ហេព្រើរ 11

11
អត្ថន័យ​នៃ​ជំនឿ
1រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ។ 2ដ្បិត​មនុស្ស​ពី​ចាស់​បុរាណ​មាន​ជំនឿ​ហ្នឹង​ហើយ បាន​ជា​គេ​ទទួល​បាន​ការ​សរសើរ។ 3ដោយ​សារ​ជំនឿ យើង​យល់​ថា ពិភព‌លោក​បាន​កើត​មក​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ ដូច្នេះ អ្វី​ៗ​ដែល​មើល​ឃើញ មិន​មែន​កើត​ចេញ​ពី​របស់​ដែល​មើល​ឃើញ​នោះ​ឡើយ។
គំរូ​របស់​លោក​អេបិល លោក​ហេណុក និង​លោក​ណូអេ
4ដោយ​សារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ ដែល​ប្រសើរ​ជាង​តង្វាយ​របស់​លោក​កាអ៊ីន ហើយ​ដោយ​សារ​យញ្ញ‌បូជា​នោះ មានការ​សរសើរ​ពី​គាត់​ថា គាត់​ជា​មនុស្ស​សុចរិត ទាំង​មាន​ព្រះ​សរសើរ​ពី​តង្វាយ​របស់​គាត់ ហើយ​ដោយ​សារ​ជំនឿ​របស់​គាត់ ទោះ​បើ​គាត់​ស្លាប់​ក៏​ដោយ ក៏​គាត់​នៅ​តែ​និយាយ ។ 5ដោយ​សារ​ជំនឿ លោក​ហេ‌ណុក​ត្រូវ​ព្រះ​លើក​ឡើង​ទៅ​ស្ថាន​សួគ៌ មិន​ឲ្យគាត់​ជួប​សេចក្តី​ស្លាប់ ហើយ​គេ​រក​គាត់​មិន​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះ​បាន​យក​គាត់​ទៅ ។ មុន​ពេលព្រះ​លើក​យក​គាត់​ទៅ មាន​គេ​សរសើរ​ពី​គាត់​ថា ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គាត់។ 6ប៉ុន្ដែ បើ​ឥត​មាន​ជំនឿ​ទេ នោះ​មិន​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​ព្រះ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ​មែន ហើយ​ថា ព្រះ‌អង្គ​ប្រទាន​រង្វាន់ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។ 7ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។
ជំនឿ​របស់​លោក​អ័ប្រា‌ហាំ
8ដោយ​សារ​ជំនឿ លោក​អ័ប្រា‌ហាំ​បាន​ស្តាប់​បង្គាប់ កាល​ព្រះ​បាន​ត្រាស់​ហៅ​លោក​ឲ្យ​បាន​ចេញ​ទៅ​កន្លែង​មួយ ដែល​លោក​ត្រូវ​ទទួល​ជា​មត៌ក។ លោកបាន​ចេញ​ទៅ ដោយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ទេ។ 9ដោយ​សារ​ជំនឿ លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុកដែល​ព្រះ‌អង្គ​បាន​សន្យា ទុក​ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នកស្នង​សេចក្ដី​សន្យា​រួម​ជាមួយ​លោក ទុក​ជា​មត៌ក។ 10ដ្បិត​លោក​ទន្ទឹង​រង់​ចាំ​ក្រុង​មួយ ដែល​មាន​គ្រឹះ​រឹង​មាំ ដែល​ព្រះជា​អ្នក​គូរ​ប្លង់ និង​ជា​ជាង​សង់។ 11ដោយ​សារ​ជំនឿ លោក​ស្រី​សារ៉ាបាន​ទទួល​អំណាច​នឹង​មាន​គភ៌បាន ទោះ​ជា​គាត់​ហួស​អាយុ​នឹង​មាន​កូន​ក៏​ដោយ ព្រោះ​គាត់​បាន​រាប់​ព្រះ​អង្គ​ដែល​បាន​សន្យា​នោះ​ថា ទ្រង់​ស្មោះ​ត្រង់។ 12ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ជា​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​អស់ បាន​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​លោក​ទុក​ដូច​ជា​ស្លាប់​ទៅ​ហើយ។
13អ្នក​ទាំង​អស់នេះ​បាន​ស្លាប់​ទៅ ទាំង​មាន​ជំនឿ ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​អ្នក​ទាំង​នោះ​បាន​ឃើញ និង​បាន​អប​អរ​ចំពោះ​អ្វីៗ​ទាំង​នោះ​ពី​ចម្ងាយ ទាំង​បាន​ទទួល​ស្គាល់​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ និង​ជា​អ្នក​ស្នាក់​នៅ លើ​ផែន​ដីនេះ​ប៉ុណ្ណោះ។ 14ដ្បិត​មនុស្ស​ដែល​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​កំពុង​តែ​ស្វែង​រក​ស្រុក​កំណើត​មួយ។ 15ប្រ​សិន​បើ​គេ​រឭក​ស្រុក​ដែល​គេ​ទើប​នឹង​ចេញ​មក គេ​មុខ​ជា​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន។ 16ប៉ុន្ដែ តាម​ពិត គេ​ប្រាថ្នា​ចង់​បាន​ស្រុក​មួយ​ដ៏​ប្រសើរ​ជាង គឺជា​ស្រុក​មួយ​នៅ​ស្ថាន‌សួគ៌។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ទ្រង់​មិន​ខ្មាសនឹងឲ្យ​គេ​ហៅ​ព្រះ‌អង្គ​ថា​ជា​ព្រះ​របស់​គេនោះ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​រៀប​ចំ​ទី​ក្រុង​មួយ​សម្រាប់​គេរួច​ហើយ។
17ដោយ​សារ​ជំនឿ នៅ​ពេល​ព្រះ‌ល្បង​ល លោក​អ័ប្រា‌ហាំ​បាន​ថ្វាយ​អ៊ីសាក គឺ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​នោះ លោក​បាន​ថ្វាយ​កូន​តែ​មួយ​របស់​លោក 18ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​កូន​នោះ​ថា «ពូជ​ពង្ស​របស់​អ្នក​នឹង​មាន​ឈ្មោះ​តាម​រយៈ​អ៊ីសាក» ។ 19លោក​បាន​រាប់​ថា ព្រះ‌ទ្រង់​អាច​នឹង​ប្រោស​កូន​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន ហើយ​លោក​ក៏​បាន​ទទួល​កូន​មក​វិញ​មែន ធៀប​ដូច​ជា​រស់​ពី​ស្លាប់​ឡើង​វិញ។ 20ដោយ​សារ​ជំនឿ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប និង​អេសាវ អំពី​ដំណើរ​អនា‌គត ។ 21ដោយ​សារ​ជំនឿ កាល​លោក​យ៉ាកុប​ហៀប​នឹង​ស្លាប់ លោក​បាន​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ​បង្គំ​ព្រះ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់ ។ 22ដោយ​សារ​ជំនឿ កាល​លោក​យ៉ូសែប​ហៀប​នឹង​ផុត​ដង្ហើម លោក​បាន​ថ្លែង​ប្រាប់​ពី​ដំណើរ​ចាក​ចេញ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​បាន​ផ្តាំ​អំពី​ឆ្អឹង​របស់​លោក។
ជំនឿ​របស់​លោក​ម៉ូសេ
23ដោយ​សារ​ជំនឿ កាល​លោក​ម៉ូសេ​កើត​មក ឪពុក‌ម្តាយ​របស់​លោក​បាន​លាក់​ទុក​អស់​បី​ខែ ព្រោះ​ពួក​គាត់​ឃើញ​ថាកូន​នោះស្អាត ហើយ​ពួក​គាត់​មិន​ខ្លាច​បញ្ញត្តិ​របស់​ស្តេច​ឡើយ។ 24ដោយ​សារ​ជំនឿ ពេល​លោក​ធំ​ហើយ លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​លោក​ថា ជា​កូន​របស់​បុត្រី​ផារ៉ោន​ទេ 25លោក​ស៊ូ​រង​ទុក្ខ​លំបាក​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ ជា​ជាង​មាន​អំណរ​ខាង​អំពើ​បាប ដែល​នៅ​តែ​មួយ​ភ្លែត ។ 26លោក​បាន​រាប់​ពាក្យ​ត្មះ​តិះ​ដៀល​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ថា​ជា​សម្បត្តិ​ដែល​ប្រសើរ​ជាង​ទ្រព្យ‌សម្បិត្ត​ដ៏​វិសេស​នៅ​ស្រុក​អេស៊ីព្ទ​ទៅ​ទៀត ដ្បិត​លោក​សម្លឹង​ទៅ​ឯ​រង្វាន់​ដែល​នៅ​ខាង​មុខ។ 27ដោយ​សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ដោយ​មិន​ខ្លាច​ស្តេច​ខ្ញាល់​ឡើយ ដ្បិត​លោក​សុខ​ចិត្ត​ស៊ូទ្រាំ ហាក់​ដូច​ជា​ឃើញ​ព្រះ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។ 28ដោយ​សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​រំលង ហើយ​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញពួក​កូន​ច្បង មក​ពាល់​ពួក​គេ​ឡើយ។
ជំនឿ​របស់​វិរបុរស​អ៊ីស្រា‌អែល​ផ្សេៗ​ទៀត
29ដោយ​សារ​ជំនឿ ប្រជាជន​បាន​ឆ្លង​កាត់​សមុទ្រ​ក្រហម ដូច​ជា​ដើរ​លើ​ដី​គោក តែ​កាល​ពួក​សាសន៍​អេស៊ីព្ទ​ប៉ុន​ប៉ង​ឆ្លង​ដូច​គេ​ដែរ គេ​ក៏​ត្រូវ​ទឹក​លេប​អស់​ទៅ ។ 30ដោយ​សារ​ជំនឿ កំផែង​ក្រុង​យេរីខូរ​បាន​ដួល​រលំ ក្រោយ​ពី​ពួក​កូន​ចៅ​អ៊ី​ស្រាអែល​បាន​ដើរ​ព័ទ្ធ​ជុំ​វិញ​អស់​ប្រាំពីរ​ថ្ងៃ ។ 31ដោយ​សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ត្រី​ពេស្យា មិន​បាន​វិនាស​ជា​មួយ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប​ការណ៍​ដោយ​មេត្រីភាព ។
32តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត? ដ្បិត​គ្មាន​ពេល​នឹង​ថ្លែង​ប្រាប់​ពី​រឿង​លោក​គេឌាន លោក​បារ៉ាក លោក​សាំសុន លោក​យែបថា ព្រះ​បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ពួក​ហោរា​ទេ 33ដោយ​សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​ឈ្នះ​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​សេចក្ដី​សន្យា បាន​បិទ​មាត់​សិង្ហ 34បាន​ពន្លត់​ភ្លើងដែល​ឆេះ​ពេញ​អំណាច បានគេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​នៅ​ពេល​កំពុង​តែទន់​ខ្សោយ ត្រឡប់​ជា​ពូកែ​ក្នុង​ចម្បាំង កម្ចាត់​ពល​ទ័ពសាសន៍​ដទៃ។ 35ស្ត្រីៗ​បាន​ជួប​មនុស្ស​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឡើង​វិញ ដោយ​បាន​រស់​ពី​ស្លាប់។ ខ្លះ​ត្រូវ​ទទួល​រង​ទារុណ​កម្ម មិន​ព្រម​ទទួល​ការ​ដោះ​លែង ដើម្បី​ឲ្យ​គេបាន​រស់​ឡើង​វិញ ជា​ជីវិត​មួយ​ដែល​ប្រសើរ​ជាង។ 36ខ្លះ​ទៀត​ទទួល​រង​ការ​ចំអកឡក​ឡើយ ការ​វាយ​ដំ ហើយ​ថែម​ទាំង​ជាប់​ច្រវាក់ និង​ជាប់​ឃុំ​ឃាំង​ទៀត​ផង។ 37ត្រូវ​គេចោល​សម្លាប់​នឹងដុំ​ថ្ម ត្រូវ​គេ​អារ​ផ្ដាច់​ជា​ពីរ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​ដើរ​រសាត់​អណ្ដែត​ទាំង​ស្លៀក​ស្បែក​ចៀម ស្បែក​ពពែ ត្រូវ​ខ្វះ​ខាត​សព្វ​គ្រប់ ត្រូវ​គេ​សង្កត់​សង្កិន ហើយ​ធ្វើ​បាប។ 38គេ​ដើរ​រសាត់​អណ្ដែត​តាម​ទី​រហោ‌ស្ថាន តាម​ភ្នំ តាម​រអាង និង​តាម​រូង​ភ្នំ។ លោកីយ៍មិន​ស័ក្ដិ‌សម​នឹង​អ្នក​ទាំង​នោះ​ទេ។
39អ្នក​ទាំង​អស់​នោះ ទោះ​បើ​មាន​គេ​សរសើរ ដោយ​ព្រោះ​ជំនឿ​របស់​គេ​ក៏​ដោយ តែ​គេ​មិន​បាន​ទទួល​អ្វីៗ​ដែល​ព្រះ​បាន​សន្យា​នោះ​ទេ 40ដោយ​ព្រះ​បាន​ផ្គត់‌ផ្គង់​អ្វី​មួយ​ដែល​ប្រសើរ​ជាង​ដល់​យើង ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រប់​លក្ខណ៍​រួម​ជាមួយ​យើង​ដែរ ។

ទើបបានជ្រើសរើសហើយ៖

ហេព្រើរ 11: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ