អេ‌សេ‌គាល 6

6
ការ​ជំនុំ​ជម្រះ​ពួក​អ៊ីស្រា‌អែល​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ
1ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ 2«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ភ្នំ​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​ថ្លែង​ប្រាប់​គេ​ថា 3ភ្នំ​ទាំង​ឡាយនៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​ទាំង​ភ្នំ​ធំ ភ្នំ​តូច ទាំង​ជ្រោះ​ទឹក និង​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន​ថា គឺ​យើង​នេះ​ហើយ នឹង​នាំ​ដាវ​មក​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក។ 4អស់​ទាំង​អាស‌នា​របស់​អ្នក​នឹង​ត្រូវ​ខូច ហើយ​រូប​ព្រះ‌អាទិត្យ​របស់​អ្នក​នឹង​ត្រូវ​បាក់​បែក យើង​នឹង​បោះ​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ចុះ នៅ​មុខ​រូប​ព្រះ​របស់​អ្នក។ 5យើង​នឹង​ផ្តេក​សាក‌សព​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​មុខ​រូប​ព្រះ​របស់​គេ ហើយ​នឹង​កម្ចាត់‌កម្ចាយ​ឆ្អឹង​អ្នក នៅ​ជុំ‌វិញ​អាស‌នា​របស់​អ្នក។ 6នៅ​ទី​ណា​ដែល​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ ទី​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​វិនាស ហើយ​ទី​ខ្ពស់ៗ​នឹង​ត្រូវ​ខូច​បង់ ដើម្បី​ឲ្យ​អាស‌នា​របស់​អ្នក​រាល់​គ្នា​ត្រូវ​អន្តរាយ ហើយ​ខូច​បង់ រូប​ព្រះ​របស់​អ្នក​រាល់​គ្នា​ត្រូវ​បាក់​បែក ហើយ​វិនាស​អន្តរាយ អាសនា​ដុត​គ្រឿង​ក្រអូប​របស់​អ្នក​រាល់​គ្នា​ត្រូវ​កាប់​រំលំ ឯ​ស្នាដៃ​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​រលាយ​បាត់​អស់​ដែរ។ 7ពួក​អ្នក​ដែល​ត្រូវ​សម្លាប់ គេ​នឹង​ដួល​នៅ​កណ្ដាល​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ 8ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​សល់​នៅ​ខ្លះ ដើម្បី​ឲ្យ​មាន​អ្នក​ដែល​រួច​ពី​ដាវ​នៅ​កណ្ដាល​សាសន៍​ដទៃ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​តាម​ស្រុក​ផ្សេងៗ។ 9ពួក​អ្នក​ដែល​រួច គេ​នឹង​នឹក​ចាំ​ពី​យើង​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដែល​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ គឺ​នឹក​ពី​យើង ដែល​បាន​បំបាក់​ចិត្ត​កំផិត​របស់​គេ ដែល​បាន​ប្រាស​ចេញ​ពី​យើង​ទៅ ព្រម​ទាំង​ភ្នែក​គេ​ដែល​ផិត​តាម​រូប​របស់​ព្រះ​ខ្លួន​ផង នោះ​គេ​នឹង​មើល​ខ្លួន ដោយ​ខ្ពើម​ឆ្អើម ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ក្នុង​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ។ 10គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ដែល​យើង​បាន​ថា នឹង​ធ្វើ​ការ​អាក្រក់​ទាំង​នេះ​ដល់​គេ នោះ​មិន​មែន​ជា​ពាក្យ​លេង​ទេ។
11ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ទះ​ដៃ ហើយ​តន្ត្រំ​ជើង​ចុះ ដោយ​ពាក្យ​ថា វរ​ហើយ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដ៏​អាក្រក់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដ្បិត​គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​គ្រោះ​ទុរ្ភិក្ស និង​ដោយ​អាសន្ន‌រោគ។ 12អ្នក​ណា​ដែល​នៅ​ឆ្ងាយ នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ អ្នក​ដែល​នៅ​ជិត នឹង​ស្លាប់​ដោយ​ដាវ ហើយ​ពួក​សល់​នៅ​ក្នុង​ទី​ក្រុង ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ នឹង​ស្លាប់​ដោយ​គ្រោះ​ទុរ្ភិក្ស​វិញ គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង​ទៅ​លើ​គេ។ 13អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ បាន​ដេក​រណែល​កណ្ដាល​អស់​ទាំង​រូប​ព្រះ​របស់​ខ្លួន នៅ​ជុំ‌វិញ​អាស‌នា លើ​គ្រប់​ទាំង​ទួល​ខ្ពស់​គ្រប់​ទាំង​កំពូល​ភ្នំ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នឹង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ម៉ៃសាក់​ញឹក​ស្នឹត ជា​កន្លែង​ដែល​គេ​បាន​ដុត​គ្រឿង​ក្រអូប ថ្វាយ​ដល់​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ។ 14យើង​នឹង​លូក​ដៃ​ទៅ​លើ​គេ និង​ធ្វើ​ឲ្យ​ស្រុក​គេ​ត្រូវ​ខូច‌បង់ ហើយ​ស្ងាត់‌ច្រៀប លើស​ជាង​ទី​រហោ‌ស្ថាន​ដែល​នៅ​ខាង​រីបឡា ទៅ​ទៀត គឺ​នៅ​គ្រប់​ទាំង​ទី​កន្លែង​ណា​ដែល​គេ​អាស្រ័យ​នៅ​ផង នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 6: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល