២ កូរិនថូស 13
13
ការរំឭកដាស់តឿន និងការសួរសុខទុក្ខរបស់លោកប៉ុល
1នេះជាលើកទីបីហើយដែលខ្ញុំមករកអ្នករាល់គ្នា។ គ្រប់ការទាំងអស់អាចរាប់ជាការបាន ដោយសារមាត់ស្មរបន្ទាល់ពីរឬបីនាក់ 2ខ្ញុំបានទូន្មានអស់អ្នកដែលបានធ្វើបាបពីមុន និងអ្នកឯទៀតទាំងអស់រួចមកហើយ ហើយឥឡូវនេះ ពេលមិននៅជាមួយ ខ្ញុំសូមទូន្មានអ្នកទាំងនោះ ដូចជាខ្ញុំបានទូន្មានកាលពីខ្ញុំបានមកជួបអ្នករាល់គ្នាជាលើកទីពីរនោះដែរថា បើខ្ញុំមកម្តងទៀត ខ្ញុំនឹងមិនប្រណីឡើយ 3ព្រោះអ្នករាល់គ្នារកភស្តុតាងពីព្រះគ្រីស្ទ ដែលទ្រង់មានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនខ្សោយទេចំពោះអ្នករាល់គ្នា គឺមានព្រះចេស្តាក្នុងអ្នករាល់វិញ។ 4ដ្បិតព្រះអង្គត្រូវគេឆ្កាង ដោយភាពទន់ខ្សោយ តែទ្រង់មានព្រះជន្មរស់នៅ ដោយព្រះចេស្តារបស់ព្រះ។ យើងខ្សោយក្នុងព្រះអង្គមែន តែចំពោះអ្នករាល់គ្នា យើងនឹងរស់នៅជាមួយព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះ។
5ចូរអ្នករាល់គ្នាពិចារណាមើលខ្លួនឯងទៅ តើអ្នករាល់គ្នាស្ថិតនៅក្នុងជំនឿមែនឬយ៉ាងណា។ ចូរល្បងមើលខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬ? ពិតមែន លើកលែងតែអ្នករាល់គ្នាធ្លាក់ចេញពីការល្បងលប៉ុណ្ណោះ! 6ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងដឹងថា យើងមិនបានធ្លាក់ចេញពីការល្បងលឡើយ។ 7ប៉ុន្តែ យើងអធិស្ឋានដល់ព្រះ សូមកុំឲ្យអ្នករាល់គ្នាធ្វើការអាក្រក់អ្វីឡើយ មិនមែនដើម្បីឲ្យយើងបានរាប់ជាគួរនោះទេ គឺឲ្យអ្នករាល់គ្នាប្រព្រឹត្តអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ ទោះជាមើលទៅហាក់ដូចជាយើងបានធ្លាក់ចេញពីការល្បងលក៏ដោយ។ 8ដ្បិតយើងមិនអាចធ្វើអ្វីទាស់នឹងសេចក្តីពិតបានឡើយ គឺធ្វើបានតែអ្វីដែលសម្រាប់សេចក្តីពិតប៉ុណ្ណោះ។ 9ព្រោះយើងមានអំណរ នៅពេលណាយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ។ យើងអធិស្ឋានសូមសេចក្តីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ 10ហេតុនោះហើយបានជាពេលខ្ញុំនៅឃ្លាតពីអ្នករាល់គ្នា ខ្ញុំសរសេរសេចក្ដីនេះ ដើម្បីកាលណាខ្ញុំមកដល់ កុំឲ្យខ្ញុំប្រព្រឹត្តនឹងអ្នករាល់គ្នាដោយតឹងរ៉ឹង តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំ គឺសម្រាប់ស្អាងអ្នករាល់គ្នា មិនមែនបំផ្លាញទេ។
ពាក្យជម្រាបសួរ និងពាក្យប្រសិទ្ធពរចុងក្រោយ
11ជាទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរមានចិត្តក្សេមក្សាន្ត ចូរមានគំនិតដូចគ្នា ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះនៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។ 12សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធ។
13ពួកបរិសុទ្ធគ្រប់គ្នាសូមជម្រាបសួរមកអ្នករាល់គ្នា។
14សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងសេចក្តីប្រកបរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អាម៉ែន។:៚
ទើបបានជ្រើសរើសហើយ៖
២ កូរិនថូស 13: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies