២ ពង្សាវ‌តារ‌ក្សត្រ 21

21
ស្តេច​ម៉ាណា‌សេ​សោយ‌រាជ្យ​លើ​ស្រុក​យូដា
1កាល​ព្រះបាទ​ម៉ាណា‌សេ​បាន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់ពីរ​វស្សា ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ហាសិប​ប្រាំ​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា​ហែប‌ស៊ី‌បា។ 2ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ចេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។ 3ដ្បិត​ទ្រង់​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់ ដែល​ស្ដេច​ហេ‌សេ‌គា​ជា​បិតា​របស់​ទ្រង់ បាន​បំផ្លាញ​នោះ​ឡើង​វិញ ក៏​ដំ​ឡើង​អាស‌នា​ថ្វាយ​ព្រះ‌បាល ហើយ​ធ្វើ​បង្គោល​សក្ការៈ ដូច​ព្រះបាទ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​ដែរ ព្រម​ទាំង​ថ្វាយ​បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ផង។ 4ទ្រង់​បាន​ស្អាង​អាស‌នា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​តាំង​ឈ្មោះ​របស់​យើង នៅ​ក្រុង​យេរូ‌សាឡិម​នេះ»។ 5ទ្រង់​ធ្វើ​អាស‌នា​សម្រាប់​អស់​ទាំង​ពួក​ពល​បរិវារ​ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទី‌លាន​ទាំង​ពីរ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា 6ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។ 7ទ្រង់​ក៏​យក​រូប​ព្រះ​ធ្លាក់​ដែល​ទ្រង់​បាន​ធ្វើ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន​ជា​បុត្រ​ទ្រង់​ថា យើង​នឹង​តាំង​ឈ្មោះ​យើង ឲ្យ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ ហើយ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​នៅ​ជា​ដរាប​តទៅ 8ហើយ​មិន​ឲ្យ​ជើង​របស់​ពួក​អ៊ីស្រា‌អែល ដើរ​សាត់‌ព្រាត់​ចេញ​ពី​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ​ទៀត​ឡើយ ឲ្យ​តែ​គេ​បាន​ប្រយ័ត្ន​នឹង​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​យើង​បាន​បង្គាប់​ដល់​គេ ហើយ​តាម​ក្រឹត្យ‌វិន័យ​ទាំង​អស់​ដែល​ម៉ូសេ​ជា​អ្នក​បម្រើ​យើង​បាន​បង្គាប់។ 9តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាណា‌សេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទៀត។
10ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ពួក​ហោរា ជា​អ្នក​ពួក​បម្រើ​ព្រះ‌អង្គ​ថា៖ 11«ដោយ​ព្រោះ​ម៉ាណា‌សេ​ជា​ស្តេច​យូដា​បាន​ធ្វើ​ការ​ដែល​គួរ​ស្អប់​ខ្ពើម​ទាំង​អស់​នេះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​គ្រប់​ទាំង​អំពើ​របស់​សាសន៍​អាម៉ូរី​ដែល​នៅ​មុន​គេ ព្រម​ទាំង​បណ្ដាល​ឲ្យ​ពួក​យូដា​ធ្វើ​បាប តាម​រូប​ព្រះ​ខ្លួន​ផង 12នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​បណ្ដាល​ឲ្យ​កើត​មាន​សេចក្ដី​អាក្រក់ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ស្រុក​យូដា បាន​ជា​អ្នក​ណា​ដែល​ឮ​និយាយ នោះ​ត្រចៀក​គេ​ទាំង​សង​ខាង​នឹង​ខ្ទរខ្ទ័រ។ 13យើង​នឹង​វាស់​ក្រុង​យេរូ‌សាឡិម ដោយ​ខ្សែ​សិន​របស់​ក្រុង​សាម៉ារី ហើយ​ដោយ​ខ្សែ​ប្រ‌យោល​នៃ​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់ យើង​នឹង​ជូត​ក្រុង​យេរូ‌សាឡិម ដូច​ជា​គេ​ជូត​ចាន គឺ​ទាំង​ជូត ហើយ​ដាក់​ផ្កាប់​ផង។ 14យើង​នឹង​បោះ‌បង់​ចោល​សំណល់​នៃ​មត៌ក​របស់​យើង​ទៅ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ពួក​ខ្មាំង​សត្រូវ​នឹង​រឹប​អូស​យកទាំង​អស់។ 15គឺ​ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ភ្នែក​យើង ព្រម​ទាំង​បណ្ដាល​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បុព្វ‌បុរស​គេ​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។
16មួយ​ទៀត ម៉ាណា‌សេ​បាន​កម្ចាយ​ឈាម ដែល​ឥត​ទោស​ជា​ច្រើន ទាល់​តែ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ពេញ​ដោយ​ឈាម ចាប់​តាំង​ពី​ម្ខាង​ទៅ​ដល់​ម្ខាង នេះ​ក្រៅ​ពី​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដែល​នាំ​ឲ្យ​ពួក​យូដា​ធ្វើ​តាម ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា។ 17ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​ម៉ាណា‌សេ និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ហើយ​អំពើ​បាប​ដែល​ទ្រង់​ប្រព្រឹត្ត នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។ 18ម៉ាណា‌សេ​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ច្បារ​នៃ​ដំណាក់​ទ្រង់ គឺ​ក្នុង​ច្បាប់​របស់​អ៊ូសា រួច​អាំម៉ូន​ជា​បុត្រាក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។
អាំម៉ូន​សោយ‌រាជ្យ​លើ​ស្រុក​យូដា
19កាល​អាំម៉ូន​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ម្ភៃពីរ​ឆ្នាំ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ពីរ​ឆ្នាំ មាតា​របស់​ទ្រង់​ព្រះ‌នាម​ថា មស៊ូ‌លេ‌មេត បុត្រី​របស់​ហារូស ជា​អ្នក​ស្រុក​យ៉ុតបា។ 20ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាណា‌សេ ជា​បិតា​របស់​ទ្រង់​ដែរ។ 21ទ្រង់​បាន​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​បិតា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ​បង្គំ​អស់​ទាំង​រូប​ព្រះ​របស់​បិតា។ 22ទ្រង់​បោះ​បង់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ទ្រង់ ឥត​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​ឡើយ។ 23ពួក​អ្នក​បម្រើ​របស់​អាំម៉ូន​គេ​គិត​ក្បត់ ហើយ​ក៏​ធ្វើ​គុត​ទ្រង់ នៅ​ក្នុង​រាជ‌ដំណាក់​ទៅ។ 24ប៉ុន្តែ បណ្ដា‌ជន​នៅ​ស្រុក​នោះ គេ​សម្លាប់​អស់​អ្នក​ដែល​បាន​ក្បត់​នឹង​ស្តេច​អាំម៉ូន​វិញ រួច​គេ​លើក​ព្រះបាទ​យ៉ូសៀស​ជា​បុត្រា តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​ជំនួស​បិតា។ 25ឯ​កិច្ច‌ការ​ផ្សេង​ទៀត​ដែល​អាំម៉ូន​បាន​ធ្វើ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។ 26គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ច្បារ​របស់​អ៊ូសា រួច​ព្រះបាទ​យ៉ូសៀស​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវ‌តារ‌ក្សត្រ 21: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល