អេ‌សេ‌គាល 9

9
ការ​ប្រហារ​អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ
1លំដាប់​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដាក់​ត្រចៀក​ខ្ញុំ ដោយ​ព្រះ‌សៀង​យ៉ាង​ខ្លាំង​ថា៖ «ចូរ​ឲ្យ​ពួក​អ្នក​ដែល​ត្រួត‌ត្រា​ការ​ក្នុង​ទី​ក្រុង​ចូល​មក​ជិត​ចុះ ត្រូវ​ឲ្យ​គ្រប់​គ្នា​កាន់​គ្រឿង​ប្រហារ​របស់​ខ្លួន​នៅ​ដៃ​ផង»។ 2នោះ​ឃើញ​មាន​មនុស្ស​ប្រាំមួយ​នាក់​មក​តាម​ផ្លូវ​ទ្វារ​ខាង​លើ ដែល​បើក​ទៅ​ទិស​ខាង​ជើង គ្រប់​គ្នា​ក៏​កាន់​គ្រឿង​សម្លេះ​នៅ​ដៃ ហើយ​មាន​ម្នាក់​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក នៅ​កណ្ដាល​គេ មាន​ស្ពាយ​ដប​ទឹក​ខ្មៅ អ្នក​ទាំង​នោះ​ក៏​ចូល​ទៅ​ឈរ​ក្បែរ​អាស‌នា​លង្ហិន»។
3ខណៈ​នោះ សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ឡើង​ផុត​ពី​ចេរូ‌ប៊ីន ជា​កន្លែង​ដែល​ធ្លាប់​សណ្ឋិត​នៅ​ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​អ្នក​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ 4ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្ដាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សម្គាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស​ដែល​ដក​ដង្ហើម​ធំ ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង» 5ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដល់​ប្រាំ​នាក់​ឯ​ទៀត​នៅ​ត្រចៀក​ខ្ញុំ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ដើរ​បង្ហូត​ទី​ក្រុង​តាម​អ្នក​មួយ​នោះ ហើយ​ប្រហារ​ទៅ កុំ​ឲ្យ​ភ្នែក​អ្នក​ប្រណី ឬ​អាណិត​អាសូរ​ឡើយ។ 6ត្រូវ​សម្លាប់​ទាំង​ពួក​ចាស់ ពួក​កំលោះ ពួក​ក្រមុំ ពួក​ក្មេង និង​ពួក​ស្រីៗ​ឲ្យ​អស់​រលីង​ទៅ ប៉ុន្តែ កុំ​ចូល​ទៅ​ជិត​មនុស្ស​ណា​ដែល​មាន​ទី​សម្គាល់​នៅ​ខ្លួន​ឡើយ ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​ទី​បរិសុទ្ធ​របស់​យើង​ផង»។ ដូច្នេះ អ្នក​ទាំង​នោះ​ក៏​ផ្តើម​ពី​ពួក​ចាស់​ទុំ​ដែល​នៅ​មុខ​ព្រះ‌វិហារ 7ព្រះ‌អង្គ​ក៏​បង្គាប់​ថា៖ «ចូរ​បង្អាប់​វិហារ​ចុះ ត្រូវ​សម្លាប់​គេ​ឲ្យ​ទី‌លាន​បាន​ពេញ​ដោយ​សាក‌សព។ ទៅ! ចូរ​ចេញ​ទៅ​ចុះ!»។ ដូច្នេះ គេ​ក៏​ចេញ​ទៅ​ប្រហារ​នៅ​ក្នុង​ទី​ក្រុង។ 8កាល​គេ​កំពុង​តែ​សម្លាប់ ហើយ​មាន​តែ​ខ្ញុំ​សល់​នៅ នោះ​ខ្ញុំ​ក៏​ផ្កាប់​មុខ​អំពាវ‌នាវ​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​សំណល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​មក​លើក្រុង​យេរូ‌សាឡិម​ឬ?»។
9ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា​មាន​ទោស​ធ្ងន់​ណាស់ ស្រុក​នេះ​ពោ​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​មើល​មិន​ឃើញ​ទេ។ 10រីឯ​យើង​វិញ ភ្នែក​យើង​នឹង​មិន​ប្រណី​ទេ យើង​មិន​អាណិត​មេត្តា​ឡើយ គឺ​យើង​នឹង​ទម្លាក់​អំពើ​របស់​គេ​មក​លើ​ក្បាល​គេ​វិញ។ 11ពេល​នោះ មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​ក៏​មក​ទូល​ថា ទូល‌បង្គំ​បាន​ធ្វើ​សម្រេច​តាម​បង្គាប់​ព្រះ‌អង្គ​ហើយ»។

ទើបបានជ្រើសរើសហើយ៖

អេ‌សេ‌គាល 9: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល