៀតថា ព្រះអង្គស្រឡាញ់មនុស្សគ្រប់ៗរូប ឥតរើសមុខនរណាឡើយ។
ក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី ព្រះយេស៊ូវបានលើកយកការផ្សងព្រេងរបស់ហោរាយ៉ូណាសនៅក្នុងពោះត្រីចំនួនបីថ្ងៃបីយប់ ដើម្បីពន្យល់អំពីការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គ។ ព្រះអង្គក៏ទាញឧទាហរណ៍អំពីការកែប្រែចិត្តគំនិតរបស់អ្នកក្រុងនីនីវេ ដើម្បីបន្ទោសមនុស្សមួយចំនួននៅជំនាន់ព្រះអង្គដែលតាំងចិត្តរឹងរូសមិនព្រមទទួលដំណឹងល្អដែរ (ម៉ាថាយ ១២.៣៨-៤២)។
ទើបបានជ្រើសរើសហើយ៖
យ៉ូណាស ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies