២ ពង្សាវ‌តារ‌ក្សត្រ 19

19
ស្តេច​ហេ‌សេ‌គា​សួរ​យោបល់​ហោរាអេសាយ
1ពេល​ស្តេច​ហេ‌សេ‌គា​បាន​ស្តាប់​ពាក្យ​ទាំង​នោះ​ហើយ ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ ហើយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ​វិញ ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា។ 2រួច​ទ្រង់​ចាត់​អេលា‌គីម ជា​ឧកញ៉ា​វាំង និង​សេប‌ណា ជា​ស្មៀន​ហ្លួង ហើយ​ពួក​ចាស់​ទុំ​ក្នុង​ពួក​សង្ឃ ឲ្យ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ទៅ​ជួប​ហោរា​អេសាយ ជា​កូន​អ័ម៉ូស។ 3គេ​ក៏​ជម្រាប​ដល់​លោក​ថា៖ «ព្រះបាទ​ហេ‌សេ‌គា​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​សេចក្ដី​វេទនា សេចក្ដី​ផ្ចាញ់‌ផ្ចាល និង​សេចក្ដី​ដំណៀល​ប្រៀប​ដូច​ជា​កូន​គ្រប់​ខែ តែ​គ្មាន​កម្លាំង​សម្រាល​មក​សោះ។ 4ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក ព្រះ‌អង្គ​នឹង​ឮ​អស់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​រ៉ាបសា‌កេ​នេះ ដែល​ស្តេច​អាស‌ស៊ើរ​ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក បាន​ឮ​ហើយ​ទេ​ដឹង ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ»។ 5ពេល​នោះ ពួក​ជំនិត​ស្តេច​ហេ‌សេ‌គា​ក៏​មកជួក​លោក​អេសាយ 6ហើយ​លោក​អេសាយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ទូល​ដល់​ចៅ‌ហ្វាយ​របស់​អ្នក​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ខ្លាច​ចំពោះ​ពាក្យ​សម្ដី​ដែល​ឯង​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បម្រើ​របស់​ស្តេច​អាស‌ស៊ើរ​បាន​ប្រមាថ​ដល់​យើង​នោះ​ឡើយ។ 7មើល៍ យើង​នឹង​បណ្ដាល​គំនិត​គេ​ឲ្យ​សម្រេច​នឹង​ត្រឡប់​ទៅ​ស្រុក​គេ​វិញ ដោយ​បាន​ឮ​ដំណឹង​មួយ រួច​យើង​នឹង​ឲ្យ​គេ​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​គេ​នោះ»។
ការ​គំរាម​កំហែង​របស់​ស្តេច​សាន‌ហេរីប
8រ៉ាបសា‌កេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ។ 9កាល​មាន​ដំណឹង​ឮ​មក​ដល់​ទ្រង់​ថា ទារហា‌កា ជា​ស្តេច​ស្រុក​អេធី‌យ៉ូពី បាន​ចេញ​មក​ច្បាំង​នឹង​ទ្រង់​ហើយ ទ្រង់​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្ដេច​ហេ‌សេ‌គា ដោយ​ពាក្យ​ថា៖ 10«ចូរ​អ្នក​រាល់​គ្នា​ប្រាប់​ដល់​ស្ដេច​ហេ‌សេ‌គា ជា​ស្តេច​យូដា​ដូច្នេះ​ថា "កុំ​ឲ្យ​ព្រះ​របស់​ព្រះករុណា ដែល​ព្រះករុណា​ទុក​ចិត្ត​នោះ បញ្ឆោត​ព្រះករុណា ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។ 11មើល៍! ព្រះករុណា​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាស‌ស៊ើរ​បាន​ធ្វើ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង។ ដូច្នេះ តើ​ព្រះករុណា​នឹង​បាន​រួច​ខ្លួន​ឬ? 12តើ​មាន​ព្រះ​សាសន៍​ដទៃ​ណា​ខ្លះ ដែល​បុព្វ‌បុរស​យើង​បាន​បំផ្លាញ? គឺ​ពួក​ក្រុង​កូសាន ក្រុង​ខារ៉ាន ក្រុង​រេសែភ និង​ពួក​កូន​ចៅ​អេដែន ដែល​នៅ​ក្នុង​ស្រុក​ធេឡា‌ស៊ើរ តើ​ព្រះ​របស់​គេ​បាន​ជួយ​ឲ្យ​គេ​រួច​ឬ​ទេ? 13តើ​ស្តេច​ក្រុង​ហាម៉ាត ស្តេច​ក្រុង​អើផាឌ ស្តេច​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ស្ដេច​ក្រុង​អ៊ីវ៉ា​នៅ​ឯ​ណា?"»
ពាក្យ​ទូល​អង្វរ​របស់​ស្តេច​ហេ‌សេ‌គា
14ព្រះបាទ​ហេ‌សេ‌គា​ទទួល​សំបុត្រ​ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន រួច​ទ្រង់​យាង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះ‌អង្គ 15ហើយ​ទ្រង់​អធិ‌ស្ឋាន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌អង្គ​គង់​ពី​លើ​ចេរូ‌ប៊ីម​អើយ គឺ​ព្រះ‌អង្គ​តែ​មួយ ដែល​ជា​ព្រះ​នៃ​អស់​ទាំង​សាសន៍​នៅ​ផែនដី​នេះ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី 16ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បើក​ព្រះ‌នេត្រ​ទត សូម​ស្តាប់​អស់​ទាំង​ពាក្យ​របស់​សាន‌ហេរីប ដែល​បាន​ផ្ញើ​មក​ប្រកួត​ដល់​ព្រះ‌អង្គ ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ចុះ។ 17ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាស‌ស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​សាសន៍ និង​ស្រុក​គេ​ជា​ប្រាកដ​មែន 18ក៏​បាន​បោះ​ចោល​ព្រះ​របស់​គេ ទៅ​ក្នុង​ភ្លើង​ដែរ ដ្បិត​មិន​មែន​ជា​ព្រះ​ទេ គឺ​ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ ពី​ឈើ ពី​ថ្ម។ ហេតុ​នោះ​បាន​ជា​គេ​បំផ្លាញ​បាន 19ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា គឺ​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ដែល​ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់»។
20នៅ​ពេល​នោះ លោក​អេសាយ​ជា​កូន​អ័ម៉ូស បាន​ចាត់​គេ​ឲ្យ​ទៅ​គាល់​ស្ដេច​ហេ‌សេ‌គា ទូល​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា សេចក្ដី​ដែល​អ្នក​បាន​អធិ‌ស្ឋាន​ដល់​យើង ពី​ដំណើរ​សាន‌ហេរីប ជា​ស្តេច​អាស‌ស៊ើរ នោះ​យើង​បាន​យល់​ព្រម​ហើយ។ 21នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ស្តេច​នោះ គឺ​ថា
នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​អ្នក
ហើយ​បាន​មើល‌ងាយ​អ្នក។
កូន​ស្រី​ក្រុង​យេរូ‌សាឡិម
បាន​គ្រវី​ក្បាល​ដាក់​អ្នក។
22តើ​អ្នក​បាន​ប្រកួត
ហើយ​ប្រមាថ​ដល់​អ្នក​ណា?
តើ​អ្នក​ដំឡើង​សំឡេង​ទាស់​នឹង​អ្នក​ណា?
ហើយ​ងើប​ភ្នែក​ឡើង​ខ្ពស់​ដូច្នេះ
គឺ​ទាស់​នឹង​ព្រះ​ដ៏​បរិសុទ្ធ
នៃ​សាសន៍​អ៊ីស្រា‌អែល​ហើយ។
23អ្នក​ចាត់​គេ​ឲ្យ​មក​នោះ
គឺ​ប្រកួត​នឹង​ព្រះ‌អម្ចាស់​ហើយ
ដោយ​ថា យើង​បាន​ឡើង​ទៅ
កំពូល​ភ្នំ​ទាំង​ប៉ុន្មាន
ដោយ‌សារ​រទេះ​ចម្បាំង​យើង
ក៏​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង
យើង​នឹង​កាប់​អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់
និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ
យើង​នឹង​ចូល​ទៅ​ដល់​ទី​លំនៅ​ផុត​ស្រុក​របស់​គេ
គឺ​ដល់​ចម្ការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ។
24យើង​ជីកអណ្ដូង
ហើយ​ផឹក​ទឹក​នៅ​ស្រុក​ដទៃ
យើង​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត
ដោយ​បាត​ជើង​របស់​យើង។
25តើ​អ្នក​មិន​បាន​ឮ​ថា យើង​បាន​គិត​ជា​ស្រេច
និង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ
តាំង​ពី​យូរ​មក​ហើយ?
យើង​មាន​គម្រោង​តាំង​ពី​យូរ​មកហើយ។
ឥឡូវ​នេះ យើង​បាន​សម្រេច​ការ​នេះ
គឺ​បាន​ឲ្យអ្នក​បំផ្លាញ​ទី​ក្រុង​មាន​កំផែង
ឲ្យ​ទៅ​ជា​គំនរ​បំណែក
26ហេតុ​នោះ​បាន​ជា​ពួក​អ្នក​ក្រុង​ទាំង​នោះ
ខ្សោយ​កម្លាំង
គេ​បាន​ស្រយុត​ចិត្ត ហើយ​នៅ​ស្ងៀម
គេ​ប្រៀប​ដូច​ជា​ស្មៅ​នៅ​វាល និង​ពន្លក​ខ្ចី
ហើយ​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ
និង​ស្រូវ​ដែល​ស្វិត​ក្រៀម
មុន​ដែល​ដុះ​ពេញ​កម្លាំង។
27ប៉ុន្តែ យើង​ដឹង​កន្លែង​ដែល​អ្នក​អង្គុយ
និង​ពេល​ណា​ដែល​អ្នក​ចេញ​ចូល
ក៏​ដឹងទាំង​អស់​ដែល​អ្នក​ខឹង​ក្តៅ​នឹង​យើង​ដែរ។
28ដោយ​ព្រោះអ្នក​ខឹង​នឹង​យើង​ដូច្នេះ
ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​អ្នក
បាន​ឮ​មក​ដល់​ត្រចៀក​យើង
នោះ​យើង​នឹង​ដាក់​កន្លុះ​របស់​យើង​នៅ​ច្រមុះ​អ្នក
និង​ដែក​បង្ខាំង​របស់​យើង​នៅ​មាត់​អ្នក
យើង​នឹង​ញាក់​ឲ្យ​អ្នក​វិល​ទៅ​តាម​ផ្លូវ
ដែល​អ្នក​បាន​មក​នោះ​វិញ។
29ការ​នេះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក​រាល់​គ្នា គឺ​នៅ​ឆ្នាំ​នេះ អ្នក​រាល់​គ្នា​នឹង​បរិ‌ភោគ​ផល​ដែល​ដុះ​ខ្លួនឯង ដល់​ឆ្នាំ​ទី​ពីរ នឹង​បរិ‌ភោគ​ផល​ដែល​កើត​ពី​នោះ​ទៀត តែ​ដល់​ឆ្នាំ​ទី​បី អ្នក​រាល់​គ្នា​ត្រូវ​សាប‌ព្រោះ ច្រូត​កាត់ ហើយ​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ រួច​បរិ‌ភោគ​ពី​ផល​ទាំង​នោះ​ទៅ។ 30សំណល់​ពួក​កូន​ចៅ​យូដា​ដែល​រួច​ជីវិត គេ​នឹង​ចាក់​ឫស​ទៅ​ក្រោម ហើយ​នឹង​បង្កើត​ផល​ទៅ​លើ 31ដ្បិត​នឹង​មាន​សំណល់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​រួច​ជីវិត ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ដែរ សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​នឹង​ធ្វើ​ការ​នោះ។
32ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​អំ​ពី​ស្តេច​អាស‌ស៊ើរ​ថា គេ​នឹង​មិន​ចូល​មក​ក្នុង​ក្រុង​នេះ​ឡើយ ក៏​មិន​បាញ់​ព្រួញ ឬ​កាន់​ខែល​នៅ​មុខ​ទី​ក្រុង​នេះ ឬ​ជីក​ស្នាម​ភ្លោះ​ច្បាំង​នឹង​ទី​នេះ​ដែរ។ 33គឺ​គេ​នឹង​វិល​ទៅ​វិញ​តាម​ផ្លូវ​ដដែល ដែល​គេ​បាន​មក​នោះ ឥត​ចូល​មក​ក្នុង​ទី​ក្រុង​នេះ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 34ដ្បិត​យើង​នឹង​ការពារ​ក្រុង​នេះ រក្សា​ទុក​សម្រាប់​ខ្លួន​យើង គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​យើង​ផង»។
ព្រះបាទ​សាន‌ហេរីប​សុគត
35នៅ​ពេល​យប់​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចេញ​ទៅ​ប្រហារ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាស‌ស៊ើរ សម្លាប់​មនុស្ស​អស់​មួយ​សែន​ប្រាំបី​ម៉ឺន​ប្រាំ​ពាន់​នាក់ ពេល​គេ​ក្រោកឡើង​នៅ​ពេល​ព្រឹក ឃើញ​សុទ្ធ​តែ​ខ្មោច​ស្លាប់​ទាំង​អស់។ 36ហេតុ​នោះ សាន‌ហេរីប ជា​ស្តេច​អាស‌ស៊ើរ​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ក្រុង​នីនីវេ​វិញ។ 37ពេល​ព្រះ‌អង្គ​កំពុង​ថ្វាយ​បង្គំ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នីសរូក ជា​ព្រះ​របស់​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ាលេក និង​សារេ‌ស៊ើរ​ជា​បុត្រ​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ស្រុក​អារ៉ារ៉ាត។ អេសារ-ហាដោន​ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវ‌តារ‌ក្សត្រ 19: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ