២ ពង្សាវ‌តារ‌ក្សត្រ 22

22
ព្រះបាទ​យ៉ូសៀស​សោយ‌រាជ្យ​លើ​ស្រុក​យូដា
1កាល​ព្រះបាទ​យ៉ូសៀស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ប្រាំបី​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិប​មួយ​ឆ្នាំ មាតា​ព្រះ‌នាម​ថា យេឌីដា បុត្រី​របស់​អ័ដាយ៉ា ជា​អ្នក​ស្រុក​បូស‌កាត់។ 2ទ្រង់​ប្រព្រឹត្ត​អំពើ​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​បាន​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ដាវីឌ ជា​បុព្វ‌បុរស​របស់​ព្រះ‌អង្គ ឥត​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ។
សម្ដេច​សង្ឃ​រក​ឃើញ​គម្ពីរ​វិន័យ
3នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​ក្នុង​រាជ្យ​ព្រះបាទ​យ៉ូសៀស ទ្រង់​ចាត់​សាផាន​ដ៏​ជា​ស្មៀន ជា​កូន​អ័សាលា ដែល​ជា​កូន​មស៊ូ‌ឡាម ឲ្យ​ទៅ​ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដោយមាន​រាជ‌ឱង្ការ​ថា៖ 4«ចូរ​ឡើង​ទៅ​ជួបលោក​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ ឲ្យ​លោក​យក​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ប្រាក់​ដែល​ពួក​អ្នក​ឆ្មាំ​ទ្វារ​បាន​ទទួល​ពី​ពួក​បណ្ដា‌ជន 5ហើយ​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក​ដែល​ត្រួត​មើល​ការ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ចំណាយ​ដល់​ពួក​ជាង ដែល​ធ្វើ​ការ​ជួស‌ជុល​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ចុះ 6គឺ​ពួក​ជាង​ឈើ ពួក​ជាង​រៀប​ថ្ម និង​ពួក​ជាង​ផ្សេងៗ សម្រាប់​ទិញ​ឈើ និង​ថ្ម​ដាប់​ស្រាប់ មក​ជួស‌ជុល​ព្រះ‌វិហារ។ 7ប៉ុន្តែ គេ​មិន​បាន​គិត​ប្រាក់ ដែល​បាន​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​អ្នក​ទាំង​នោះ​ទេ ដ្បិត​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់»។
8លោក​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ លោក​ប្រាប់​ដល់​សាផាន ជា​ស្មៀន​ថា៖ «ខ្ញុំ​បាន​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា»។ លោក​ហ៊ីល‌គីយ៉ា​ក៏​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន ហើយ​សាផាន​បាន​អាន។ 9រួច​នាំ​ដំណឹង​វិល​ទៅ​វិញ ទូល​ស្តេច​ថា៖ «ពួក​លោក​ជា​អ្នក​បម្រើ​របស់​ទ្រង់​បាន​ចាក់​ប្រាក់​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ ចេញ​ពី​ហិប​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក​ដែល​ត្រួត​មើល​ការ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ហើយ»។ 10រួច​សាផាន​ដ៏​ជា​ស្មៀន​ក៏​ទូល​ស្តេច​ថា៖ «ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ឲ្យ​គម្ពីរ​នេះ​មក​ទូល‌បង្គំ» ដូច្នេះ សាផាន​ក៏​អាន​ថ្វាយ​ស្តេច។
11ពេល​ស្ដេច​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ 12រួច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ អ័ហ៊ី‌កាម ជា​កូន​សាផាន អ័កបោរ​ជា​កូន​មីកា‌យ៉ា និង​សាផាន​ដ៏​ជា​ស្មៀន ហើយ​អ័សា‌យ៉ា​ជា​អ្នក​ជំនិត​ស្តេច​ថា៖ 13«ចូរ​អ្នក​រាល់​គ្នា​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ព្រះ‌បន្ទូល​ដែល​មាន​ក្នុង​គម្ពីរ ដែល​គេ​បាន​ឃើញ​នេះ ឲ្យ​យើង និង​ពួក​បណ្ដា‌ជន ជា​ពួក​យូដា​ទាំង​អស់​គ្នា​ផង ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា ដែល​កើត​ឡើង​ទាស់​នឹង​យើង​រាល់​គ្នា នោះ​ខ្លាំង​ក្រៃ‌លែង ព្រោះ​បុព្វ‌បុរស​យើង​រាល់​គ្នា មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​បង្គាប់​មក​យើង​រាល់​គ្នា​ទេ»។
14ដូច្នេះ លោក​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ និង​អ័ហ៊ី‌កាម អ័កបោរ សាផាន ហើយ​អ័សា‌យ៉ា គេ​ក៏​ទៅ​រក​ហោរា​ស្រី​ឈ្មោះ​ហ៊ុលដា ជា​ប្រពន្ធ​របស់​សាលូម ជា​កូន​ធីកវ៉ា ដែល​ជា​កូន​ហារ‌ហាស អ្នក​រក្សា​ព្រះ‌ពស្ត្រ​ស្តេច (ហោរា​ស្រី​នោះ​នៅ​ឃុំ​លេខ​ពីរ​ក្នុង​ក្រុង​យេរូ‌សាឡិម) ហើយ​គេ​សូម​យោបល់​ពី​នាង។ 15នាង​ប្រាប់​គេ​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ប្រាប់​ដល់​មនុស្ស​ដែល​ចាត់​អ្នក​រាល់​គ្នា​មក​ឯ​ខ្ញុំ​ថា 16ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ហើយ​លើ​បណ្ដា‌ជន​ដែល​នៅ​ក្រុង​នេះ​ដែរ គឺ​គ្រប់​ទាំង​សេចក្ដី​ក្នុង​គម្ពីរ ដែល​ស្តេច​យូដា​បាន​ទត​នោះ។ 17គេ​បាន​បោះ‌បង់​ចោល​យើង ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ការ​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​យើង នឹង​ឆេះ‌ឆួល​ឡើង​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន​ផង។ 18ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ទូល​ដល់​ស្តេច​យូដា ដែល​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពាក្យ​ដែល​ឯង​បាន​ឮ 19ហើយ​ដោយ​ព្រោះ​អ្នក​មាន​ចិត្ត​ទន់ បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​បាន​ឮ​សេចក្ដី​ដែល​យើង​បាន​ថ្លែងទំនាយ​ទាស់​នឹង​ទី​នេះ ហើយ​ទាស់​នឹង​បណ្ដា‌ជន​ដែល​នៅ​ក្រុង​នេះ​ថា គេ​នឹង​ត្រូវ​សាប‌សូន្យ ហើយ​ត្រូវ​ត្រឡប់​ជា​បណ្ដាសា ហើយ​ដោយ​ព្រោះ​អ្នក​បាន​ហែក​សម្លៀក‌បំពាក់ ព្រម​ទាំង​យំ​នៅ​មុខ​យើង​ដូច្នេះ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​ឮ​ហើយ។ 20ហេតុ​នោះ​បាន​ជា​យើង​នឹង​ឲ្យ​អ្នក​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស​អ្នក ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក​នៅ​ក្នុង​ផ្នូរ​ដោយ​សុខ‌សាន្ត ភ្នែក​អ្នក​នឹង​មិន​ឃើញ​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​យើង​នឹង​នាំ​មក​លើ​ទី​នេះ​ទេ»។ ដូច្នេះ គេ​ក៏​នាំ​យក​ពាក្យ​ទាំង​នោះ ទៅ​ទូល​ដល់​ស្តេច​វិញ។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវ‌តារ‌ក្សត្រ 22: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល