យ៉ូណាស ពាក្យ​លំនាំ

ពាក្យ​លំនាំ
កណ្ឌ‌គម្ពីរ​យ៉ូណាស​រៀបរាប់​អំពី​ហោរា​មួយ​រូប ដែល​ខំ​ប្រឹង​រត់​គេច​ពី​ព្រះ ព្រោះ​មិន​ចង់​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ។
គោល​គំនិត​ដ៏​សំខាន់​នៃ​កណ្ឌ‌គម្ពីរ​នេះ​ចង់​លើក​យក​មក​បង្រៀន​យើង គឺ​ព្រះ​មិន​កម្រិត​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល​តែ​ប៉ុណ្ណោះ​ទេ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​នេះ​ចំពោះ​សាសន៍​ដទៃ​ដែរ។ ពេល​ណា​ព្រះ‌អង្គ​សម្រេច​ដាក់​ទោស​មនុស្ស​លោក ហើយ​ប្រសិន‌បើ​គេ​ងាក​ចេញ​ពី​អំពើ​អាក្រក់ ដោយ​សុទ្ធ​ចិត្ត នោះ​ព្រះ‌អង្គ​នឹង​ប្រែ​ព្រះ‌ហឫ‌ទ័យ​លែង​ធ្វើ​ទោស​គេ។ ព្រះ‌អង្គ​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បង្កើត​មក ហើយ​ព្រះ‌អង្គ​ក៏​ជា​ម្ចាស់​លើ​ជីវិត និង​សេចក្ដី​ស្លាប់​ដែរ។ ព្រះ‌អង្គ​សម្រេច​ដក​ជីវិត ឬ​ប្រទាន​ជីវិត​ដល់​នរណា​ក៏​បាន ដូច្នេះ ហោរា​មិន​ត្រូវ​មួ‌ម៉ៅ ពេល​ឃើញ​ព្រះ‌អង្គ​លើក​លែង​ទោស​ឲ្យ​មនុស្ស​បាប​ឡើយ។
កណ្ឌ‌គម្ពីរ​យ៉ូណាស​លាត​ត្រដាង​ឲ្យ​យើង​ឃើញ​ថា សូម្បី​តែ​ហោរា​មួយ​រូប​ក៏​តែង‌តែ​ជួប​ប្រទះ​នឹង​បញ្ហា​លំបាក ចិត្ត​មួ‌ហ្មង ការ​ល្បួង ឬ​ចិត្ត​សង្ស័យ​ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​ព្រះ​ចាត់​ឲ្យ​ទៅ​បំពេញ​មុខ‌ងារ​អ្វី​មួយ​ដែរ។ ប៉ុន្តែ ព្រះ​មិន​បោះ‌បង់​ចោល​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឲ្យ​នៅ​ឯកោ ឬ​ខក​ចិត្ត​ឡើយ។ ព្រះ‌អង្គ​ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​បម្រើ​ព្រះ‌អង្គ​គេច​ចេញ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ដែរ ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ពន្យល់​ហើយ ពន្យល់​ទៀត​ថា ព្រះ‌អង្គ​ស្រឡាញ់​មនុស្ស​គ្រប់ៗ​រូប ឥត​រើស​មុខ​នរណា​ឡើយ។
ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី​ថ្មី ព្រះ‌យេ‌ស៊ូវ​បាន​លើក​យក​ការ​ផ្សង​ព្រេង​របស់​ហោរា​យ៉ូណាស​នៅ​ក្នុង​ពោះ​ត្រី​ចំនួន​បី​ថ្ងៃ​បី​យប់ ដើម្បី​ពន្យល់​អំពី​ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក៏​ទាញ​ឧទាហរណ៍​អំពី​ការ​កែ​ប្រែ​ចិត្ត​គំនិត​របស់​អ្នក​ក្រុង​នីនីវេ ដើម្បី​បន្ទោស​មនុស្ស​មួយ​ចំនួន​នៅ​ជំនាន់​ព្រះ‌អង្គ​ដែល​តាំង​ចិត្ត​រឹង‌រូស​មិន​ព្រម​ទទួល​ដំណឹង​ល្អ​ដែរ (ម៉ាថាយ ១២.៣៨-៤២)។

ទើបបានជ្រើសរើសហើយ៖

យ៉ូណាស ពាក្យ​លំនាំ: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល