អេសាយ 26

26
ព្រះ‌ទ្រង់​ប្រទាន​ជ័យ‌ជម្នះ​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ
1នៅ​គ្រា​នោះ គេ​នឹង​ច្រៀង​បទ​នេះ​នៅ​ក្នុង​ស្រុក​យូដា​ថា៖
យើង​មាន​ទី​ក្រុង​មួយ​ដ៏​មាំ‌មួន
ព្រះ‌អង្គ​នឹង​តម្រូវ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ
ទុក​ជា​កំផែង ហើយ​ជា​ទី​ការពារ​យើង។
2ចូរ​បើក​ទ្វារ ដើម្បី​ឲ្យ​សាសន៍​សុចរិត
ដែល​រក្សា​សេចក្ដី​ស្មោះ‌ត្រង់​បាន​ចូល​មក​ចុះ។
3ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ
នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ
ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត
ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។
4ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ដរាប​ចុះ
ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច
5ព្រះ‌អង្គ​បាន​ទម្លាក់​ពួក​អ្នក​ដែល​នៅ​ទី​ខ្ពស់
ឯ​ទី​ក្រុង​យ៉ាង​ខ្ពស់ ព្រះ‌អង្គ​រំលំ​ចុះ
គឺ​ព្រះ‌អង្គ​រំលំ​ក្រុង​នោះ​ចុះ​ដល់​ដី
ក៏​បន្ទាប​ទៅ​ដល់​ធូលី​ដី​ផង។
6ជើង​មនុស្ស​នឹង​ដើរ​ជាន់
គឺ​ទាំង​ជើង​របស់​មនុស្ស​ទាល់​ក្រ
និង​ជំហាន​របស់​មនុស្ស​កម្សត់​ទុគ៌ត​ផង។
7សេចក្ដី​ទៀង​ត្រង់​ជា​ផ្លូវ​នៃ​មនុស្ស​សុចរិត
គឺ​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ
ព្រះ‌អង្គ​ពិនិត្យ​ពិចារ‌ណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត។
8ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ
នៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ
ព្រលឹង​យើង​ខ្ញុំ​ប្រាថ្នា​នឹង​ថ្លែង​ព្រះ‌នាម​ព្រះ‌អង្គ
គឺ​ដល់​សេចក្ដី​ដែល​រំឭក​ពី​ព្រះ‌អង្គ។
9នៅ​វេលា​យប់ ព្រលឹង​នៃ​ទូល‌បង្គំ​ប្រាថ្នា​ដល់​ព្រះ‌អង្គ​ហ្នឹង​ហើយ
វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​ដោយ​ខ្មីឃ្មាត​ដែរ
ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ​នៅ​លើ​ផែនដី
នោះ​ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត។
10ប្រសិន‌បើ​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់
នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ
គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង
ឥត​ដែល​ពិចារ‌ណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។
11ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​លើក​ឡើង​ជា​ស្រេច
តែ​គេ​មិន​ព្រម​ឃើញ​ទេ
គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌អង្គ
ចំពោះ​បណ្ដា‌ជន​វិញ
នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស
ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​អស់​រលីង។
12ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សម្រាប់​យើង​ខ្ញុំ
ដ្បិត​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ធ្វើ
គឺ​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ។
13ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
ពី​ដើម​មាន​ចៅ‌ហ្វាយផ្សេង​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ
បាន​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ
តែ​ឥឡូវ​នេះ ដោយ‌សារ​ព្រះ‌អង្គ
នោះ​យើង​ខ្ញុំ​នឹង​អំពាវ‌នាវ​រក​តែ​ព្រះ‌នាម​ព្រះ‌អង្គ។
14គេ​បាន​ស្លាប់​អស់​ហើយ
ឥត​រស់​មក​វិញ​ទៀត​ឡើយ
ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ
ឥត​មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ទៀតឡើយ។
15ព្រះ‌អង្គ​បាន​ចម្រើន​សាសន៍​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ
ព្រះ‌អង្គ​បាន​ចម្រើន​សាសន៍​នេះ​ហើយ
គេ​លើក​តម្កើង​ព្រះ‌អង្គ​ឡើង
ព្រះ‌អង្គ​បាន​វាត​ព្រំ​ប្រទល់​ស្រុក​ឲ្យ​ធំ​ទូលាយ។
16ឱ​ព្រះ‌យេហូវ៉ា​អើយ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក
គេ​បាន​ស្វែង​រកព្រះ‌អង្គ គេ​បាន​បង្ហូរ​ចេញ​ពាក្យ​អធិ‌ស្ឋាន
ក្នុង​គ្រា​ដែលព្រះ‌អង្គ​វាយ​ផ្ចាល​គេ។
17ឱ​ព្រះ‌យេហូវ៉ា​អើយ ស្ត្រី​មាន​គភ៌​ដែល​ហៀប​នឹង​សម្រាល
នាង​ឈឺ​ចាប់ ហើយ​ស្រែក​ដោយ​ឈឺ​ជា​ខ្លាំង​យ៉ាង​ណា
យើង​ខ្ញុំ​ក៏​ស្រែក​នៅ​ចំពោះ​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។
18យើង​ខ្ញុំ​មាន​ភគ៌ យើង​ខ្ញុំ​បាន​ឈឺ​ចាប់
តែ​បាន​សម្រាល​ចេញ​ជា​ខ្យល់​ទទេ
យើង​ខ្ញុំ​មិន​បាន​បង្កើត​ការ​ជួយ​ចម្រើន​អ្វី​នៅ​ផែនដី​សោះ
ហើយ​មនុស្ស​នៅ​លោកីយ​ក៏​មិន​ទាន់​ដួល​នៅ​ឡើយ​ដែរ។
19ពួក​អ្នក​ស្លាប់​របស់​ព្រះ‌អង្គ​នឹង​រស់​ឡើង​វិញ
សាក​សព​របស់​គេ​នឹង​ក្រោក​ឡើង។
ពួក​អ្នក​ដែល​ដេក​នៅ​ក្នុង​ធូលី​ដី​អើយ
ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ដោយ​អំណរ​ចុះ!
ដ្បិត​ទឹក​សន្សើម​របស់​ព្រះ‌អង្គ ជា​ទឹក​សន្សើម​ពេល​ព្រលឹម
ហើយ​ផែន​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។
20ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ
ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ
ត្រូវ​ពួន​ខ្លួន​បន្តិច​សិន
ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ។
21ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា​យាង​ចេញ
ពី​ស្ថាន​របស់​ព្រះ‌អង្គ​មក
ដើម្បី​នឹង​សម្រេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី
ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ
ផែន​ដី​នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ
ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេសាយ 26: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល