២ ពង្សាវតារក្សត្រ 20
20
ស្តេចហេសេគាប្រឈួន
1នៅគ្រានោះ ស្ដេចហេសេគាប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ ទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ"»។ 2ពេលនោះ ទ្រង់បែរព្រះភក្ត្រទៅជញ្ជាំង អធិស្ឋានដល់ព្រះយេហូវ៉ាថា៖ 3«ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គនឹកចាំពីទូលបង្គំ ដែលបានដើរនៅចំពោះព្រះអង្គ ដោយពិតត្រង់ ហើយដោយចិត្តស្មោះ ព្រមទាំងប្រព្រឹត្តអំពើល្អ នៅព្រះនេត្ររបស់ព្រះអង្គជាយ៉ាងណា» រួចស្ដេចហេសេគាព្រះកន្សែងជាខ្លាំង។ 4នៅពេលលោកអេសាយចេញទៅ មិនទាន់ដល់ទីធ្លាកណ្ដាលនៅឡើយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏មកដល់លោកថា៖ 5«ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើប្រជារាស្ត្ររបស់យើងថា "ព្រះយេហូវ៉ា ជាព្រះរបស់ដាវីឌបុព្វបុរសឯង ព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែករបស់ឯងហើយ យើងនឹងប្រោសឲ្យឯងបានជា ដល់ថ្ងៃទីបី ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន។ 6យើងនឹងចម្រើនអាយុឯងឡើងដប់ប្រាំឆ្នាំទៀត ហើយដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះ រក្សាទុកសម្រាប់យើង គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង"»។ 7ហោរាអេសាយបានទូលថា៖ «សូមយកផ្លែល្វាមួយផែនមកបិទលើបូសនោះ នោះទ្រង់នឹងបានជា»។
8ស្ដេចហេសេគាមានរាជឱអង្ការសួរលោកអេសាយថា៖ «តើមានទីសម្គាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៅថ្ងៃទីបីបាន?» 9ហោរាអេសាយទូលតបថា៖ «នេះជាទីសម្គាល់ពីព្រះយេហូវ៉ា ឲ្យទ្រង់បានជ្រាបថា ព្រះយេហូវ៉ានឹងសម្រេចតាមសេចក្ដីដែលមានព្រះបន្ទូលហើយ តើទ្រង់សព្វព្រះហឫទ័យឲ្យស្រមោលធ្លាក់ទៅមុខដប់កាំ ឬថយក្រោយដប់កាំ?» 10ស្ដេចហេសេគាមានរាជឱង្ការឆ្លើយថា៖ «ដែលស្រមោលជ្រេទៅមុខដប់កាំនោះងាយទេ ដូច្នេះ សូមឲ្យបានថយមកក្រោយដប់កាំវិញ»។ 11ដូច្នេះ ហោរាអេសាយលោកអំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ក៏ធ្វើឲ្យស្រមោលដែលបានជ្រេទៅ នៅនាឡិកាថ្ងៃរបស់ស្តេចអ័ហាស បានថយមកក្រោយវិញដប់កាំ។
ស្តេចហេសេគាទទួលទូតរបស់ស្រុកបាប៊ីឡូន
12នៅគ្រានោះ ម្រដាក់-បាឡាដានជាបុត្របាឡាដាន ស្តេចស្រុកបាប៊ីឡូន បានផ្ញើសំបុត្រ និងតង្វាយមកថ្វាយស្ដេចហេសេគា ដោយព្រោះទ្រង់ឮថា ស្ដេចហេសេគាប្រឈួន។ 13ស្ដេចហេសេគាបានទទួលពួកគេ គឺទ្រង់បង្ហាញឃ្លាំងរបស់ព្រះរាជទ្រព្យទាំងប៉ុន្មាន គឺមានមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចរបស់ទ្រង់ទាំងអស់ដែលស្ដេចហេសេគាមិនបានបង្ហាញដល់គេនោះឡើយ។ 14នោះហោរាអេសាយ លោកមកគាល់ស្តេចហេសេគា ទូលសួរថា៖ «អ្នកទាំងនោះបាននិយាយអ្វីខ្លះ ហើយមកពីណាដែលមកគាល់ទ្រង់ដូច្នេះ»។ ស្ដេចហេសេគាតបថា៖ «គេមកពីប្រទេសឆ្ងាយណាស់ គឺពីស្រុកបាប៊ីឡូន»។ 15រួចលោកទូលសួរទៀតថា៖ «គេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំង?»។ ស្ដេចហេសេគាឆ្លើយថា៖ «គេបានឃើញរបស់ទាំងអស់ ដែលនៅក្នុងដំណាក់យើង ហើយក្នុងព្រះរាជទ្រព្យយើងទាំងអម្បាលម៉ាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ»។
16ពេលនោះ ហោរាអេសាយទូលស្ដេចហេសេគាថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាសិន 17នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យដែលនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលបុព្វបុរសរបស់ទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ 18ឯពួកបុត្រារបស់ទ្រង់ទាំងប៉ុន្មាន ក៏នឹងត្រូវគេនាំទៅ ឲ្យធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់របស់ស្តេចស្រុកបាប៊ីឡូន»។ 19ព្រះបាទហេសេគាមានរាជឱង្ការទៅលោកអេសាយថា៖ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលបានថានោះជាល្អហើយ» រួចមានរាជឱអង្ការទៀតថា៖ «បើមានសេចក្ដីសុខសាន្ត និងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ?»
ស្ដេចហេសេគាសុគត
20រីឯកិច្ចការផ្សេងទៀតរបស់ស្ដេចហេសេគា និងពីអំណាចរបស់ទ្រង់ទាំងប៉ុន្មាន ដែលទ្រង់បានធ្វើស្រះទឹក និងប្រឡាយបង្ហូរទឹកចូលមកក្នុងទីក្រុងជាយ៉ាងណា នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដាហើយ។ 21ព្រះបាទហេសេគាបានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ រួចម៉ាណាសេ ជាបុត្រា បានឡើងសោយរាជ្យជំនួសបិតា។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 20: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies