អេសេគាល 7
7
ការគំរាមដោយគ្រោះមហន្តរាយ
1ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ 2«ឱកូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលមកស្រុកអ៊ីស្រាអែលដូច្នេះថា
ដល់កំណត់ហើយ
គឺដល់ចុងបំផុតនៃស្រុកទាំងបួនទិសហើយ។
3ពេលនេះជាចុងបំផុតរបស់អ្នកពិត
យើងនឹងប្រើកំហឹងរបស់យើងទៅលើអ្នក
ហើយជំនុំជម្រះអ្នកតាមគ្រប់ទាំងអំពើរបស់អ្នក
ព្រមទាំងទម្លាក់អំពើគួរស្អប់ខ្ពើមរបស់អ្នក
មកលើអ្នកផង។
4ភ្នែកយើងនឹងមិនប្រណី
ឬអាណិតមេត្តាដល់អ្នកឡើយ
គឺយើងនឹងទម្លាក់អំពើរបស់អ្នកមកលើអ្នក
នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់អ្នក
នឹងនៅកណ្ដាលអ្នកហើយ
ដូច្នេះ អ្នកនឹងដឹងថា
យើងនេះជាព្រះយេហូវ៉ាពិត»។
5ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖
«មានការអាក្រក់ គឺការអាក្រក់តែមួយ
ការនោះកំពុងតែមកហើយ។
6ដល់ចុងបំផុតហើយ
ចុងបំផុតបានមកដល់
គឺបានភ្ញាក់ឡើងមកទាស់នឹងអ្នក
មើលន៏ កំពុងតែមកហើយ។
7ឱអ្នកស្រុកអើយ
ថ្ងៃអន្តរាយរបស់អ្នកបានមកដល់ហើយ
ពេលកំណត់ក៏បានមកដល់ដែរ
ថ្ងៃនោះជិតមកដល់ ជាថ្ងៃដែលឮសូរអឺងកង
មិនមែនជាសូរសម្រែកអរសប្បាយនៅលើភ្នំទេ។
8ឥឡូវនេះ យើងហៀបនឹងចាក់សេចក្ដីក្រោធ
របស់យើងទៅលើអ្នក
ហើយនឹងសម្រេចសេចក្ដីក្រោធរបស់យើងដល់អ្នក
យើងនឹងជំនុំជម្រះអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត
ហើយនឹងទម្លាក់អស់ទាំងអំពើគួរស្អប់ខ្ពើម
របស់អ្នកទៅលើអ្នកផង។
9ភ្នែកយើងនឹងមិនប្រណីឡើយ
យើងក៏មិនអាណិតមេត្តាដល់អ្នកដែរ
យើងនឹងសងអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត
ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក
នឹងនៅកណ្ដាលអ្នកដែរ
នោះអ្នករាល់គ្នានឹងដឹងថា គឺយើងនេះហើយ
ជាព្រះយេហូវ៉ាដែលវាយអ្នកពិត»។
10មើល៍! ថ្ងៃដល់ហើយ
ពេលកំណត់បានមកដល់ហើយ
ឯដំបង បានបែកផ្កា សេចក្ដីអំនួតបានប៉ិចឡើង។
11អំពើឃោឃៅបានដុះឡើងជាដំបងនៃសេចក្ដីអាក្រក់
ឥតមានអ្នកណាក្នុងពួកគេនៅសេសសល់ឡើយ
ក៏គ្មានភាពសម្បូណ៌ ឬទ្រព្យសម្បត្តិ
ឬកិត្តិយសណានៅសេសសល់ក្នុងចំណោមពួកគេដែរ។
12ពេលវេលាបានមកដល់ ថ្ងៃកាន់តែជិតហើយ
កុំឲ្យអ្នកដែលទទួលបញ្ចាំអរសប្បាយ
ឬអ្នកដែលលក់បញ្ចាំឲ្យគេស្តាយឡើយ
ដ្បិតសេចក្ដីក្រោធបានមកលើ
អស់ទាំងពួកកកកុញនេះហើយ។
13អ្នកដែលបញ្ចាំ ទោះបើមានជីវិតនៅក៏ដោយ គង់តែមិនមានធនធានត្រឡប់មកវិញដែរ ដ្បិតនិមិត្តនេះតម្រូវលើជនជាតិទាំងអស់គ្នា នឹងគ្មានណាមួយវិលមកវិញឡើយ ក៏ឥតមានអ្នកណាអាចឲ្យជីវិតខ្លួនស្ថិតស្ថេរនៅដោយអំពើទុច្ចរិតបានដែរ។
14គេបានផ្លុំត្រែ ហើយទាំងអស់បានរៀបជាស្រេច
តែគ្មានអ្នកណាចេញទៅតស៊ូឡើយ
ដ្បិតសេចក្ដីក្រោធរបស់យើង
គ្របសង្កត់លើពួកទ័ពកកកុញរបស់គេទាំងអស់។
15ឯខាងក្រៅ មានដាវ ហើយខាងក្នុង
មានអាសន្នរោគ និងគ្រោះទុរ្ភិក្ស
អ្នកណាដែលនៅវាល នឹងត្រូវស្លាប់ដោយដាវ
ហើយអ្នកដែលនៅក្នុងទីក្រុង មានគ្រោះទុរ្ភិក្ស
និងអាសន្នរោគលេបគេទៅ។
16ប៉ុន្តែ ពួកណាដែលរត់រួចបាន នោះនឹងរួចជីវិត
ហើយនៅលើភ្នំដូចជាព្រាបនៅតាមច្រកភ្នំ
គ្រប់គ្នាកំពុងតែយំថ្ងូរ
ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួន។
17មនុស្សទាំងអស់នឹងខ្សោយដៃ
ហើយជង្គង់គ្រប់គ្នានឹងទន់ដូចជាទឹក។
18គេនឹងស្លៀកសំពត់ធ្មៃ ហើយមានសេចក្ដីស្ញែងខ្លាច
ទាំងមានសេចក្ដីខ្មាសបាក់មុខ
ហើយគេនឹងកោរសក់គ្រប់គ្នា។
19គេនឹងបោះចោលប្រាក់របស់គេនៅតាមផ្លូវ
ហើយមាសក៏គ្មានតម្លៃ ទាំងប្រាក់
ទាំងមាសរបស់គេនឹងជួយគេមិនបានឡើយ
នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានោះ
គេនឹងមិនស្កប់ចិត្ត
ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ
ព្រោះរបស់នោះ
ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន។
20ឯគ្រឿងលម្អរបស់គេ
បានតាំងឡើងឲ្យមានសេចក្ដីរុងរឿង
តែគេបានធ្វើរូបពីរបស់គួរស្អប់ខ្ពើម
និងរបស់គួរឆ្អើមរបស់គេនៅក្នុងនោះវិញ
បានជាយើងធ្វើឲ្យរបស់គេទៅជារបស់មិនស្អាត។
21យើងនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃ
នៃសាសន៍ដទៃធ្វើជារំពា
និងពួកមនុស្សនៅផែនដីប្លន់យក
ពួកនោះនឹងបន្ទាបបន្ថោករបស់ទាំងនោះ។
22យើងនឹងបែរមុខចេញពីគេ
ហើយគេនឹងបង្អាប់ទីកំបាំង របស់យើងដែរ
និងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។
23ចូរធ្វើច្រវាក់ ព្រោះស្រុកនេះពោពេញដោយអំពើឧក្រិដ្ឋ
ហើយទីក្រុងពោពេញដោយកំហឹង
24យើងនឹងនាំសាសន៍ដែលកាចអាក្រក់បំផុត
ឲ្យមកចាប់យកផ្ទះរបស់គេ
យើងនឹងបំបាក់អំនួតរបស់មនុស្សខ្លាំងពូកែ
ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេ
នឹងត្រូវអាប់ឱនចុះ។
25ពេលការបំផ្លាញមកដល់
គេនឹងស្វែងរកសេចក្ដីសុខសាន្ត
តែរកមិនបានសោះ។
26មហន្តរាយកើតមានផ្ទួនៗ
ហើយក៏នឹងឮពាក្យចចាម
អារាមអាក្រក់ជាបន្តបន្ទាប់
គេស្វែងរកនិមិត្តពីពួកហោរា
ប៉ុន្តែ ក្រឹត្យវិន័យនឹងបាត់អស់
ហើយគ្មានការប្រឹក្សាពីចាស់ទុំទៀតដែរ។
27ស្តេចកាន់ទុក្ខ ហើយពួកចៅហ្វាយអស់សង្ឃឹម
ឯដៃប្រជាជននៅក្នុងស្រុកត្រូវញ័ររន្ធត់
យើងនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត
ហើយនឹងជំនុំជម្រះគេ តាមគួរនឹងទោសរបស់គេ
នោះគេនឹងដឹងថា យើងនេះហើយ
ជាព្រះយេហូវ៉ាពិត។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies