ហេប្រឺ 11:5-8
ហេប្រឺ 11:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយសារជំនឿ លោកហេណុកត្រូវព្រះលើកឡើងទៅស្ថានសួគ៌ មិនឲ្យគាត់ជួបសេចក្តីស្លាប់ ហើយគេរកគាត់មិនឃើញទៀតឡើយ ព្រោះព្រះបានយកគាត់ទៅ ។ មុនពេលព្រះលើកយកគាត់ទៅ មានគេសរសើរពីគាត់ថា ព្រះសព្វព្រះហឫទ័យនឹងគាត់។ ប៉ុន្ដែ បើឥតមានជំនឿទេ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅជិតព្រះ ត្រូវតែជឿថា ពិតជាមានព្រះមែន ហើយថា ព្រះអង្គប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ ដោយសារជំនឿ លោកណូអេបានទទួលការទូន្មានពីព្រះ អំពីហេតុការណ៍ដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកគោរពកោតខ្លាច លោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដោយសារជំនឿនេះឯង ដែលលោកបានកាត់ទោសលោកីយ៍ ហើយត្រឡប់ជាអ្នកស្នងមត៌កនៃសេចក្ដីសុចរិត ដោយសារជំនឿ។ ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ កាលព្រះបានត្រាស់ហៅលោកឲ្យបានចេញទៅកន្លែងមួយ ដែលលោកត្រូវទទួលជាមត៌ក។ លោកបានចេញទៅ ដោយមិនដឹងថាត្រូវទៅទីណាទេ។
ហេប្រឺ 11:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខ រួចផុតពីសេចក្ដីស្លាប់ ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើកលោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោក។ បើគ្មានជំនឿ គ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។ ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់អំពីហេតុការណ៍ ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿ លោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។ ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។
ហេប្រឺ 11:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដោយសារសេចក្ដីជំនឿ នោះហេណុកបានឡើងទៅលើ មិនបានឃើញសេចក្ដីស្លាប់ឡើយ ហើយគេរកគាត់មិនឃើញទៀត ពីព្រោះព្រះបានយកគាត់ទៅ ដ្បិតកាលមុនដែលលើកយកគាត់ទៅ នោះមានសេចក្ដីបន្ទាល់ពីគាត់ថា ព្រះទ្រង់សព្វព្រះហឫទ័យនឹងគាត់ណាស់ តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់។ ដោយសារសេចក្ដីជំនឿ នោះព្រះបានមានបន្ទូលពន្យល់លោកណូអេ ពីការដែលមើលមិនទាន់ឃើញនៅឡើយ ហើយដោយលោកមានសេចក្ដីកោតខ្លាច បានជាលោកធ្វើទូក១យ៉ាងធំសំរាប់នឹងជួយសង្គ្រោះដល់ពួកគ្រួសាររបស់លោក ហើយលោកបានកាត់ទោសលោកីយដោយការនោះ ក៏ត្រឡប់ជាអ្នកគ្រងសេចក្ដីសុចរិត ដែលត្រូវខាងសេចក្ដីជំនឿ ទុកជាមរដកដែរ។ ដោយសារសេចក្ដីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ