២ សាំយូអែល 19
19
1មានគេទៅជម្រាបយ៉ូអាប់ថា៖ «ស្តេចព្រះកន្សែង សោយសោកនឹងអាប់សាឡុម»។ 2ថ្ងៃនោះ ជ័យជម្នះត្រឡប់ទៅជាទុក្ខសោកសម្រាប់ប្រជាជនទាំងឡាយ ព្រោះនៅថ្ងៃនោះ គេឮដំណឹងថា ស្តេចសោយសោកនឹងបុត្រា។ 3ដូច្នេះ នៅថ្ងៃនោះ ប្រជាជនចូលមកក្នុងទីក្រុងដោយលួចលាក់ ដូចជាមនុស្សដែលលបចេញពីទីចម្បាំងទៅ ដោយអាម៉ាស់។ 4ឯស្តេចបិទព្រះភក្ត្រ ស្រែកឡើងយ៉ាងខ្លាំងថា៖ «ឱអាប់សាឡុមបុត្របិតា ឱអាប់សាឡុមបុត្របិតា បុត្របិតាអើយ»។ 5ពេលនោះ យ៉ូអាប់មកគាល់ស្តេចនៅក្នុងដំណាក់ ទូលថា៖ «នៅថ្ងៃនេះ ព្រះករុណាបានធ្វើឲ្យពួកប្រជាជនទាំងឡាយ ដែលជាអ្នកបម្រើរបស់ព្រះករុណាមានសេចក្ដីខ្មាស គឺជាពួកអ្នកដែលបានសង្គ្រោះដល់ព្រះជន្មព្រះករុណា និងបុត្រា បុត្រី ពួកភរិយា ព្រមទាំងពួកអ្នកម្នាងរបស់ព្រះករុណាផង 6ព្រោះព្រះករុណាស្រឡាញ់ពួកអ្នកដែលស្អប់ព្រះករុណា ហើយស្អប់ដល់ពួកអ្នកដែលស្រឡាញ់ព្រះករុណាទៅវិញ។ ដ្បិតនៅថ្ងៃនេះ ព្រះករុណាបានសម្ដែងថា មិនរាប់អានដល់ទាំងពួកអ្នកធំ អ្នកតូច ហើយនៅថ្ងៃនេះ ទូលបង្គំក៏យល់ឃើញថា បើអាប់សាឡុមនៅរស់នៅឡើយ ហើយបើយើងខ្ញុំទាំងអស់គ្នាបានស្លាប់ទៅ នោះនឹងបានពេញចិត្តព្រះករុណាណាស់។ 7ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានរាជឱង្ការឲ្យពួកអ្នកបម្រើរបស់ទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា "ប្រសិនបើទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយនៅជាមួយទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត"»។ 8ដូច្នេះ ស្ដេចក៏ក្រោកឡើង យាងចេញទៅគង់នៅមាត់ទ្វារក្រុង ហើយមានគេទៅប្រកាសដល់ប្រជាជនថា៖ «មើល៍ ស្ដេចកំពុងតែគង់នៅមាត់ទ្វារ» ដូច្នេះ ប្រជាជនទាំងអស់ក៏មកគាល់ស្តេច។
ព្រះបាទដាវីឌយាងចូលក្រុងយេរូសាឡឹម
ពួកអ៊ីស្រាអែលបានរត់ទៅទីលំនៅរបស់គេរៀងខ្លួន 9ប្រជាជនទាំងអស់ក៏កើតវិវាទគ្នា នៅពេញក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ដោយនិយាយថា៖ «ស្តេចបានជួយឲ្យយើងរួចពីកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវ ក៏បានសង្គ្រោះឲ្យរួចពីកណ្ដាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ចេញពីនគរទៅ ដោយព្រោះអាប់សាឡុម។ 10ឯអាប់សាឡុម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះ ហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ?»។
11ចំណែកព្រះបាទដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងសង្ឃអ័បៀថើរ ដោយពាក្យថា៖ «ចូរសួរពួកចាស់ទុំនៃពួកយូដាថា "ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ? ដ្បិតសូរសព្ទដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯរាជដំណាក់ហើយ។ 12អ្នករាល់គ្នាជាពួកញាតិ ហើយជាសាច់ឈាមនឹងយើងផង ហេតុអ្វីបានជានៅយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកវិញដូច្នេះ?" 13មួយទៀត ត្រូវប្រាប់ដល់អ័ម៉ាសាថា "តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬ? បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង"»។ 14អ័ម៉ាសាបានបន្ទន់ចិត្តពួកយូដាទាំងអស់ ឲ្យព្រមព្រៀងគ្នាដូចជាមនុស្សតែម្នាក់ ដល់ម៉្លេះបានជាគេចាត់ទៅឯស្តេចទូលថា៖ «សូមព្រះករុណាទ្រង់យាងត្រឡប់មកវិញ ព្រមទាំងអ្នកបម្រើរបស់ព្រះរុណាទាំងប៉ុន្មានផង»។ 15ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចម្លងទ្រង់ពីទន្លេយ័រដាន់មក។
16រីឯស៊ីម៉ាយជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលនៅភូមិបាហ៊ូរីម ក៏ប្រញាប់ចុះមកទទួលព្រះបាទដាវីឌជាមួយពួកយូដាដែរ 17មានទាំងពួកបេនយ៉ាមីនមួយពាន់នាក់ ហើយស៊ីបាជាអ្នកបម្រើរបស់ព្រះវង្សនៃស្ដេចសូល និងកូនទាំងដប់ប្រាំនាក់ ព្រមទាំងបាវបម្រើគាត់ទាំងម្ភៃនាក់ មកជាមួយផង គេនាំគ្នាឆ្លងទន្លេយ័រដាន់ទៅ នៅចំពោះស្តេច 18ក៏មានទូកមួយឆ្លងទៅ សម្រាប់នឹងទទួលចម្លងពួករាជវង្សស្តេចមក ហើយនឹងធ្វើតាមព្រះហឫទ័យស្ដេច។
ព្រះបាទដាវីឌមានមេត្តាករុណាចំពោះលោកស៊ីម៉ាយ
នៅគ្រាដែលស្តេចរៀបឆ្លងទន្លេយ័រដាន់មក នោះស៊ីម៉ាយជាកូនកេរ៉ា ក៏ក្រាបថ្វាយបង្គំស្ដេច 19ហើយទូលថា៖ «បពិត្រព្រះករុណា សូមកុំប្រកាន់ទោសទូលបង្គំឡើយ សូមកុំរឭកដល់ការអាក្រក់ដែលទូលបង្គំជាបាវបម្រើទ្រង់បានប្រព្រឹត្តល្មើសនៅថ្ងៃដែលព្រះករុណាជាអម្ចាស់នៃទូលបង្គំបានយាងចេញពីក្រុងយេរូសាឡិមទៅនោះ ឬយកព្រះហឫទ័យទុកដាក់ឲ្យសោះ។ 20ដ្បិតទូលបង្គំជាបាវបម្រើរបស់ព្រះករុណាយល់ឃើញថា បានធ្វើអាក្រក់ហើយ ហេតុនោះបានជាទូលបង្គំមកដល់នៅថ្ងៃនេះ មុនជាងបណ្ដាវង្សានុវង្សនៃយ៉ូសែបទៅទៀត ដើម្បីនឹងចុះមកទទួលព្រះករុណាជាម្ចាស់នៃទូលបង្គំ»។ 21ប៉ុន្តែ អ័ប៊ីសាយជាកូនសេរូយ៉ាចាប់ពាក្យទូលថា៖ «តើមិនត្រូវសម្លាប់ស៊ីម៉ាយ ដោយព្រោះបានជេរប្រមាថដល់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យទេឬ»។ 22ប៉ុន្តែ ដាវីឌមានរាជឱង្ការថា៖ «ឱកូនសេរូយ៉ារាល់គ្នាអើយ តើយើងត្រូវការអ្វីនឹងឯង បានជាឯងមកធ្វើជាអ្នកទាស់ទទឹងនឹងយើងនៅថ្ងៃនេះដូច្នេះ? តើត្រូវសម្លាប់មនុស្សក្នុងពួកអ៊ីស្រាអែលនៅថ្ងៃនេះឬ? ដ្បិតតើយើងមិនដឹងទេថា នៅថ្ងៃនេះ យើងជាស្តេចលើសាសន៍អ៊ីស្រាអែលវិញហើយ?» 23រួចស្ដេចមានរាជឱង្ការស្បថនឹងស៊ីម៉ាយថា៖ «ឯងមិនត្រូវស្លាប់ទេ»។
ព្រះបាទដាវីឌជួបជាមួយមេភីបូសែត
24ចំណែកមេភីបូសែត ជាព្រះវង្សស្ដេចសូល លោកក៏ចុះទៅទទួលស្តេចដែរ លោកមិនបានមើលជំងឺជើង ឬកាត់ពុកចង្កា ឬគក់បោកខោអាវឡើយ តាំងតែពីថ្ងៃដែលស្ដេចចាកចេញទៅ ដរាបដល់ថ្ងៃដែលទ្រង់យាងមកវិញដោយសុខសាន្ត 25រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីគាល់ស្តេច នោះស្ដេចមានរាជឱង្ការសួរថា៖ «មេភីបូសែត អើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយយើង?» 26លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំជាបាវបម្រើព្រះករុណា ប្រាប់គាត់ថា "ខ្ញុំនឹងចងកែបលាជិះទៅជាមួយព្រះរាជាដែរ" ដ្បិតទូលបង្គំជាមនុស្សខ្វិន 27តែវាបានទូលបង្កាច់ទូលបង្គំ ជាបាវបម្រើ នៅចំពោះទ្រង់វិញ ឯព្រះករុណាជាម្ចាស់នៃទូលបង្គំ ទ្រង់ដូចជាទេវតានៃព្រះហើយ ដូច្នេះ សូមទ្រង់សម្រេចតាមតែព្រះហឫទ័យចុះ។ 28ដ្បិតព្រះវង្សនៃបិតាទូលបង្គំ បានដូចជាមនុស្សស្លាប់ហើយ នៅចំពោះព្រះករុណាជាម្ចាស់នៃទូលបង្គំ ប៉ុន្តែ ទ្រង់បានប្រោសតម្រូវឲ្យទូលបង្គំ ជាបាវបម្រើនៃទ្រង់ បាននៅក្នុងពួកអ្នកដែលបរិភោគនៅតុរបស់ទ្រង់ ដូច្នេះ តើទូលបង្គំនៅមានច្បាប់អ្វីស្រែករកព្រះករុណាទៀត?» 29ស្ដេចមានរាជឱង្ការតបថា៖ «ហេតុអ្វីអ្នកនៅនិយាយពីរឿងរបស់អ្នកទៀត? យើងសម្រេចថា ចូរឲ្យអ្នក និងស៊ីបាបែងចែកស្រែចម្ការគ្នាទៅ»។ 30មេភីបូសែត ទូលឆ្លើយថា៖ «ឲ្យគេយកទាំងអស់ទៅចុះ ព្រោះព្រះករុណាជាម្ចាស់ បានវិលមកឯដំណាក់ ដោយសុខសាន្តវិញហើយ»។
ព្រះបាទដាវីឌមានព្រះទ័យសប្បុរសចំពោះលោកបារស៊ីឡាយ
31ឯបារស៊ីឡាយ ជាអ្នកស្រុកកាឡាត លោកចុះពីក្រុងរ៉ូគីលីម មកឆ្លងទន្លេយ័រដាន់ ដើម្បីជូនស្តេចទៅត្រើយម្ខាងដែរ 32លោកជាមនុស្សមានវ័យកន្លងហើយ មានអាយុប៉ែតសិបឆ្នាំគត់ លោកបានផ្គត់ផ្គង់ស្បៀងអាហារថ្វាយស្តេច ក្នុងកាលដែលទ្រង់គង់នៅស្រុកម៉ាហាណែម ដ្បិតលោកជាអ្នកមានស្តុក 33ស្ដេចមានរាជឱង្ការទៅលោកថា៖ «សូមអញ្ជើញទៅជាមួយខ្ញុំ នោះខ្ញុំនឹងបីបាច់រក្សាលោក នៅឯក្រុងយេរូសាឡិម 34តែបារស៊ីឡាយទូលឆ្លើយថា តើទូលបង្គំនឹងនៅរស់បានប៉ុន្មានទៅទៀត ដែលនឹងគួរតាមព្រះករុណា ឡើងទៅឯក្រុងយេរូសាឡិមនោះ 35ថ្ងៃនេះ ទូលបង្គំមានអាយុប៉ែតសិបឆ្នាំហើយ តើនឹងអាចសង្កេតរបស់ល្អពីរបស់អាក្រក់បានឬ តើទូលបង្គំជាបាវបម្រើរបស់ទ្រង់ អាចនឹងភ្លក់រសនៃរបស់ដែលទទួលទាន ឬអាចស្តាប់សំឡេងរបស់ពួកចម្រៀងប្រុសស្រីទៀតបានឬទេ ដូច្នេះ តើគួរអ្វីឲ្យទូលបង្គំបាននៅផ្ទុកលើព្រះករុណា ជាអម្ចាស់នៃទូលបង្គំទៀត 36ទូលបង្គំជាបាវបម្រើទ្រង់ ចង់គ្រាន់តែឆ្លងជូនព្រះករុណា ទៅត្រឹមត្រើយទន្លេយ័រដាន់ម្ខាងប៉ុណ្ណោះទេ ហេតុអ្វីបានជាចង់សងទូលបង្គំ ដោយរង្វាន់ជាធំម៉្លេះធ្វើអី 37សូមអនុញ្ញាតឲ្យទូលបង្គំ ជាបាវបម្រើទ្រង់ត្រឡប់ទៅវិញចុះ ដើម្បីឲ្យបានស្លាប់នៅឯស្រុករបស់ទូលបង្គំជិតផ្នូរនៃមាតាបិតាវិញ តែមើល៍ នេះគីមហាំ ជាអ្នកបម្រើរបស់ព្រះអង្គ សូមឲ្យវាឆ្លងទៅជាមួយព្រះករុណា ជាអម្ចាស់នៃទូលបង្គំចុះ ហើយសូមប្រោសដល់វាតាមព្រះហឫទ័យផង»។ 38ស្ដេចមានរាជឱង្ការតបថា៖ «គីមហាំនឹងឆ្លងទៅជាមួយខ្ញុំពិត ខ្ញុំនឹងធ្វើគុណដល់គាត់ តាមបំណងចិត្តលោក ហើយបើលោកត្រូវការអ្វីៗ នោះខ្ញុំនឹងជួយទាំងអស់ដែរ»។ 39ដូច្នេះ ប្រជាជនបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្ដេចក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។ 40រីឯស្ដេចយាងទៅដល់ក្រុងគីលកាល ហើយគីមហាំក៏តាមទៅដែរ ចំណែកបណ្ដាពួកយូដា និងពួកអ៊ីស្រាអែលមួយចំហៀង គេក៏ដង្ហែស្តេចទៅ
41នោះពួកអ៊ីស្រាអែលទាំងអស់ គេមកគាល់ស្តេច ទូលថា៖ «ហេតុអ្វីបានជាពួកយូដា ជាបងប្អូនយើងខ្ញុំ បានទាក់ព្រះហឫទ័យព្រះករុណា ដោយចម្លងទ្រង់ ព្រមទាំងព្រះរាជវង្សាទាំងប៉ុន្មាន និងបណ្ដាពួកទ័ពទ្រង់ ឆ្លងទន្លេយ័រដាន់មកដូច្នេះ»។ 42ពួកយូដាទាំងប៉ុន្មាន គេឆ្លើយទៅពួកអ៊ីស្រាអែលថា៖ «ព្រោះស្តេចជាញាតិវង្សជិតដិតនឹងយើងទេតើ ដូច្នេះ ហេតុអ្វីបានជាអាក់អន់ចិត្តដោយព្រោះការនេះ តើយើងបានបរិភោគអ្វីដែលស្តេចត្រូវបង់ខាត ឬទ្រង់បានប្រទានរង្វាន់អ្វីមកយើងខ្លះ?» 43តែប្រជាជនអ៊ីស្រាអែលឆ្លើយតបទៅពួកយូដាវិញថា៖ «យើងមានចំណែកដប់ភាគខាងស្តេចដែរ ហើយខាងឯដាវីឌនេះ យើងមានច្បាប់លើសជាងអ្នករាល់គ្នាទៅទៀត ហេតុអ្វីបានជាអ្នករាល់គ្នាមើលងាយយើងដូច្នេះ? តើយើងមិនបានពិគ្រោះគ្នាជាមុនអំពីដំណើរនាំស្តេចរបស់យើងមកវិញទេឬ?» ប៉ុន្តែ ពាក្យសម្ដីរបស់ពួកយូដាម៉ឺងម៉ាត់ជាងពាក្យរបស់ពួកអ៊ីស្រាអែល។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 19: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies