អេសេគាល 10
10
សិរីល្អរបស់ព្រះបានចាកចេញពីក្រុងយេរូសាឡិមហើយ
1ពេលនោះ ខ្ញុំមើលឃើញនៅក្នុងលំហអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀង ដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ 2ព្រះអង្គមានព្រះបន្ទូលទៅកាន់មនុស្សដែលស្លៀកសំពត់ទេសឯកថា៖ «ចូរចូលទៅកណ្ដាលកង់ទាំងនោះ គឺក្រោមចេរូប៊ីន ហើយកើបរងើកភ្លើងពេញដៃទាំងពីរ ពីកណ្ដាលចេរូប៊ីននោះ រួចបាចទៅលើទីក្រុងទៅ» ខ្ញុំក៏ឃើញអ្នកនោះចូលទៅ។ 3កំពុងដែលមនុស្សនោះចូលទៅ ចេរូប៊ីនក៏នៅខាងស្តាំព្រះវិហារ ហើយពពកក៏នៅពេញក្នុងទីលានខាងក្នុង។ 4សិរីល្អនៃព្រះយេហូវ៉ាបានឡើងផុតពីចេរូប៊ីន ទៅនៅប្រឡោះទ្វារនៃព្រះវិហារវិញ ឯព្រះវិហារក៏ពេញដោយពពក ហើយទីលានមានពេញដោយរស្មីនៃសិរីល្អរបស់ព្រះយេហូវ៉ា។ 5មានឮសូរសន្ធឹកស្លាបរបស់ចេរូប៊ីន រហូតដល់ទីលានខាងក្រៅ ហាក់ដូចជាព្រះសៀងនៃព្រះដ៏មានគ្រប់ចេស្តា ក្នុងកាលដែលព្រះអង្គមានព្រះបន្ទូល។ 6ពេលព្រះអង្គបានបង្គាប់មនុស្សដែលស្លៀកសំពត់ទេសឯក ឲ្យកើបយករងើកភ្លើងពីកណ្ដាលកង់ទាំងនោះ គឺពីកណ្ដាលចេរូប៊ីនហើយ នោះលោកក៏ចូលទៅឈរនៅក្បែរកង់ទាំងនោះ។ 7ចំណែកចេរូប៊ីនមួយក៏លូកដៃពីកណ្ដាលពួកចេរូប៊ីន ទៅចាប់យកភ្លើងដែលនៅកណ្ដាលចេរូប៊ីន ទៅដាក់ក្នុងដៃរបស់មនុស្ស ដែលស្លៀកសំពត់ទេសឯក ហើយអ្នកនោះទទួលយកចេញទៅ។ 8ខណៈនោះ នៅក្រោមស្លាបរបស់ចេរូប៊ីន ឃើញមានសណ្ឋានដូចជាដៃមនុស្សលេចមក។
9ខ្ញុំមើលឃើញមានកង់បួននៅខាងចេរូប៊ីន គឺកង់មួយខាងចេរូប៊ីនមួយ ហើយកង់មួយខាងចេរូប៊ីនមួយទៀត កង់ទាំងនោះមើលទៅដូចជាត្បូងបេរីល។ 10កង់ទាំងបួននោះ មានសណ្ឋានដូចគ្នាទាំងអស់ គឺបែបដូចជាមានកង់មួយនៅក្នុងកង់មួយទៀត។ 11កាលណាទៅ ក៏ទៅទាំងបួនខាង ឥតងាកបែរទៅឯណាក្នុងកាលដែលកំពុងតែទៅនោះឡើយ គឺទិសណាដែលតម្រង់ទៅ ទាំងអស់ក៏ទៅតាម ឥតងាកបែរទៅឯណាឡើយ។ 12ហើយតួទាំងមូល និងខ្នង ដៃ ស្លាប ព្រមទាំងកង់ផង ក៏មានពេញដោយភ្នែកនៅជុំវិញ គឺទាំងកង់បួននោះផង។ 13កង់ទាំងនោះ ខ្ញុំឮគេហៅថា «កង់វិល»។ 14គ្រប់គ្នាមានមុខបួន មុខទីមួយជាមុខដូចជាចេរូប៊ីន មុខទីពីរជាមុខមនុស្ស មុខទីបីជាមុខសិង្ហ ហើយមុខទីបួនជាមុខឥន្ទ្រី។ 15ពួកចេរូប៊ីននោះក៏ឡើងទៅ នេះហើយជាសត្វមានជីវិត ដែលខ្ញុំឃើញក្បែរទន្លេកេបារ 16កាលណាចេរូប៊ីនទៅណា កង់នោះក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនកាងស្លាបដើម្បីឡើងផុតពីដី នោះកង់ក៏មិនខាននឹងអមទៅជាមួយដែរ។ 17កាលណាពួកនេះឈប់ ពួកនោះក៏ឈប់ដែរ ហើយកាលណាពួកនេះហើរឡើងទៅ ពួកនោះក៏ឡើងទៅជាមួយគ្នា ដ្បិតវិញ្ញាណនៃសត្វមានជីវិតសណ្ឋិតនៅក្នុងទាំងអស់។
18ឯសិរីល្អនៃព្រះយេហូវ៉ា ក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ទៅសណ្ឋិតពីលើពួកចេរូប៊ីន។ 19រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីដី ខ្ញុំបានឃើញផ្ទាល់ភ្នែក មានទាំងកង់អមទៅផង នោះក៏ទៅឈរនៅមាត់ទ្វារកំផែងទិសខាងកើតរបស់ព្រះវិហារនៃព្រះយេហូវ៉ា ហើយសិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលក៏សណ្ឋិតនៅពីលើ។
20នេះជាសត្វមានជីវិត ដែលខ្ញុំបានឃើញនៅក្រោមព្រះនៃសាសន៍អ៊ីស្រាអែល ត្រង់ទន្លេកេបារ ខ្ញុំបានដឹងថា នោះជាពួកចេរូប៊ីនដែរ។ 21គ្រប់គ្នាមានមុខបួន ហើយមានស្លាបបួនដែរ នៅក្រោមស្លាបនោះក៏មានសណ្ឋានដូចជាដៃមនុស្ស។ 22សណ្ឋានមុខរបស់តួទាំងនោះ គឺដូចជាមុខដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបារ សត្វទាំងនោះបានហើរត្រង់ទៅខាងមុខរៀងខ្លួន។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 10: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies