២ សាំ‌យូ‌អែល 14

14
អាប់សា‌ឡុម​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម​វិញ
1រី​ឯ​យ៉ូអាប់​ជា​កូន​សេរូយ៉ា លោក​យល់​ឃើញ​ថា ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​នឹក​រឭក​ដល់​អាប់សា‌ឡុម 2នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា៖ «សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ 3រួច​ចូល​ទៅ​គាល់​ស្តេច​ទូល​យ៉ាង​ដូច្នេះ» នោះ​យ៉ូអាប់​ក៏​បង្គាប់​ពាក្យ​ឲ្យ​និយាយ។
4កាល​ស្ត្រី​ពី​ក្រុង​ត្កូអា​នោះ​បាន​ចូល​ទៅ​ចំពោះ​ស្តេច ក៏​ទម្លាក់​ខ្លួន ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ 5នោះ​ស្តេច​សួរ​ថា៖ «តើ​នាង​មាន​ការ​អ្វី?» នាង​ទូល​ឆ្លើយ​ថា៖ «បពិត្រ​ព្រះករុណា ខ្ញុំ​ម្ចាស់​ជា​ស្ត្រី​មេម៉ាយ ប្តី​ខ្ញុំ​ម្ចាស់​បាន​ស្លាប់​ចោល​ទៅ​ហើយ 6ហើយ​ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ មាន​កូន​ប្រុស​ពីរ វា​ឈ្លោះ​គ្នា​នៅ​ឯ​ចម្ការ ឥត​មាន​អ្នក​ណា​នឹង​ញែក​ចេញ​ពី​គ្នា​ឡើយ ហើយ​មួយ​បាន​វាយ​មួយ​ស្លាប់​ទៅ។ 7ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់​ដោយ​ថា "ចូរ​ប្រគល់​អា​មួយ​ដែល​សម្លាប់​បង​ខ្លួន​មក​ឲ្យ​យើង​សម្លាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង​ដែល​វា​បាន​សម្លាប់​ចុះ យើង​នឹង​សម្លាប់​ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មត៌ក​នេះ​ទៅ​ផង" ដូច្នេះ គេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្តី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ»។
8ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ស្ត្រី​នោះ​ថា៖ «ចូរ​ទៅ​ផ្ទះ​ចុះ យើង​នឹង​បង្គាប់​ពី​ដំណើរ​នាង»។ 9នោះ​ស្ត្រី​ពី​ក្រុង​ត្កូអា នាង​ទូល​ថា៖ «ឱ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ឲ្យ​អំពើ​ទុច្ចរិត​នេះ​នៅ​លើ​ខ្ញុំ​ម្ចាស់ និង​ពូជ​ពង្ស​នៃ​ឪពុក​របស់​ខ្ញុំ​ម្ចាស់​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌ករុណា និង​រាជ្យ​ទ្រង់​បាន​ឥត​ទោស​ឡើយ»។ 10ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «បើ​អ្នក​ណា​និយាយ​អ្វី​នឹង​នាង នោះ​ចូរ​នាំ​គេ​មក​ឯ​យើង យ៉ាង​នោះ​គេ​នឹង​មិន​ហ៊ាន​ពាល់​នាង​ទៀត​ទេ»។ 11រួច​នាង​ទូល​ថា៖ «សូម​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹក នឹង​ឈាម​មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សម្លាប់​កូន​របស់​ខ្ញុំ​ម្ចាស់»។ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​មួយ​សរ‌សៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ»។
12ស្ត្រី​នោះ​ក៏​ទូល​ថា៖ «សូម​ទ្រង់​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​ទូល​មួយ​ម៉ាត់​សិន» រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​និយាយ​មក!» 13ដូច្នេះ ស្ត្រី​នោះ​ក៏​ទូល​សួរ​ថា៖ «បើ​យ៉ាង​នោះ ហេតុ​អ្វី​បាន​ជា​ទ្រង់​បង្កើត​ការ​យ៉ាង​នេះ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ? ដ្បិត​ដែល​ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ ទ្រង់​ក៏​ដូច​ជា​អ្នក​មាន​ទោស​ដែរ ព្រោះ​ទ្រង់​មិន​នាំ​អ្នក​ដែល​ទ្រង់​បាន​និរទេស​ទៅ​ឲ្យ​មក​វិញ។ 14ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី និង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ 15ឥឡូវ​នេះ ដែល​ខ្ញុំ​ម្ចាស់​មក​ក្រាប​ទូល​ពាក្យ​ទាំង​នេះ ដល់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នោះ គឺ​ព្រោះ​ប្រជាជន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភិត‌ភ័យ​ដូច្នេះ ខ្ញុំ​ម្ចាស់​ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​សម្រេច​នឹង​មក​ទូល​ដល់​ព្រះ‌ករុណា ដោយ​ស្មាន​ថា ប្រាកដ​ជា​ទ្រង់​នឹង​ធ្វើ​សម្រេច​តាម​ពាក្យ​សំណូម​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់ ជា​មិន​ខាន 16ដ្បិត​មុខ​ជា​ទ្រង់​នឹង​ស្តាប់​តាម ដើម្បី​នឹង​ប្រោស​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់​រួច​ពី​កណ្ដាប់​ដៃ​នៃ​មនុស្ស ដែល​ចង់​បំផ្លាញ​ទាំង​ខ្ញុំ​ម្ចាស់ និង​កូន​ខ្ញុំ​ម្ចាស់ ឲ្យ​បាត់​ពី​មត៌ក​នៃ​ព្រះ​ទៅ​ផង 17ខ្ញុំ​ម្ចាស់​នឹក​ថា រាជ‌ឱង្ការ​របស់​ព្រះ‌ករុណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ស្ងប់ ដ្បិត​ព្រះ‌រាជា​របស់​ខ្ញុំ​ម្ចាស់ ប្រៀប​ដូច​ជា​ទេវតា​របស់​ព្រះ ដើម្បី​នឹង​ពិចា‌រណា​ឲ្យ​ជ្រាប​ខុស​ត្រូវ ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ព្រះ‌ករុណា ក៏​គង់​ជា‌មួយ​ព្រះករុណា​ដែរ»។
18នោះ​ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «កុំ​លាក់​សេចក្ដី​ណា​ដែល​យើង​សួរ​នាង​ឡើយ» នាង​ទូល​តប​ថា៖ «សូម​ព្រះ‌ករុណា​ជា​ម្ចាស់ មាន​រាជ‌ឱង្ការ​មក​ចុះ»។ 19នោះ​ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ឯ​សេចក្ដី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា‌មួយ​នាង​ទេ​ឬ?» ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​របស់​ទ្រង់ ព្រះ‌ករុណា​ជា​ម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌ករុណា​ជា​ម្ចាស់​មាន​រាជ‌ឱង្ការ​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ព្រះករុណា​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ផង។ 20យ៉ូអាប់​ជា​អ្នក​បម្រើ​របស់​ទ្រង់​បាន​ធ្វើ​ដូច្នេះ ដើម្បី​នឹង​បំផ្លាស់​ភាព​នៃ​ដំណើរ​នេះ​ទៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បញ្ញា​ដូច​ជា​ទេវតា​នៃ​ព្រះ អាច​នឹង​ជ្រាប​គ្រប់​ទាំង​អស់ ដែល​នៅ​ផែនដី​បាន»។
21រួច​ពី​នោះ​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​យ៉ូអាប់​ថា៖ «មើល៍ ការ​នេះ​យើង​បាន​អនុញ្ញាត​ហើយ ដូច្នេះ ចូរ​ទៅ​នាំ​អាប់សា‌ឡុម ជា​កូន​ប្រុស​យើង មក​វិញ​ចុះ»។ 22នោះ​យ៉ូអាប់​ក៏​ទម្លាក់​ខ្លួន ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​សំណូម​របស់​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់»។ 23ដូច្នេះ យ៉ូអាប់​ក៏​រៀបចំ​ឡើង​ទៅ​ឯ​ស្រុក​កេស៊ូរី នាំ​អាប់សា‌ឡុម​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ 24តែ​ស្តេច​មាន​រាជ‌ឱង្ការ​ប្រាប់​ថា៖ «ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំ​នៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​យើង​ឡើយ»។ ដូច្នេះ អាប់សា‌ឡុម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ​ទៅ ឥត​បាន​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ទេ។
ព្រះបាទ​ដាវីឌ​លើក​លែង​ទោស​ដល់​អាប់សា‌ឡុម
25រី​ឯ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​គួរ​សរសើរ ឲ្យ​ស្មើ​នឹង​អាប់សា‌ឡុម ពី​ដំណើរ​ទ្រង់​មាន​រូប​ល្អ​នោះ​ទេ ដ្បិត​ចាប់​តាំង​ពី​ផ្ទៃ​ព្រះ‌បាទ រហូត​ដល់​កំពូល​ព្រះ‌សិរ​ទ្រង់ នោះ​ឥត​មាន​ខ្ចោះ​ត្រង់​ណា​សោះ 26រី​ឯ​ព្រះ‌កេសា លុះ​ដល់​ចុង​ឆ្នាំ ទ្រង់​ក៏​កាត់​ចេញ ព្រោះ​ធ្ងន់​ណាស់​ដល់​ទ្រង់ ហេតុ​នោះ​បាន​ជា​រាល់​តែ​ឆ្នាំ ទ្រង់​តែង​កាត់​ចេញ ហើយ​តាម​តម្លឹង​ហ្លួង ឃើញ​មាន​ទម្ងន់​ពីររយ​សេកែល។ 27អាប់សា‌ឡុម​បង្កើត​បាន​បុត្រា​បី​អង្គ និង​បុត្រី​មួយ​អង្គ នាម​នាង​តាម៉ារ នាង​នោះ​ជា​ស្ត្រី​មាន​រូប​ល្អ​ស្រស់។
28អាប់សា‌ឡុម​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ពេញ​ពីរ​ឆ្នាំ ឥត​ដែល​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច​ឡើយ 29រួច​មក​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ូអាប់​មក ដើម្បី​ឲ្យ​លោក​ទៅ​គាល់​ស្តេច តែ​លោក​មិន​ព្រម​មក​ទេ ទ្រង់​ក៏​ចាត់​គេ​ទៅ​ម្តង​ទៀត តែ​លោក​មិន​ព្រម​មក​សោះ​ឡើយ 30ហេតុ​នោះ​បាន​ជា​អាប់សា‌ឡុម​បង្គាប់​ដល់​ពួក​បាវ​បម្រើ​ទ្រង់​ថា៖ «មើល​ន៏ ស្រែ​របស់​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង មាន​ទាំង​ស្រូវ​ឱក​ផង ចូរ​ដុត​ចោល​ទៅ»។ ពួក​បាវ​បម្រើ​របស់​ទ្រង់​ក៏​ទៅ​ដុត​ស្រែ​នោះ 31ដូច្នេះ យ៉ូអាប់​ក៏​ក្រោក​ឡើង ចូល​ទៅ​ឯ​អាប់សា‌ឡុម នៅ​ក្នុង​លំ‌នៅ​ទ្រង់ សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​បាវ​របស់​ព្រះ‌អង្គ​បាន​ដុត​ស្រែ​របស់​ទូល‌បង្គំ​ដូច្នេះ?»។ 32អាប់សា‌ឡុម​ទ្រង់​ឆ្លើយ​ថា៖ «មើល៍ យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក​មក ដើម្បី​ឲ្យ​អ្នក​ទៅ​ទូល​សួរ​ស្តេច​ថា "ដែល​ទូល‌បង្គំ​មក​ពី​ស្រុក​កេស៊ូរី នោះ​តើ​មាន​ប្រ‌យោជន៍​អ្វី ស៊ូ​ឲ្យ​ទូល‌បង្គំ​បាន​នៅ​ទី​នោះ​ល្អ​ជាង" ដូច្នេះ ឲ្យ​យើង​ទៅ​គាល់​ស្តេច​ឥឡូវ បើ​យើង​មាន​ទោស​ខុស​អ្វី នោះ​សូម​ឲ្យ​ទ្រង់​សម្លាប់​យើង​ខ្ញុំ»។ 33យ៉ូអាប់​ក៏​ចូល​ទៅ​ទូល​ដល់​ស្តេច រួច​កាល​លោក​បាន​ហៅ​អាប់សា‌ឡុម​មក ទ្រង់​ក៏​ចូល​ទៅ​គាល់​ស្តេច ឱន​អង្គ ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី នៅ​ចំពោះ​ទ្រង់ រួច​ស្ដេច​ក៏​ថើប​អាប់សា‌ឡុម។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 14: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល