២ ពង្សាវតារក្សត្រ 21
21
ស្តេចម៉ាណាសេសោយរាជ្យលើស្រុកយូដា
1កាលព្រះបាទម៉ាណាសេបានឡើងសោយរាជ្យ ទ្រង់មានព្រះជន្មដប់ពីរវស្សា ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានហាសិបប្រាំឆ្នាំ មាតារបស់ទ្រង់ព្រះនាមថាហែបស៊ីបា។ 2ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញចេញពីមុខពួកកូនចៅអ៊ីស្រាអែល។ 3ដ្បិតទ្រង់បានស្អាងអស់ទាំងទីខ្ពស់ ដែលស្ដេចហេសេគាជាបិតារបស់ទ្រង់ បានបំផ្លាញនោះឡើងវិញ ក៏ដំឡើងអាសនាថ្វាយព្រះបាល ហើយធ្វើបង្គោលសក្ការៈ ដូចព្រះបាទអ័ហាប់ ស្តេចអ៊ីស្រាអែលបានធ្វើដែរ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមអស់ទាំងពួកពលបរិវារនៅលើមេឃផង។ 4ទ្រង់បានស្អាងអាសនានៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលថា៖ «យើងនឹងតាំងឈ្មោះរបស់យើង នៅក្រុងយេរូសាឡិមនេះ»។ 5ទ្រង់ធ្វើអាសនាសម្រាប់អស់ទាំងពួកពលបរិវារដែលនៅលើមេឃ នៅក្នុងទីលានទាំងពីររបស់ព្រះវិហាររបស់ព្រះយេហូវ៉ា 6ទ្រង់ធ្វើឲ្យបុត្រាទ្រង់ឆ្លងកាត់ភ្លើង ក៏កាន់នក្ខត្តឫក្ស ហើយអង្គុយធម៌ ព្រមទាំងប្រកបនឹងគ្រូខាប ហើយគ្រូគាថាផង ទ្រង់ប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើន នៅព្រះនេត្រព្រះយេហូវ៉ា ជាអំពើដែលនាំឲ្យព្រះមានសេចក្ដីក្រោធ។ 7ទ្រង់ក៏យករូបព្រះធ្លាក់ដែលទ្រង់បានធ្វើ ទៅតាំងនៅក្នុងព្រះវិហារ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់ដាវីឌ និងព្រះបាទសាឡូម៉ូនជាបុត្រទ្រង់ថា យើងនឹងតាំងឈ្មោះយើង ឲ្យនៅក្នុងព្រះវិហារនេះ ហើយនៅក្នុងក្រុងយេរូសាឡិម ដែលយើងបានរើសពីគ្រប់ទាំងកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ឲ្យនៅជាដរាបតទៅ 8ហើយមិនឲ្យជើងរបស់ពួកអ៊ីស្រាអែល ដើរសាត់ព្រាត់ចេញពីស្រុកដែលយើងបានឲ្យដល់បុព្វបុរសគេទៀតឡើយ ឲ្យតែគេបានប្រយ័ត្ននឹងកាន់តាមគ្រប់ទាំងសេចក្ដី ដែលយើងបានបង្គាប់ដល់គេ ហើយតាមក្រឹត្យវិន័យទាំងអស់ដែលម៉ូសេជាអ្នកបម្រើយើងបានបង្គាប់។ 9តែគេមិនបានស្តាប់តាមសោះ ហើយម៉ាណាសេក៏ល្បួងគេ ឲ្យប្រព្រឹត្តអំពើអាក្រក់ លើសជាងសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែលចេញទៅទៀត។
10ព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារពួកហោរា ជាអ្នកពួកបម្រើព្រះអង្គថា៖ 11«ដោយព្រោះម៉ាណាសេជាស្តេចយូដាបានធ្វើការដែលគួរស្អប់ខ្ពើមទាំងអស់នេះ ហើយបានប្រព្រឹត្តអំពើអាក្រក់ លើសជាងគ្រប់ទាំងអំពើរបស់សាសន៍អាម៉ូរីដែលនៅមុនគេ ព្រមទាំងបណ្ដាលឲ្យពួកយូដាធ្វើបាប តាមរូបព្រះខ្លួនផង 12នោះបានជាព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងបណ្ដាលឲ្យកើតមានសេចក្ដីអាក្រក់ នៅក្រុងយេរូសាឡិម នៅស្រុកយូដា បានជាអ្នកណាដែលឮនិយាយ នោះត្រចៀកគេទាំងសងខាងនឹងខ្ទរខ្ទ័រ។ 13យើងនឹងវាស់ក្រុងយេរូសាឡិម ដោយខ្សែសិនរបស់ក្រុងសាម៉ារី ហើយដោយខ្សែប្រយោលនៃជំនួរវង្សព្រះបាទអ័ហាប់ យើងនឹងជូតក្រុងយេរូសាឡិម ដូចជាគេជូតចាន គឺទាំងជូត ហើយដាក់ផ្កាប់ផង។ 14យើងនឹងបោះបង់ចោលសំណល់នៃមត៌ករបស់យើងទៅ ព្រមទាំងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ ពួកខ្មាំងសត្រូវនឹងរឹបអូសយកទាំងអស់។ 15គឺដោយព្រោះគេបានប្រព្រឹត្តអំពើអាក្រក់នៅភ្នែកយើង ព្រមទាំងបណ្ដាលឲ្យយើងមានសេចក្ដីក្រោធ ចាប់តាំងពីថ្ងៃដែលបុព្វបុរសគេបានចេញពីស្រុកអេស៊ីព្ទ រហូតមកដល់សព្វថ្ងៃនេះ»។
16មួយទៀត ម៉ាណាសេបានកម្ចាយឈាម ដែលឥតទោសជាច្រើន ទាល់តែបានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាម ចាប់តាំងពីម្ខាងទៅដល់ម្ខាង នេះក្រៅពីអំពើបាបដែលទ្រង់បានធ្វើ ដែលនាំឲ្យពួកយូដាធ្វើតាម ដោយប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា។ 17ឯកិច្ចការផ្សេងទៀតដែលម៉ាណាសេ និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ ហើយអំពើបាបដែលទ្រង់ប្រព្រឹត្ត នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។ 18ម៉ាណាសេក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ព្រះអង្គ ហើយគេបញ្ចុះសពទ្រង់នៅក្នុងច្បារនៃដំណាក់ទ្រង់ គឺក្នុងច្បាប់របស់អ៊ូសា រួចអាំម៉ូនជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
អាំម៉ូនសោយរាជ្យលើស្រុកយូដា
19កាលអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃពីរឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានពីរឆ្នាំ មាតារបស់ទ្រង់ព្រះនាមថា មស៊ូលេមេត បុត្រីរបស់ហារូស ជាអ្នកស្រុកយ៉ុតបា។ 20ទ្រង់ប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាម៉ាណាសេ ជាបិតារបស់ទ្រង់ដែរ។ 21ទ្រង់បានដើរតាមអស់ទាំងផ្លូវរបស់បិតា ព្រមទាំងគោរពប្រតិបត្តិ ហើយថ្វាយបង្គំអស់ទាំងរូបព្រះរបស់បិតា។ 22ទ្រង់បោះបង់ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់ទ្រង់ ឥតដើរតាមផ្លូវរបស់ព្រះយេហូវ៉ាឡើយ។ 23ពួកអ្នកបម្រើរបស់អាំម៉ូនគេគិតក្បត់ ហើយក៏ធ្វើគុតទ្រង់ នៅក្នុងរាជដំណាក់ទៅ។ 24ប៉ុន្តែ បណ្ដាជននៅស្រុកនោះ គេសម្លាប់អស់អ្នកដែលបានក្បត់នឹងស្តេចអាំម៉ូនវិញ រួចគេលើកព្រះបាទយ៉ូសៀសជាបុត្រា តាំងឡើងឲ្យធ្វើជាស្តេចជំនួសបិតា។ 25ឯកិច្ចការផ្សេងទៀតដែលអាំម៉ូនបានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។ 26គេបញ្ចុះសពក្នុងផ្នូររបស់ទ្រង់ នៅច្បាររបស់អ៊ូសា រួចព្រះបាទយ៉ូសៀសជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 21: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies