ហេព្រើរ 11:5-8

ហេព្រើរ 11:5-8 គកស១៦

ដោយ​សារ​ជំនឿ លោក​ហេ‌ណុក​ត្រូវ​ព្រះ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ មិន​ឲ្យគាត់​ជួប​សេចក្តី​ស្លាប់ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ។ មុន​ពេលព្រះ​លើក​យក​គាត់​ទៅ មាន​គេ​សរសើរ​ពី​គាត់​ថា ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គាត់។ ប៉ុន្ដែ បើ​ឥត​មាន​ជំនឿ​ទេ នោះ​មិន​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ​មែន ហើយ​ថា ព្រះ‌អង្គ​ប្រទាន​រង្វាន់ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។ ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។ ដោយ​សារ​ជំនឿ លោក​អ័ប្រា‌ហាំ​បាន​ស្តាប់​បង្គាប់ កាល​ព្រះ​បាន​ត្រាស់​ហៅ​លោក​ឲ្យ​បាន​ចេញ​ទៅ​កន្លែង​មួយ ដែល​លោក​ត្រូវ​ទទួល​ជា​មត៌ក។ លោកបាន​ចេញ​ទៅ ដោយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ទេ។

អាន ហេព្រើរ 11