២ សាំយូអែល 17
17
1មួយទៀត អ័ហ៊ីថូផែល លោកទូលទៅអាប់សាឡុមថា៖ «សូមឲ្យទូលបង្គំទៅរើសទាហានមួយម៉ឺនពីរពាន់នាក់នាំចេញទៅ ដេញតាមដាវីឌនៅយប់នេះឯង។ 2ទូលបង្គំនឹងបានទាន់ ក្នុងកាលដែលកំពុងតែអស់កម្លាំង ហើយមានដៃខ្សោយ រួចនឹងធ្វើឲ្យភ័យ យ៉ាងនោះបណ្ដាទ័ពទាំងអស់ដែលនៅជាមួយនឹងរត់ចេញទៅ ទូលបង្គំនឹងវាយតែស្តេចប៉ុណ្ណោះ 3ហើយទូលបង្គំនឹងនាំប្រជាជនទាំងអស់មកថ្វាយព្រះករុណាវិញ ទុកដូចជាប្រពន្ធវិលមករកប្ដីរបស់ខ្លួននៅឯផ្ទះ។ ព្រះករុណាស្វែងរកតែជីវិតមនុស្សម្នាក់ប៉ុណ្ណោះ ឯមនុស្សទាំងអស់នឹងបានសេចក្ដីសុខ»។ 4ពាក្យនោះក៏គាប់ព្រះហឫទ័យដល់អាប់សាឡុម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នា។
គំនិតរបស់លោកហ៊ូសាយ
5ប៉ុន្តែ អាប់សាឡុមមានរាជឱង្ការថា៖ «ចូរហៅហ៊ូសាយជាពួកអើគីមក ដើម្បីយើងបានស្តាប់សេចក្ដីដែលគាត់ថាជាយ៉ាងណាដែរ»។ 6កាលហ៊ូសាយបានមកដល់អាប់សាឡុមហើយ ស្ដេចមានរាជឱង្ការថា៖ «អ័ហ៊ីថូផែលបាននិយាយដូច្នេះ តើគួរឲ្យយើងធ្វើតាមអី? បើមិនគួរទេ សូមឆ្លើយប្រាប់មកចុះ»។ 7ដូច្នេះ ហ៊ូសាយក៏ទូលឆ្លើយថា៖ «សេចក្ដីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ 8ដ្បិតទ្រង់ជ្រាបថា បិតា និងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀត បិតាទ្រង់ជាមនុស្សថ្នឹកចម្បាំងផង ទ្រង់មិនផ្ទំនៅជាមួយពួកពលទេ។ 9ពេលថ្មើរនេះ មុខជាទ្រង់ពួននៅក្នុងរណ្តៅណាមួយ ឬនៅកន្លែងណាទៀតមិនខាន ដូច្នេះ កាលណាចាប់ផ្ដើមច្បាំងគ្នា ហើយមានពួកយើងខ្លះដួលស្លាប់ នោះអ្នកណាដែលឮ គេនឹងផ្សាយប្រាប់ថា មានពួកខាងអាប់សាឡុមស្លាប់សន្ធឹកហើយ 10យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា បិតាទ្រង់ និងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់ 11ឯទូលបង្គំ សូមថ្វាយសេចក្ដីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយអង្គទ្រង់វិញ។ 12យ៉ាងនោះ យើងខ្ញុំរាល់គ្នានឹងទៅទាន់បិតាទ្រង់ នៅកន្លែងណាដែលរកឃើញ ហើយនឹងស្ទុះទៅលើ ដូចជាទឹកសន្សើមធ្លាក់មកលើដីតែម្តង ឥតទុកឲ្យអ្នកណាមួយនៅសល់ឡើយ ទោះទាំងបិតា និងពួកដែលនៅជាមួយផង។ 13ឬបើបានចូលទៅជ្រកក្នុងទីក្រុងណា នោះពួកអ៊ីស្រាអែលទាំងអស់នឹងយកពួរទៅទាញអូសទីក្រុងនោះទម្លាក់ចុះក្នុងទន្លេ ដរាបដល់រកថ្មមួយយ៉ាងតូច នៅទីនោះមិនឃើញផង»។ 14នោះអាប់សាឡុម និងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា៖ «គំនិតរបស់ហ៊ូសាយជាពួកអើគីនេះ ល្អជាងគំនិតរបស់អ័ហ៊ីថូផែល» (ព្រះយេហូវ៉ាបានតម្រូវឲ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំការអាក្រក់មកលើអាប់សាឡុមវិញ)។
លោកហ៊ូសាយដាស់តឿនព្រះបាទដាវីឌឲ្យភៀសខ្លួន
15គ្រានោះ ហ៊ូសាយរៀបរាប់ប្រាប់សង្ឃសាដុក និងសង្ឃអ័បៀថើរថា៖ «អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡុម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះមួយៗ តែខ្ញុំបានទូលយ៉ាងនេះវិញ។ 16ដូច្នេះ សូមចាត់គេជាប្រញាប់ ឲ្យទៅទូលដល់ព្រះករុណាថា "នៅយប់នេះ សូមទ្រង់កុំផ្ទំនៅទីរហោស្ថានឡើយ សូមយាងឆ្លងទៅខាងមុខទៀតទៅ ក្រែងព្រះករុណា និងពួកអ្នកដែលនៅជាមួយ ត្រូវវិនាសបាត់"»។
17រីឯយ៉ូណាថាន និងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូលក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ព្រះបាទដាវីឌ។ 18ប៉ុន្តែ មានក្មេងម្នាក់បានឃើញ ក៏ទៅក្រាបទូលដល់អាប់សាឡុម តែអ្នកទាំងពីរនាំគ្នាចេញទៅជាប្រញាប់ បានទៅដល់ផ្ទះរបស់មនុស្សម្នាក់ នៅត្រង់បាហ៊ូរីមដែលមានអណ្តូងនៅទីធ្លាផ្ទះ អ្នកទាំងពីរក៏ចុះទៅពួនក្នុងអណ្តូងនោះ។ 19ឯស្ត្រីជាម្ចាស់ផ្ទះ ក៏យកសំពត់គ្របមាត់អណ្តូង ហើយរាយហាលអង្ករពីលើ ឥតមានអ្នកណាសង្ស័យឡើយ។ 20ចំណែកពួកអ្នកដែលអាប់សាឡុមចាត់ប្រើ ក៏មកដល់ស្រីនោះ នៅក្នុងផ្ទះសួរថា៖ «តើអ័ហ៊ីម៉ាស និងយ៉ូណាថាននៅឯណា?» តែស្រីនោះឆ្លើយថា៖ «គេបានឆ្លងស្ទឹងទៅបាត់ហើយ»។ កាលគេស្វែងរកមិនឃើញសោះ នោះក៏នាំគ្នាត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
21ពេលគេចេញទៅបាត់ហើយ នោះអ្នកទាំងពីរក៏នាំគ្នាឡើងចេញពីអណ្តូងមក ទៅក្រាបទូលដល់ព្រះបាទដាវីឌ ដោយពាក្យថា៖ «សូមទ្រង់តើនឡើងយាងឆ្លងទឹកនេះជាប្រញាប់ទៅ ដ្បិតអ័ហ៊ីថូផែលបានបញ្ចេញគំនិតទាស់នឹងទ្រង់យ៉ាងនេះហើយ»។ 22ដូច្នេះ ដាវីឌ និងពួកអ្នកដែលនៅជាមួយ ក៏ក្រោកឡើងឆ្លងទន្លេយ័រដាន់ លុះថ្ងៃភឺ្លឡើង គ្រប់គ្នាបានឆ្លងទន្លេយ័រដាន់ផុតឥតសល់ម្នាក់ឡើយ។
23ពេលអ័ហ៊ីថូផែលឃើញថា គេមិនបានតាមគំនិតខ្លួនដូច្នោះ នោះលោកក៏ចងកែបលា ជិះត្រឡប់ទៅដល់ផ្ទះ នៅទីក្រុងរបស់លោកវិញ ចាត់ចែងការក្នុងផ្ទះស្រេចហើយ រួចចងកស្លាប់ទៅ គេបញ្ចុះសពលោកនៅក្នុងផ្នូររបស់ឪពុកលោក។
24បន្ទាប់មក ព្រះបាទដាវីឌយាងទៅដល់ក្រុងម៉ាហាណែម ឯអាប់សាឡុម និងពួកពលទ័ពអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅជាមួយ ក៏ឆ្លងទន្លេយ័រដាន់ទៅ 25អាប់សាឡុមបានតាំងអ័ម៉ាសាឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់។ អ័ម៉ាសាជាកូនរបស់សាសន៍អ៊ីស្មាអែល ម្នាក់ឈ្មោះយីតរ៉ា ដែលបានរៀបការនឹងនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់។ 26ចំណែកពួកអ៊ីស្រាអែល និងអាប់សាឡុមបានបោះទ័ពនៅស្រុកកាឡាត។
27កាលព្រះបាទដាវីឌបានទៅដល់ម៉ាហាណែមហើយ នោះសូប៊ីជាកូនណាហាស ដែលនៅត្រង់រ៉ាបា ស្រុករបស់ពួកកូនចៅអាំម៉ូន ហើយម៉ាគារជាកូនអាំមាលនៅឡូរ-ដេបារ និងបារស៊ីឡាយជាពួកកាឡាតដែលនៅរ៉ូគីលីម 28គេយកគ្រែ ចាន ឆ្នាំងផ្សេងៗ ព្រមទាំងស្រូវភោជ្ជសាលី ស្រូវឱក ម្សៅ លាជ ពពាយ និងសណ្តែក 29ទឹកឃ្មុំ ខ្លាញ់ទឹកដោះគោ សត្វចៀម ទឹកដោះគោខះមក សម្រាប់ព្រះបាទដាវីឌ និងប្រជាជនដែលនៅជាមួយបានបរិភោគ ដោយថា៖ «ពួកប្រជាជនឃ្លានណាស់ ហើយល្វើយនៅទីរហោស្ថាន»។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 17: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies