អេ‌សេ‌គាល 8

8
ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្រុង​យេរូ‌សាឡិម
1នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំមួយ ក្នុង​ឆ្នាំ​ទី​ប្រាំមួយ កាល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ មាន​ទាំង​ពួក​ចាស់​ទុំ​សាសន៍​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ​ដែរ ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ដាក់​ព្រះ‌ហស្ត​លើ​ខ្ញុំ។ 2ខ្ញុំ​មើល​ទៅ​ឃើញ​រូប​ភាព​មាន​សណ្ឋាន​ដូច​ជា​មនុស្ស ចុះ​ទៅ​ក្រោមត្រង់​កន្លែង​ដែល​មាន​រាង​ដូ​ច​ជា​ចង្កេះ នោះ​មាន​សណ្ឋានដូច​ជា​ភ្លើង ហើយ​ពី​ចង្កេះ​ទៅ​លើ មាន​សណ្ឋាន​ដូច​ជា​ពន្លឺដ៏​ភ្លឺ គឺ​ដូច​ជា​លោហធាតុ​ដែល​ភ្លឺ​ចាំង។ 3ព្រះ‌អង្គ​លូក​មក មាន​រាង​ដូច​ជា​ដៃ​ចាប់​សក់​ក្បាល​ខ្ញុំ រួច​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​លើក​ខ្ញុំ​ពី​ដី​ឡើង​ទៅ​លើ​មេឃ នាំ​ខ្ញុំ​ក្នុង​និមិត្ត​របស់​ព្រះ​ទៅ​ក្រុង​យេរូ‌សាឡិម គឺ​ទៅ​ដល់​មាត់​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង ដែល​បើក​ទៅ​ទិស​ខាង​ជើង ជា​កន្លែង​មាន​រូប​ភាព​ប្រចណ្ឌ ដែល​បណ្ដាល​ឲ្យ​ប្រចណ្ឌ។ 4នៅ​ទី​នោះ​ឃើញ​មាន​សិរី‌ល្អ​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល ដូច​ជា​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ឯ​វាល​ពី​មុន​នោះ ។
5ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​បើក​ភ្នែក​សម្លឹង​មើល​ទៅ​ទិស​ខាង​ជើង​ឥឡូវ» ដូច្នេះ ខ្ញុំ​ក៏​មើល​ទៅ​ខាង​ជើង​នោះ ជា​ទ្វារ​ដែល​ចូល​ទៅ​ឯ​អាស‌នា ឃើញ​មាន​រូប​នៃ​សេចក្ដី​ប្រចណ្ឌ​នៅ​ទី​នោះ។ 6ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ អ្នក​ឃើញ​ការ​ដែល​គេ​ប្រព្រឹត្ត​ឬ​ទេ? គឺ​ជា​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​ណា ដែល​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ធ្វើ​នៅ​ទី​នេះ ដើម្បី​ឲ្យ​យើង​បាន​ឃ្លាត​ឆ្ងាយ​ពី​ទី​បរិសុទ្ធ​របស់​យើង តែ​ចាំ​មើល អ្នក​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម យ៉ាង​សម្បើម​ជាង​នេះ​ទៅ​ទៀត»។
7ពេល​នោះ ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ទ្វារ​ទី‌លាន ខ្ញុំ​បាន​មើល​ទៅ​ឃើញ​មាន​ប្រហោង​មួយ​ក្នុង​កំផែង។ 8រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ជីក​ទៅ​ក្នុង​កំផែង​ឥឡូវ» កាល​ខ្ញុំ​បាន​ជីក​ក្នុង​កំផែង​ហើយ ឃើញ​មាន​ទ្វារ​មួយ។ 9ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ខាង​ក្នុង មើល​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​អាក្រក់ ដែល​គេ​ធ្វើ​នៅ​ទី​នេះ»។ 10ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​មើល ហើយ​ឃើញ​មាន​គំនូរ​គ្រប់​ទាំង​សត្វ​លូន​វារ សត្វ​គួរ​ខ្ពើម​ឆ្អើម និង​អស់​ទាំង​រូប​ព្រះ​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រា‌អែល ដែល​គេ​គូរ​លើ​ជញ្ជាំង​នៅ​ជុំ‌វិញ 11ក៏​មាន​ពួក​ចាស់​ទុំ​នៃ​ពួក​អ៊ីស្រា‌អែល​ចិត​សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ហើយ​មាន​យ្អាសានា​ជា​កូន​សាផាន ឈរ​នៅ​កណ្ដាល​គេ គ្រប់​គ្នា​កាន់​ជើង‌ពាន ហើយ​ផ្សែង​ពី​គ្រឿង​ក្រអូប​ក៏​ហុយ​ឡើង​យ៉ាង​ក្រាស់។ 12ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ​ដែល​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ដោយ​សម្ងាត់​នៅ​ក្នុង​គំនិត​គេ​រៀង​ខ្លួន​ឬ​ទេ? ដ្បិត​គេ​ថា "ព្រះ‌យេហូវ៉ា​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ"»។ 13ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា៖ «ចាំ​មើល អ្នក​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​គេ​ប្រព្រឹត្ត​ច្រើន​ទៀត»។
14ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​បើក​ទៅ​ខាង​ជើង នៅ​ទី​នោះ​ឃើញ​ពួក​ស្រីៗ​អង្គុយ​យំ​នឹង​ព្រះ​ថា​មូស ។ 15ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ អ្នក​ឃើញ​ឬ​ទេ? ចាំ​មើល អ្នក​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​សម្បើម​ជាង​នេះ​ទៅ​ទៀត»។
16បន្ទាប់​មក ព្រះ‌អង្គ​នាំ​ខ្ញុំ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​កណ្ដាល​ថែវ និង​អាស‌នា មាន​មនុស្ស​ប្រហែល​ជា​ម្ភៃប្រាំ​នាក់ បែរ​ខ្នង​ទៅ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មុខ​ទៅ​ខាង​កើត គេ​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ‌អាទិត្យ នៅ​ទិស​ខាង​កើត​នោះ។ 17ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ អ្នក​ឃើញ​ឬ​ទេ? ពួក​វង្ស​យូដា​រាប់​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដែល​គេ​ប្រព្រឹត្ត​នៅ​ទី​នេះ​ថា ជា​ការ​ស្រាល ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​មាន​ពេញ​ដោយ​សេចក្ដី​ច្រឡោត ហើយ​បាន​បែរ​ជា​បណ្ដាល​ឲ្យ​យើង​ខឹង​ម្តង​ទៀត ហើយ​មើល៍ គេ​លើក​មែក​ឈើ​ប្រណម្យ​នៅ​ច្រមុះ​គេ​ផង 18ដូច្នេះ យើង​នឹង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ក្រោធ​ដែរ ភ្នែក​យើង​នឹង​មិន​ប្រណី​ឡើយ យើង​នឹង​មិន​អាណិត​មេត្តា​ទេ ទោះ​បើ​គេ​អំពាវ‌នាវ ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដាក់​ត្រចៀក​យើង​ក៏​ដោយ គង់​តែ​យើង​មិន​ព្រម​ស្តាប់​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 8: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល