២ សាំ‌យូ‌អែល 15

15
អាប់សា‌ឡុម​ប៉ុន‌ប៉ង​ដណ្តើម​រាជ្យ
1រួច​អំពី​នោះ​មក អាប់សា‌ឡុម​ចាត់‌ចែង​រទេះ និង​សេះ ហើយ​មនុស្ស​ហាសិប​នាក់ សម្រាប់​រត់​ខាង​មុខ​ទ្រង់ 2ទ្រង់​ក៏​តែង​តើន​ឡើង​ពី​ព្រលឹម យាង​ទៅ​ឈរ​នៅ​មាត់​ថ្នល់​ដែល​ចូល​តាម​ទ្វារ​ក្រុង បើ​កាល​ណា​មាន​អ្នក​ណា​មាន​ក្តី ដែល​ត្រូវ​បញ្ជូន​ទៅ​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជម្រះ នោះ​អាប់សា‌ឡុម​ហៅ​អ្នក​នោះ​មក​សួរ​ថា៖ «អ្នក​មក​ពី​ស្រុក​ណា»។ គេ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់ មក​ពី​កុល‌សម្ព័ន្ធ​ណា​មួយ​ក្នុង​សាសន៍​អ៊ីស្រា‌អែល» 3ទើប​អាប់សា‌ឡុម​មាន​រាជ‌ឱង្ការ​ថា៖ «មើល៍ ដំណើរ​រឿង​របស់​អ្នក​ជា​ល្អ​ត្រឹម‌ត្រូវ​ហើយ តែ​ស្តេច​មិន​បាន​តាំង​អ្នក​ណា ឲ្យ​ស្តាប់​រឿង​អ្នក​ទេ»។ 4អាប់សា‌ឡុម​ក៏​មាន​រាជ‌ឱង្ការ​ថែម​ទៀត​ថា៖ «ឱ​បើ​យើង​បាន​ធ្វើ​ជា​ចៅ‌ហ្វាយ​នៅ​ក្នុង​នគរ​នេះ​ទៅ​អេះ នោះ​អស់​អ្នក​ណា​ដែល​មាន​រឿង​មាន​ក្តី​នឹង​បាន​មក​ឯ​យើង ហើយ​យើង​នឹង​ជំនុំ‌ជម្រះ​ឲ្យ​គេ​តាម​យុត្តិ‌ធម៌»។ 5នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​មក​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ស្ដេច​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​ទាញ​មក​ថើប​អ្នក​នោះ 6អាប់សា‌ឡុម​តែង​ប្រព្រឹត្ត​យ៉ាង​នេះ ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នាំ​រឿង​មក​ថ្វាយ​ស្តេច​ឲ្យ​ជំនុំ‌ជម្រះ ដូច្នេះ ទ្រង់​បាន​ទាក់​ចិត្ត​ពួក​អ៊ីស្រា‌អែល​ទាំង‌ឡាយ។
7លុះ​ដល់​ចុង​ឆ្នាំ​ទី​បួន អាប់សា‌ឡុម​ទូល​ស្តេច​ថា៖ «សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​ឯ​ក្រុង​ហេប្រុន ដើម្បី​លា​បំណន់ ដែល​ទូល‌បង្គំ​បាន​បន់​ដល់​ព្រះ‌យេហូវ៉ា 8ដ្បិត​កាល​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នៅ​ស្រុក​កេស៊ូរី-អើរ៉ាម​នៅ​ឡើយ នោះ​ទូល‌បង្គំ​បាន​បន់​ទុក​ថា បើ​កាល​ណា​ព្រះ‌យេហូវ៉ា​នាំ​ទូល‌បង្គំ ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ នោះ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា»។ 9ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។ ដូច្នេះ អាប់សាឡម​ក៏​ក្រោក​ឡើង ទៅ​ឯ​ក្រុង​ហេប្រុន។ 10រួច​ចាត់​មនុស្ស​ឲ្យ​ទៅ​ពេញ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ប្រាប់​ដោយ​សម្ងាត់​ថា "កាល​ណា​ឮ​សូរ​ផ្លុំ​ត្រែ នោះ​ត្រូវ​ស្រែក​ប្រកាស​ឡើង​ថា អាប់សា‌ឡុម ទ្រង់​បាន​សោយ‌រាជ្យ នៅ​ក្រុង​ហេប្រុន​ហើយ"»។ 11មាន​មនុស្ស​ពីររយ​នាក់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ជា‌មួយ​អាប់សា‌ឡុម ទ្រង់​បាន​អញ្ជើញ​គេ​ទៅ គេ​ក៏​ទៅ​ដោយ​ចិត្ត​ត្រង់ ឥត​ដឹង​ការ​អ្វី​ឡើយ 12ហើយ​កំពុង​ដែល​អាប់សា‌ឡុម​ថ្វាយ​យញ្ញ‌បូជា ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ័ហ៊ី‌ថូផែល ជា​អ្នក​ស្រុក​គីឡោ ដែល​ជា​បុរោហិត​របស់​ដាវីឌ ឲ្យ​មក​ពី​គីឡោ ជា​ក្រុង​របស់​ខ្លួន​ដែរ ការ​ក្បត់​នេះ ក៏​បាន​កើត​កាន់​តែ​ខ្លាំង​ឡើង ដ្បិត​មាន​ប្រជាជន​ចុះ​ចូល​ខាង​អាប់សា‌ឡុម​រឹត​តែ​ច្រើន​ឡើង។
ព្រះបាទ​ដាវីឌ​ភៀស​ខ្លួន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម
13គ្រា​នោះ មាន​ម្នាក់​នាំ​ដំណឹង​មក​ក្រាប​ទូល​ដាវីឌ​ថា ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា មាន​ចិត្ត​និយម​ទៅ​តាម​អាប់សា‌ឡុម​ហើយ 14ដូច្នេះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់សា‌ឡុម​ឡើយ ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អា‌ក្រក់​ដល់​យើង ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ»។ 15ពួក​មហា‌តលិក​របស់​ស្តេច​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​រាល់​គ្នា​ប្រុង​ប្រៀប នឹង​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គម្ចាស់​នៃ​ទូល‌បង្គំ​ហើយ 16នោះ​ស្ដេច​ក៏​យាង​ចេញ​ទៅ ព្រម​ទាំង​ពួក​វង្សា‌នុវង្ស​ទាំង​អស់​ផង បាន​ទុក​នៅ​តែ​ស្រី​អ្នក​ម្នាង​ដប់​នាក់ ឲ្យ​រក្សា​ដំណាក់​ប៉ុណ្ណោះ 17ស្ដេច​យាង​ចេញ​ទៅ​មាន​ទាំង​ពួក​ទ្រង់​ទាំង​អស់ ដើរ​ទៅ​តាម ឯ​ទ្រង់​ក៏​ឈប់​នៅ​ត្រង់​ផ្ទះ​ដែល​នៅ​ទី​បំផុត 18ហើយ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​គេ​ដើរ​មក​ឈរ​អម​ទ្រង់ រួច​ពួក​គេ​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​កាថ ចំនួន​ប្រាំមួយ​រយ​នាក់ ដែល​បាន​មក​តាម​ទ្រង់​ពី​ក្រុង​កាថ គេ​ក៏​ដើរ​កាត់​នៅ​ចំពោះ​ទ្រង់​ទៅ។
19ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​អ៊ីត‌តាយ ជា​ពួក​ក្រុង​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មក​ជា‌មួយ​ពួក​យើង​ដូច្នេះ? ចូរ​ត្រឡប់​ទៅ​នៅ​ជា‌មួយ​ស្តេច​ចុះ ដ្បិត​អ្នក​ជា​សាសន៍​ដទៃ បាន​ត្រូវ​និរទេស​ចោល​ស្រុក​របស់​ខ្លួន​មក ដូច្នេះ ចូរ​វិល​ទៅ​វិញ​ចុះ។ 20អ្នក​ទើប​មក​ពី​ម្សិល‌មិញ តើ​ថ្ងៃ​នេះ​គួរ​ឲ្យ​យើង នាំ​អ្នក​មក​ដើរ​សាត់‌ព្រាត់ ទៅ​ជា‌មួយ​យើង ដែល​យើង​ក៏​មិន​ដឹង​ជា​ទៅ​ឯ​ណា​ផង​ឬ? ចូរ​ត្រឡប់​ទៅ​វិញ ហើយ​នាំ​បង‌ប្អូន​អ្នក​ទៅ​ផង សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​ពិត​ត្រង់​ចុះ»។ 21ប៉ុន្តែ អ៊ីត‌តាយ​ទូល​តប​ថា៖ «ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ និង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ដ៏​មាន​ព្រះ‌ជន្មថា នៅ​កន្លែង​ណា​ដែល​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​គង់​នៅ ទោះ​បើ​ស្លាប់ ឬ​រស់​ក្តី នោះ​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់ និង​នៅ​ទី​នោះ​ដែរ»។ 22ដូច្នេះ ដាវីឌ​មាន​រាជ‌ឱង្ការ​ប្រាប់​ថា ចូរ​ឆ្លង​ទៅ​ចុះ នោះ​អ៊ីត‌តាយ ជា​អ្នក​ក្រុង​កាថ ព្រម​ទាំង​ពួក​លោក និង​កូន​ចៅ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ ក៏​នាំ​គ្នា​ឆ្លង​ទៅ 23ពួក​អ្នក​ទាំង​ប៉ុន្មាន​នៅ​ស្រុក​នោះ គេ​នាំ​គ្នា​យំ​ដោយ​សំឡេង​ជា​ខ្លាំង ហើយ​ប្រជាជន​ក៏​ឆ្លង​ទៅ ឯ​ស្តេច ទ្រង់​យាង​ឆ្លង​ជ្រោះ​កេដ្រុន​ដែរ គ្រប់​គ្នា​ឆ្លង​ទៅ តាម​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ទី​រហោ‌ស្ថាន។
24រី​ឯ​សាដុក លោក​ក៏​មក​ដែរ ព្រម​ទាំង​ពួក​លេវី​ទាំង​អស់ ដែល​សែង​ហិប​សញ្ញា​របស់​ព្រះ​ផង គេ​ក៏​ដាក់​ហិប​នៃ​ព្រះ​ចុះ ហើយ​អ័បៀ‌ថើរ​លោក​ឡើង​ទៅ ដរាប​ដល់​ពួក​ប្រជាជន បាន​ចាក‌ចេញ​ផុត​ពី​ទី​ក្រុង​ទាំង​អស់​ទៅ 25រួច​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​សាដុក​ថា ចូរ​នាំ​យក​ហិប​នៃ​ព្រះ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទៅ ប្រសិន‌បើ​យើង​នឹង​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មក​វិញ ឲ្យ​បាន​ឃើញ​ទាំង​ហិប​នេះ និង​ទី​លំ‌នៅ​របស់​ទ្រង់​ផង 26តែ​បើ​ទ្រង់​មាន​រាជ‌ឱង្ការ​មក​ដូច្នេះ​ថា យើង​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ឯង​ទេ នោះ​មើល៍ យើង​នេះ​ហើយ សូម​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​តាម​ព្រះ‌ហឫ‌ទ័យ​ចុះ 27ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​សង្ឃ​សាដុក​ទៀត​ថា លោក​ជា​អ្នក​មើល​ឆុត ដូច្នេះ ចូរ​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ​ដោយ​សុខ‌សាន្ត​ចុះ នាំ​ទាំង​អ័ហ៊ីម៉ាស កូន​លោក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ទៅ​ជា‌មួយ​ផង 28ឯ​យើង យើងនឹង​ចាំ​នៅ​ត្រង់​វាល​នៃ​ទី​រហោ‌ស្ថាន ដរាប​ដល់​មាន​ដំណឹង​មក​បញ្ជាក់​ដល់​យើង 29ដូច្នេះ សាដុក និង​អ័បៀ‌ថើរ ក៏​សែង​ហឹង​នៃ​ព្រះ​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ក៏​នៅ​ទី​នោះ។
30ព្រះបាទ​ដាវីឌ​យាង​ឡើង​ទៅ​តាម​ផ្លូវ​ភ្នំ​ដើម​អូលីវ ទាំង​ទ្រង់​ព្រះ‌កន្សែង​បណ្តើរ ទ្រង់​ទទូរ​ព្រះ‌សិរ ហើយ​យាង​ទៅ​ដោយ​ព្រះ‌បាទ​ទទេ ឯ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទ្រង់ ក៏​ឡើង​ទៅ​ទាំង​ទទូរ​ក្បាល ហើយ​យំ​បណ្តើរ​ដែរ។ 31មាន​ម្នាក់​ទូល​ព្រះបាទ​ដាវីឌ​ថា អ័ហ៊ី‌ថូផែល​ក៏​នៅ​ក្នុង​ពួក​ក្បត់​ជា‌មួយ​អាប់‌សា‌ឡុម​ដែរ។ នោះ​ព្រះបាទ​ដាវីឌ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​បំផ្លាស់​បំប្រែ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល ឲ្យ​ទៅ​ជា​ផ្តេស‌ផ្តាស​វិញ​ទៅ»។
ហ៊ូ‌សាយ​ក្លាយ​ជា​ចារបុរស​ព្រះបាទដាវីឌ
32ពេល​ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​ធ្លាប់​ថ្វាយ‌បង្គំ​ព្រះ នោះ​ឃើញ​ហ៊ូសាយ ជា​ពួក​អើគី​ចូល​មក​នៅ​ចំពោះ​ទ្រង់ ទាំង​មាន​អាវ​រហែក និង​ដី​នៅ​លើ​ក្បាល 33ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​ថា៖ «បើ​អ្នក​ទៅ​ជា‌មួយ​យើង អ្នក​នឹងក្លាយ​ជា​បន្ទុក​ដល់​យើង​ហើយ។ 34ប៉ុន្តែ ប្រសិន‌បើ​អ្នក​ត្រឡប់​ទៅ​ទី​ក្រុង​វិញ ហើយ​ទូល​ដល់​អាប់សា‌ឡុម​ថា "បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​សូម​ថ្វាយ​ខ្លួន​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ទ្រង់ ដូច​ជា​បាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​ដល់​បិតា​ទ្រង់​កាល​ពី​ដើម​ដែរ"។ ធ្វើ​ដូច្នេះ នោះ​អ្នក​នឹង​អាច​ឈ្នះ​សេចក្ដី​ទូន្មាន​របស់​អ័ហ៊ី‌ថូផែល​ឲ្យ​យើង​បាន។ 35នៅ​ទី​នោះ អ្នក​ក៏​មាន​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​នៅ​ជា‌មួយ​ដែរ ការ​អ្វី​ដែល​អ្នក​ឮ​ពី​ក្នុង​ដំណាក់​ស្តេច​មក ចូរ​ប្រាប់​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​ឲ្យ​ដឹង​ផង។ 36លោក​ទាំង​ពីរ​នោះ​មាន​កូន​ពីរ​នាក់​នៅ​ជា‌មួយ គឺ​អ័ហ៊ីម៉ាស ជា​កូន​សាដុក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ អ្នក​ត្រូវ​ចាត់​មក​ឲ្យ​យើង​ដឹង​ពី​គ្រប់​សេចក្ដី​ដែល​អ្នក​ឮ»។ 37ដូច្នេះ ហ៊ូ‌សាយ ជា​សម្លាញ់​របស់​ដាវីឌ ក៏​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ ឯ​អាប់សា‌ឡុម​ក៏​យាង​ចូល​មក​ដល់​ក្រុង​យេរូ‌សាឡិម​ដែរ។

ទើបបានជ្រើសរើសហើយ៖

២ សាំ‌យូ‌អែល 15: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល