យ៉ូណាស 1
1
ហោរាយ៉ូណាសព្យាយាមរត់គេចពីព្រះ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់យ៉ូណាស ជាកូនអ័មីថាយថា៖ 2«ចូរទៅនីនីវេ ជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ព្រោះអំពើអាក្រក់របស់គេបានសាយឡើង នៅចំពោះមុខយើងហើយ»។ 3ប៉ុន្តែ ហោរាយ៉ូណាសក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េ បានជួបនឹងសំពៅមួយ ដែលរៀបចេញទៅក្រុងតើស៊ីស លោកចេញថ្លៃជិះ ក៏ចុះសំពៅនោះទៅឯតើស៊ីសជាមួយគេ ដើម្បីឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។
4ប៉ុន្តែ ព្រះយេហូវ៉ាបានធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ កើតមានព្យុះយ៉ាងធំនៅសមុទ្រ បណ្ដាលឲ្យសំពៅស្ទើរតែបែកបាក់។ 5ឯពួកជើងឈ្នួលក៏ភ័យខ្លាចគ្រប់គ្នា ម្នាក់ៗបានបន់ព្រះរៀងៗខ្លួន គេបោះទំនិញទាំងប៉ុន្មាន ដែលនៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល ឯហោរាយ៉ូណាសបានចុះទៅដេកលក់នៅខាងក្នុងសំពៅ។ 6ដូច្នេះ នាយសំពៅក៏មកសួរលោកថា៖ «អ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ? ក្រោកឡើងអំពាវនាវដល់ព្រះរបស់អ្នកទៅ ក្រែងព្រះអង្គនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាស»។
7ពួកអ្នកសំពៅនិយាយគ្នាថា៖ «ចូរយើងចាប់ឆ្នោត ដើម្បីឲ្យដឹងថា ការអាក្រក់កើតដល់យើងនេះ ដោយព្រោះអ្នកណា» ដូច្នេះ គេក៏នាំគ្នាចាប់ឆ្នោត ហើយឆ្នោតនោះត្រូវលើយ៉ូណាស។ 8រួចគេសួរលោកថា៖ «ចូរប្រាប់យើង តើអ្នកណាបាននាំឲ្យការអាក្រក់នេះមកលើយើង? តើអ្នករកស៊ីធ្វើការអី? មកពីណា? តើអ្នកនៅស្រុកណា? ហើយជាសាសន៍អី?» 9លោកប្រាប់គេថា៖ «ខ្ញុំជាសាសន៍ហេព្រើរ ហើយខ្ញុំកោតខ្លាចព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ដែលបានបង្កើតសមុទ្រ និងដីគោក»។ 10ដូច្នេះ គេស្ញែងខ្លាចក៏សួរលោកថា៖ «តើអ្នកបានធ្វើអ្វីដូច្នេះ?» ដ្បិតអ្នកទាំងនោះបានដឹងថា លោកកំពុងរត់គេចពីព្រះភក្ត្រព្រះយេហូវ៉ា ព្រោះលោកបានប្រាប់គេហើយ។
11រួចគេសួរលោកថា៖ «ដូច្នេះ តើត្រូវឲ្យយើងធ្វើដូចម្តេចដល់អ្នក ដើម្បីឲ្យសមុទ្របានស្ងប់វិញ?» ដ្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើង។ 12លោកប្រាប់គេថា៖ «ចូរបោះខ្ញុំទៅក្នុងសមុទ្រចុះ នោះសមុទ្រនឹងស្ងប់ទៅវិញហើយ ដ្បិតខ្ញុំដឹងថា ខ្យល់ព្យុះយ៉ាងខ្លាំងនេះកើតឡើងក៏ដោយព្រោះខ្លួនខ្ញុំនេះ»។ 13ទោះជាគេខំចែវឲ្យបានវិលត្រឡប់ទៅច្រាំងវិញ តែទៅមិនបានសោះ ដ្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើងៗ។ 14ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរព្រះអង្គ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំទម្លាក់ទោសជាកម្ចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គបានសម្រេចតាមដែលព្រះអង្គគាប់ព្រះហឫទ័យ»។ 15គេក៏ចាប់ហោរាយ៉ូណាស បោះទៅក្នុងសមុទ្រ រួចសមុទ្រក៏ស្ងប់ទៅ 16ដូច្នេះ មនុស្សទាំងនោះកោតខ្លាចព្រះយេហូវ៉ាយ៉ាងខ្លាំង ហើយក៏ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ព្រមទាំងបន់បំណន់ផង។
17 ប៉ុន្តែ ព្រះយេហូវ៉ាបម្រុងឲ្យមានត្រីមួយយ៉ាងធំដើម្បីលេបយ៉ូណាស ហើយហោរាយ៉ូណាសបាននៅក្នុងពោះត្រីនោះអស់បីថ្ងៃបីយប់។
ទើបបានជ្រើសរើសហើយ៖
យ៉ូណាស 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies