២ សាំ‌យូ‌អែល 18

18
បរាជ័យ​របស់​កង‌ទ័ព​ស្តេច​អាប់សា‌ឡុម
1គ្រា​នោះ ព្រះបាទ​ដាវីឌ​បាន​ត្រួត‌ត្រា​មើល​ពួក​ពល​ទ័ព​ដែល​នៅ​ជា‌មួយ​ទ្រង់ ក៏​តាំង​ឲ្យ​មាន​មេ​លើ​មួយ​ពាន់​នាក់ ហើយ​មេ​លើ​មួយ​រយ​នាក់។ 2ព្រះ​បាទ​ដាវីឌ​បាន​ចែកពល​ទ័ព​ជា​បី​កង មួយ​កង​នៅ​ក្រោម​អំណាច​យ៉ូអាប់ មួយ​ទៀត​នៅ​ក្រោម​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា ហើយ​មួយ​ទៀត នៅ​ក្រោម​អំណាច​អ៊ីត‌តាយ ជា​ពួក​កាថ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​គេ​ថា៖ «យើង​ក៏​នឹង​ចេញ​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ»។ 3ប៉ុន្តែ ពល​ទ័ព​ទូល​ថា៖ «ព្រះ‌ករុណា​មិន​ត្រូវ​យាង​ទៅ​ឡើយ ដ្បិត​ប្រសិន‌បើ​យើង​ខ្ញុំ​បាក់​ទ័ព​រត់ គេ​មិន​រវល់​នឹង​យើង​ខ្ញុំ​ទេ។ ប្រសិន‌បើ​យើង​ខ្ញុំ​ស្លាប់​អស់​ពាក់​កណ្ដាល គេក៏​មិន​រវល់​នឹង​យើង​ខ្ញុំ​ដែរ។ រី​ឯ​ព្រះ‌ករុណា​វិញ មាន​តម្លៃ​ស្មើ​នឹង​យើង​ខ្ញុំ​មួយ​ម៉ឺន​នាក់​ឯ​ណោះ។ ដូច្នេះ គួរ​តែ​ព្រះ‌ករុណា​គង់​នៅ​ក្នុង​ទី​ក្រុង ចាំ​ជួយ​យើង​ខ្ញុំ​វិញ»។ 4នោះ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ធ្វើ​តាម​ដែលអ្នក​រាល់​គ្នា​គិត​ឃើញ​ថា​ត្រូវ»។ ដូច្នេះ ស្ដេច​ក៏​ឈរ​នៅ​មាត់​ទ្វារ​ទី​ក្រុង ហើយ​ពួក​បណ្ដា​ទ័ព​ទាំង​ប៉ុន្មាន គេ​ចេញ​ទៅ​ដោយ​ពួក​រយ ពួក​ពាន់ 5ស្ដេច​ក៏​បង្គាប់​ដល់​យ៉ូអាប់ អ័ប៊ី‌សាយ និង​អ៊ីត‌តាយ​ថា៖ «ចូរ​មេត្តា​ដល់​អាប់សា‌ឡុម​ជា​កូន​ប្រុស​យើង​ផង ដោយ​យល់​ដល់​យើង»។ បណ្ដា​ទ័ព​ក៏​បាន​ឮ ក្នុង​កាល​ដែល​ស្តេច​បាន​ផ្តាំ​ពី​ដំណើរ​អាប់សា‌ឡុម ដល់​ពួក​មេ​ទាំង​ប៉ុន្មាន​ដែរ។
6ដូច្នេះ ពួក​បណ្ដា​ទ័ព​ក៏​ចេញ​ទៅ​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ត​យុទ្ធ​គ្នា​នៅ​ក្នុង​ព្រៃ​អេប្រាអិម 7បណ្ដា​ពួក​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​គេ​ចាញ់​ពួក​ពល​ខាង​ដាវីឌ​នៅ​ទី​នោះ ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក​ណាស់ អស់​ចំនួន​ពីរ​ម៉ឺន​នាក់។ 8ដ្បិត​ការ​សង្គ្រាម​បាន​លុក‌លុយ​ពេញ​ក្នុង​ស្រុក​នោះ ហើយ​នៅ​ថ្ងៃ​នោះ ព្រៃ​ក៏​ធ្វើ​ឲ្យ​បណ្ដា​មនុស្ស​វិនាស​ទៅ ច្រើន​ជាង​វិនាស​ដោយ​មុខ​ដាវ​ទៅ​ទៀត។
9អាប់សា‌ឡុម​បាន​ប្រទះ​នឹង​ពួក​ពល​ទ័ព​ខាង​ព្រះបាទ​ដាវីឌ គ្រា​នោះ ទ្រង់​កំពុង​គង់​លើ​លា​កាត់ សត្វ​ជំនិះ​ក៏​ទៅ​ក្រោម​មែក​ដើម​ម៉ៃសាក់​ធំ​មួយ​ដែល​មាន​មែក​សាខា នោះ​ព្រះ‌សិរ​ក៏​ទាក់​ជាប់​នៅ​នឹង​មែក​ឈើ ព្យួរ​ផុត​ជើង​ពី​ដី ឯ​លា​កាត់​ដែលស្ដេច​គង់​ក៏​ដើរ​បង្ហួស​ទៅ។ 10ខណៈ​នោះ មាន​មនុស្ស​ម្នាក់​បាន​ឃើញ ក៏​ទៅ​ជម្រាប​ដល់​យ៉ូអាប់​ថា៖ «ន៏ ខ្ញុំ​បាន​ឃើញ​អាប់សា‌ឡុម​ព្យួរ​នៅ​លើ​ដើម​ម៉ៃសាក់​មួយ»។ 11ឯ​យ៉ូអាប់​ក៏​បន្ទោស​ដល់​អ្នក​ដែល​ប្រាប់​ដំណឹង​នោះ​ថា៖ «បើ​ឯង​បាន​ឃើញ​ហើយ ម្តេច​ក៏​មិន​បាន​វាយ​សម្លាប់​នៅ​ទី​នោះ​ភ្លាម​ទៅ យើង​នឹង​បាន​ឲ្យ​ប្រាក់​ដប់​ដួង និង​ខ្សែ​ក្រវាត់​មួយ​ដល់​ឯង»។ 12ប៉ុន្តែ អ្នក​នោះ​ឆ្លើយ​តប​ថា៖ «បើ​ទុក​ជា​បាន​ប្រាក់​មួយ​ពាន់​មក​ដៃ​ខ្ញុំ គង់​តែ​ខ្ញុំ​ក៏​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ‌រាជ​បុត្រា​នៃ​ស្តេច​ដែរ ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ផ្តាំ​ដល់​លោក និង​អ័ប៊ី‌សាយ ហើយ​អ៊ីត‌តាយ​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ពាល់​អាប់សា‌ឡុម ជា​កូន​មាន​វ័យ​ក្មេង​នោះ​ឡើយ។ 13ម្យ៉ាង​វិញ​ទៀត ប្រសិន‌បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ក្បត់​ចំពោះ​ព្រះ‌ជន្ម​ព្រះ‌រាជ​បុត្រ (នោះ​គ្មាន​អ្វី​លាក់​កំបាំង​នឹង​ស្តេច​ឡើយ) សូម្បី​តែ​លោក​ក៏​ទាស់​នឹង​ខ្ញុំ​ដែរ»។ 14យ៉ូអាប់​ឆ្លើយ​ថា៖ «មិន​គួរ​ឲ្យ​អ្នក​នៅ​បង្ខាត​ពេល​ជា‌មួយ​នឹង​ឯង​ដូច្នេះ​ទេ» រួច​លោក​ចាប់​យក​ដែក​ពួយ​បី​កាន់​នៅ​ដៃ ទៅ​ពួយ​ទម្លុះ​ត្រង់​បេះដូង​អាប់សា‌ឡុម ក្នុង​កាល​ដែល​កំពុង​នៅ​រស់ ជាប់​នៅ​នឹង​ដើម​ម៉ៃសាក់​នៅ​ឡើយ។ 15យុវជន​ដប់​នាក់​ដែល​កាន់​អាវុធ​របស់​លោក​យ៉ូអាប់ ក៏​ចោម‌រោម​វាយ​សម្លាប់​អាប់សា‌ឡុម​ទៅ។
16រួច​ហើយ យ៉ូអាប់​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​ទ័ព​ក៏​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​អ៊ីស្រា‌អែល​មក​វិញ ដ្បិត​លោក​ប្រណី​ដល់​គេ។ 17គេ​យក​សព​របស់​អាប់សា‌ឡុម​ទៅ​បោះ​ចោល​ក្នុង​រណ្តៅ​ធំ នៅ​កណ្ដាល​ព្រៃ រួច​បង្គរ​ថ្ម​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ឯ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​រត់​ទៅ​ឯ​ទី​លំ‌នៅ​របស់​គេ​រៀង​ខ្លួន​ទៅ។ 18នៅ​គ្រា​ដែល​អាប់សា‌ឡុម​គង់​ព្រះ‌ជន្ម​នៅ​ឡើយ ទ្រង់​ធ្វើ​បង្គោល​ថ្ម​មួយ ទុក​នៅ​ច្រក​ភ្នំ​នៃ​ហ្លួង​សម្រាប់​ជា​ទី​រំឭក ដោយ​នឹក​ថា៖ «យើង​គ្មាន​កូន​ប្រុស​ដើម្បី​នឹង​បន្ត​ឈ្មោះ​យើង​ទេ»។ ទ្រង់​ក៏​ដាក់​ឈ្មោះ​ថ្ម​នោះ​តាម​នាម​របស់​ទ្រង់ គេ​ក៏​ហៅ​ថ្ម​នោះ​ថា «ថ្ម​អាប់សា‌ឡុម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។
ព្រះបាទ​ដាវីឌ​ជ្រាប​ពី​ការ​សុគត​របស់​ស្តេច​អាប់សា‌ឡុម
19គ្រា​នោះ អ័ហ៊ីម៉ាស​កូន​សាដុក មាន​វាចា​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​នាំ​ដំណឹង រត់​ទៅ​ទូល​ស្តេច​ពី​ដំណើរ​ដែល​ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ទ្រង់​ហើយ»។ 20ប៉ុន្តែ យ៉ូអាប់​ឆ្លើយ​ថា៖ «ថ្ងៃ​នេះ ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ទេ ចាំ​ដល់​ថ្ងៃ​ក្រោយ​វិញ តែ​ថ្ងៃ​នេះ ឯង​មិន​ត្រូវ​នាំ​យក​ដំណឹង​ទៅ​ឡើយ ព្រោះ​រាជ​បុត្រ​របស់​ស្តេច​សុគត​ហើយ»។ 21រួច​យ៉ូអាប់​ក៏​ប្រាប់​គូស៊ី​ថា៖ «ចូរ​ទៅ​ទូល​ស្តេច​ពី​ការ​ដែល​អ្នក​បាន​ឃើញ​ចុះ»។ គូស៊ី​ក៏​ក្រាប​សំពះ​យ៉ូអាប់ ហើយ​រត់​ចេញ​ទៅ។ 22នោះ​អ័ហ៊ីម៉ាស ជា​កូន​សាដុក គាត់​សូម​យ៉ូអាប់​ម្តង​ទៀត​ថា៖ «ទោះ​បើ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​គូស៊ី​ផង» យ៉ូអាប់​តប​ថា៖ «កូន​អើយ ឯង​ចង់​រត់​ទៅ​ធ្វើ​អី ដំណឹង​យ៉ាង​នេះ​មិន​មែន​ជា​គុណ​ដល់​ឯង​ទេ» 23តែ​គាត់​ថា៖ «ទោះ​បើ​យ៉ាង​ណា​ក៏​ដោយ​ចុះ គង់​តែ​ខ្ញុំ​នឹង​រត់​ទៅ​ដែរ»។ ដូច្នេះ យ៉ូអាប់​ក៏​បណ្តោយ​ថា៖ «ចូរ​រត់​ទៅ​ចុះ»។ អ័ហ៊ីម៉ាស​ក៏​រត់​ទៅ​តាម​ផ្លូវ​វាល​ដល់​មុន​គូស៊ី។
24ឯ​ដាវីឌ ទ្រង់​គង់​នៅ​ត្រង់​រវាង​ទ្វារ​ទាំង​ពីរ អ្នក​ចាំ​យាម​ក៏​ឡើង​ទៅ​លើ​ខ្លោង​ទ្វារ​កំផែង រួច​ងើប​ភ្នែក​ឡើង​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​រត់​មក។ 25អ្នក​ចាំ​យាម​ក៏​ស្រែក​ទូល​ដល់​ស្តេច ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «បើ​វា​មក​តែ​ឯង នោះ​គឺ​វា​នាំ​ដំណឹង​មក​ហើយ»។ អ្នក​នោះ​មក​កាន់​តែ​ជិត​ដល់ 26រួច​អ្នក​ចាំ​យាម​ឃើញ​ម្នាក់​ទៀត​កំពុង​តែ​រត់​មក ក៏​ស្រែក​ប្រាប់​ទៅ​អ្នក​ឆ្មាំ​ទ្វារ​ថា៖ «មើល​ន៏ មាន​ម្នាក់​ទៀត​រត់​មក​ដែរ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «នោះ​ក៏​នាំ​ដំណឹង​មក​ដែរ»។ 27អ្នក​ចាំ​យាម​ទូល​ថា៖ «ទូល‌បង្គំ​ស្មាន​ថា អ្នក​ដែល​រត់​មក​មុន នោះ​មាន​ភាព​រត់​ដូច​ជា​អ័ហ៊ីម៉ាស កូន​សាដុក» ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «អ្នក​នោះ​ជា​មនុស្ស​ល្អ ក៏​នាំ​ដំណឹង​ល្អ​មក»។
28គ្រា​នោះ អ័ហ៊ីម៉ាស​ស្រែក​ទូល​មក​ស្តេច​ថា៖ «មាន​សុខ​ហើយ»។ រួច​គាត់​ក្រាប​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ស្តេច​ទូល​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដោយ​ព្រះ‌អង្គ​បាន​ប្រគល់​ពួក​អ្នក​ដែល​លើក​ដៃ​ទាស់​នឹង​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ មក​ហើយ»។ 29ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​អាប់សា‌ឡុម​ជា​កូន​ប្រុស​យើង​សុខ​សប្បាយ​ឬ​ទេ?»។ អ័ហ៊ីម៉ាស​ទូល​ឆ្លើយ​ថា៖ «កាល​យ៉ូអាប់​បាន​ចាត់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌ករុណា មក នោះ​ទូល‌បង្គំ​ឃើញ​ថា មាន​ជ្រួល‌ជ្រើម​ជា​ខ្លាំង តែ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ទេ»។ 30ដូច្នេះ ស្តេច​ប្រាប់​ថា៖ «ចូរ​ឯង​បែរ​ទៅ ឈរ​ខាង​នោះ​សិន»។ គាត់​ក៏​បែរ​ទៅ ឈរ​ស្ងៀម​នៅ​ទី​នោះ។
31លំដាប់​នោះ គូស៊ី​ក៏​មក​ដល់​ទូល​ថា៖ «ទូល‌បង្គំ​មាន​ដំណឹង​មក​ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​សង‌សឹក​នឹង​ពួក​ក្បត់ ដែល​បាន​លើក​ដៃ​ទាស់​នឹង​ព្រះ‌ករុណា​ហើយ»។ 32ស្តេច​មាន​រាជ‌ឱង្ការ​សួរ​គូស៊ី​ថា៖ «តើ​អាប់សា‌ឡុម​កូន​ប្រុស​យើង​សុខ​សប្បាយ​ឬ​ទេ?»។ គូស៊ី​ទូល​ឆ្លើយ​ថា៖ «សូម​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ និង​អស់​អ្នក​ដែល​លើក​គ្នា​ក្បត់​ចំពោះ​ទ្រង់ បាន​ដូច​ជា​បុត្រា​ទ្រង់​ចុះ»។
ព្រះបាទ​ដាវីឌ​កាន់​ទុក្ខ​ចំពោះ​អាប់សាឡុម
33 នោះ​ស្ដេច​មាន​សេចក្ដី​រំជួល​ក្នុង​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង ក៏​យាង​ឡើង​ទៅ​ក្នុង​បន្ទប់​ខាង​លើ​ខ្លោង‌ទ្វារ ហើយ​ទ្រង់​ព្រះ‌កន្សែង កំពុង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា៖ «ឱ​អាប់សា‌ឡុម​បុត្រ​បិតា! បុត្រ​បិតា​អើយ! ឱ​អាប់សា‌ឡុម​បុត្រ​បិតា​អើយ ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់សា‌ឡុម​បុត្រ​បិតា! បុត្រ​បិតា​អើយ!»។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 18: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល