២ សាំយូអែល 13
13
អាំណូន និងតាម៉ារ
1ក្រោយមកទៀត មានរឿងកើតឡើងដូច្នេះ គឺអាប់សាឡុម បុត្រាដាវីឌមានកនិដ្ឋាមួយអង្គ មានរូបស្រស់ល្អណាស់ គឺនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះឫទ័យប្រតិព័ទ្ធស្រឡាញ់រូបនាង។ 2អាំណូនរំជួលចិត្តស្រឡាញ់នាងតាម៉ារជាកនិដ្ឋាយ៉ាងខ្លាំង រហូតធ្លាក់ខ្លួនឈឺ ទ្រង់នឹកឃើញថា ពិបាកធ្វើអ្វីដល់នាងណាស់ ព្រោះនាងនៅបរិសុទ្ធ។ 3ប៉ុន្តែ អាំណូនមានមិត្តម្នាក់ ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ព្រះបាទដាវីឌ ជាមនុស្សឈ្លាសវៃណាស់។ 4អ្នកនោះសួរថា៖ «ហេតុអ្វីបានជាឯង ដែលជាកូនស្តេច រស់នៅស្គាំងស្គមរាល់តែថ្ងៃដូច្នេះ? សូមប្រាប់ឲ្យយើងដឹងផង» អាំណូនប្រាប់ថា៖ «ខ្ញុំមានចិត្តស្រឡាញ់នាងតាម៉ារ ជាប្អូនអាប់សាឡុម បងខ្ញុំណាស់»។ 5រួចយ៉ូណាដាបប្រាប់ថា៖ «ដូច្នេះ ចូរឯងដេកនៅលើគ្រែក្លែងធ្វើជាឈឺទៅ បើកាលណាបិតាឯងមកសួរ នោះត្រូវទូលថា "សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មករៀបអាហារនៅមុខទូលបង្គំ ឲ្យទូលបង្គំបានឃើញ ហើយបានទទួលពីដៃនាងមកបរិភោគបន្តិច"»។ 6ដូច្នេះ អាំណូនក៏ដេក ហើយក្លែងធ្វើជាឈឺ ពេលស្តេចបានយាងមកសួរ អាំណូនទូលថា៖ «សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំពីរនៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានបរិភោគពីដៃនាង»។ 7ព្រះបាទដាវីឌបានចាត់គេឲ្យទៅដំណាក់ ប្រាប់នាងតាម៉ារថា៖ «ចូរទៅដំណាក់អាំណូនបងរបស់ឯង ហើយរៀបចំ ម្ហូបឲ្យបងបរិភោគផង»។ 8ដូច្នេះ នាងតាម៉ារក៏ទៅដល់ដំណាក់អាំណូន ដែលកំពុងផ្ទំ។ នាងក៏យកម្សៅមកច្របាច់ធ្វើនំ ហើយដុតនៅមុខបង។ 9រួចលើកខ្ទះមកចាក់នំនោះនៅនឹងមុខ ប៉ុន្តែ ទ្រង់មិនបរិភោគទេ ហើយបង្គាប់ថា៖ «ចូរឲ្យមនុស្សទាំងអស់ចេញពីយើងទៅ» ដូច្នេះ គ្រប់គ្នាក៏ចេញទៅក្រៅ។ 10បន្ទាប់មក អាំណូនប្រាប់ទៅនាងតាម៉ារថា៖ «សូមយកនំមកក្នុងបន្ទប់ ដើម្បីយើងបរិភោគពីដៃឯង»។ ព្រះនាងក៏យកនំដែលធ្វើនោះ ទៅឲ្យអាំណូនជាជេដ្ឋា នៅក្នុងបន្ទប់។ 11ប៉ុន្តែ ពេលនាងទៅជិត ដើម្បីថ្វាយនំឲ្យសោយ ទ្រង់ក៏ចាប់នាងដោយពាក្យថា៖ «ប្អូនអើយ ចូរមកដេកជាមួយយើង»។ 12នាងប្រកែកថា៖ «ទេ បងអើយ កុំធ្វើបាបខ្ញុំអី ព្រោះធ្វើដូច្នេះ ខុសនឹងបវេណីក្នុងពួកអ៊ីស្រាអែលខ្លាំងណាស់ សូមកុំប្រព្រឹត្តអាក្រក់យ៉ាងនេះ។ 13តើឲ្យខ្ញុំម្ចាស់យកសេចក្ដីខ្មាសទៅទុកឯណា? ហើយចំណែកបងវិញ នោះគេនឹងចាត់ទុកបងថាជាមនុស្សល្ងើក្នុងសាសន៍អ៊ីស្រាអែល។ ដូច្នេះ សូមទូលដល់ស្តេចចុះ ដ្បិតទ្រង់មិនប្រកែក ដែលឲ្យខ្ញុំម្ចាស់ដល់បងទេ»។ 14ប៉ុន្តែ អាំណូនមិនព្រមស្តាប់នាងឡើយ គឺបានចាប់បង្ខំដេកជាមួយនាង ដោយទ្រង់មានកម្លាំងខ្លាំងជាង។
15បន្ទាប់មក អាំណូនមានចិត្តណាយ ហើយស្អប់នាងយ៉ាងខ្លាំង គឺស្អប់ខ្ពើមនាងខ្លាំងលើសជាងសេចក្ដីស្រឡាញ់ដល់នាងពីមុនទៅទៀត ហើយទ្រង់បណ្តេញនាងថា៖ «ចូរក្រោកឡើងទៅឲ្យបាត់ទៅ»។ 16ប៉ុន្តែ នាងឆ្លើយថា៖ «ទេ បង ដ្បិតកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះ អាក្រក់ជាងការដែលបានធ្វើដល់ខ្ញុំម្ចាស់ទៅទៀត»។ ប៉ុន្តែ ទ្រង់មិនព្រមស្តាប់តាមនាងឡើយ។ 17អាំណូនក៏ហៅក្មេងបម្រើម្នាក់មកប្រាប់ថា៖ «ចូរយកស្រីនេះចេញទៅ រួចខ្ទាស់ទ្វារឲ្យជិត»។ 18ដូច្នេះ អ្នកបម្រើក៏នាំនាងទៅក្រៅ ហើយបិទទ្វារជិត។ ឯនាងតាម៉ារ ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេចដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ។ 19នាងតាម៉ារយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងព្រះកន្សែងជាខ្លាំង។
20អាប់សាឡុមជាជេដ្ឋាក៏សួរថា៖ «តើអាំណូនបងឯង ធ្វើបាបឯងឬ? ប្អូនអើយ ចូរនៅស្ងៀមសិន ដ្បិតជាបងឯងទេ កុំមានចិត្តព្រួយពីការនេះឡើយ»។ ដូច្នេះ នាងក៏នៅតែឯងក្នុងដំណាក់អាប់សាឡុមជាជេដ្ឋា។ 21ពេលស្ដេចដាវីឌបានឮនិយាយពីរឿងទាំងនោះ ទ្រង់ពិរោធយ៉ាងខ្លាំង ។ 22ប៉ុន្តែ អាប់សាឡុមមិនបានមានរាជឱង្ការអ្វីនឹងអាំណូន ទោះល្អ ឬអាក្រក់ក្តី ដ្បិតទ្រង់ស្អប់អាំណូន ដោយព្រោះបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋា។
អាប់សាឡុមធ្វើគុតអាំណូន
23ពីរឆ្នាំក្រោយមក មានពួកជាងមកកាត់រោមចៀមរបស់អាប់សាឡុម នៅត្រង់បាល-ហាសោរ ដែលនៅជិតដែនអេប្រាអិម ហើយអាប់សាឡុមក៏អញ្ជើញពួកបុត្រាស្តេចទាំងអស់មក 24ទ្រង់ចូលទៅគាល់ស្តេចទូលថា៖ «បពិត្រព្រះករុណា ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះ សូមព្រះករុណា ព្រមទាំងពួកអ្នកបម្រើរបស់ទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយទូលបង្គំ» 25តែស្ដេចមានរាជឱង្ការតបទៅអាប់សាឡុមថា៖ «ទេ កូនអើយ យើងមិនត្រូវទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក»។ អាប់សាឡុមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ 26នោះអាប់សាឡុមទូលថា៖ «បើទ្រង់មិនយាងទៅទេ នោះសូមឲ្យតែអាំណូនជាជេដ្ឋាទូលបង្គំទៅជាមួយចុះ» តែស្តេចមានរាជឱង្ការសួរថា៖ «ចង់ឲ្យវាទៅជាមួយឯងធ្វើអី»។ 27ប៉ុន្តែ ដោយអាប់សាឡុមចេះតែបង្ខំទ្រង់ បានជាទ្រង់ក៏អនុញ្ញាតឲ្យអាំណូន និងពួកបុត្រារបស់ស្ដេចទាំងអស់ទៅជាមួយ។ អាប់សាឡុមបានធ្វើពិធីជប់លៀង ដូចពិធីជប់លៀងរបស់ស្ដេច 28រីឯអាប់សាឡុមបានបង្គាប់ដល់ពួកអ្នកបម្រើរបស់ទ្រង់ថា៖ «ចូរឯងឃ្លាំមើល កាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយយើងប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសម្លាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺយើងហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ»។ 29ពួកអ្នកបម្រើរបស់អាប់សាឡុមក៏ធ្វើដល់អាំណូនតាមបង្គាប់របស់ចៅហ្វាយខ្លួន រួចពួកបុត្រាស្តេចគ្រប់អង្គក៏ក្រោកឡើង ជិះលាកាត់រៀងអង្គរត់ទៅ។
30កាលបុត្រាស្តេចទាំងនោះ កំពុងតែយាងមកតាមផ្លូវ នោះដំណឹងក៏ឮទៅដល់ដាវីឌថា អាប់សាឡុមបានសម្លាប់បុត្រព្រះករុណាទាំងអស់ហើយ គ្មានសល់មួយឡើយ 31នោះស្ដេចក៏ក្រោកឡើងហែកព្រះពស្ត្រ រួចផ្ទំនៅដី ឯពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ក៏ឈរនៅជិត ទាំងមានអាវរហែកដែរ 32តែយ៉ូណាដាប ជាបុត្រាសាំម៉ាជេដ្ឋាដាវីឌ ទូលឡើងថា «បពិត្រព្រះករុណា សូមទ្រង់កុំមានព្រះហឫទ័យស្មានថា គេបានធ្វើគុតពួកព្រះរាជបុត្រទាំងអស់នៃព្រះករុណាឡើយ សុគតតែអាំណូនប៉ុណ្ណោះទេ ដ្បិតការនោះបានគិតជាស្រេច តាមបង្គាប់នៃអាប់សាឡុម តាំងពីថ្ងៃដែលអាំណូនបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាមក 33ដូច្នេះ សូមកុំឲ្យទ្រង់ព្រះករុណាជាម្ចាស់នៃទូលបង្គំ មានព្រះហឫទ័យព្រួយពេក ដោយស្មានថា ពួកព្រះរាជបុត្រាបានសុគតទាំងអស់នោះឡើយ ដ្បិតសុគតតែអាំណូនប៉ុណ្ណោះ»។
34អាប់សាឡុមក៏រត់បាត់ទៅ។ រីឯយុវជនដែលចាំយាម បានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំ នៅខាងក្រោយគាត់។ 35នោះយ៉ូណាដាបទូលទៅស្តេចថា៖ «ន៎ុះន៏ ពួកបុត្រារបស់ព្រះករុណាមកដល់ហើយ ដូចទូលបង្គំជាអ្នកបម្រើបានទូលព្រះករុណាមែន»។ 36កាលទូលដូច្នោះរួចស្រេចហើយ ពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងយំ ទ្រង់ព្រះកន្សែង ឯស្ដេចព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំង។
37ប៉ុន្តែ អាប់សាឡុមបានរត់ទៅនៅជាមួយតាលម៉ាយ ជាបុត្រាអាំមិហ៊ូត ស្តេចស្រុកកេស៊ូរី ។ ឯព្រះបាទដាវីឌសោយសោកនឹងបុត្រជារាល់ថ្ងៃ។ 38អាប់សាឡុមបានរត់ទៅនៅស្រុកកេស៊ូរីនោះអស់រយៈពេលបីឆ្នាំ។ 39ព្រះបាទដាវីឌមានព្រះហឫទ័យរឭក ចង់ទៅរកអាប់សាឡុម ដោយព្រោះបានក្សាន្តចិត្តពីដំណើរអាំណូន ដែលសុគតនោះហើយ។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies