អេសាយ 25
25
ទំនុកសរសើរតម្កើងដែលរួចពីការសង្កត់សង្កិន
1ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំនឹងលើកតម្កើងព្រះអង្គឡើង
ទូលបង្គំនឹងសរសើរដល់ព្រះនាមព្រះអង្គ
ពីព្រោះព្រះអង្គបានធ្វើការយ៉ាងអស្ចារ្យ
គឺជាការដែលបានគិតសម្រេចនឹងធ្វើតាំងពីបុរាណមក
ដោយសេចក្ដីស្មោះត្រង់ពិតប្រាកដ។
2ដ្បិតព្រះអង្គបានធ្វើឲ្យទីក្រុងទៅជាគំនរថ្ម
ឲ្យទីក្រុងមានបន្ទាយទៅជាធារបំណែក
ឲ្យទីមាំមួនរបស់សាសន៍ដទៃ
លែងបានធ្វើជាទីក្រុងតរៀងទៅ
ហើយឥតមានអ្នកណាសង់ឡើងវិញឡើយ។
3ហេតុនោះនឹងមានសាសន៍មួយដែលមានកម្លាំងខ្លាំង
គេនឹងសរសើរតម្កើងព្រះអង្គ
ទីក្រុងរបស់នគរគួរស្ញែងខ្លាចទាំងប៉ុន្មាន
គេនឹងភ័យញ័រចំពោះព្រះអង្គ។
4ដ្បិតព្រះអង្គបានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ
គឺជាទីមាំមួនដល់មនុស្សកម្សត់ទុគ៌ត
ក្នុងគ្រាដែលមានទុក្ខលំបាក
ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរា ជាម្លប់បាំងកម្ដៅ
ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច
បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង។
5ព្រះអង្គនឹងបន្ទាបសូររបស់ពួកសាសន៍ដទៃនោះ
ដូចជាចំហាយក្តៅនៅកន្លែងហួតហែង
ហើយដូចជាកម្ដៅបានអន់ថយដោយសារម្លប់ពពក
នោះចម្រៀងជោគជ័យរបស់ពួកគួរស្ញែងខ្លាច
នឹងត្រូវអន់ទៅដូច្នោះដែរ។
6នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ
ព្រះអង្គនឹងចាត់ចែងជប់លៀងដល់គ្រប់ទាំងសាសន៍
ដោយម្ហូបមានឱជារសយ៉ាងវិសេស
និងស្រាទំពាំងបាយជូរសម្រាំង
ជាម្ហូបយ៉ាងវិសេសដោយខួរឆ្អឹងជោក
និងស្រាទំពាំងបាយជូរសម្រាំងយ៉ាងល្អ។
7នៅលើភ្នំនេះ ព្រះអង្គនឹងបំផ្លាញស្បៃ
ដែលបាំងមុខគ្រប់ទាំងសាសន៍
ព្រមទាំងគម្របដែលគ្របលើជនជាតិទាំងប៉ុន្មានផង។
8ព្រះអង្គនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប
នោះព្រះអម្ចាស់យេហូវ៉ានឹងជូតទឹកភ្នែក
ពីមុខមនុស្សទាំងអស់
ហើយព្រះអង្គនឹងដកសេចក្ដីត្មះតិះដៀល
ចំពោះប្រជារាស្ត្រព្រះអង្គ ពីផែនដីទាំងមូលចេញ
ដ្បិតព្រះយេហូវ៉ាបានព្រះបន្ទូលដូច្នេះហើយ។
9នៅគ្រានោះ គេនឹងពោលថា៖
មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ
ហើយព្រះអង្គនឹងជួយសង្គ្រោះយើង
នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ
យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ
ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
10ដ្បិតព្រះហស្តនៃព្រះយេហូវ៉ានឹងសណ្ឋិតនៅលើភ្នំនេះ
ឯសាសន៍ម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅក្នុងស្រុករបស់គេ
ដូចជាចំបើងដែលត្រូវជាន់ឈ្លីនៅក្នុងគំនរលាមក។
11អ្នកនោះ នឹងបោះដៃនៅកណ្ដាលស្រុកនោះ
ដូចជាគេបោះដៃហែលទឹក
ប៉ុន្តែ ព្រះយេហូវ៉ានឹងបំបាក់អំនួតអួតអាងរបស់គេ
ព្រមទាំងល្បិចកលនៃដៃរបស់គេដែរ។
12ឯបន្ទាយយ៉ាងខ្ពស់នៅលើកំផែងអ្នកនោះ
នឹងត្រូវផ្ដួលរំលំ ទម្លាក់ចុះរាបដល់ដី
ឲ្យក្លាយជាធូលី។
ទើបបានជ្រើសរើសហើយ៖
អេសាយ 25: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies