២ ពង្សាវ‌តារ‌ក្សត្រ 23

23
ការ​កែ​ទម្រង់​នៅ​រជ្ជ‌កាល​ព្រះបាទ​យ៉ូសៀស
1ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​មក​ប្រជុំ​គ្នា។ 2រួច​ស្តេច​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​ស្រុក​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន ពួក​សង្ឃ ពួក​ហោរា និង​ប្រជាជន​ទាំង​អស់ ទាំង​តូច ទាំង​ធំ​ផង ទ្រង់​ក៏​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ ជា​សេចក្ដី​សញ្ញា​ដែល​បាន​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​គេ​ស្តាប់។ 3ស្ដេច​ឈរ​នៅ​លើ​វេទិកា ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​បទក្រឹត្យ‌ក្រម បទ​បញ្ជា និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់ ដើម្បី​សម្រេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​ដែល​កត់​ទុក​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បណ្ដា‌ជន​ទាំង‌ឡាយ​ក៏​យល់​ព្រម​តាម​ដែរ។
4ស្ដេច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ជា​បន្ទាប់ ព្រម​ទាំង​ពួក​អ្នក​ឆ្មាំ​ទ្វារ ឲ្យ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​បាន​ធ្វើ​សម្រាប់​ព្រះ‌បាល សម្រាប់​រូប​ព្រះ និង​សម្រាប់​ពួក​ពល​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​ទ្រង់​ដុត​ចោល​ទាំង​អស់​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ត្រង់​វាល​ក្បែរ​ជ្រោះ​កេដ្រុន ហើយ​ក៏​យក​ផេះ​ទៅ​ក្រុង​បេត-អែល។ 5ទ្រង់​បំបាត់​ពួក​សង្ឃ​របស់​រូប​ព្រះ ដែល​ពួក​ស្តេច​យូដា​បាន​តាំង​ឲ្យ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ទី​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ទី​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ចក្រ‌រាសី និង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ទាំង​ប៉ុន្មាន។ 6ទ្រង់​ក៏​យក​រូប​ព្រះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ដល់​ជ្រោះ​កេដ្រុន ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ដុត​នៅ​ទី​នោះ រួច​វាយ​កម្ទេច​ជា​ធូលី ហើយ​បាច​ទៅ​លើ​ផ្នូរ​របស់​ពួក​អ្នក​ស្រុក ។ 7ទ្រង់​បាន​បំផ្លាញ​កន្លែង​របស់​ពួក​រួម​សង្វាស់​ភេទ​ដូច​គ្នា ដែល​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​ពួក​ស្រីៗ​ត្បាញ​ពិតាន សម្រាប់​រូប​ព្រះ​អាសេរ៉ា​ដែរ។ 8ទ្រង់​នាំ​ពួក​សង្ឃ​ចេញ​ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​អស់ ទៅ​ធ្វើ​បង្អាប់​ដល់​អស់​ទាំង​ទី​ខ្ពស់ ដែល​ពួក​សង្ឃ​បាន​ដុត​កំញាន ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរ-សេបា។ ទ្រង់​ក៏​បំផ្លាញ​ទី​ខ្ពស់​នៃ​ទ្វារ​ក្រុង ដែល​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ខ្លោង‌ទ្វារ​របស់​យ៉ូស្វេ ជា​ចៅ‌ហ្វាយ​ក្រុង។ 9ឯ​ពួក​សង្ឃ​នៃ​ទី​ខ្ពស់​ទាំង​នោះ គេ​មិន​បាន​ឡើង​ទៅ​ដល់​អាស‌នា​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​យេរូ‌សាឡិម​ទេ តែ​គេ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​នៅ​ជា‌មួយ​ពួក​បង‌ប្អូន​គេ​ដែរ។ 10ទ្រង់​ក៏​ធ្វើ​បង្អាប់​ដល់​តំបន់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​ពួក​កូន​ចៅ​ហ៊ីន‌ណម ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី​ឆ្លង​កាត់​ភ្លើង​ថ្វាយ​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ។ 11ទ្រង់​បំបាត់​សេះ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា​បាន​ថ្វាយ​ដល់​ព្រះ‌អាទិត្យ​ដែល​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក្បែរ​បន្ទប់​របស់​នេថាន-មេលេក ជា​មេ​ដែល​នៅ​តំបន់​ក្រៅ ហើយ​ក៏​ដុត​រថ​នៃ​ព្រះ‌អាទិត្យ​ចោល។ 12ឯ​អាស‌នា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ​នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស និង​អាស‌នា​ដែល​ម៉ាណា‌សេ​បាន​ធ្វើ​នៅ​ក្នុង​ទី‌លាន​ទាំង​ពីរ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​ចេញ​ពី​នោះ បោះ​កម្ទេច​ចោល​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ។ 13ស្ដេច​បាន​បំផ្លាញ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោចិ៍ ដែល​ព្រះបាទសាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​តង្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្ដេច​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ។ 14ទ្រង់​ក៏​វាយ​បំបាក់​ស្តូប​ទាំង​អស់ ដែល​សម្រាប់​គោរព ហើយ​រំលំ​បង្គោល​សក្ការៈ រួច​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពេញ​កន្លែង​នោះ។
15អាស‌នា​ដែល​នៅ​ត្រង់​ក្រុង​បេត-អែល និង​ទី​ខ្ពស់ ដែល​យេរ៉ូ‌បោម​កូន​នេបាត ជា​អ្នក​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប បាន​ធ្វើ ទ្រង់​ក៏​បំបែក​បំបាក់​អាស‌នា និង​ទី​ខ្ពស់ ព្រម​ទាំង​ដុត​ទី​ខ្ពស់​នោះ វាយ​កម្ទេច​ចោល​ជា​ធូលី ហើយ​ដុត​បង្គោល​សក្ការៈ ដែរ។ 16ព្រះបាទ​យ៉ូសៀស​បែរ​ទត​ទៅ​ឃើញ​ផ្នូរ​ខ្មោច​នៅ​ភ្នំ រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​យក​ឆ្អឹង​ពី​ផ្នូរ​ទាំង​នោះ មក​ដុត​លើ​អាស‌នា ធ្វើ​បង្អាប់​ដល់​អាស‌នា​នោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ប្រកាស​ទុក គឺ​ជា​អ្នក​ដែល​បាន​ថ្លែងទំនាយ​ប្រាប់​ពី​ការ​ទាំង​នោះ។ 17បន្ទាប់​មក ទ្រង់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​ផ្នូរ​អ្វី​ដែល​យើង​ឃើញ​នោះ?» ពួក​អ្នក​ក្រុង​នោះ​ទូល​ឆ្លើយ​ថា៖ «គឺ​ជា​ផ្នូរ​អ្នក​សំណព្វ​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា ហើយ​បាន​ថ្លែងទំនាយ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​សម្រេច​ដល់​អាស‌នា​បេត-អែល​នេះ»។ 18ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ទុក​ចុះ កុំ​ឲ្យ​អ្នក​ណា​ទៅ​រើ​ឆ្អឹង​គាត់​ឡើយ» ដូច្នេះ គេ​ក៏​ទុក​ឆ្អឹង​គាត់ ព្រម​ទាំង​ឆ្អឹង​របស់​ហោរា​ដែល​មក​ពី​សាម៉ារី​នោះ​ដែរ។ 19ម្យ៉ាង​ទៀត ព្រះបាទ​យ៉ូសៀស​បាន​លុប​បំបាត់​អស់​ទាំង​ទីសក្ការៈ​តាម​ទី​ខ្ពស់ៗ ក្នុង​ទី​ក្រុង​នៃ​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ ទ្រង់​បាន​ធ្វើ​ដល់​ទី​ទាំង​នោះ ដូច​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ត្រង់​បេត-អែល​ដែរ។ 20ទ្រង់​សម្លាប់​ពួក​សង្ឃ​ទាំង​អស់​នៃ​ទី​ខ្ពស់​ដែល​នៅ​ក្នុង​ស្រុក​នោះ នៅ​លើ​អាស‌នា ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​អាស‌នា​នោះ​ផង រួច​ទ្រង់​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ។
ពិធី​បុណ្យ​រំលង
21ស្ដេច​បង្គាប់​ដល់​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖ «ចូរ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ដូច​បាន​ចែង​ទុក​មក​ក្នុង​គម្ពីរ​នៃ​សេចក្ដី​សញ្ញា​នេះ»។ 22ដ្បិត​គេ​មិន​ដែល​បាន​ប្រារព្ធ​ពិធី​បុណ្យ​រំលង​បែប​នេះ តាំង​ពី​គ្រា​ពួក​ចៅ‌ហ្វាយ​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល ឬ​គ្រា​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល ឬ​គ្រា​របស់​ពួក​ស្តេច​យូដា​ទាំង​ប៉ុន្មាន​រហូត​មក 23គឺ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស ដែល​គេ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម។
24មួយ​ទៀត ព្រះបាទ​យ៉ូសៀស​បាន​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំងថេរ៉ាភីម និងរូប​ព្រះ​ទាំង​ប៉ុន្មាន និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​ដែល​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ 25កាល​ពី​មុន មិន​ដែល​មាន​ស្តេច​ណា​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង តាម​គ្រប់​ទាំង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​ក្រោយ​មក​ទៀត ក៏​មិន​ដែល​មាន​ដែរ។
26ប៉ុន្តែ ព្រះ‌យេហូវ៉ា​នៅ​តែ​មិន​បាន​ដក​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះ‌អង្គ ដែល​ឆួល​ឡើង​ទាស់​នឹង​ពួក​យូដា ដោយ​ព្រោះ​អស់​ទាំង​សេចក្ដី​ចាក់​រុក ដែល​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ​នោះ​ឡើយ។ 27ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ដក​ពួក​យូដា​ពី​មុខ​យើង​ចេញ ដូច​ជា​យើង​បាន​ដក​ពួក​អ៊ីស្រា‌អែល​ចេញ​ដែរ ហើយ​យើង​នឹង​បោះ‌បង់​ក្រុង​យេរូ‌សាឡិម​នេះ ដែល​យើង​បាន​រើស និង​ព្រះ‌វិហារ​ដែល​យើង​បាន​ថា ឈ្មោះ​យើង​នឹង​នៅ​ទី​នេះ»។
ព្រះបាទ​យ៉ូសៀសសុគត​នៅ​ក្នុង​សង្គ្រាម
28រាជកិច្ច​ផ្សេងៗ​របស់​ព្រះបាទ​យ៉ូសៀស និង​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា។ 29នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​ទៅ​ច្បាំង​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ ត្រង់​ទន្លេ​អ៊ើប្រាត ហើយ​ព្រះបាទ​យ៉ូសៀស​បាន​ចេញ​ទៅ​ស្ទាក់​ផ្លូវ តែ​ពេល​ផារ៉ោន-នេកោ​បាន​ឃើញ ក៏​បាន​ធ្វើ​គុត​ទ្រង់​នៅ​ត្រង់​មេគី‌ដោ។ 30ពួក​អ្នក​បម្រើ​របស់​ទ្រង់ បាន​ដឹក​សព​ទ្រង់​លើ​រទេះ​ពី​មេគី‌ដោ ទៅ​ដល់​ក្រុង​យេរូ‌សាឡិម​វិញ បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់​ផ្ទាល់។ រួច​ពួក​អ្នក​ស្រុក​បាន​លើក​យ៉ូអា‌ហាស ជា​បុត្រា​របស់​ព្រះបាទ​យ៉ូសៀស ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា។
ការ​សោយរាជ្យ និង​ការដាក់​ទោស​របស់​ស្តេច​យ៉ូអា‌ហាស
31កាល​ព្រះបាទ​យ៉ូអា‌ហាស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃបី​ឆ្នាំ​ហើយ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​បី​ខែ។ មាតា​ព្រះ‌នាម​ថា ហាមូ‌ថាល បុត្រី​យេ‌រេមី ជា​អ្នក​ស្រុក​លិប‌ណា។ 32ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​បុព្វ‌បុរស​របស់​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ។ 33ផារ៉ោន-នេកោ​បាន​ចាប់​ចង​ព្រះបាទ​យ៉ូសៀស នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត គឺ​តម្រូវ​ឲ្យ​ស្រុក​នោះ​បង់​សួយ​សារ​អាករ​ជា​ប្រាក់​មួយរយ​ហាប និង​មាស​មួយ​ហាប។ 34រួច​ផារ៉ោន-នេកោ​បាន​លើក​អេលា‌គីម ជា​បុត្រ​ព្រះបាទ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះបាទ​យ៉ូសៀស ជា​បិតា ហើយ​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា​យេហូ‌យ៉ាគីម​វិញ ទ្រង់​ក៏​នាំ​យ៉ូអា‌ហាស​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យ៉ូអា‌ហាស​សុគត​នៅ​ស្រុក​នោះ ។ 35ព្រះបាទ​យេហូ‌យ៉ាគីម​បាន​ថ្វាយ​ប្រាក់ និង​មាស​ដល់​ផារ៉ោន តែ​ទ្រង់​ទារ​ពន្ធ​អាករ​ពី​ពួក​អ្នក​ស្រុក ដើម្បី​ឲ្យ​បាន​ប្រាក់​នោះ​ថ្វាយ​តាម​បង្គាប់​ផារ៉ោន ទ្រង់​បាន​ទារ​មាស​ប្រាក់​ពី​ពួក​អ្នក​ស្រុក​គ្រប់​គ្នា​តាម​ពន្ធ​រៀង​ខ្លួន ដើម្បី​នឹង​ថ្វាយ​ដល់​ផារ៉ោន-នេកោ។
ព្រះបាទ​យេហូ‌យ៉ាគីម​សោយ‌រាជ្យ​នៅ​ស្រុក​យូដា
36ពេល​ព្រះបាទ​យេហូ‌យ៉ាគីម​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃប្រាំ​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ដប់មួយ​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា សេប៊ូ‌ដា បុត្រី​ពេដា‌យ៉ា អ្នក​ស្រុក​រូម៉ា។ 37ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ​ដែល​បុព្វ‌បុរស​របស់​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវ‌តារ‌ក្សត្រ 23: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល