អេ‌សេ‌គាល 7

7
ការ​គំរាម​ដោយ​គ្រោះ​មហន្ត‌រាយ
1ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«ឱ​កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ស្រុក​អ៊ីស្រា‌អែល​ដូច្នេះ​ថា
ដល់​កំណត់​ហើយ
គឺ​ដល់​ចុង​បំផុត​នៃ​ស្រុក​ទាំង​បួន​ទិស​ហើយ។
3ពេល​នេះ​ជា​ចុង​បំផុត​របស់​អ្នក​ពិត
យើង​នឹង​ប្រើ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក
ហើយ​ជំនុំ‌ជម្រះ​អ្នក​តាម​គ្រប់​ទាំង​អំពើ​របស់​អ្នក
ព្រម​ទាំង​ទម្លាក់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក
មក​លើ​អ្នក​ផង។
4ភ្នែក​យើង​នឹង​មិន​ប្រណី
ឬ​អាណិត​មេត្តា​ដល់​អ្នក​ឡើយ
គឺ​យើង​នឹង​ទម្លាក់​អំពើ​របស់​អ្នក​មក​លើ​អ្នក
នោះ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​អ្នក
នឹង​នៅ​កណ្ដាល​អ្នក​ហើយ
ដូច្នេះ អ្នក​នឹង​ដឹង​ថា
យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។
5ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖
«មាន​ការ​អាក្រក់ គឺ​ការ​អាក្រក់​តែ​មួយ
ការ​នោះ​កំពុង​តែ​មក​ហើយ។
6ដល់​ចុង​បំផុត​ហើយ
ចុង​បំផុត​បាន​មក​ដល់
គឺ​បាន​ភ្ញាក់​ឡើង​មក​ទាស់​នឹង​អ្នក
មើល‌ន៏ កំពុង​តែ​មក​ហើយ។
7ឱ​អ្នក​ស្រុក​អើយ
ថ្ងៃ​អន្តរាយ​របស់​អ្នក​បាន​មក​ដល់​ហើយ
ពេលកំណត់​ក៏​បាន​មក​ដល់​ដែរ
ថ្ងៃ​នោះ​ជិត​មក​ដល់ ជា​ថ្ងៃ​ដែល​ឮ​សូរ​អឺង‌កង
មិន​មែន​ជា​សូរ​សម្រែក​អរ​សប្បាយ​នៅ​លើ​ភ្នំ​ទេ។
8ឥឡូវ​នេះ យើង​ហៀប​នឹង​ចាក់​សេចក្ដី​ក្រោធ
របស់​យើង​ទៅ​លើ​អ្នក
ហើយ​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង​ដល់​អ្នក
យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត
ហើយ​នឹង​ទម្លាក់​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម
របស់​អ្នក​ទៅ​លើ​អ្នក​ផង។
9ភ្នែក​យើង​នឹង​មិន​ប្រណី​ឡើយ
យើង​ក៏​មិន​អាណិត​មេត្តា​ដល់​អ្នក​ដែរ
យើង​នឹង​សង​អ្នក​តាម​អំពើ​ដែល​អ្នក​ប្រព្រឹត្ត
ហើយ​របស់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក
នឹង​នៅ​កណ្ដាល​អ្នក​ដែរ
នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ
ជា​ព្រះ‌យេហូវ៉ា​ដែល​វាយ​អ្នក​ពិត»។
10មើល៍! ថ្ងៃ​ដល់​ហើយ
ពេល​កំណត់​បាន​មក​ដល់​ហើយ
ឯ​ដំបង បាន​បែក​ផ្កា សេចក្ដី​អំនួត​បាន​ប៉ិច​ឡើង។
11អំពើ​ឃោ​ឃៅ​បាន​ដុះ​ឡើង​ជា​ដំបង​នៃ​សេចក្ដី​អាក្រក់
ឥត​មាន​អ្នក​ណា​ក្នុង​ពួក​គេ​នៅ​សេស​សល់​ឡើយ
ក៏​គ្មានភាព​សម្បូណ៌ ឬ​ទ្រព្យ‌សម្បត្តិ
ឬ​កិត្តិ​យស​ណា​នៅ​សេស​សល់​ក្នុង​ចំណោម​ពួក​គេ​ដែរ។
12ពេល​វេលា​បាន​មក​ដល់ ថ្ងៃ​កាន់​តែ​ជិត​ហើយ
កុំ​ឲ្យ​អ្នក​ដែល​ទទួល​បញ្ចាំ​អរ​សប្បាយ
ឬ​អ្នក​ដែល​លក់​បញ្ចាំ​ឲ្យ​គេ​ស្តាយ​ឡើយ
ដ្បិត​សេចក្ដី​ក្រោធ​បាន​មក​លើ
អស់​ទាំង​ពួក​កក‌កុញ​នេះ​ហើយ។
13អ្នក​ដែល​បញ្ចាំ ទោះ​បើ​មាន​ជីវិត​នៅ​ក៏​ដោយ គង់​តែ​មិន​មាន​ធន‌ធាន​ត្រឡប់​មក​វិញ​ដែរ ដ្បិត​និមិត្ត​នេះ​តម្រូវ​លើ​ជន​ជាតិ​ទាំង​អស់​គ្នា នឹង​គ្មាន​ណា​មួយ​វិល​មក​វិញ​ឡើយ ក៏​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ជីវិត​ខ្លួន​ស្ថិត‌ស្ថេរ​នៅ​ដោយ​អំពើ​ទុច្ចរិត​បាន​ដែរ។
14គេ​បាន​ផ្លុំ​ត្រែ ហើយ​ទាំង​អស់​បាន​រៀប​ជា​ស្រេច
តែ​គ្មាន​អ្នក​ណា​ចេញ​ទៅ​តស៊ូ​ឡើយ
ដ្បិត​សេចក្ដី​ក្រោធ​របស់​យើង
គ្រប​សង្កត់​លើ​ពួក​ទ័ព​កក‌កុញ​របស់​គេ​ទាំង​អស់។
15ឯ​ខាង​ក្រៅ មាន​ដាវ ហើយ​ខាង​ក្នុង
មាន​អាសន្ន‌រោគ និង​គ្រោះ​ទុរ្ភិក្ស
អ្នក​ណា​ដែល​នៅ​វាល នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ
ហើយ​អ្នក​ដែល​នៅ​ក្នុង​ទី​ក្រុង មាន​គ្រោះ​ទុរ្ភិក្ស
និង​អាសន្ន‌រោគ​លេប​គេ​ទៅ។
16ប៉ុន្តែ ពួក​ណា​ដែល​រត់​រួច​បាន នោះ​នឹង​រួច​ជីវិត
ហើយ​នៅ​លើ​ភ្នំ​ដូច​ជា​ព្រាប​នៅ​តាម​ច្រក​ភ្នំ
គ្រប់​គ្នា​កំពុង​តែ​យំ​ថ្ងូរ
ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន។
17មនុស្ស​ទាំង​អស់​នឹង​ខ្សោយ​ដៃ
ហើយ​ជង្គង់​គ្រប់​គ្នា​នឹង​ទន់​ដូច​ជា​ទឹក។
18គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​មាន​សេចក្ដី​ស្ញែង‌ខ្លាច
ទាំង​មាន​សេចក្ដី​ខ្មាស​បាក់​មុខ
ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា។
19គេ​នឹង​បោះ​ចោល​ប្រាក់​របស់​គេ​នៅ​តាម​ផ្លូវ
ហើយ​មាស​ក៏​គ្មាន​តម្លៃ ទាំង​ប្រាក់
ទាំង​មាស​របស់​គេ​នឹង​ជួយ​គេ​មិន​បាន​ឡើយ
នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នោះ
គេ​នឹង​មិន​ស្កប់​ចិត្ត
ក៏​មិន​បាន​ឆ្អែត​ពោះ​ដោយ​របស់​នោះ​ដែរ
ព្រោះ​របស់​នោះ
ដែល​នាំ​ឲ្យ​គេ​ចំពប់​ដួល​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន។
20ឯ​គ្រឿង​លម្អ​របស់​គេ
បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង
តែ​គេ​បាន​ធ្វើ​រូប​ពី​របស់​គួរ​ស្អប់​ខ្ពើម
និង​របស់​គួរ​ឆ្អើម​របស់​គេ​នៅ​ក្នុង​នោះ​វិញ
បាន​ជា​យើង​ធ្វើ​ឲ្យ​របស់​គេ​ទៅជា​របស់​មិន​ស្អាត។
21យើង​នឹង​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ
នៃ​សាសន៍​ដទៃ​ធ្វើ​ជា​រំពា
និង​ពួក​មនុស្ស​នៅ​ផែន​ដី​ប្លន់​យក
ពួក​នោះ​នឹង​បន្ទាប​បន្ថោក​របស់​ទាំង​នោះ។
22យើង​នឹង​បែរ​មុខ​ចេញ​ពី​គេ
ហើយ​គេ​នឹង​បង្អាប់​ទី​កំបាំង របស់​យើង​ដែរ
និង​មាន​ពួក​ចោរ​ចូល​ទៅ​ធ្វើ​បង្អាប់​ទី​នោះ។
23ចូរ​ធ្វើ​ច្រវាក់ ព្រោះ​ស្រុក​នេះ​ពោពេញ​ដោយ​អំពើ​ឧក្រិដ្ឋ
ហើយ​ទី​ក្រុង​ពោពេញ​ដោយ​កំហឹង
24យើង​នឹង​នាំ​សាសន៍​ដែល​កាច​អាក្រក់​បំផុត
ឲ្យ​មក​ចាប់​យក​ផ្ទះ​របស់​គេ
យើង​នឹង​បំបាក់​អំនួត​របស់​មនុស្ស​ខ្លាំង​ពូកែ
ហើយ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​គេ
នឹង​ត្រូវ​អាប់‌ឱន​ចុះ។
25ពេល​ការ​បំផ្លាញ​មក​ដល់
គេ​នឹង​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត
តែ​រក​មិន​បាន​សោះ។
26មហន្ត‌រាយ​កើត​មាន​ផ្ទួនៗ
ហើយ​ក៏​នឹង​ឮ​ពាក្យ​ចចាម
អារាម​អាក្រក់​ជា​បន្ត​បន្ទាប់
គេ​ស្វែង​រក​និមិត្ត​ពី​ពួក​ហោរា
ប៉ុន្តែ ក្រឹត្យ‌វិន័យ​នឹង​បាត់​អស់
ហើយ​គ្មាន​ការ​ប្រឹក្សា​ពី​ចាស់​ទុំ​ទៀត​ដែរ។
27ស្តេច​កាន់​ទុក្ខ ហើយ​ពួក​ចៅ‌ហ្វាយ​អស់​សង្ឃឹម
ឯ​ដៃ​ប្រជាជន​នៅ​ក្នុង​ស្រុក​ត្រូវ​ញ័រ​រន្ធត់
យើង​នឹង​ធ្វើ​ដល់​គេ​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត
ហើយ​នឹង​ជំនុំ‌ជម្រះ​គេ តាម​គួរ​នឹង​ទោស​របស់​គេ
នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ហើយ
ជា​ព្រះ‌យេហូវ៉ា​ពិត។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 7: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល