២ កូរិនថូស 12

12
និមិត្ដ និង​ការ​បើក​សម្ដែង​របស់​លោក​ប៉ុល
1ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​នឹង​និយាយ​អំពី​និមិត្ត និង​ការ​បើក​សម្ដែង​របស់​ព្រះ‌អម្ចាស់​ទៀត។ 2ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ជាន់​ទី​បី កាល​ពី​ដប់​បួន​ឆ្នាំ​មុន (ទោះ​ជា​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ 3ខ្ញុំ​ស្គាល់​មនុស្ស​នោះ (ទោះ​ជា​ក្នុង​រូប​កាយ ឬ​ក្រៅ​ពី​រូប​កាយ ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប) 4អ្នក​នោះ​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន‌បរម‌សុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ។ 5ខ្ញុំ​នឹង​អួត​ពី​មនុស្ស​នោះ តែ​សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​មិន​អួត​ទេ លើក​លែង​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ 6ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ក៏​ខ្ញុំ​មិន​មែន​ល្ងង់​ខ្លៅ​ដែរ ដ្បិត​ខ្ញុំ​និយាយ​សេចក្តី​ពិត។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម​វិញ ក្រែង​លោ​អ្នក​ណា​ម្នាក់​ស្មាន​អំពី​ខ្ញុំ លើស​ជាង​អ្វី​ដែល​គេ​បាន​ឃើញ​ក្នុង​ខ្ញុំ ឬ​បាន​ឮ​ពី​ខ្ញុំ 7ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សម្ដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​មួយ​ចាក់​ចូល​ក្នុង​សាច់​ខ្ញុំ ជា​តំណាង​របស់​អារក្ស​សាតាំង​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ។ 8ខ្ញុំ​បាន​អង្វរ​ដល់​ព្រះ‌អម្ចាស់​បី​ដង ដើម្បី​ឲ្យ​បន្លា​នេះ​ថយ​ចេញ​ពី​ខ្ញុំ 9តែ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា៖ «គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ ដ្បិត​ចេស្ដា​របស់​យើង​បាន​ពេញ​ខ្នាត នៅ​ក្នុង​ភាព​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​នឹង​អួត​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បី​ឲ្យ​ព្រះ‌ចេស្តា​របស់​ព្រះ‌គ្រីស្ទ​បាន​សណ្ឋិត​ក្នុង​ខ្ញុំ។ 10ហេតុ​នេះ​បាន​ជា​ខ្ញុំ​អរ​សប្បាយក្នុង​ពេល​ទន់​ខ្សោយ ក្នុង​ពេល​គេ​ត្មះ‌តិះ‌ដៀល ក្នុង​ពេល​ជួប​លំបាក ក្នុង​ពេល​គេ​បៀត​បៀន ហើយក្នុង​ពេល​មាន​ទុក្ខ​ព្រួយ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ដ្បិត​ពេល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​រឹង​មាំ​វិញ។
លោក​ប៉ុល​ខ្វល់​ខ្វាយ​អំពី​ក្រុម​គ្រីស្ទ‌បរិស័ទ​នៅ​ក្រុង​កូរិន‌ថូស
11ខ្ញុំ​បាន​ត្រឡប់​ជា​មនុស្ស​ល្ងង់​ខ្លៅ! គឺ​អ្នក​រាល់​គ្នា​បាន​បង្ខំ​ខ្ញុំ ដ្បិត​អ្នក​រាល់​គ្នា​គួរ​តែ​បាន​លើក​តម្កើង​ខ្ញុំ ទោះ​ជា​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​ចាញ់​មហា​សាវក​ទាំង​នោះ​ដែរ។ 12ពិត​មែន មាន​ទី​សម្គាល់​បាន​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បញ្ជាក់​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ គឺ​ដោយការ​អត់​ធ្មត់ ដោយ​ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិ‌បារមី​គ្រប់​យ៉ាង។ 13តើ​អ្នក​រាល់​គ្នា​មាន​អ្វី​អន់​ជាង​ក្រុម​ជំនុំ​ឯ​ទៀតៗ ក្រៅ​តែ​ពី​ខ្លួន​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​នោះ? សូម​អត់​ទោស​កំហុស​នេះ​ឲ្យ​ខ្ញុំ​ផង!
14មើល៍ នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​រៀប​ចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ទេ ព្រោះ​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នក​រាល់​គ្នា ក្រៅ​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ ដ្បិត​មិន​គួរ​ឲ្យកូន​ចៅ​ប្រមូល​ទុក​សម្រាប់​ឪពុក​ម្តាយ​ទេ គឺ​ឪពុក‌ម្តាយ​វិញ​ទេ​តើ ដែល​ត្រូវ​ប្រមូល​ទុក​សម្រាប់​កូន។ 15ឯ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​អស់​រលីង​ពី​ខ្លួន​ផង ដោយ​ព្រោះ​ព្រលឹង​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​ស្រឡាញ់​អ្នក​រាល់​គ្នា​កាន់​តែ​ខ្លាំង​យ៉ាង​នេះ តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​កាន់​តែ​តិច​ឬ? 16យើង​សន្មត់​ដូច្នេះ​ទៅ​ចុះ​ថា ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នក​រាល់​គ្នា​ទេ តែ​គេ​ថា ដោយ​សារ​ខ្ញុំ​ឆ្លាត បាន​ជា​ខ្ញុំ​ប្រើ​ល្បិច​ចាប់​អ្នក​រាល់​គ្នា។ 17តើ​ខ្ញុំ​ឆ្លៀត​យក​ប្រយោជន៍​ពី​អ្នក​រាល់​គ្នា ដោយ​សារ​អ្នក​ណា​ម្នាក់​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ឬ? 18ខ្ញុំ​បាន​អង្វរ​លោក​ទីតុស​ឲ្យ​មក ហើយ​បាន​ចាត់​បង‌ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​ដែរ តើ​លោក​ទីតុស​បាន​ឆ្លៀត​យក​ប្រយោជន៍​ពី​អ្នក​រាល់​គ្នា​ឬ? តើ​យើង​ទាំង​ពីរ​នាក់​មិន​បាន​ប្រព្រឹត្ត​ដោយ​វិញ្ញាណ​តែ​មួយ​ទេ​ឬ? តើ​យើង​មិន​បាន​ធ្វើ​តាម​គន្លង​តែ​មួយ​ទេ​ឬ?
19តើ​អ្នក​រាល់​គ្នា​ធ្លាប់​គិត​ស្មាន​រហូត​មក​ថា យើង​កំពុង​និយាយ​ដោះសា​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ឬ? ឱ​ពួក​ស្ងួន‌ភ្ងា​អើយ យើង​និយាយ​ក្នុង​ព្រះ‌គ្រីស្ទ​នៅ​ចំពោះ​ព្រះ ហើយ​យើង​ធ្វើ​អ្វីៗ​ទាំង​អស់ សម្រាប់​តែ​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។ 20ដ្បិត​ខ្ញុំ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ឃើញ​អ្នក​រាល់​គ្នា ដូច​ដែល​ខ្ញុំ​ចង់​ឃើញ ហើយក្រែង​លោ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ ដូច​ដែល​អ្នក​រាល់​គ្នា​ចង់​ឃើញ​នោះ​ដែរ។ ខ្ញុំ​ខ្លាច​ក្រែង​លោ​មាន​ការ​ឈ្លោះ​ប្រកែក ការ​ច្រ‌ណែន កំ‌ហឹង ប្រ‌ណាំង​ប្រ‌ជែង បរិ‌ហារ​កេរ្ដិ៍​គ្នា និយាយ​ដើម​គ្នា អួត​បំ​ប៉ោង និង​វឹក‌វរ។ 21ខ្ញុំ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ម្តង​ទៀត នោះ​ព្រះ​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ខ្ញុំ​ត្រូវ​យំ​នឹង​មនុស្ស​ជា​ច្រើន ដែល​បាន​ធ្វើ​បាប​ពី​មុន តែ​មិន​បាន​ប្រែ​ចិត្ត ចេញ​ពី​អំពើ​ស្មោក​គ្រោក អំពើ​សហាយ​ស្មន់ និង​សេចក្តី​អាស‌អាភាស ដែល​គេ​បាន​ប្រព្រឹត្ត។

ទើបបានជ្រើសរើសហើយ៖

២ កូរិនថូស 12: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល